សិលាចារឹកទាំងនោះសរសេរជាភាសាខ្មែរបុរាណ ដោយមានចុះកាលបរិច្ឆេទ ឆ្នាំ ៩៣៣ គ.ក. (មហាសករាជ) ។ អត្ថបទសិលាចារឹកទាំង ៨ផ្ទាំង ដែលរកឃើញនៅគោបុរៈខាងកើតនៃបរិវេណកំផែងព្រះរាជវាំងនោះ មានភាពទ្រុឌទ្រោមរេចរឹល និងរលប់បាត់ជាច្រើនអន្លើ មិនអាចប្រមូលផ្ដុំបានជាអត្ថបទពេញលេញបានឡើង ។ តែជាភ័ព្វសំណាងល្អ ក្រោយមក គេបានរកឃើញសិលាចារឹកដូចគ្នានេះមួយផ្ទាំងទៀតដែលមានឃ្លាខ្លះនៅ ល្អ អាចយកទៅបំពេញចំណែកខ្វះចន្លោះនៃអត្ថបទសិលាចារឹកទាំង ៨ខាងដើម ។ លោក អាយម៉ូនីញេ និងលោក ហ៊្ស. សឺដែស បានផ្គុំសិលាចារឹកទាំង ៩ផ្ទាំងនោះ ហើយចងក្រងអត្ថបទដើមបានទាំងស្រុងឡើងវិញ ។

ខាងក្រោយនេះគឺ អត្ថបទពាក្យសម្បថទាំងស្រុង ដែលយើងសរសេរឡើងវិញ តាមលំនាំខ្មែរបុរាណ ដោយប្រើអក្សរខ្មែរទំនើប និងអត្ថបទបកប្រែជាភាសាខ្មែរបច្ចុប្បន្ន ។
អត្ថបទប្រែជាភាសាខ្មែរទំនើប
មហាសករាជ ៩៣៣ ប្រាំបួនកើត ខែភទ្របទ ថ្ងៃអាទិត្យ ។ នេះគឺពាក្យសច្ចាប្រណិធាន (របស់ទូលព្រះបង្គំទាំងអស់គ្នា) ។ (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នា ជាតម្រួតរបស់ភាគ (តំបន់) ថ្នាក់ឯក (ទោ – ត្រី – ចត្វា) នៅពេលស្បថ (ទូលបង្គំ) យើង (ខ្ញុំ) សូមសច្ចាកាត់ដៃ ថ្វាយអាយុ និងថ្វាយនូវកតញ្ញូភក្តីភាពដ៏បរិសុទ្ធ ផូរផង់ ចំពោះព្រះករុណាព្រះបាទសម្ដេច គ្រីសូយ៌្យវម៌្មទេវៈ (សូរ្យវរ្ម័នទី១) ដែលបានសោយរាជ្យជាសកលនៅឆ្នាំ៩២៣ នៃមហាសករាជ នៅចំពោះមុខព្រះភ្លើង ព្រះរតនៈ និងព្រាហ្មណាចារ្យទាំងឡាយ ។ (ទូលបង្គំ) យើង (ខ្ញុំ) មិនបង្គំ (គោរព) គម្ដែងផ្ទៃក្រោមដទៃទៀតទេ (ក្រៅពីព្រះអង្គ) ឡើយ ពុំ (ធ្វើជា) ខ្មាំង និងពុំចំណុះខ្មាំង (ចូលដៃ សមគំនិតជាមួយខ្មាំងសត្រូវ) ពុំធ្វើប្រការអ្វីដែលអាចនឹងនាំមកនូវសេចក្ដីវិនាស (ចំពោះព្រះអង្គ) ឡើយ ។
រាល់អំពើផងទាំងឡាយដែលជាផលនៃស្វាមីភក្ដីភាពរបស់ (ទូលបង្គំ)យើង (ខ្ញុំ) ចំពោះព្រះករុណាព្រះបាទ គ្រីសូយ៌្យវម៌្មទេវៈ (ទូលបង្គំ) យើង (ខ្ញុំ) នឹងខិតខំប្រឹងប្រែងធ្វើអោយបានសម្រេច ។ ទោះបីមានចម្បាំង (ទូលបង្គំ) យើង (ខ្ញុំ) ប្ដេជ្ញាច្បាំងដោយស្មោះអស់ពីចិត្ត ដោយឥតស្ដាយអាយុជីវិតឡើយ ។ ដោយស្វាមីភក្ដីភាព (ចំពោះព្រះរាជា) (ទូលបង្គំ) យើង (ខ្ញុំ) មិនរត់ចោលចម្បាំងឡើយ ។ ទោះគ្មានចម្បាំង ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) ស្លាប់ដោយសារជំងឺបៀតបៀន គឺថា សូមឲ្យ (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នា បានទទួលនូវផល (រង្វាន់) ជាអ្នកមានកតញ្ញូ ភក្ដី ចំពោះអម្ចាស់របស់ខ្លួន ។ ប្រសិនបើអាយុជីវិតរបស់ (ទូលបង្គំ) យើង (ខ្ញុំ) អាចទាន់ព្រះរាជការ (អាចបំរើការងាររាជការ) តទៅរហូតដល់ពេលស្លាប់ (ក្នុងមុខងារ) (ទូលបង្គំ) យើង (ខ្ញុំ) នឹងបម្រើកិច្ចការនោះ ដោយហេតុថា (ទូលបង្គំ) យើង (ខ្ញុំ) មានស្វាមីភ័ក្តិ (ចំពោះព្រះរាជា)
ប្រសិនបើមានព្រះរាជការ ដែលព្រះមហាក្សត្រ (ទ្រង់ត្រាស់) បន្ទូលប្រើ (ទូលបង្គំ) យើង (ខ្ញុំ) ទៅទីឆ្ងាយ ដោយសារមានព្រឹត្តិការណ៍ដែលព្រះរាជាបានឮគេនិយាយនោះ (ទូលបង្គំ) យើង (ខ្ញុំ) នឹងរកវិធីស្វែងយល់រឿងនោះឲ្យបានល្អិតល្អន់ និងប្ដេជ្ញាធ្វើតាមពាក្យសច្ចាប្រណិធានរបស់ខ្លួនអោយបាន ខ្ជាប់ខ្ជួន រៀងៗខ្លួន ។ ប្រសិនបើក្នុងចំណោម (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នានោះ មានអ្នកមិនធ្វើតាមពាក្យសច្ចាប្រណិធាននេះ ចំពោះព្រះមហាក្សត្រ ដែលសោយរាជ្យដ៏យូរលង់ក្រោយៗទៀត (ទូលបង្គំ) យើង (ខ្ញុំ) សូមព្រះអង្គដាក់ព្រះរាជទោសទណ្ឌគ្រប់ប្រការចុះ ។
ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) មានល្បិចកលមិនគោរពខ្ជាប់ខ្ជួននូវពាក្យសម្បថនេះ សូមឲ្យ (ទូលបង្គំ) យើង (ខ្ញុំ) ធ្លាក់ទៅកើតក្នុងឋាននរកទាំង ៣២ ជាន់ អស់កាលដ៏យូរ ដរាបណានៅមានព្រះអាទិត្យ និងព្រះចន្ទ ។ ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នាបំពេញបានល្អបរិសុទ្ធ តាមពាក្យសច្ចាប្រណិធាននេះ សូមព្រះគម្ដែងផ្ទៃក្រោម ទ្រង់ព្រះមេត្តាព្រះរាជទាន (ប្រើ) ឲ្យ (ទូលបង្គំ) យើង (ខ្ញុំ) បានថែទាំនូវការស្ថាបនាជាកុសលរបស់ស្រុកទេសយើង និងផ្ដល់នូវភាពស្ថិតស្ថេរ សម្បូរ រុងរឿងនៃវង្សត្រកូលរបស់ (ទូលបង្គំ) យើង (ខ្ញុំ) ដោយហេតុថា (ទូលបង្គំ) យើង (ខ្ញុំ) មានកតញ្ញូ ភក្ដីចំពោះល្អងធូលីព្រះបាទ (គម្ដែងផ្ទៃក្រោម) សម្ដេចព្រះ សូយ៌្យវម៌្មទេវៈ ដែលព្រះអង្គទ្រង់បានសោយរាជ្យជាសកល នៅឆ្នាំ៩២៤ នៃមហាសករាជ ។ សូមឲ្យផល (រង្វាន់) នៃអ្នកមានស្វាមីភ័ក្តិចំពោះព្រះរាជា ជាអម្ចាស់របស់ខ្លួន កើតមានដល់ (ទូលបង្គំ) យើង (ខ្ញុំ) ចាប់ពីលោកនេះរហូតដល់បរលោក ។
No comments:
Post a Comment