ក្រុមស្ត្រីជាអ្នកជំនួញនៅក្នុងប្រទេសកម្ពុជាបានចងក្រងគ្នាបង្កើតបណ្តាញសង្គមមួយ
តាមប្រព័ន្ធអេឡិចត្រូនិច ឬហៅថា Facebook
ដើម្បីបើកវេទិកាពិភាក្សាពីការធ្វើមុខជំនួញ
និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
នេះគឺជាបណ្ដាញស្រ្ដីតាមបែបទំនើបជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា
ហើយសហគ្រិនស្ត្រីជាសមាជិកជាច្រើន បានចាត់ទុកគេហទំព័រ Facebook
នេះជាវិថីឆ្ពោះទៅរកភាពជោគជ័យក្នុងមុខជំនួញរបស់ខ្លួន។
នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិសា្តរអំពីរឿងនេះពីប្រទេសចិន ដូចតទៅ៖
កាលពីជិត៦ខែមុន អ្នកស្រ្តី លីម
វីរីយ៉ាបានបោះបង់ចោលទំាងស្រុងនូវមុខជំនួញចែកចាយទំនិញរបស់អ្នកស្រ្តី
បន្ទាប់ពីអ្នកស្រ្តីបានជួបបរាជ័យចំនួនពីរលើកផ្ទួនៗគ្នារួចមក
ហើយបន្ទាប់មកមិនយូរប៉ុន្មាន អ្នកជំនួញវ័យ២៩ឆ្នាំនៅខេត្តសៀមរាបរូបនេះ
ក៏ស្ទើរតែបិទក្រុមហ៊ុនទេសចរណ៍របស់អ្នកស្រ្តីចោលទៀត
នៅពេលដែលអ្នកស្រ្តីជួបនូវការប្រកួតប្រជែងគ្នាដ៏តឹងតែង
និងពិបាកស្វែងរកប្រាក់ចំណេញ។ ក៏ប៉ុន្តែអ្នកស្រ្តី លីម វីរីយ៉ា
ស្រាប់តែមានទឹកចិត្តតស៊ូដើម្បីស្តារមុខជំនួញរបស់អ្នកស្រ្តីរហូតទទួលបានជោគជ័យឡើងវិញ
ក្រោយពីអ្នកស្រ្តីទទួលបានការចែករំលែកបទពិសោធន៍
និងការផ្តល់យោបល់ពីក្រុមស្ត្រីកម្ពុជាក្នុងការធ្វើអាជីវកម្ម ឬ Cambodia
Women in Business តាមរយៈ គេហទំព័រ Facebook។
«មុនដំបូង ខ្ញុំបរាជ័យច្រើនណាស់ ខ្ញុំធ្លាប់ធ្វើផលិតផលផ្តាច់មុខ
មានអំបិលក្រអូប មានជីរ តែធ្វើទៅឥតប្រយោជន៍ ខាតតែពេល បោះចោលតែទុន។
ហើយខ្ញុំមានមុខរបររកស៊ីទាក់ទងទេសចរណ៍ហ្នឹងពិបាកណាស់ ទំាងដើមទុន ទំាងទីផ្សារ
ទំាងការប្រកួតប្រជែង សព្វបែបយ៉ាង ធ្វើឲ្យយើងសឹងតែរាថយម្តងៗ។
ប៉ុន្តែក្រោយពីខ្ញុំបានអានព័ត៌មាននៅក្នុង Facebook និយាយអំពីការតស៊ូ
ការតំាងចិត្តរបស់ស្ត្រីម្នាក់ដែលធ្លាប់បើកភោជនីយដ្ឋានតែគាត់បរាជ័យទៅវិញ
បើកម្តងទៀត គាត់បរាជ័យ ហើយនៅតែខំប្រឹងតស៊ូ។ គាត់និយាយថាការរកស៊ី
មុខរបរអ្ហីក៏ដោយ ឲ្យតែមានលេខបូក ទោះកន្ទុយកាក់
ឬសេនយ៉ាងម៉េចក៏ដោយឲ្យតែយើងតស៊ូ គឺវាមិនបរាជ័យទេ
ហើយខ្ញុំក៏មានកម្លាំងចិត្តមួយកាន់តែខំប្រឹងថែមទៀត»។
អ្នកស្រ្តី លីម វីរីយ៉ា បានចូលជាសមាជិកនៃ Facebook
របស់ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ចាប់តំាងពីខែធ្នូ ឆ្នាំ២០០៩មកម្ល៉េះ។
នៅពេលនេះ កម្លាំងចិត្តដែលអ្នកស្រ្តី លីម វីរីយ៉ា ទទួលបានពីទំព័រ Facebook
មានឈ្មោះថា ស្ត្រីកម្ពុជាធ្វើអាជីវកម្ម
បានធ្វើឲ្យអ្នកស្រ្តីក្លាយជាអ្នកចែកចាយផ្តាច់មុខនូវផលិតផលបាញ់បំបាត់ក្លិនក្នុងផ្ទះ
ឬសណ្ឋាគារដ៏ជោគជ័យម្នាក់នៅខេត្តសៀមរាប។
Facebook
គឺជាគេហទំព័របណ្តាញសង្គមមួយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាដែលមានអាយុចាប់ពី១៣ឆ្នាំឡើងទៅ
អាចប្រើប្រាស់ទំព័រនេះដើម្បីធ្វើការប្រាស្រ័យទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធ
អ៊ិនធឺណិត ដោយមិនចាំបាច់បង់ថ្លៃសេវាកម្ម។ កាលពីខែ វិច្ឆិកាឆ្នាំ២០០៩
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាផ្នែកមួយនៃធនាគារពិភពលោក
បានបង្កើតបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា
ស្ត្រីកម្ពុជាក្នុងអាជីវកម្ម ឬ Cambodia Women in Business នេះ
ក្នុងគោលបំណងប្រើប្រាស់ទំព័រនេះជាវេទិកាចែករំលែកបទពិសោធន៍
ចំណេះដឹងនិងផ្តល់ព័ត៌មានស្តីពីការធ្វើអាជីវកម្មទៅដល់ក្រុមស្ត្រីខ្មែរដែលកំពុងធ្វើជំនួញ
ឬមានគម្រោងប្រកបរបរជួញដូរ បន្ទាប់ពី IFC បានរកឃើញថា
ស្រីខ្មែរនៅប្រឈមនឹងការលំបាកជាច្រើនក្នុងការចាប់ផ្តើម
និងពង្រីកមុខជំនួញរបស់ពួកគេ
ដោយសារកម្រិតទាបនៃការសិក្សាការលំបាកក្នុងការស្វែងរកព័ត៌មាន
ការយល់ដឹងពីព័ត៌មានខាងផ្លូវច្បាប់ និងការមិនឲ្យតម្លៃពីសង្គមគ្រួសារជាដើម។
៧ខែក្រោយពីការបង្កើត គេហទំព័រ Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្ម
អាចគៀងគរបានសមាជិកជាស្ត្រីចំនួន៣០០នាក់ហើយ។
ពួកគេមួយចំនួនជាម្ចាស់សហគ្រិនខ្នាតតូច ពាណិជ្ជករ និងអាជីវករ
ហើយក៏មានស្ត្រីខ្លះជានិស្សិត បុគ្គលិកក្រុមហ៊ុន និងជាអ្នកស្រាវជ្រាវដែរ។
ស្រ្ដីដែលចាប់អារម្មណ៍ក្នុងការចូលជាសមាជិកនៃទំព័រ Facebook នេះ
ចាំបាច់ត្រូវមានអាស័យដ្ឋានសារអេឡិចត្រូនិច ឬអ៊ីម៉ែល និងបង្កើតទំព័រ
Facebook ផ្ទាល់ខ្លួនមួយជាមុន។ ហើយបុរសក៏អាចចូលជាសមាជិក
និងចែករំលែកយោបល់របស់ពួកគេលើគេហទំព័រស្ត្រីក្នុងអាជីវកម្មផងដែរ។
នៅលើទំព័រ Facebook ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម
ដែលមានការរចនាដ៏ទាក់ទាញ
និងមានផ្សាយរូបថតសកម្មភាពធ្វើអាជីវកម្មដ៏រស់រវើករបស់ស្ត្រីខ្មែរផងនោះ
ស្ត្រីជាអ្នកជំនួញទំាងនោះបានបញ្ចេញទស្សនៈអំពីបញ្ហាប្រឈមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម
និងដំណោះស្រាយ ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ការខ្វះការគំាទ្រពីស្វាមី
ការរើសអើងពីសង្គម និងការស្វែងរកទីផ្សារលក់ផលិតផល ការកំណត់តម្លៃមុខទំនិញ
និងការគ្រប់គ្រងអាជីវកម្មតូចធំឲ្យទទួលបានជោគជ័យ ជាដើម។ ទន្ទឹមនឹងនោះ
ពួកគេក៏បានបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ និងអត្ថបទសារព័ត៌មានជាតិ
និងអន្តរជាតិដែលពាក់ព័ន្ធនឹងស្ត្រីក្នុងដំណើរអាជីវកម្មផងដែរ។
ទោះយ៉ាងណា ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទំាងនេះ
ហាក់ដូចជាមិនទាន់បានទូលំទូលាយនៅឡើយទេ ដោយហេតុថា
ស្ត្រីធ្វើអាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាមិនមានចំណេះដឹងផ្នែកភាសាអង់គ្លេស
និងមិនមានលទ្ធភាពប្រើប្រាស់បណ្តាញអ៊ិនធឺណិតនោះទេ ជាពិសេសអាជីវករ
នៅតាមបណ្តាខេត្ត និងទីជនបទ ដែលមាន ចេតនាពង្រីកអាជីវកម្មរបស់ខ្លួន
ឬកំពុងតែជួបបញ្ហានោះ ព្រោះថារាល់ព័ត៌មានទំាងអស់សុទ្ធតែសរសេរជាភាសាអង់គ្លេស។
លោកស្រ្តី លីលី ស៊ីសម្បត្តិ
ប្រធានគម្រោងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជននៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាអ្នកផ្តួចផ្តើមបង្កើតទំព័រ
Facebook របស់ស្ត្រីកម្ពុជានេះ បានទទួលស្គាល់ថានេះជាបញ្ហាប្រឈមមួយ។
ប៉ុន្តែលោកស្រ្តីជឿជាក់ថា បណ្តាញ Facebook
ស្ត្រីកម្ពុជាដែលទើបបង្កើតឡើងជាលើកដំបូងបំផុតនេះ
អាចរួមផ្តុំសំឡេងតែមួយក្នុងចំណោមស្រ្តីធ្វើអាជីវកម្មប្រយោជន៍ដើម្បីរួមគ្នាដោះស្រាយបញ្ហា។
«Facebook បង្កើតកម្លាំង
និងគំនិតយោបល់ជាច្រើនអំពីរបៀបធ្វើពាណិជ្ជកម្មឲ្យបានច្រើន
និងធ្វើពាណិជ្ជកម្មឲ្យបានល្អប្រសើរ
និងជាមធ្យោបាយសម្រាប់ដោះស្រាយឧបសគ្គដែលស្ត្រីកំពុងជួបប្រទះ។
ប្រសិនបើស្ត្រីម្នាក់ដែលជួបបញ្ហានៅពេលគេចាប់ផ្តើមធ្វើអាជីវកម្ម
នោះស្ត្រីផ្សេងទៀតអាចជួយពួកគេតាមរយៈបណ្តាញ Online។ ដូច្នេះខ្ញុំគិតថា
វាជាប្រភពនៃការគំាទ្រដ៏ល្អដើម្បីបង្កើតនូវបរិយាកាសងាយស្រួលសម្រាប់ស្ត្រីក្នុងការធ្វើអាជីវកម្ម។
នាង សេង ស្ទេហ្វិននី
ដែលបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ
ទើបបានបានចូលជាសមាជិកនៃ Facebook
ឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្មប្រហែល១ខែនេះប៉ុណ្ណោះ
ដើម្បីស្វែងយល់ពីការធ្វើអាជីវកម្មនៅប្រទេសកម្ពុជា
ស្របពេលដែលនាងមានគម្រោងបើកក្រុមហ៊ុនទំនាក់ទំនងមួយ។
នាងស្ទេហ្វិននីបាននិយាយថា Facebook
ស្ត្រីកម្ពុជាក្នុងអាជីវកម្មបានប្រាប់នាងពីបែបបទក្នុងការចាប់ផ្តើមដំណើរការមុខជំនួញដែលនាងមិនធ្លាប់បានដឹងពីមុនមក
ជាពិសេសការចុះបញ្ជីពាណិជ្ជកម្ម និងការសិក្សាពីតម្រូវការទីផ្សារ។
ចំណែក
ស្ត្រីជាអាជីវករមួយចំនួនទៀតដែលទទួលបានជោគជ័យក្នុងមុខជំនួញរបស់ពួកគេរួចជាស្រេចហើយនោះក៏គ្រោងនឹងចែករំលែករបៀបធ្វើជំនួញរបស់ពួកគេនៅក្នុងទំព័រ
Facebook ស្ត្រីកម្ពុជាក្នុងអាជីវកម្មដែរ។ តួយ៉ាងដូចជា អ្នកស្រី ហេង
ចិន្តា ម្ចាស់ក្រុមហ៊ុនសិប្បកម្ម KNN ជាដើម។
«មនុស្សស្រីគឺប្រៀបដូចជាតែអញ្ចឹង។ នៅពេលត្រូវទឹកក្តៅកាន់តែខ្លំាង
ក្លិនតែកាន់តែឈ្ងុយ។ អញ្ចឹងនៅពេលដែលមនុស្សស្រីជួបការងារលំបាកកាន់តែខ្លំាង
ធ្វើឲ្យយើងកាន់តែរឹងមាំ និងជោគជ័យ។
ពាក្យនេះជួយជំរុញកម្លាំងចិត្តខ្លំាងដល់ខ្ញុំ
អញ្ចឹងខ្ញុំនឹងចែករំលែកបទពិសោធន៍ហ្នឹងទៅដល់មិត្តៗស្ត្រីទំាងអស់
សូមឲ្យស្ត្រីទំាងអស់កាន់គោលការណ៍មួយគឺរឹងប៉ឹង»។
សូមបញ្ជាក់ថា
ការចូលរួមរបស់ស្ត្រីក្នុងការធ្វើអាជីវកម្មត្រូវទទួលស្គាល់ថា
ជាសក្តានុពលជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ដោយឡែកនៅប្រទេសកម្ពុជាដែលវិស័យឯកជនជាអ្នកបង្កើតការងារបានចំនួន៩២%នៃការងារទំាងអស់ក្នុងប្រទេសកម្ពុជានោះ
មានស្ត្រីជាម្ចាស់អាជីវកម្មចំនួន៥៥%។
ប៉ុន្តែមុខរបររបស់ពួកគេមានទ្រង់ទ្រាយតូចតាច និងស្ថិត
នៅក្រៅផ្លូវការដែលមិនអាចឲ្យពួកគេក្លាយជាអ្នកបង្កើតការងារ
អ្នកអភិវឌ្ឍន៍ធនធានមនុស្ស អ្នកបង់ពន្ធ និងអ្នក
ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅឡើយ
នេះបើយោងតាមរបាយការណ៍ឆ្នំា២០០៨របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC
ស្តីពីសំឡេងសហគ្រិនស្ត្រីនៅកម្ពុជា។
លោកស្រី វេរ៉ូនីក សាលស៌ឡូហ្សាក់
នាយិកាកម្មវិធីសេដ្ឋកិច្ចប្រចាំតំបន់នៃមូលនិធិអាស៊ី និយាយថា
សហគ្រិនស្ត្រីកម្ពុជាអាចប្រើទំព័រ Facebook
ស្ត្រីកម្ពុជាក្នុងអាជីវកម្មនេះជាឧបករណ៍នាំសារទៅដល់រដ្ឋាភិបាលក្នុងការបង្កើតគោល
នយោបាយជាក់លាក់ដើម្បីដោះស្រាយបញ្ហាខាងលើដែលស្ត្រីកំពុងជួបប្រទះ។
«ប្រសិនបើពួកគេអាចប្រមូលបានសំឡេងស្ត្រីច្រើនដើម្បីនិយាយថា
នេះជាបញ្ហាពិតប្រាកដរបស់ពួកគេនោះ ពួកគេ
អាចរួមគ្នាទាក់ទងទៅរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងនូវបញ្ហាប្រឈមរបស់ពួកគេ។
ដូច្នេះ Facebook
គឺជាឧបករណ៍ដ៏ទាន់សម័យរបស់ស្ត្រីធ្វើអាជីវកម្មក្នុងការជំរុញឲ្យមានការកែទម្រង់»។
ប៉ុន្តែកញ្ញា ទីម័ករាវ៉ាវី អ្នកស្រាវជ្រាវ
និងជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដែលជាសមាជិកដ៏សកម្មម្នាក់របស់
Facebookឈ្មោះស្ត្រីកម្ពុជាក្នុងអាជីវកម្ម យល់ថា
វាទំនងជាមិនមានប្រសិទ្ធិភាពនោះទេ ក្នុងការប្រើប្រាស់ Facebook
ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារបស់ស្ត្រីនោះ
ត្បិតរាល់ការលើកឡើងតាមរយៈអ៊ិនធឺណិត ដែលត្រូវរដ្ឋាភិបាល ចាត់ទុកថា
ក្រៅផ្លូវការ ហើយបានច្រានចោល។
យ៉ាងណាក៏ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
បានលើកទឹកចិត្តឲ្យសហគ្រិនស្ត្រីបង្ហាញរាល់ឧបសគ្គដែលខ្លួនបានជួបប្រទះ
នៅលើទំព័រ Facebook ស្ត្រីកម្ពុជា ក្នុងអាជីវកម្មមួយនេះឲ្យបានច្រើនថែមទៀត
ហើយក្រសួងរបស់លោកស្រីនឹងលើកយកបញ្ហាទំាងនោះដើម្បីឲ្យរដ្ឋាភិបាលបង្កើតជាគោលនយោបាយថ្នាក់ជាតិ
ប្រយោជន៍ដើម្បីសម្រួលដល់ស្ត្រីក្នុងការធ្វើអាជីវកម្ម៕
No comments:
Post a Comment