Thursday, September 19, 2013

អ្នកកាត់ដេរ រកប្រាក់ ១០លានដុល្លាររាល់ឆ្នាំ ដោយសារ Facebook

ដោយសារ​ ប្រើប្រាស់​ឥទ្ធិពល​របស់​គេហទំព័​រ​សង្គម ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​កុមារ ទៅតាម​ការបញ្ជាទិញ Lolly Wolly Doodle រកបាន​ប្រាក់ចំណូល​ជាង ១០ដុល្លារ​អាមេរិក ជា​រៀងរាល់ឆ្នាំ​ក្នុងនោះ ៦០% នៃ​ប្រាក់ចំណូល បានមកពី Facebook ។

ចាប់តាំងពី Brandi Temple បានចាប់ផ្ដើម​ដេរ​សម្លៀកបំពាក់​ឱ្យកូនៗរបស់ខ្លួន កាលពី​ឆ្នាំ ២០០៨ ស្ដ្រី​រូបនេះ​បានដឹងថា ខ្លួន​ពិតជា​មាន​ឌ​ង់​ខាង​រចនា​ម៉ូដ​សម្លៀកបំពាក់។ ដូច្នេះ Brandi Temple ក៏បាន​សាកល្បង​បង្ហោះ​ម៉ូដ​​សម្លៀក​បំពាក់​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម ហើយ​មិនយូរប៉ុន្មាន សម្លៀក​បំពាក់​ដែល​ត្រូវបាន Brandi Temple ដេរ​ដោយផ្ទាល់ ក៏​លក់ដាច់​ដោយ​នឹកស្មាន​មិន​ដល់ នៅលើ​ទំព័រ eBay ។ នៅពេលនោះ Brandi Temple មិនអាច​នឹកស្មាន​បាន​ថា ចំណូលចិត្ត​ផ្នែក​កាត់ដេរ អាចជួយ​ឱ្យ​ខ្លួន ក្លាយជា​អ្នកជំនួញ​ធំ​ម្នាក់ ដែលមាន​បុគ្គលិក​ជាង ១៦០នាក់​ដូច្នេះ​សោះ។

ទំព័រ​ថ្មី​នៃ​ការរកស៊ី បានចាប់ផ្ដើម​នៅពេល​ស្វាមី​របស់ Brandi Temple បាន​បាត់បង់​ការងារ​រយៈពេល ២ឆ្នាំ​បន្ទប់​នោះ។ ប្ដី​ប្រពន្ធ​នេះ បានសម្រេច​ចិត្ត​ពង្រីក​ការលក់ដូរ​តាម​អ៊ី​ន​ធើរ​ណិ​ត ពី eBay មក Facebook ។ នៅក្នុង​ការលក់ដូរ​នេះ Brandi Temple ផ្គត់ផ្គង់​រចនា​ម៉ូ​ដែល​ទៅតាម​រូបមន្ដ អ្នកណា​មក​មុន បាន​មុន។ Brandi Temple ថ្លែងថា ៖ “មិន​នឹកស្មានថា ស្ថានភាព​នៃ​មុខ​ជំនួញ​នេះ បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស” ។

បច្ចុប្បន្ន ក្រុមហ៊ុនកាត់ដេរ​សម្លៀក​បំពាក់​របស់ Brandi Temple មាន​ឈ្មោះថា Lolly Wolly Doodle មាន​ទីស្នាក់ការ​នៅ Lexington, North Carolina អាមេរិក។ ក្រុមហ៊ុន​នេះ ទទួលបាន​ប្រាក់ចំណូល​ជាង ១០លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏​ជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​ក្នុង​តំបន់ Lexington ដែល​ទើប​ត្រូវបាន​មហាសេដ្ឋី Steve Case វិនិយោគ​បន្ថែម ២០លាន​ដុល្លារ​អាមេរិក។
ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នេះ Brandi Temple ឱ្យដឹងថា មាន​កត្ដា​សំខាន់​ពីរ គឺ​ទីមួយ ប្រើប្រាស់​វិធី​ជឿនលឿន​ក្នុង​ការផលិត និង​ទី​ពីរ គឺ​ផ្ដោតទៅលើ​ការលក់​តាម​បណ្ដាញ​សង្គម។ Brandi Temple បន្ដថា ប្រាក់ចំណូល ៦០% របស់ Lolly Wolly Doodle គឺ​បានមកពី Facebook និង​ក្រៅពីនេះ គឺ​បានមកពី​គេហទំព័រ​របស់​ក្រុមហ៊ុន។

ដំបូង​ឡើយ Brandi Temple បាន​ផ្ដោតទៅលើ​ការបង្កើត និង​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន នៅលើ​បណ្ដាញ​សង្គម។ តាមរយៈ Facebook អ្នកស្រី Brandi Temple បាន​ចែករំលែក​នូវ​រឿង​រ៉ៅ​អំពី​ការរកស៊ី និង​ម៉ូ​ដែល​សម្លៀកបំពាក់​ដែល​យោងទៅលើ​ការស្នើ​របស់​អតិថិជន ហើយ​ស្នើឱ្យ​អតិថិជន ផ្ញើ​រូបថតកូនៗរបស់​អតិថិជន ដែល​កំពុង​ស្លៀកពាក់​ឈុត​ខោអាវ​ដែល Brandi Temple បាន​រចនា និង​លក់​ជូន​នោះ ។ ដូច្នេះ អតិថិជន បានក្លាយ​ជា​ង្ន​ក​ផ្សាយពាណិជ្ជកម្ម​ផលិតផល​របស់ Brandi Temple ដោយ​មិនមាន​អស់ប្រាក់​មួយ​រៀល។

បន្ទាប់មក Lolly Wolly Doodle ទទួលបាន​ការវិនិយោគ​ពី Fisher ដើម្បី​រក្សា​ស្ថេរភាព​ក្រុមហ៊ុន។ ដោយសារ​ការព្រមព្រៀង​ខាងលើ Lolly Wolly Doodle ក៏បាន​ក្លាយជា​ក្រុមហ៊ុន​រឹងមាំ​មួយ។

ក្រោយមក Lolly Wolly Doodle ក៏​ទទួល​ការវិនិយោគ​ចំនួន ២០លាន​ដុល្លារ​ពី មហាសេដ្ឋី Case និង​មាន​គម្រោង​ជ្រើសរើស​បុគ្គលិក​បន្ថែម ១០០នាក់ សម្រាប់​ដំណាក់​កាលពី​ឆ្នាំ​ពី​ឆ្នាំ​ខាងមុខ។ ទន្ទឹមនឹងនេះ Lolly Wolly Doodle ក៏​កំពុត​តែ​ផ្ដោតទៅលើ​ការលក់​ផលិតផល​នៅលើ​បណ្ដាញ Pinterest និង Instagram ផងដែរ។

Brandi Temple ថ្លែងថា ៖ “បើទោះជា Lolly Wolly Doodle ទទួលបាន​ការគាំទ្រ​ច្រើន ឬក៏​បាន​ក្លាយជា​ក្រុមហ៊ុន​ធំ​យ៉ាងណា ប៉ុន្ដែ នាង​ខ្ញុំ​នៅតែ​យល់ថា នាង​ខ្ញុំ​កំពុងធ្វើការ​នៅ​រោង​កាត់ដេរ​ដំបូង។ នៅ​រៀងរាល់​ល្ងាច នាង​ខ្ញុំ​តែងតែ​ចំណាយពេល​ទៅលើ​ការ​រចនា និង​ផ្ដោតទៅលើ​គោលដៅ​ដំបូង​ដែល​បាន​ដាក់ចេញ” ។

ដោយ ៖ តារា
ប្រភព ៖ entrepreneur

No comments: