Sunday, December 29, 2013

គោល​ដៅ​បន្ទាប់​​​ក្រុម​អ្នក​តវ៉ា​ថៃ​គឺ​បណ្តេញ​ក្រុម​គ្រួសារ ស៊ីណាវ៉ាត្រា

131212_17a
មេដឹក​នាំការតវ៉ា លោក​ស៊ូថេប ធឿក​ស៊ូបាន បញ្ចេញ​កាយវិការដាក់​ក្រុម​តវ៉ា និង លោកស្រី​យីង​ឡាក់ ថ្លែង​ទៅកាន់​អ្នក​កាសែត​ បន្ទាប់ពីរួច​ផុត​ពី​ញត្តិ​ដក​សេចក្តី​ទុក​ចិត្ត​។ AFP
ក្រុង បាងកកៈ មេ​ដឹក​នាំ​ក្រុម តវ៉ា​លោក ស៊ូថេប ធឿកស៊ូបាន កាល​ពី​រាត្រី​ថ្ងៃ អង្គារ បាន​ប្រកាស​ថា​សមាជិក​ត្រកូល ស៊ីណាវ៉ាត្រា នឹង​ក្លាយ​ជា​គោលដៅ​បន្ទាប់​របស់​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។
ការ​កើន​ឡើង​នៃ​ការ​តវ៉ា បាន​កើត​បន្ទាប់​ពី​នាយក​រដ្ឋ​មន្រ្តី​ចាំ​ផ្ទះ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​រលាស់​ខ្លួន​ពី​ឱសានវាទ​របស់​គណៈ​កម្មការ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ ប្រជាជន (PDRC) ដឹក​នាំ​ដោយ​លោក ស៊ូថេប ដែល​បាន​ទាមទារ​ឲ្យ​លោក​ស្រី និង​រដ្ឋាភិបាល​របស់​លោក​ស្រី លាលែង​ពី​តំណែង​ពី​តួនាទី​បណ្ដោះ​អាសន្ន​របស់​ខ្លួន ក្នុង​រយៈ​ពេល ២៤ ម៉ោង ឬ​ក៏​ត្រឹម​ម៉ោង ១០ និង ៣០ នាទី​កាល​ពី​រាត្រី​ថ្ងៃ​អង្គារ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​តែងតាំង​នាយក​រដ្ឋ​មន្រ្តី​បណ្ដោះ​អាសន្ន​ ថ្មី និង​ការ បង្កើត «ក្រុម​ប្រឹក្សា​ប្រជាជន» ក្រោម ជំពូក ៣ នៃ​រដ្ឋ​ធម្មនុញ្ញ។
រដ្ឋាភិបាល​បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ទាត់​ចោល​ការ​ទាមទារ នោះ ដោយ​និយាយ​ថា ជំពូក ៣ មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​មួយ ប្រើ ប្រាស់​អំណាច​អធិបតេយ្យ​របស់​ប្រជាជន​នោះ​ទេ។ ព្រះ​មហាក្សត្រ នឹង​ប្រើ​ប្រាស់​អំណាច​បែប​នោះ តាម​រយៈ​សភា គណៈ​រដ្ឋ​មន្ត្រី និង​តុលាការ។
ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា លោក ស៊ូថេប បាន​និយាយ​ថា ដោយ​ហេតុ​ថា លោក​ស្រី យីងឡាក់ បាន​ធ្វើ​ព្រងើយ​នឹង «សេចក្ដី​បង្គាប់» របស់ PDRC ដូច្នេះ​ហើយ​គណៈកម្មការ​នេះ​បាន​ចេញ «បទ បញ្ជា​បន្ថែម» មួយ​ទៀត​ថា ក្រុម​អ្នក​តវ៉ា នឹង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​សមាជិក​ត្រកូល ស៊ីណាវ៉ាត្រា និង​សមាជិក​របស់​គណៈ​រដ្ឋ​មន្រ្តី។
លោក​បាន​និយាយ​ថា ប៉ូលិស​ក៏​ត្រូវ​បញ្ជា​ដោយ PDRC ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​លោក​ស្រី យីងឡាក់ និង​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​ស្រី​ពី​បទ​កុបកម្ម​ដែរ។
ដោយ​កំណត់​រយៈ​ពេល ១២ ម៉ោង​ឲ្យ​ប៉ូលិស​អនុវត្ត​តាម លោក ស៊ូថេប បាន​និយាយ​ថា៖ «PDRC បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​ប៉ូលិស​ត្រឡប់​ទៅ​បំពេញ​តួនាទី​ធម្មតា​វិញ។
លោក​បាន​និយាយ​ថា ក្រុម​យោធា​ត្រូវ​បាន​ស្នើ​ឲ្យ​ពង្រាយ​នៅ​តាម អគារ​រដ្ឋ​ជំនួស​វិញ​ដើម្បី​គោល​បំណង​សន្តិសុខ»។
នៅ​ក្នុង​សុន្ទរកថា​មុន​នេះ​លោក ស៊ូថេប បាន​និយាយ​ថា នៅ​ពេល​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​តំណែង​លោក​នឹង​ស្នើ​ឲ្យ​ក្រុម​អ្នក​ តវ៉ា​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ។
លោក​បាន​និយាយ​ថា៖ «សូម​រង់ចាំ​តែ ៣ថ្ងៃ ទៀត​ប៉ុណ្ណោះ។ បើ​សិន​រឿង​មិន​បាន​បញ្ចប់​ទេ មនុស្ស​ក្នុង​ត្រកូល ស៊ីណាវ៉ាត្រា នឹង​មិន​បាន​សេចក្ដី​សុខ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​ឡើយ»។
យោង​តាម​លោក ស៊ូថេប ឲ្យ​ដឹង ថា ត្រកូល ស៊ីណាវ៉ាត្រា គួរ​តែ​រំពឹង​ទទួល​រង​ការ​ប្រមាថ​ពី​ប្រជាជន​ទូទាំង​ប្រទេស។
លោក​បាន​និយាយ​ថា បើ​សិន​នាយក​រដ្ឋ​មន្ត្រី​មិន​នេះ​ចង់​ឲ្យ​ប្រជាជន​ស្អប់​ខ្ពើម​ថែម​ទៀត​ទេ ធ្វើ​ទៅ តាម​ការណែ​នាំ​យើង​ទៅ។
ជា​ថ្មី​ម្ដង​ទៀត​លោក ស៊ូថេប បាន​ទទូច​ថា រដ្ឋការ យីងឡាក់ បាន​បាត់បង់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​នៅ ក្នុង​អំណាច​ចាប់​តាំង​ពី​រដ្ឋការ​នេះ បាន​ច្រាន​ចោល​សាលក្រម​របស់​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ស្ដី​ពី​វិសោធនកម្ម ធម្មនុញ្ញ ដើម្បី​ធ្វើ​ឲ្យ​ព្រឹទ្ធសភា​ជា​ស្ថាប័ន​ជាប់​ឆ្នោត​ពេញ​លេញ។
លោក បាន​ប្រាប់​ក្រុម​អ្នក​តវ៉ា នៅ​ឯ​ទី​ជំនុំ​នៅ​មុខ​វិមាន​រដ្ឋាភិបាល​ថា៖ «ទង្វើ​ជាច្រើន​ផ្សេងៗ ទៀត​របស់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ស្រី យីងឡាក់ បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ដោយ​ចេតនា។ ដោយ​ហេតុ​នោះ​ហើយ រដ្ឋាភិបាល​នេះ​គឺ​មិន​ស្រប​ច្បាប់។
លោក​បាន​និយាយ​ថា រដ្ឋការ យីងឡាក់ មិន​អាច​ថែម​ទាំង​បន្ត តួនាទី​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ​បាន​ទេ។ ស៊ូថេប ក៏​បាន​រិះគន់​លោក​ស្រី យីងឡាក់ សម្រាប់​សេចក្តី​ប្រកាស របស់​លោក​ស្រី​អំពី​ការ​រំលាយ​សភា​មុន​ពេល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ មហាក្សត្រ​ផង​ដែរ៕ MN


No comments: