Tuesday, September 17, 2013

គោលការណ៍ 10 យ៉ាង​នាំឲ្យ​ចងចាំ​មេរៀន​បាន​ល្អ

1. ត្រូវ ​មាន​ទឹកចិត្ត​ស្រឡាញ់​ចំណេះដឹង លុះត្រា​ណា​តែ​ពេញចិត្ត​នឹង​ការ​រៀន ទើប​រៀន​ទៅ​ចងចាំ​មេរៀន​បាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចងចាំ​ណាស់។

2. ជ្រើសរើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន រួច​ស្វែងយល់​លម្អិត​លើ​ចំនុច​ធំៗ​នីមួយៗ។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូចជា​កំទេច​ដែក កាលណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​មិន​ឲ្យ​ខួរក្បាល​នឿយហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។

3. រៀន​ដើម្បី​ចេះ មិនមែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ចកាល​ចូរ​ខិតខំ​រៀន​ និង​ចងចាំ​ខ្លឹមសារ​មេរៀន។

4. ចេះ​ចំណេះដឹង​មូលដ្ឋាន​កាន់តែ​ច្រើន​កាន់​តែ​ល្អ ៖ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន អត្ថន័យ​ទាំងស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ ឬ​មាន​បទពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹមសារ​ដោយ​ងាយ។ និស្សិត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូលដ្ឋាន ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥតប្រយោជន៍ តាម​ការពិត​វា​ជួយ​ឲ្យ​ពួកគេ​ងាយ​ចាប់​បាន ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នា​ពេល​អនាគត តែង​ចាប់ផ្តើម​ពី​ការសិក្សា​នៅ​ឆ្នាំ​ទី 1។

5. រៀបចំ​ចំណេះដឹង​ឲ្យ​មាន​របៀបរៀបរយ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំងអស់​ខាងក្រោម​នេះ អ្នក​ប្រាកដ​ជា​ពិបាក​ចងចាំ​ទាំងអស់​ណាស់ : សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត…។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែកៗ​វិញ ពិតជា​ពុំ​សូវ​ពិបាក​ចាំ​ទេ​ :
  • បន្លែ : ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត
  • សាច់ : សាច់គោ សាច់ក្រក ត្រីងៀត
  • សម្ភារ : រោងជាង : ដែកគោល ពូថៅ ជក់
  • សម្ភារ : សិក្សា : សៀវភៅ ប៊ិច
   ចំណេះដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ មិន​អាច​ចងចាំ​បាន​ល្អ​ឡើយ។

6. ទន្ទេញ : ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀបចំ​មេរៀន​ឲ្យ​មាន​លំដាប់លំដោយ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ ឬ​សរសេរ ឬ គូសវាស ធ្វើ​បែបនេះ​ជួយ​ឲ្យ​ងាយ​ចងចាំ​បាន​ល្អ។

7. សង្ខេប​ : អ្នក​ចិត្តវិទ្យា​ជឿ​ថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល 4 វិនាទី ទៅ 15 វិនាទី ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ ដូចនេះ​អ្នក​គួរតែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយស្រួល​ចងចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួសៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាមៗ​ដើម្បី​ឲ្យ​ខួរ ក្បាល​ងាយស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។

8. បែងចែក​ពេល​វេលា​ខ្លីៗ​សិក្សា : វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ (1) រាងកាយ​និង​អារម្មណ៍​បាន​សម្រាក (2) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (3) អស់​បញ្ហា​រឿង​មុខវិជ្ជា​ដែល​មិន​ចូលចិត្ត​រៀន ព្រោះ​រៀន​តិចៗ​ខ្លីៗ (4) សន្ទុះ​សិក្សា​កើន​ឡើង ខួរក្បាល​បើក​ទូលាយ​ចំពោះ​រឿង​អតីតកាល​និង​អនាគតកាល។ ការ​រៀន​ដោយ​ប្រើ​ពេល​ខ្លីៗ​រួម​មាន​ដូចជា : រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់​រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ/ឡាន ដែល​ប្រើ​រយៈពេល​ត្រឹម 5 នាទី ឬ 10 នាទី។

9. ប្រើ​លំនឹក​គិត ឬ​រូបភាព​ជួយ​ដល់​ការ​ចងចាំ ដូចជា​ប្រើ​ដ្យាក្រាម​ជាដើម ដែល​ធ្វើ​ឲ្យ​ខួរក្បាល​ដើរ 100%។ អ្នកវិទ្យាសាស្ត្រ​រក​ឃើញថា ខួរក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាងឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាងស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្នក​ទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ ចំណែក​ម្ខាង​របស់​ខួរក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​គួបផ្សំ​ជាមួយ​និង​រូបភាព ឬ​គំនូសតាង ផ្សេងៗ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាមពល​ពេញលេញ​របស់​ខួរក្បាល។

10. យក​រូបភាព​ឬ​វត្ថុ​តាង​ណាមួយ​ទុកជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន ឧទាហរណ៍​យក​មេរៀន​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ មក​ភ្ជាប់​ជាមួយ​មេរៀន​ថ្មី ធ្វើ​ដូច្នេះ​ពេលណា​នឹក​ដល់​មេរៀន​ចាស់ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង ងាយស្រួល​ចាំ មិន​បាច់​ប្រើ​កម្លាំង​គិត​ច្រើន។

No comments: