គ្មានអ្វីដែលឈឺចាប់ជាងការដឹង ថាបុរសដែលអ្នកស្រឡាញ់ស្មើជីវិត ដែលអ្នកធ្លាប់គិតថានឹងផ្ញើវាសនាលើនោះ ក្បត់ចិត្តអ្នកនោះទេ។ ការរើ បម្រាស់ពីសេចក្ដីឈឺចាប់នេះ គឺពិតជាពិបាកខ្លាំងណាស់ ប្រសិនបើអ្នកមិនបាន រកវិធីដោះស្រាយទេនោះ។ មិនថាអ្នកបានកសាងស្នេហាជាមួយ បុរសម្នាក់នោះយូររាប់ឆ្នាំ រាប់ខែ ឬត្រឹមរយៈពេលខ្លីប៉ុណ្ណានោះទេ ទំហំនៃការឈឺចាប់ នៅពេលបែកបាក់គឺពិតជាធំធេងណាស់ មិន ងាយស្រួលដូចការគិតនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវធ្វើយ៉ាងណា ជំនួសនូវទឹកភ្នែកដែលកំពុងតែស្រក់ចុះនេះ ជាមួយនឹង ស្នាមញញឹម ដើម្បីសេចក្ដីសង្ឃឹមក្នុងជីវិតតទៅមុខទៀត។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួនដើម្បីបំភ្លេចបុរសដែលក្បត់ចិត្តអ្នក៖
(រូបភាពតំណាង)
១- យំឲ្យអស់ចិត្ត
ការស្រែកយំឲ្យឆ្អែត នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្រាល និងមានអារម្មណ៍ថាមិនគួរណាប្រគល់បេះដូងទៅឲ្យបុរសម្នាក់នោះទេ។ ការយំឲ្យបានកាន់តែច្រើនរហូតដល់ពេលមួយ ដែលអ្នកមានអារម្មណ៍ធូរស្រាល និងអាចនាំយកនូវស្នាមញញឹមរបស់អ្នកមកវិញ។ បន្ទាប់ពីនោះមក អ្នកនឹងអរគុណចំពោះបទពិសោធន៍ដ៏ឈឺចាប់អ្នក ដែលបានជួយបង្រៀនអ្នកកុំឲ្យជាន់ដានចាស់នេះទៀត។
២- គិតអ្វីក្នុងផ្លូវល្អ
មិនថាមានអ្វីអាក្រក់កើតឡើងនោះទេ អ្នកត្រូវបំភ្លេចវាចោល ហើយចាប់ផ្ដើមរស់នៅដោយភាពស្រស់ថ្លា។ តើអ្នកធ្លាប់លឺពាក្យថា “មានអ្វីកើតឡើងក៏ដោយ កើតឡើងសម្រាប់ភាពល្អបំផុត” ពាក្យមួយឃ្លានេះគឺត្រឹមត្រូវណាស់។ អ្នកត្រូវព្យាយាមស្វែងរកនូវភាពរីករាយ នោះអ្វីៗនឹងប្រសើរឡើង។ ត្រូវសន្យាចំពោះខ្លួនអ្នកថាអ្នកនឹងរឹងមាំជាងមុន ហើយនិងសប្បាយជាងមុនទៀត។
(រូបភាពតំណាង)
៣- សរសេរនូវរាល់ចំណុចខ្សោយរបស់បុរសម្នាក់នោះ
ការធ្វើបញ្ជីមួយ ដោយសរសេរនូវរាល់ចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់បុរសម្នាក់នោះ នោះអ្នកនឹងទទួលបានលទ្ធផលដ៏គាប់ប្រសើរ។ ចូរអានវារៀងរាល់ពេលដែលអ្នកមានអារម្មណ៍ទុក្ខព្រួយចំពោះការបែកបាក់នេះ ឬពេលនឹកបុរសបោកប្រាស់នោះ នោះអ្នកនឹងអរគុណទេវតាដែលបានជួយឲ្យបុរសនោះចាកឆ្ងាយពីជីវិតរបស់អ្នក។
(រូបភាពតំណាង)
៤- មានរឿងអ្វីកើតឡើងក៏ដោយ កុំទូរសព្ទទៅរកបុរសនោះឲ្យសោះ
ការលឺនូវសម្លេងបុរសម្នាក់នោះ នឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កន្លងមក និងការចងចាំទាំងឡាយ ដែលអាចធ្វើឲ្យអ្នកទន់ខ្សោយម្ដងទៀត។ ចូរឃុំគ្រងខ្លួនអ្នកឲ្យបាន បញ្ជាខ្លួនអ្នកឲ្យបាន ថាអ្នកនឹងមិនទូរសព្ទទៅរកបុរសម្នាក់នោះដាច់ខាត។ គាត់បានក្បត់អ្នក ហើយឥលូវរឿងវាចប់អស់ហើយ កុំព្យាយាមរំលឹកវាធ្វើអ្វី។ ប្រសិនបើអ្នកទទួលស្គាល់ការពិតនេះកាន់តែឆាប់ អ្នកនឹងប្រសើរឡើងកាន់តែឆាប់ដែរ។
៥- ប្រឈមមុខជាមួយនឹងបុរសម្នាក់នោះ
ប្រសិនបើអ្នកធ្វើការនៅការិយាល័យជាមួយបុរសម្នាក់នោះ ឬធ្វើការនៅអគារជាមួយគ្នា ឬរៀននៅសាលា ឬថ្នាក់ជាមួយគ្នា នោះឱកាសនៃការជួបបុរសម្នាក់នោះនឹងមានច្រើនណាស់។ ប៉ុន្ដែទោះយ៉ាងណាកុំព្យាយាមគេចពីគេឲ្យសោះ។ ទោះបីជាអ្នកនៅមួយជិតបុរសម្នាក់នោះយ៉ាងណាក៏ដោយ ត្រូវបង្ហាញប្រាប់គេថា អ្នករឹងមាំ និងសប្បាយជាងពេលនៅជាមួយគេទៀត។
៦- កែប្រែខ្លួនអ្នក
នេះគឺជាវិធីសាស្រ្ដមួយដ៏ល្អផងដែរ ដែលមិនត្រឹមតែដកបុរសម្នាក់នោះចេញពីមុខអ្នកនោះទេ តែថែមទាំងដកគេចេញពីក្នុងបេះដូងរបស់អ្នកបានទៀតផង។ អ្នកអាចទៅសួរសុខទុក្ខឪពុកម្ដាយរបស់អ្នកដែលនៅឯខេត្ត ឬទៅជួបមិត្តចាស់នៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃសម្រាកពីការងារ។ អ្នកអាចទៅធ្វើម៉ូដសក់ថ្មី ទៅហាត់ប្រាណនៅក្លឹប ឬទៅស្ប៉ាជាដើម។ កាន់តែល្អជាងនេះទៀត អ្នកអាចអញ្ជើញមិត្តភក្ដិរបស់អ្នកជួបជុំគ្នាជប់លៀងនៅខាងក្រៅ ធ្វើឲ្យដូចកាលដែលអ្នកមិនទាន់មានទំនាក់ទំនងជាមួយបុរសម្នាក់នោះ និយាយជារួមគឺធ្វើអ្វីដែលអ្នកចង់ធ្វើ ដើម្បីទទួលបាននូវអារម្មណ៍រីករាយបំផុត។
(រូបភាពតំណាង)
៧- កុំខ្លាចក្នុងការបង្កើតទំនាក់ទំនងថ្មី
ការបែកបាក់ គឺពិតជាឈឺចាប់ ប៉ុន្ដែមិនមានន័យថាអ្នកនឹងមិនចាប់ផ្ដើមជាមួយបុរសដទៃទៀតនោះទេ។ ការស្វែងរកនូវមនុស្សម្នាក់ ដែលអាចជួយព្យាបាលរបួសបេះដូងរបស់អ្នក គឺពិតជាវិធីសាស្រ្ដដ៏ល្អបំផុត ដើម្បីបំភ្លេចម្នាក់នោះបាន។ ចូរព្យាយាមធ្វើខ្លួនអ្នកឲ្យរឹងមាំជាងមុន នោះអ្នកនឹងរកឃើញមនុស្សប្រុសដ៏ល្អបំផុតសម្រាប់អ្នកហើយ!
អត្ថបទៈ មករា
No comments:
Post a Comment