Thursday, September 19, 2013

កម្ពុជា​មាន​កម្លាំង​សង្គម ប្រាំ ដែល​មិន​ត្រូវ​មើល​រំលង

130919_02ក្តាម ​ក្តី ខ្យង​ក្តី ត្រី​ក្តី អណ្តើក​ក្តី ពស់​ក្តី គឺ​សុទ្ធ​តែ​កំពុង​អាស្រ័យ នៅ​នឹង​ត្រពាំង​តែ​មួយ​ជាមួយ​គ្នា ហើយ​ទន្សាយ​ដែល​អួត​ថា​ឆ្លាត​រត់​លឿន​រស់​ក្នុង​ព្រៃ​នោះ ក៏​ផឹក ទឹក​ត្រពាំង​ដែរ ព្រោះ​ក្តៅ​ពេក រក​សន្សើម​គ្មាន​ទេ។ នៅ​ពេល​ខ្យង កំពុង​សម្អាត​បាត​ត្រពាំង​យ៉ាង​បែក​ញើស​ហូរ​ឈាម​នោះ​សត្វ​ទន្សាយ​បែរ ជា​មើល​នឹង​ភ្នែក អង្គុយ​គង​អន្ទាក់​ខ្លា ហើយ​ថែម​ទាំង​វាយ​ប្រហារ​ពាក្យ​សម្តី ដ៏​គួរ​ឲ្យ​ឈឺចាប់។ នៅ​លើ​លោក​នេះ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ជាង​គេ គឺ​មនុស្ស​ល្ងង់។ នៅ ​ក្នុង​ចំណោម​មនុស្ស ល្ងង់ មាន​តែ​ការងារ​មួយ​គត់​ដែល​មនុស្ស​ឆ្លាត​អាច​ធ្វើ​បាន គឺ​អង្គុយ​សើច ព្រោះ​គ្រប់​ពាក្យ​សម្តី​របស់​យើង វា​ដូចជា​ចាក់​ទឹក​លើ​ក្បាល​ទា ឬ​ដូច​ទឹក​លើ​ស្លឹក​ឈូក​អ៊ីចឹង។
បើ​អ៊ីចឹង​តើ​ត្រូវ​ធ្វើ​ម៉េច? បង្ក​គំនុំ ប្រើ​ហិង្សា​ឬ​កម្ទេច​មនុស្ស​ដែល​មាន​គំនិត​ផ្ទុយ​ពី​យើង​ឬ? សុទ្ធ​តែ​ខុស សុទ្ធ​តែ​មិន​ត្រូវ តែ​រឿង​ដែល​គួរ​ធ្វើ គឺ​ដូច​សម្តី​របស់ ម៉ៅ សេទុង និយាយ​ថា៖ «យើង​មិន​ត្រូវ​ស្អប់ អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ពី​យើង​ទេ ពួក​គេ គឺ​កំពុង​ឈឺ​ជំងឺ​នយោបាយ ហើយ​វិធី​ព្យាបាល​របស់​វា គឺ​មាន​តែ​មួយ​គត់ គឺ​និយាយ​ប្រាប់ បើ​ប្រាប់​ម្តង​មិន​គ្រប់ ប្រាប់ ១០០ ដង បើ ១០០ ដង​មិន​គ្រាន់ ថែម ១ ពាន់ ដង រហូត​ដល់​ដេក ក៏​យល់​សប្តិ​ឃើញ​ដែរ ហើយ​ពេល​គេ​យល់ គេ​នឹង​ងាក​មក​គាំទ្រ​យើង»។
ឆ្កែ មាន​តួនាទី​របស់​ឆ្កែ ឆ្មា​មាន​ការងារ​របស់​ឆ្មា រីឯ​ក្នុង​សង្គម​វិញ មនុស្ស​ម្នាក់ៗ មាន​ការងារ មាន នាទី​ផ្សេងៗ​គ្នា ដើម្បី​ចូល​រួម​ធ្វើ​ឲ្យ​សង្គម​រីក​ចម្រើន។
សម្រាប់​កម្ពុជា​វិញ មាន​កម្លាំង​សង្គម ប្រាំ ដែល​យើង​មិន​អាច​មើល​រំលង ឬ​ក៏​យក​មួយ ចោល​មួយ​បាន​ឡើយ រួម​មាន ៖
ទី ១.យុវជន សិស្ស និស្សិត និង​បញ្ញវន្ត ដែល​តំណាង​ឲ្យ​ក្រុម​ចេះ​ដឹង រៀន​សូត្រ​ជ្រៅ​ជ្រះ តំណាង​ឲ្យ​កម្លាំង​ផ្លាស់​ប្តូរ​តំណាង​ឲ្យ​ក្តី​សង្ឃឹម តំណាង​ឲ្យ​ព្រះអាទិត្យ​សម្រាប់​រះ​បំភ្លឺ​ផែនដី​ចាស់​ដ៏​កំសត់​មួយ​នេះ។ ចុះ​បើ​អំពើ​ពុករលួយ​ស៊ី​រូង​ផ្ទៃ​ក្នុង​សាលា​ទៅ​ហើយ តើ​យុវជន​យើង នឹង​ទៅ​ជា​យ៉ាង​ណា?
ទី២. គ្រូ​បង្រៀន មន្ត្រី​រាជការ ស៊ី​ប្រាក់​ខែ​នគរ បម្រើ​រាស្ត្រ មិន​មែន​នាំ​គ្នា​ជិះ​ក្បាល​រាស្ត្រ ធ្វើ​ឫក​ដាក់​អ្នក​ក្រ មិន​ស្មើ​ភាព​នោះ​ទេ ហើយ​ក្រុម​នេះ​តំណាង​ឲ្យ​កម្លាំង​ម៉ាស៊ីន​រដ្ឋ ផ្តល់​ខ្យល់​ដង្ហើម​នគរ រៀបចំ​ក្បាល​នគរ ចុះ​បើ​គ្រូ​ប្រាក់​ខែ​ស៊ី​មិន​គ្រប់ បង្រៀន​ផង រត់​ម៉ូតូ​ឌុប​ផង លក់​ស្ករ​គ្រាប់​ផង តើ​ក្បាល​ម៉ាស៊ីន​រដ្ឋ​នឹង ទៅ​ជា​យ៉ាង​ណា? បើ​រាជការ​មិន​សម​ប្រកប គឺ​ដូចជា​មាន​កញ្ជើ​ធ្លុះ​អ៊ីចឹង ទោះ រក​បាន​ប៉ុន្មាន ក៏​វា​មិន​សល់​ដែរ។
ទី៣.កង​កម្លាំង​ប្រដាប់​អាវុធ នគរបាល ទាហាន តំណាង​ឲ្យ ក្រុម​ការពារ​រាស្ត្រ ការពារ​នគរ កុំ​ឲ្យ​សត្រូវ​ជិត​ឆ្ងាយ​យាយី​ក្តី​សុខ​រាស្ត្រ បំពាន​ច្បាប់​នគរ ហើយ​ក្នុង​ដៃ​ប្រដាប់​ដោយ​គ្រឿង​សម្លាប់​ជីវិត ដូចជា កាំភ្លើង… ចុះ​បើ​នគរបាល ទាហាន នោះ​ក្លាយ​ជា​ចោរ​វិញ នោះ​វា​ប្រាកដ​ជា​ចោរ​ស្រប​ច្បាប់ ចុះ​កាំភ្លើង​នៅ​ក្នុង​ដៃ មិន​ក្លាយ​ជា​កាំភ្លើង​ចោរ​ទៅ​ហើយ? នគរ​មាន​ច្បាប់​នគរ តែ​រាស្ត្រ​ក៏​មាន​សិទ្ធិ​មិន​គោរព​ច្បាប់​នគរ​ណា​ដែល​មិន​សម​ហេតុ​ផល​ដែរ។
សង្គ្រាម​មិន​គួរ​ធ្វើ តែ​សង្គ្រាម​យុត្តិធម៌ ចាំបាច់​ត្រូវ​តែ​ធ្វើ។ ដើម្បី​បាន​សន្តិភាព ត្រូវ​កសាង​សន្តិភាព តែ​ពេល​ខ្លះ​ដើម្បី​បាន​សន្តិភាព ត្រូវ​បង្កើត​សង្គ្រាម ដើម្បី​ពន្លត់​ជម្លោះ​ទទួល​សន្តិភាព​។ រើស​នគរបាល មិន​មែន​រើស​ចោរ​នគរ​ពាក់​ស័ក្តិ​បង្ហាញ​ម៉ូដ​ទេ ដូចនេះ​ត្រូវ​តែ​ប្រយ័ត្ន។
ទី៤. កម្មករ កសិករ អាជីវករ ពាណិជ្ជករ គឺ​តំណាង​ឲ្យ​ក្រពះ នគរ ហើយ​បើ​ចង់​ឲ្យ​នគរ​រីក​ចម្រើន ដាច់​ខាត​មិន​អាច​សម្លាប់​ពួក​សហគ្រិន ពួក​ពាណិជ្ជករ​បាន​ទេ ប៉ុន្តែ ក៏​មិន​អាច​បណ្តោយ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ដែរ វា​អាច​នឹង​បង្ក​ជា​អំពើ​អនាធិបតេយ្យ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ ហើយ​អ្នក ដែល​វេទនា គឺ​រាស្ត្រ​ខ្មែរ ព្រោះ​រក​បាន​តិច ចំណាយ​ច្រើន តម្លៃ​ទំនិញ​ឡើង​កប់​ពពក។
ទី៥. ព្រះសង្ឃ តំណាង​ឲ្យ​អ្នក​អប់រំ​សីលធម៌​សង្គម លើក​កម្ពស់​គុណធម៌​ក្នុង​ចិត្ត​មនុស្ស តាម​រយៈ​ព្រះធម៌ ចុះ​បើ​សង្ឃ​មិន​លុះ​ក្នុង ធម៌វិន័យ ជាប់​ទៅ​ដោយ​កិលេស បុណ្យ​ស័ក្តិ ឋានៈ តួនាទី និង​លាភ​សក្ការៈ តើ​សីលធម៌​សង្គម​នឹង​ទៅ​ជា​យ៉ាង​ណា? គួរ​ឲ្យ​ស្តាយ! ពិត​ជា​គួរ​ឲ្យ​ស្តាយ! ស្តាយ​ដែល​វត្ត​អារាម ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​នយោបាយ បុគ្គល​សង្ឃ​មួយ​ចំនួន​ទ្រុស្តធម៌ ការងារ​គួរ​ធ្វើ​មិន​ធ្វើ ចេះ​តែ នាំ​គ្នា​ធ្វើ​រឿង​មិន​គួរ​ធ្វើ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សង្ឃ​ដទៃ​ក្នុង​នគរ។
សម័យ​ពុទ្ធកាល ព្រះពុទ្ធ​ទ្រង់​ដើរ​តួនាទី​ជា​គ្រូ​បង្រៀន ជា​អ្នក​កាសែត ជា​អ្នក​អភិវឌ្ឍ សហគមន៍ ជា​អ្នក​ដោះស្រាយ ជម្លោះ ជា​អ្នក​អភិរក្ស​ធម្មជាតិ ជា​សកម្មជន​សិទ្ធិ​មនុស្ស ជា​អ្នក​ការពារ​យុត្តិធម៌ ដូចនេះ នៅ​ពេល សង្ឃ​អង្គ​ណា​ប្រណិប័តន៍​ក្នុង​ផ្លូវ​នេះ គឺ​គួរ​ទទួល​បាន​ការ​គោរព ការ​សរសើរ មិន​មែន​ការ​ប្រមាថ មើល​ងាយ ដោយ​ចាត់​ទុក​ថា ធ្វើ​ខុស​នឹង​វិន័យ​សាសនា ទៅ​តាម​តែ​ថេរដីកា​របស់​មេ​សង្ឃ​អង្គ​ខ្លះ ដែល​ធ្វើ​ឲ្យ​បាយ​បិណ្ឌ​ទៅ​ជា​បាយ​បាត្រ អង្គុយ​លើ​ធម៌ សិង ឆាន់​ក្នុង​សាសនា បង្ហិន​តែ​អង្ករ ពុទ្ធបរិស័ទ​នោះ​ទេ។ បាត្រ​លោក នៅ​ជាប់​នឹង​ឆ្នាំង​បាយ​រាស្ត្រ។ ទុក្ខ​របស់​រាស្ត្រ ជា​ទុក្ខ​របស់​សង្ឃ។ បើ​មិន​ឲ្យ​លោក​ចូល​រួម តើ​ឲ្យ​លោក​ធ្វើ​អ្វី​វិញ​?សម្រាប់​ខ្ញុំ កំណែ​ទម្រង់​សាសនា​គឺ​គួរ​តែ​ជា​របៀប​វារៈ​ធំ មួយ​របស់​រដ្ឋាភិបាល ក្នុង​អាណត្តិ ទី៥ នេះ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម និង គុណធម៌​ក្នុង​ចិត្ត​រាស្ត្រ​ពិត​ប្រាកដ។ សួរ​ថា ហេតុ​អ្វី បាន​ត្រូវ​កែ? បើ​កែ​វា​ទាល់​តែ​ធ្លាប់​ខុស? ចុះ​កន្លង​ទៅ​តើ​មាន​អ្វី​កើត​ឡើង​ខ្លះ ក្នុង​វត្ត​អារាម?
អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​វត្ត​ជិត ១០ ឆ្នាំ នៅ​វត្ត​មួយ​ក្នុង​រាជធានី ភ្នំពេញ គឺ​មាន​សង្ឃ អង្គ​ខ្លះ​ឆាន់​យប់ លេង​បៀ​ក្នុង​កុដិ នាំ​ញាតិ​ញោម​ស្រីៗ​ជា​កម្មករ​កាត់ដេរ​ទៅ​លេង​កុដិ ហើយ​ប្រព្រឹត្ត​ទង្វើ​ផ្តេសផ្តាស មើល​រឿង​អាសអាភាស នាំ​ស្រី​ម៉ាស្សា​ចូល​កុដិ ពុក​រលួយ​បច្ច័យ​បុណ្យ។ល។ ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​មើល​ថា តើ​មេ​សង្ឃ​ឬ​គ្រូ​សូត្រ​ឆ្វេង គ្រូ​សូត្រ​ស្តាំ​វត្តហ្នឹ​ង ចាត់​ការ​យ៉ាង​ម៉េច? តែ​ការ​ចាំ​មើល គឺ​អត់​ប្រយោជន៍។ ផ្ទុយ​ទៅ​វិញ បើ​សង្ឃ​នាំ​គ្នា​ចូល​រួម​បាតុកម្ម រក​យុត្តិធម៌ ការពារ​រាស្ត្រ ការពារ​សហគមន៍ ប្រែ​ក្លាយ​ជា​សត្រូវ​របស់​រដ្ឋ ជា​ចំណាប់​ខ្មាំង របស់​មេ​សង្ឃ ហើយ​រក​កុដិ​គង់​នៅ​លែង​បាន​ទៅ​វិញ។ នេះ​ជា​ការ​បំផ្លាញ​ដល់​ឫស​គល់​មួយ​របស់​សង្គម​ខ្មែរ។
តើ​អ្នក​ណា​ជា អ្នក​បំផ្លាញ? តើ​អ្នក​ណា​ត្រូវ​ដោះស្រាយ? តើ​អ្នក​ណា​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ? បើ​សាសនា​ដួល​រលំ តើ​ជាតិ​យើង​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?
និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ ខេត្ត កំពង់ឆ្នាំង, សូរ សមយុទ្ធ Sosamyuth@gmail.com
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

No comments: