Wednesday, October 16, 2013

គំនិត​ល្អៗ​ពី​សៀវភៅ​ស្រី​ហិតោ​បទេស

(១)​ អ្នក​ស្គាល់​​គុណ​គាប់​ស្គាល់​ល្អ​អាក្រក់​ កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ក៏​ត្រឡប់​ជា​អាក្រក់​វិញ​ ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ​ ក៏​ប្រែក្លាយ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
(២) កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​ឥតប្រយោជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូចជា​ការប្រើ​វេលា​ព្យាយាម​បង្រៀន​សត្វ​កុក​ឲ​ចេះ​និយាយ​ដូច​សត្វ​សេក​ សូម្បី​ច្រើន​រយ​ដង​ ក៏​នឹង​មិន​បាន​ផល​។
(៣) ជន​ណា​ឃើញភរិយា​អ្នកដទៃ ទុក​ស្មើ​មាតា​របស់​ខ្លួន ឃើញ​ទ្រព្យ​អ្នក​ដទៃ​ទុក​ស្មើ​ដុំ​ថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ ទុក​ស្មើ​រូប​ខ្លួន​ ជន​នោះ​លោក​ហៅ​ថា​​”បណ្ឌិត​”។
(៤) ចិត្ត​ម៉ឹងម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ ចិត្ត​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេចក្តី​អង់​អាច​ក្នុង​ទី​ប្រជុំ​ជន​ដោយ​ថ្វី​មាត់​ ចិត្ត​ក្លៀវក្លា​ក្នុង​សមរភូមិ ចិត្ត​ត្រេក​អរ​ក្នុង​យស​ និង​ចិត្ត​ស្រវា​ស្រទេញ​ក្នុង​ការសិក្សា​ ទាំង​អស់​នេះ​​ ជាលក្ខណៈ​សម្បត្តិ​របស់​បុគ្គល​មាន​ចិត្ត​ដ៏​មហិមា​។
(៥)​ គេ​ដឹង​ចិត្ត​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ត​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម ដឹង​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ត​ភិរយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង​ដឹង​ចិត្ត​ផៅ​ពង្ស​គ្រា​វិនាស​អន្តរាយ​។
(៦) បុគ្គល​កុំ​គប្បី​ចង​មិត្ត​សម្លាញ់​ឬ​ចង​ស្ពាន​មេត្រី​ជាមួយ​មនុស្ស​អាក្រក់ ​ជាដាច់​ខាត​ ដូចជា​ធ្យូង​ បើ​នៅ​ក្តៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​ វា​ប្រឡាក់​ដៃ​។
(៧) បើ​ជាសត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេត្រី​ជឿ​ទុក​ចិត្ត​យ៉ាង​ស្និត​ឲ​សោះ ដូច​ជា​ទឹក​ ទុក​ជា​ពុះ​ខ្លាំង​គគ្រឹកៗ​ក៏​អាច​រលត់​ភ្លើង​បាន​។

No comments: