លោក ជី សិលា អគ្គនាយកក្រុមហ៊ុន CBM ក្នុងបទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍។ រូបថត ម៉ៃ វីរៈ
លោកមានប្រវត្តិផ្នែកស្ថាបត្យកម្ម តើហេតុអីបានជាលោក មានគំនិតបើករបរនេះ?
តាមពិត ការងាររកស៊ី បើយើងគ្មានបទពិសោធទេ យើងត្រូវស្វែងរកវា ហើយមុខរបរនៅពេលយើងចាប់ផ្តើមនៅលើទីផ្សារ វាមានច្រើនយ៉ាង តាំងពីលក់ត្រកួន លក់បន្លែ រហូតដល់ជំនួញគួកជេ អាស្រ័យទៅលើដើមទុន។ ប៉ុន្តែយើងឃើញមុខរបរលក់ស៊ីឌី មានភាពងាយស្រួល ដោយសារថាពេលយើងចាប់ផ្តើមជាង១០ឆ្នាំមុន យើងអាចទិញពីស្រុកក្រៅមកតម្លៃ១ដុល្លារ មកដល់ស្រុកខ្មែរយើងលក់២ដុល្លារ ឬ២,៥ដុល្លារ។ មានន័យថា ពាណិជ្ជកម្មនោះវាសមស្រប។ វាជាមុខរបរមួយដែលងាយស្រួលបំផុត។
តើលោកមានគំនិតយ៉ាងម៉េចបានជាលោក ទៅបើកហាងលក់ម្ហូបអាហារបែបបសិ្ចមប្រទេស?
យើងដើរទៅស្រុកក្រៅច្រើន យើងចំណាយពេលច្រើនដើម្បីស្វែងយល់ពីទីផ្សារ គឺយើងមើលទៅលើប្រទេសជុំវិញខ្លួនយើង ដូច វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី។ តម្រូវការនៃប្រជាជននៅទូទាំងពិភពលោក វិវត្តទៅតាមសកលភាវូបនីយកម្ម។
តើអតិថិជនប្រភេទណាចូលហូបអាហារនៅហាងរបស់លោក?
ភាគច្រើនជាយុវជន គេហៅថា «មនុស្សទំនើប»។ វាបានន័យថា គាត់បានទទួលឥទ្ធិពលវប្បធម៌ពីខាងក្រៅច្រើន គាត់បានទទួលការរៀនសូត្រច្រើន ដូចជាការរៀនភាសាអង់គ្លេស ដែលនៅក្នុងមេរៀននោះ មាននិយាយពីម្ហូបអាហារទាំងអស់នេះ។ គ្រួសារខ្លះ ឪពុកម្តាយទទួលឥទ្ធិពលពីកូន ហើយគាត់មកញុំាទាំងគ្រួសារ។ តែភាគច្រើនគឺយុវវ័យ។
លោកមើលឃើញឱកាសអាជីវកម្មមានលក្ខណៈយ៉ាងដូចម្តេច បើធៀបពីដំបូង និងបច្ចុប្បន្ន?
យើងនិយាយបានថា យើងបើកដំបូងគេ យើងមានឱកាសច្រើនដែរ ដោយសារមិនមានការប្រជែង តែហានិភ័យនៅមានខ្លះដែរ ព្រោះរបស់នេះនៅថ្មីថ្មោងនៅឡើយ ហើយអតិថិជនមានកំណត់។ រហូតដល់យើងបើកហាងទីពីរ និងទីបី ទើបការទទួលស្គាល់បានគ្រាន់បើ។ តែក្រោយៗមក ក៏មានហាងផ្សេងៗទៀតជាច្រើន ហើយការប្រកួតប្រជែងក៏មានច្រើនទៅតាមហ្នឹងដែរ។
ហាងលោកភាគច្រើនបើកនៅតាមផ្សារទំនើបឬទីកន្លែងទាន់សម័យ តើមានន័យយ៉ាងម៉េច?
តាមក្រឹត្យក្រម យើងបើកត្រង់ណាក៏បានដែរ វាអត់មានកំណត់ទេ។ ប៉ុន្តែវាសំខាន់ត្រង់ថា វាមាន ទស្សនៈមួយផ្នែកទីផ្សារថា បើយើងចង់បើកភោជនីយដ្ឋានបែបហ្នឹង ទីតាំងហ្នឹងសំខាន់ណាស់។ គេនិយាយបីពាក្យ គឺ «ទីតាំង ទីតាំង និង ទីតាំង»។ ទីតាំងគឺគ្របដណ្តប់លើអ្វីៗទាំងអស់។ យុទ្ធសាស្រ្តដែលយើងត្រូវបើក សំខាន់ជាងគេគឺទីតាំង ធ្វើឲ្យគេឆាប់ឃើញ គេឃើញហើយងាយចាំ ហើយទីតាំងគេជិះកាត់រាល់ថ្ងៃ។ យើងជ្រើសរើសផ្សារទំនើបដោយសារក្មេងៗទៅទីនោះច្រើន។
ការប្តេជ្ញាចិត្តរបស់លោកនឹងធ្វើឲ្យអាជីវកម្មនេះល្បីនៅ ថ្នាក់ តំបន់តែម្តង តើពេលនេះលោកកំពុងស្ថិតនៅចំណុចណាហើយ?
តាមពិតយើងមានគម្រោងតាំងពីឆ្នាំ២០០៧ និង ២០០៨ មកម្ល៉េះ ប៉ុន្តែ វិបត្តិសេដ្ឋកិច្ចធ្វើឲ្យប៉ះពាល់មិនត្រឹមតែក្រុមហ៊ុនខ្ញុំមួយ ទេ គឺក្រុមហ៊ុនច្រើនដែរ។ ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុនខ្ញុំប៉ះពាល់ដែរ តាំងពីការចំណាយរបស់អតិថិជន តាំងពីគម្រោងពង្រីករបស់ក្រុមហ៊ុនយើងខ្ញុំ។ ពេលនោះ យើងមានដៃគូក្រៅប្រទេសត្រៀមធ្វើជាមួយយើង រួចគេក៏ផ្អាកវិញ។ យ៉ាងណាក៏ដោយ យើងត្រៀមធ្វើច្រើននៅឆ្នាំ២០១២ ដែលអ្វីៗស្ថិតក្នុងគម្រោងទំាងអស់។ លើសពីនោះយើងក៏ត្រៀមពង្រីកអាជីវកម្មបន្ថែមទៀតដែរ ដោយនាំយកយីហោនំបុ័ងមួយពីប្រទេសកូរ៉េ ហើយនឹងបើកនៅអំឡុងខែមេសា ឬ ឧសភា ឆ្នាំក្រោយ។ យើងក៏ត្រៀមយកយីហោ របស់យើងទៅក្រៅប្រទេសផងដែរ។
លោកមានអាជីវកម្ម ច្រើន ដូចជា លក់ស៊ីឌី ភោជនីយដ្ឋាន រោងភាពយន្ត និង ព័ត៌មានវិទ្យា តើមុខរបរណាមួយជោគជ័យជាងគេ?
ផ្តល់ចំណូលប្រហាក់ប្រហែលគ្នា។ ផ្នែកអាហារផ្តល់ចំណូលច្រើន តែក៏វានៅមានបុគ្គលិកច្រើនដែរ «ទូកធំក្តោងធំ»។ តែCIDC គ្រប់គ្រងលើបច្ចេកវិទ្យា មានបុគ្គលិកតិចជាង តែពួកគេមានជំនាញខ្ពស់ជាង ដូចនេះវាក៏ត្រូវការចំណាយធំដែរ។ ក្រុមហ៊ុន CBM Corperation មានហាងប្រមាណ ៣០គឺមាន BB World, Pizza World, និង T&C នឹងមានទីតាំងនៅតាមសាលារៀនអន្តរជាតិមួយចំនួន ហើយថ្មីៗ យើងបានបើកភោជនីយដ្ឋាន ឈ្មោះ «ភូមិម្ហូបខ្មែរ»។ CBM ជាក្រុមហ៊ុនក្នុងស្រុកដែលមានហាងច្រើនជាងគេបំផុតនៅស្រុក ខ្មែរ។
សម្រាប់ប៉ុន្មានឆ្នាំទៅមុខឬក្នុងរយៈពេលវែង តើលោកមើលឃើញថាមុខរបរណាមួយក្នុងចំណោមនោះនឹងលូតលាស់ល្អ ជាងគេ?
សុទ្ធតែមានឱកាសទាំងអស់ ខ្ញុំមិនអាចនិយាយថា ណាមួយល្អជាងទេ។ មុខរបរដែលយើងជ្រើសរើសសុទ្ធតែត្រូវការកសាង និងអភិវឌ្ឍវែងឆ្ងាយ។ យើងរំពឹងថា អតិថិជនយើងមួយផ្នែកធំនឹងបានមកពីប្រជាជនមានប្រាក់ចំណូល មធ្យម។ ស្រុកខ្មែរយើងនិយាយឲ្យចំទៅយើងមានបញ្ហាបន្តិចដែរ។ ទាំងរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែកែប្រែ គឺយើងមានអ្នកក្រ និង អ្នកមាន ដាច់គ្នាមែនទែនតែម្តង។ អ្នកមានចង់ចាយមួយថ្ងៃ១ ០០០ដុល្លារក៏បានដែរ តែបើអ្នកក្ររកមួយដុល្លារចាយមិនបានផង។ ប្រសិនយើងមើលស្រុកគេដែលអភិវឌ្ឍបានគ្រាន់បើ គឺគេមានប្រាក់ចំណូលមួយថ្ងៃ៤ទៅ៥ដុល្លារជាមធ្យម។ អ៊ីចឹង គាត់មានលទ្ធភាពចំណាយទៅលើ ការហូបចុក ការទិញរបស់ប្រើប្រាស់បានដូចគេដូចឯង។ ដូចនេះអ្វីដែលយើងរង់ចំាគឺអ្វីដែលយើងកែប្រែសង្គមយើងទាំងមូល ហ្នឹង គឺធ្វើម៉េចទាញអ្នកក្រឲ្យឡើងមករកប្រាក់ចំណូលបាន៥ដុល្លារ មួយថ្ងៃ។ ពេលហ្នឹងហើយ ជាពេលដែលមុខរបរយើងទាំងអស់មានអតិថិជនច្រើន។ ជាសរុបមក មុខជំនួញដែលល្អបំផុត គឺមុខជំនួញដែលយើងទាញយកប្រជាជនច្រើន ប្រជាជនដែលមានកម្រិតជីវភាពមធ្យម។
គេគិតថាលោកកំពុងជោគជ័យតើលោកធ្លាប់មានឧបសគ្គដែរទេ ហើយលោកមានជំហរដោះស្រាយយ៉ាងដូចម៉េ្តច?
តាមពិតខ្ញុំអត់ហ៊ាននិយាយថា ខ្ញុំជោគជ័យពេកនោះទេ។ ខ្ញុំអាចចាត់ទុកថា ជាមោទនភាពរបស់យើងមួយដែរ ហើយយើងគិតថានៅមានការងារច្រើនទៀតត្រូវទៅមុខ។ ឧបសគ្គចម្បងជាងគេគឺធនធានមនុស្ស។ យើងទទួលស្គាល់ទាំងអស់គ្នានៅស្រុកខ្មែរយើង យើងត្រូវការការអប់រំមួយដែលមានស្តង់ដារបន្តិចទៀត។ ខ្ញុំគិតអ៊ីចឹង។ យើងក៏នៅមានកង្វះខាតច្រើន ព្រោះខ្វះការជ្រោមជ្រែង ខ្វះការសហការគ្នាច្រើន។ ការទទួលបានហិរញ្ញកិច្ចដើម្បីធ្វើមុខរបរក៏លំបាកដែរ ពេលខ្លះយើងខ្វះខាតដើម្បីបំពេញបន្ថែម ហើយយើងលំបាករកនៅក្នុងស្រុក រហូតទៅរកនៅក្រៅប្រទេសក៏មានដែរ។
តើឱកាសរកស៊ីនៅកម្ពុជាមានលក្ខណៈប្រកួតប្រជែងពេកទេនៅពេលបច្ចុប្បន្ន?
សម្រាប់ខ្ញុំ ខ្ញុំបានទៅស្រុកក្រៅច្រើន ខ្ញុំមានការវិភាគ ខ្ញុំមើលឃើញថា ស្រុកខ្មែរនៅមានឱកាសច្រើនសម្រាប់សហគ្រិនវ័យក្មេងដែលចង់ ចាប់យកមុខរបរ។ តែគ្រាន់តែថា យើងខ្វះសហគ្រិនដែលមានការព្យាយាម អំណត់ និងការបង្កើតគំនិតច្នៃប្រឌិត ឲ្យខ្លាំងជាងគេ។ ម្នាក់ៗចូលចិត្តធ្វើតាមគ្នា។ មា្នក់បើកហាងកាហ្វេ ក៏បើកតាមគ្នា។ បានន័យថា មនុស្សចាប់ផ្តើមធ្វើអ្វី ពេលឃើញគេជោគជ័យ។ គាត់អត់បានចូលរួមធ្វើអ្វីឲ្យប្លែក។ នេះជារឿង ដែលខ្ញុំគិតថា វាខ្វះខាតគំនិតច្នៃប្រឌិត។ ពេលហ្នឹងការប្រកួតប្រជែងក៏ច្រើនដែរ។
តើលោកគិតថាកតា្តអ្វីធ្វើឲ្យលោកជោគជ័យ?
ខ្ញុំគិតថា ការព្យាយាមសំខាន់មែនទែន ហើយបន្តទៀតគឺការផ្តោតការយកចិត្តទុកដាក់ឲ្យខ្លាំង។ ដូចជាខ្ញុំចាប់ផ្តើមបច្ចេកវិទ្យា ពីដំបូង គឺគ្មានអ្នកណាស្គាល់ទេ ហើយខ្ញុំចំណាយពេលច្រើនផ្សាយពាណិជ្ជកម្ម ធ្វើកម្មវិធីថ្មីៗ។ បើមិនអ៊ីចឹងទេ យើងនឹងបរាជ័យ។ ខ្ញុំមិនមានប្រវត្តិផ្នែកអាហារ Fast Food តែខ្ញុំអាចធ្វើវាឲ្យជោគជ័យបាន។ ខ្ញុំគ្មានប្រវត្តិជាអ្នកព័ត៌មានវិទ្យាទេ តែខ្ញុំអាចធ្វើឲ្យវាជោគជ័យបាន។ យើងត្រូវគិតថា អ្វីអាចធ្វើឲ្យមុខរបរទាំងអស់បានទទួលជោគជ័យបាន។ នេះជារឿងដែលធ្វើឲ្យយើងជាមនុស្សមានឱកាស។ ការមិនយកចិត្តទុកដាក់ទៅលើវា វាក៏ចុះខ្សោយទៅតាមហ្នឹងដែរ៕
No comments:
Post a Comment