Sunday, December 29, 2013

វិធី​ថែទាំ​កុមារ​ឱ្យឆ្លាត

ស្ដ្រី​គ្រប់រូប​តែងតែ​មាន​បំណង​ ប្រាថ្នា​យ៉ាងណា​ចង់ឱ្យ​កូន​របស់ខ្លួន​កើតមក​មាន​ប្រាជ្ញាឈ្លាស​វៃ ឆ្លាត ចេះដឹង ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​ម្នាក់​ដែលមាន​តម្លៃ​ក្នុង​សង្គម​ក្នុងការ​ រស់នៅ។ ជាពិសេស​ចង់ឱ្យ​កូន​របស់ខ្លួន​ទទួល​បានការ​កោត​សរសើរ និង​លើក​តម្កើង​ពីអ្នក​ដទៃ។ ប៉ុន្ដែ​ស្ដ្រី​ជាម្ដាយ​ហាក់បី​ដូចជា​មិនដឹង​ពីការ​ថែទាំ​កូន​របស់ខ្លួន​ ឱ្យមាន​ភាព​ឆ្លាតវៃ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ទស្សនាវដ្ដី សុខភាព​យើង បានជួប​ជាមួយ​នឹង​លោកស្រី​វេជ្ជបណ្ឌិត វង្ស វណ្ណៈ អនុ​ប្រធាន​គាំពារ​មាតា និង​ទារក នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បកស្រាយ​អំពី​វិធីថែទាំ​កុមារ​ឱ្យឆ្លាត។
របៀប​ថែទាំ​កុមារ​ឱ្យឆ្លាត
ដើម្បី​ឱ្យកូន​របស់​លោកអ្នក​មកមាន​ប្រាជ្ញា​ឈ្លាសវៃ និង​ទទួល​បាននូវ​រាងកាយ​មាំមួន កើត​មកមាន​អវយវៈ​គ្រប់​លក្ខណៈ ស្ដ្រី​គ្រប់រូប​គួរ​ប្រតិបត្ដិ​ដូច​តទៅ ៖
1 . កំឡុង​ពេលមាន​ផ្ទៃពោះ ៖ ត្រូវ​ទៅកាន់​មណ្ឌល​សុខភាព​ទទួលការ​ប្រឹក្សា​ពីគ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល ​យកថ្នាំ​ជាតិ ដែក និង​ថ្នាំ​អាស៊ីដ​ហ្វូអ៊ីត មក​ទទួល​ទាន​ជារៀង​រាល់ថ្ងៃ។ ថ្នាំ​ជាតិដែក​ជួយ​បង្កើត​គ្រាប់ឈាម​ក្រហម ការពារ​ភាព​ស្លេកស្លាំង​របស់​ម្ដាយ។ ចំណែក​អាស៊ីដ​ហ្វូអ៊ីត​ជួយ​ដល់ការ​លូតលាស់​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ ទារក។ ស្ដ្រី​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​យ៉ាង​ហោច​ណាស់​ឱ្យបាន​៤ដង​ក្នុង​កំឡុង​ ពពោះ។ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវការ​អាហា​រូបត្ថម្ភ​៣យ៉ាង ដូចជា​អាហារ​សាងសង់ អាហារ​ថាមពល និង​អាហារ​ការពារ។ ជាពិសេស​អាហារ​ដែល​មាន​សារជាតិ​អា វីតាមីន​សេ ជាតិ​ដែក ជាតិ​អ៊ីយ៉ូត ជាតិ​កាល់​ស្យូម ជាតិ​ប្រូតេអ៊ីន និង​ឧស្សាហ៍​ទទួលទាន​ទឹកឱ្យ​បាន​ច្រើន។ ពេល​មាន​ផ្ទៃពោះ ម្ដាយ​ត្រូវមាន​សុខភាព​ល្អ​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ ព្រោះ​បញ្ហានេះ​ក៏ជា​ការ សំខាន់​សម្រាប់​សុខភាព​ទារក​ក្នុងផ្ទៃ​ផងដែរ។
2 . ក្រោយពេល​សម្រាល ៖ ត្រូវ​បំបៅ​កូនភ្លាម​ព្រោះ​ទឹកដោះ​ដំបូង​អាច​ជួយ​ការពារ​ទប់ទល់​ប្រឆាំង​ ជម្ងឺ​ផ្សេងៗ ហើយ​ក៏ត្រូវ​ផ្ដល់ថ្នាំ​ដល់​ទារក​ផងដែរ ដើម្បី​បង្ការ​ជម្ងឺ។ មិនតែ​ប៉ុណ្ណោះ​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​គត់ ចាប់ពី​កើត​រហូត​ដល់ អាយុ​៦ខែ ព្រោះ​ទឹកដោះ​ម្ដាយ​មាន​សារជាតិ​គ្រប់បែប​យ៉ាង​ដែល​ងាយស្រួល​ក្នុងការ​រំលាយ ហើយ​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង ខ្លាញ់​ជាច្រើន​សម្រាប់​ទារក ក្នុង​ចំនួន​ដែល​សមស្រប និង​ត្រឹមត្រូវ។ ចាប់ពី​អាយុ៦​ខែឡើង​ទៅ ត្រូវផ្ដល់​អាហារ​បន្ថែម​ឱ្យបាន​ចម្រុះ​មុខ ដល់​កុមារ ដូចជា​សាច់​ត្រី ស៊ុត បន្លែ និង​ផ្លែឈើ​ជាដើម។ ក្រោយ​ពេល​កុមារ​មាន​អាយុ​១ឆ្នាំ​ឡើងទៅ ម្ដាយ​ត្រូវតែ​ផ្ដល់​អាហា​រូបត្ថម្ភ បន្ថែម​ទៀត ដែល​មាន​សារជាតិ​វីតាមីន​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ។
3 . កុមារ​ចាប់ផ្ដើម​ចូល​សាលា​រៀន ៖ កុមារ​ចូល​សាលា​នៅពេល​អាយុ៦​ឆ្នាំ។ តួនាទី​ជា​ម្ដាយ​ឪពុក​ត្រូវតែ​រក​គ្រូល្អៗ មក​បង្រៀន​កូន រក​សាលា​ល្អៗ តាមដាន​ការ​សិក្សា​របស់កូន​ជា​រៀងរាល់​ខែ។ សូម​យកចិត្ដ​ទុកដាក់​ថែរក្សា​កូន​ទាំង​នៅក្នុង​ផ្ទះ ទាំង​ខាង​ក្រៅផ្ទះ ផ្ដល់​ដំបូន្មាន​ល្អសម្រាប់​កូន និង​ណែនាំ​កូនឱ្យ​កាន់​ចរិត​ស្មោះត្រង់ ចេះ​គោរព​មនុស្ស​ដែល​នៅជុំវិញ​ខ្លួន។ លុះពេល​កូនធំ​ឡើង ប្រាកដ​ជា​ឆ្លាតវៃ​ក្នុងផ្លូវ​ល្អ​ដែល​សង្គម​ទទួល​ស្គាល់​ជា​មិនខាន​ឡើយ។
ដំបូន្មាន​អ្នក​ជំនាញ
ស្ដ្រី​គ្រប់រូប​ដែលមាន​បំណង​ចង់ឱ្យ​កូនមាន​ចំណេះ​ដឹង​ឈ្លាស​វៃ ត្រូវ​ធ្វើការ​យកចិត្ដ​ទុក​បង្ហាត់​បង្រៀន​កូនឱ្យ​ចេះយល់​ខុស ត្រូវ មាន​សុជីវ​ធម៌ និង​ជ្រើស​រើស​វិធី​ល្អៗ​ដើម្បី​ណែនាំឱ្យ​កូនយក​គំរូ​តាម ជ្រើសរើស​សាលា​រៀន​ល្អៗ និង​គ្រូ​បង្រៀន​ដែលមាន​បទពិសោធន៍​ខ្ពស់ និង​ត្រូវ​រៀបចំ​យុទ្ធសាស្ដ្រ​បង្ហាត់​បង្រៀន​ចំណេះ​ដឹងផ្សេងៗ​នៅផ្ទះ​ ផងដែរ។

No comments: