Sunday, December 29, 2013

មិត្តភកិ្ត៥ប្រភេទដែលអ្នកគួររាប់អាន

ការរាប់អានមិត្តភកិ្ត គឺមានច្រើនប្រភេទណាស់ ដែលមិត្តៗទាំងឡាយ គួរយល់ដឹង ជាពិសេសគឺមិត្តៗយុវ័យនេះតែម្តង។ ព្រោះថា ការរាប់អានមិត្តភក្តិ ពេលខ្លះបើពួកយើងរាប់អាន ជាមួយនឹងមិត្តភកិ្តល្អ នោះមិនអីនោះទេ តែបើសិនជាពេលខ្លះ យើងអាចនឹងរាប់អាន ប៉ះចំ មិត្តដែលមិនល្អនោះ អាចនឹងប៉ះពាល់ដល់អនាគតរបស់យើង ថែមទៀតផង។ យ៉ាងណាមិញ បើប្រិយមិត្តចង់ដឹងច្បាស់ សូមងាកមកធ្វើការតាមដានអត្ថបទខាងក្រោមទាំងអស់គ្នា។
១ រាប់អានជាមួយមិត្តភកិ្ត ដែលមានវ័យធំជាងយើង៖ មិត្តភក្តិដែលមានវ័យធំជាងយើង គឺគេអាចជួយដោះស្រាយបញ្ហាយើងបាន ព្រោះថាគេធ្លាប់ឆ្លងកាត់បញ្ហាមុនយើង គេនឹងដឹងថា បញ្ហាដែលយើងនឹងប្រឈមមុខនោះ គួរដោះស្រាយបែបណា។
២ រាប់អានជាមួយមិត្តភក្តិ ដែលមានវ័យតូចជាងយើង៖ ចំណែកឯ ការមានមិត្តភកិ្ត ដែលមានវ័យក្មេងជាងយើងវិញនោះ គឺយើងអាចជាអ្នកផ្តល់យោបល់ នឹងជួយដោះស្រាយបញ្ហាដល់គេវិញម្តង ។
៣ រាប់អានជាមួយមិត្តភក្តិ ដែលមានវប្បធម៌ ប្រពៃណីខុសពីយើង៖ ប្រិយមិត្តមួយចំនួន ប្រហែលជាឆ្ងល់ហើយ ហេតុអ្វីបានជាត្រូវរាប់អានជាមួយអ្នកដែលមានវប្បធម៌ និងមានប្រពៃណី ខុសគ្នាពីយើងបែបនេះ ព្រោះថា គេអាចជាមនុស្សម្នាក់ ដែលអាចចែករំលែក វប្បធម៌គេជាមួយយើង ហើយយើងក៏អាចចែករំលែកវប្បធម៌យើងជាមួយគេវិញផងដែរ ពោលគឺការចែករំលែកចំនេះដឹងដល់គ្នាទៅវិញទៅមក។
៤ រាប់អានជាមួយមិត្តភក្តិ ដែលមានទស្សនៈខុសៗពីគ្នា៖ ចំនុចនេះ ប្រិយមិត្តប្រហែលមានការងឿងឆ្ងល់ហើយថា ហេតុអ្វីបានជាអត្ថបទនេះ ប្រាប់អោយយើងរាប់អានជាមួយ មនុស្សដែលមានទស្សនៈខុសពីយើងទៅវិញ? ព្រោះថា ពេលខ្លះការយល់ឃើញរបស់យើង មិនប្រាកដថាត្រូវរហូតនោះទេ ហើយវាក៏មិនប្រាកដដែរថា ការយល់ឃើញរបស់គេ គឺខុសនោះទេ ដូច្នេះហើយ យើងគួរតែបើកចិត្ត អោយទូលាយ រាប់អានគេសាកមើលទៅ។
៥ រាប់អានជាមួយមិត្តភក្តិ ដែលនៅក្បែរខ្លួនយើង៖ មួយវិញទៀតនោះគឺ សូមកុំភ្លេច នូវមនុស្សមួយចំនួន ដែលនៅជិតយើងបំផុត ដូចជា អ្នកផ្ទះ បងប្អូន ពូមីង ក៏ដូចជា អ្នកភូមិផងរបងជាមួយ ពួកគេក៏អាចជាចាស់ទុំ រឺ ចាស់ព្រឹទ្ធាចារ្យ ដ៏មានគំនិតថ្លៃថ្លា ហើយពួកគាត់ ក៏នឹងអាចជាអ្នកផ្តល់ដំបូន្មាន ដ៏ល្អបំផុតផងដែរ។


តើប្រិយមិត្តយល់ឃើញ យ៉ាងណាដែរចំពោះការរាប់អានមិត្តទាំង៥ប្រភេទ ដែលយើងខ្ញុំបានលើកយកមកចែកជូនប្រិយមិត្តនេះ?
ដោយ Alice
Khmerload

No comments: