Sunday, December 29, 2013

អ្វី​ដែល​អ្នក​មិន​គួរ​ចុះផ្សាយ​នៅ​លើ​ប្លក​ឬ Facebook


អ្នក​ប្រើ​ប្រាស់​​អ៊ីនថឹនែត អ្នក​សរសេរ​ប្លក អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បណ្ដាញ​សង្គម​អនឡាញ បាន​ប្រើ​ប្រាស់​អ៊ីនថឹនែត​ដើម្បីធ្វើ​ជា​មធ្យោបាយ​ចែក​រំលែក​ទាំង​ចំណេះដឹង បទពិសោធន៍ ទស្សនៈ​និង​អារម្មណ៍ប្រចាំ​​ថ្ងៃ​របស់​ខ្លួន​។ មាន​រឿងជា​​ច្រើន​ដែល​យើង​អាច​សរសេរ​បាន តែ​ក៏​មាន​រឿង​ខ្លះដែល​យើង​មិន​គួរ​សរសេរ។
ឧទាហរណ៍​ យើង​សរសេរ​ថា លួចលេង​ហ្គេម Farmville ក្នុង Facebook ក្នុង​ពេល​ធ្វើ​ការ។ ការ​សរសេរ​បែប​នេះ​ បើ​ថៅកែ​យើង​ដឹង​ យើងច្បាស់​ជា​ត្រូវ​រង​ការ​ពិន័យ​ក្រោម​រូបភាព​ណាមួយជា​មិន​ខាន។ ការ​ពិន័យ​នោះ​អាច​ជា​ការ​ទទួល​បាន​នូវ​ការ​មិន​ពេញ​ចិត្ត​ពី​ចៅហ្វាយនាយ ឬ​រហូត​ទៅ​ដល់​បញ្ឃប់​ការងារ​ក៏​មាន​។ យើង​អាច​នឹង​មិន​ឃើញ​លទ្ធផល​នៃ​ទង្វើ​របស់​យើង​ភ្លាម​ៗ​នោះ​ទេ តែ​ទង្វើ​របស់​យើង​ត្រូវ​បាន​គេ​កត់​សម្គាល់​ទុក។ ឧបមា​ថា បើ​ថ្ងៃ​ក្រោយ​ក្រុម​ហ៊ុន មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​លឿន នោះ​គេ​ច្បាស់​ជា​បន្ទោស​ថា​មក​ពី​យើង​ ទោះ​បី​ជា​មូលហេតុ​ពិត មិនមែន​មក​ពី​យើង​ក៏​ដោយ ឬក៏​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ គេ​ត្រូវការ​កាត់​បន្ថយ​បុគ្គលិក នោះ​យើង​នេះ​ហើយ​ជា​មុខ​សញ្ញា​ដែល​គេ​បញ្ឈប់​ការងារ​មុន​គេ។
ការ​សរសេរ​ពី​របៀប​លួចបើក​​ប្រើវែបសាយថ៍​ណាមួយ​ដែល​គេ​បានបិទមិន​ឱ្យ​ប្រើ​នៅ​កន្លែង​ធ្វើ​ការ សុទ្ធ​តែ​ជា​រឿង​មិន​គួរ​សរសេរ។
នៅ​ពេល​ដែល​យើង​សរសេរ​ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាន​បាន ហេតុអ្វី​ក៏​លោក​ថៅកែ​អាន​មិន​បាន។ នៅ​ពេល​ដែល​សកម្ម​នឹង​ Facebook នៅ​ពេល​នោះ​យើង​ក៏​អសកម្ម​នឹង​ការងារ​ដែរ។
វា​មាន​រួច​ទៅ​ហើយ​នូវ​រឿង​មួយ​ដែល​ស្ត្រី​ម្នាក់​បាន​សរសេរ​នៅ​លើ​ Facebook រិះគន់​ចៅហ្វាយ​នាយ​របស់​ខ្លួន បន្ទាប់​មក​ដោយ​សារ​ការ​លេង​សើចនេះ ស្ត្រី​ម្នាក់​នោះ​ត្រូវ​បាន​គេ​បញ្ឃប់​ពី​ការងារ។
ខ្ញុំ​ធ្លាប់​ឃើញ​អ្នក​ប្រើប្រាស់​ Facebook ខ្លះ​ទៀត បាន​ថត​យក​រូប​ភាព​មិត្តភក្តិ​រួម​ការងារ​របស់​ខ្លួនកំពុង​តែ​ដេក​ក្នុង​ពេល ​ធ្វើ​ការ​មកចុះ​​ផ្សាយ ដើម្បី​ជា​ការ​លេង​សើច។ ការ​លេង​សើច​នេះ​ពិត​ជា​សប្បាយ ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​នឹង​មាន​កើត​ឡើង​នៅ​ពី​ក្រោយ​ឆាក​សំដែង​នេះ?។
ជា​ចុង​ក្រោយ សូមកុំឱ្យ​ការលេង​សើច​រប៉ិល​រប៉ូច​របស់​អ្នក​ បំផ្លាញ​អនាគត​អ្នក​ និង​មិត្តភក្តិ​របស់​អ្នក !

No comments: