Wednesday, September 18, 2013

ដំណាក់​​កាល​​ទាំង​​បួន​​នៃ​​ឆាក​​ជីវិត​

ឆាក​​ជីវិត​​មនុស្ស​​តែង​​ឆ្លង​​កាត់​ ៤ដំណាក់​​កាល គឺ​ ដំណាក់​កាល​​អប់​រំ ដំណាក់​កាល​​មនោសញ្ចេតនា​​និង​​បទពិសោធន៍​ ដំណាក់​កាល​​​អំណាច ដំណាក់​កាល​​អមត​ភាព​។​
ដំណាក់​​កាល​​ទី​១​​នៃ​​ឆាក​​ជីវិត​​គឺ​​ដំណាក់​​កាល​​អប់រំ​៖ ដំណាក់​​កាល​​នេះ​​ រាប់​​ចាប់​​តាំង​​ពី​ ចាប់​​កំណើត​​​​រហូត​​ដល់​​អាយុ​ ​២០ ​ឆ្នាំ ​ឬ ​២៥​ ឆ្នាំ​។​ ក្នុង​​ដំណាក់​​កាល​​នេះ​ មនុស្ស​​យើង​​រៀន​​សូត្រ​​អំពី​​គោល​ការណ៍​​គ្រឹះ​​នៃ​​ឆាក​​ជីវិត  អំពី​​ចំណេះ​​ដឹង ឬ​​បទ​​ពិសោធន៍​ដែល​​បាន​​មក​​ពី​​អ្នក​​នៅ​​ជុំវិញ​​ខ្លួន​។ ដំណាក់​​កាល​​អប់រំ គឺ​​ជា​​គ្រឹះ​​ក្នុង​​ឆាក​​ជីវិត​​មនុស្ស​​ម្នាក់​​ៗ​។ គ្រឹះ​​នេះ​​បើ​​សាង​​មិន​​បាន​​មាំ​​ល្អ​​ទេ​ នឹង​​ធ្វើ​​ឲ្យ​​ជីវិ​ត​ប្រេះ​​បែក​​នៅ​​ថ្ងៃ​​អនាគត។ ប៉ុន្តែ​​បើ​​សង់​​បាន​​ត្រឹម​​ត្រូវ​ ដោយ​​ផ្អែក​​លើ​​សច្ចភាព ក្តី​មេត្តា ​ភក្តី​ភាព​​ វិន័យ ជំនឿ​ចិត្ត ​និង​​ភាព​​វិជ្ជមាន​​ នោះ​កិច្ច​ការ​​​អ្វី​​ៗ​​ក៏​​អាច​​សម្រេច​​ទៅ​​បាន​​ដែរ​។​
 
ដំណាក់​​កាល​​ទី​២​​នៃ​​ឆាក​​ជីវិត​​គឺ​​ដំណាក់កាល​​មនោ​សញ្ចេតនា​​និង​​បទ​​ពិសោធន៍​​៖​ ដំណាក់​​កាល​​នេះ​​ចាប់​ផ្តើម​​ពី​​អាយុ​ ​២០​​ ឆ្នាំ ឬ​​២៥​​ឆ្នាំ ដល់​​អាយុ​ ៤០ឆ្នាំ​​ឬ​​៥០​​ឆ្នាំ។ ដំណាក់​​កាល​​នេះ​​មនុស្ស​​ចាប់​​ផ្តើម​​ពិសោធន៍​​សាក​​ល្បង​ និង​​ធ្វើ​​អ្វី​​ៗ​​ដើម្បី​​ខ្លួន​​ឯង​។ ​មនុស្ស​​ចូល​​ប្រលូក ក្នុង​​ស្នេហា មនោសញ្ចេត​នា សុរា ​ការ​​ប្រកួត​​ប្រជែង ជោគ​​ជ័យ ​បរាជ័យ ​កំហឹង ​ឬ​​អារម្មណ៍​​សប្បាយ​​រំភើប​។ ​វា​​ជា​​ដំណាក់​​កាល​​មួយ​​ដែល​​មនុស្ស​​ជា​​ច្រើន​​ជាប់​​ជំពាក់​​ក្នុង​​ រឿង​​ជីវិត ជាប់​​ជំពាក់​​នឹង​​មនុស្ស​​ជា​​ទី​​ស្រឡាញ់ ឬ​​ជាប់​​ជំពាក់​​នឹង​​គ្រួសារ​​ជា​​ដើម​។​ មនុស្ស​​ប្រុស​​ច្រើន​​ជាប់​​ជំពាក់​​នឹង​​រឿង​​រួម​​ភេទ សុរា ឬ​​អំណាច ចំណែក​​ឯ​​មនុស្ស​​ស្រី​​ច្រើន​​ជាប់​​ជំពាក់​​នឹង​​ការ​​ស្វែង​​រក​​ស្នេហា ​​ពិត​។ ​ដំណាក់​​កាល​​ទី​២​​នេះ ​ជា​​ដំណាក់​​កាល​​ដែល​​មនុស្ស​ ​ត្រូវ​​ប្រឈម​​មុខ​​នឹង​​ឆាក​​ជីវិត​​ពិត​​ប្រាកដ ត្រូវ​​ដោះ​​ស្រាយ​​តើ​​ធ្វើ​​ដូច​​ម្តេច​​ទើប​​មាន​​ដំបូល​​ជ្រក តើ​​ធ្វើ​​ដូច​​ម្តេច​​ទើប​​មាន​​អាហារ​​ក្នុង​​ចាន​។ល។ ក្នុង​​ដំណាក់​​កាល​​នេះ​ គេ​​គួរ​​រៀន​​ពី​​វិធី​​គ្រប់​​គ្រង​​ខ្លួន​​ឯង​ និង​​ដាក់​​វិន័យ​​ខ្លួន​​ឯង​។​
 
ដំណាក់​​កាល​ទី​៣​នៃ​​ឆាក​​ជីវិត​​គឺ​​ដំណាក់​​កាល​​អំណាច​៖  ​ដំណាក់​​កាល​​នេះ​ចាប់​​ផ្តើម​​ពី​​អាយុ​ ​៤០​​ឆ្នាំ​ ឬ​​៥០​ឆ្នាំ ដល់​​អាយុ​​៦០​​ឆ្នាំ​​ឬ​​៧៥​ឆ្នាំ​។ វា​​ជា​​ដំណាក់​​កាល​​ដែល​​មនុស្ស​​មាន​សមត្ថភាព​​ពេញ​​លេញ​​បំផុត​ ​នឹង​​ញ៉ាំង​​ឲ្យ​​រឿង​​រ៉ាវ​​គ្រប់​​យ៉ាង​​ឲ្យ​​កើត​​ឡើង​​បាន​ ​ជា​​ដំណាក់​​កាល​​ជោគជ័យ​​បំផុត ហើយ​​ក៏​​អាច​​ជា​​ដំណាក់​​កាល​​បរាជ័យ​​បំផុត​​ដែរ​។ ក្រៅ​​ពី​នេះ វា​​ជា​​ដំណាក់​​កាល​​នៃ​​ការ​​ចែក​​រំលែក​​បទ​ពិសោធន៍​​ទៅ​​កាន់​​មនុស្ស​​ ដទៃ​​ផង​​ដែរ​។
 
ដំណាក់​កាល​​ទី៤ នៃ​​ឆាក​​ជីវិត ​គឺ​​ដំណាក់​កាល​​​អមត​ភាព​៖ ដំណាក់ ​កាល​​នេះ​​​ចាប់​ផ្តើម​​ពី​​អាយុ​ ៦០​​ឆ្នាំ​ ឬ​​៧៥​​ឆ្នាំ​ ដល់​​១០០​​ឆ្នាំ។ ប្រសិន​បើ​មនុស្ស​អាច​គ្រប់​គ្រង​ដំណាក់កាល​អំណាច​បាន​ហើយ នោះ​គេ​នឹង​អាច​ឈាន​ចូល​ដល់​ដំណាក់កាល​អមតភាព​យ៉ាង​ងាយ។ ដំណាក់កាល​នេះ​ មនុស្ស​ប្រមើល​មើល​វែង​ឆ្ងាយ​ផុត​ពី​ជីវិត​ត្រឹម​តែ​មួយ​ជាតិ។ មនុស្ស​ចង់​ឃើញ​ស្នាដៃ​របស់​ខ្លួន​ស្ថិត​ស្ថេរ​ជា​អមតៈ ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទាំង​​ពិភព​​លោក។​ មនុស្ស​ខិត​ខំ​ពុះ​ពារ​​គ្រប់​​បែប​​យ៉ាង​​ដើម្បី​​ស្នា​ដៃ​​មួយ​​នេះ​៕ ប្រភព http://salarean.com/

No comments: