Thursday, September 19, 2013

លក្ខណៈ​ខុសគ្នា​រវាង​បទ​ឃាតកម្ម ឃាតកម្ម​គិតទុក​ជា​មុន និង​មនុស្សឃាត​ដោយ​អចេតនា

From RFI នៅក្នុង​ក្រមព្រហ្មទណ្ឌ​ខ្មែរ ដែល​ទើប​នឹង​ចូល​ជាធរមាន កាល​ពី​ខែធ្នូ ២០១០​កន្លងទៅនេះ ទាក់ទង​នឹង​មនុស្សឃាត គេឃើញ​មាន​បទល្មើស​បី ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា៖ បទឃាតកម្ម ឃាតកម្ម​គិតទុកជាមុន និង​មនុស្សឃាត​ដោយ​អចេតនា។ ខាងក្រោម​នេះ គឺ​ជា​សំណួរ-ចម្លើយ​ អំពី​ភាពខុសគ្នា​រវាង​បទល្មើស​ទាំងបីនេះ។ សំណួរ-តើ “បទឃាតកម្ម” “បទឃាតកម្ម​គិតទុក​ជាមុន” និង “​បទមនុស្សឃាត​ដោយ​អចេតនា” ​ខុសគ្នា​ត្រង់ណាខ្លះ? ចម្លើយ-ចំណុចខុសគ្នា​ទី១ គឺ​រវាង​​ចេតនា និង​អចេតនា។ បទឃាតកម្ម និង​ឃាតកម្ម​គិតទុកជាមុន គឺ​សុទ្ធសឹង​ជា​ឃាតកម្ម​ដោយ​ចេតនា មានន័យថា ជនល្មើស​មាន​ចេតនា​ចង់​សម្លាប់​ជនរងគ្រោះ។ ចំណែក​បទមនុស្សឃាត​ដោយ​​អចេតនាវិញ ជនល្មើស​មិនមាន​ចេតនា​សម្លាប់​ទេ ក៏ប៉ុន្តែ ទង្វើ​របស់​គាត់​បាន​បណ្តាល​ឲ្យ​​ជនរងគ្រោះ​ស្លាប់។ ចំណុចខុសគ្នា​ទី២ គឺ​ ទាក់ទង​នឹង​​ការ​គិតទុកជាមុន ពោល​គឺ រវាង​ “បទឃាតកម្ម” និង “បទឃាតកម្ម​គិតទុកជាមុន”​។ ក្នុង​បទល្មើស​ពីរនេះ ជនល្មើស​សុទ្ធសឹង​តែ​មាន​ចេតនា​សម្លាប់​ជនរងគ្រោះ ​ដូចគ្នា ក៏ប៉ុន្តែ ក្នុង​​​បទឃាតកម្ម ជនល្មើស​មិនមាន​ការ​គិតទុកជាមុន​​ថា​នឹង​សម្លាប់​ជនរងគ្រោះ​ទេ។ ចំណែក​ឃាតកម្ម​គិតទុកជាមុន ​ជនល្មើស​បាន​គិត​ទុកជាមុន ឬ​បាន​ប្រុងប្រៀប​​រៀបចំ​ទុកជាមុន។ សំណួរ-​ “មាន​ចេតនា​សម្លាប់” ឬ “​មានការគិតទុក​ជាមុន” ជនល្មើស​សុទ្ធតែ​​មាន​គោលដៅ​ចង់សម្លាប់​ជនរងគ្រោះ​ដូចគ្នា។ តើ​គេ​មើលទៅ​លើ​ចំណុចណាខ្លះ ដើម្បី​ឲ្យដឹង​ថា មួយណា​ជា​ “បទឃាតកម្ម​” ហើយ​មួយណា​ “បទឃាតកម្ម​គិតទុកជាមុន”? ចម្លើយ-​ក្នុងបទល្មើស​ទាំងពីរនេះ ជនល្មើស​ចេតនាសម្លាប់​គឺ​មាន​ដូចគ្នា ក៏ប៉ុន្តែ មួយ (បទឃាតកម្ម) គំនិត​ចង់​សម្លាប់​ជន​រងគ្រោះ គឺ​កើត​ឡើង​ភ្លាមៗ នៅពេល​​មាន​សកម្មភាព​សម្លាប់។ ចំណែក​​មួយទៀត (ឃាតកម្ម​គិត​ទុកជាមុន) គំនិត​ចង់​សម្លាប់ គឺ​កើត​ឡើង​​នៅមុនពេល​សកម្មភាព​សម្លាប់។ យោងតាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ ឃាតកម្ម​គិតទុកជាមុន គឺ​ជា​អំពើ​សម្លាប់​មនុស្ស៖ ដោយ​មាន​គម្រោង​ទុកជាមុន៖ ​គម្រោង​​បង្កើត​ឡើង​មុន​អំពើ​បៀតបៀន​ទៅលើ​ជនរងគ្រោះ។ ឬ​ដោយ​មាន​ការពួនស្ទាក់៖ ជនល្មើស​បាន​ឃ្លាំចាំ​ជនរងគ្រោះ ក្នុង​រយៈពេល​ណាមួយ ដើម្បី​ចាំ​សម្លាប់​ជនរងគ្រោះ។ ជាទូទៅ គេ​កំណត់​ថា​ អំពើ​ឃាតកម្ម​មួយ​មាន​ការគិតទុកជាមុន គេ​ច្រើន​​មើលទៅ​លើ​ចំណុច​សំខាន់​៣៖ ១-ផ្លូវចិត្ត គេមើលថា​តើ​ នៅពេល​ធ្វើ​សកម្មភាព​សម្លាប់ ​មាន​​កម្លាំងផ្លូវចិត្ត​ណាមួយ ដូចជា កំហឹង​ជាដើម ដែល​​ជំរុញ​ឲ្យ​​ជនល្មើស​សម្លាប់​ជនរងគ្រោះ​ដែរ​ឬទេ? បើ​សិន​ជា​អំពើ​សម្លាប់​ កើតឡើង​ភ្លាមៗ ដោយសារ​កំហឹង គឺ​​មិនមែន​ជា​​ឃាតកម្ម​គិតទុកជាមុនទេ។ ឧទាហរណ៍​៖ ជនល្មើស​ជា​ប្តី​ចេញ​ពីធ្វើការ មកដល់ផ្ទះ សម្រាប់​តែ​ឃើញ​ទាន់​ប្រពន្ធ​កំពុង​តែ​មាន​សាហាយ​ស្មន់។ ដោយ​ខឹងខ្លាំងពេក បុរសជាប្តី​​ក៏ទាញ​កាំភ្លើង​បាញ់​សម្លាប់​​បុរស​ជា​សហាយ។ ករណីនេះ​ មិនមែន​ជា​បទឃាតកម្ម​គិតទុកជាមុនទេ ព្រោះថា ការ​សម្លាប់​ដោយ​កំហឹង គេ​អាច​សន្និដ្ឋាន​ថា ​គំនិត​ចង់​សម្លាប់ និង​​អំពើ​ គឺ​កើតឡើង​ក្នុង​ពេល​​ប្រហាក់ប្រហែល​គ្នា ដោយ​ជនល្មើស​មិនមាន​ពេល​គិត​ពិចារណា​ទេ។ ២-ពេលវេលា គេ​អាច​ចាត់បញ្ចូល​ជា​ឃាតកម្ម​គិតទុកជាមុន ប្រសិន​មាន​គម្លាតវែង រវាង​​ពេល​ដែល​ជនល្មើស​គិត​ចង់​សម្លាប់​ជនរងគ្រោះ និង​ពេល​ដែល​គាត់​ធ្វើ​សកម្មភាព​សម្លាប់។ ឧទាហរណ៍៖ ដូចក្នុង​ឧទាហរណ៍​ខាងលើ បុរស​ជា​ប្តី​មក​ដល់​ទាន់​ឃើញ​​ប្រពន្ធ​កំពុង​មាន​សាហាយស្មន់ ក៏ប៉ុន្តែ បុរស​ជា​សហាយ​រត់​គេចខ្លួនបាត់។ ១ខែ​ក្រោយ​មក ទើប​បុរស​ជា​ប្តី​​ទៅសម្លាប់​បុរសជាសាហាយ។ ក្នុងករណីនេះ មុន​នឹង​ប្រព្រឹត្ត​សកម្មភាព​សម្លាប់ ជនល្មើស​​​​មាន​ពេល​គិត​ពិចារណា​។ ដូច្នេះ វា​មិនមែន​ជា​ការសម្លាប់​ដោយ​កំហឹង​ភ្លាមៗ​​ទេ ប៉ុន្តែ ជា​ការ​សម្លាប់​ដោយ​​គំនុំ​ទៅវិញ ដោយ​ត្រូវ​ចូល​​ជា​ឃាតកម្ម​គិតទុកជាមុន។ ៣-សម្ភារៈ គេមើលថា មុននឹង​ធ្វើ​សកម្មភាព តើ​ជនល្មើស​​មាន​​ប្រុងប្រៀប​ឧបករណ៍ ឬ​រៀបចំផែនការ​ទុកជាមុន​ដែរ​ឬទេ? ជាទូទៅ ការ​សម្លាប់មនុស្ស ដោយ​មិនមាន​ការ​គិត​ជាមុន ជនល្មើស​ច្រើន​តែ​ប្រើ​ឧបករណ៍​ដែល​ខ្លួន​​រកបាន​នៅនឹង​កន្លែង​កើតហេតុ។ បើ​សិន​ជា​មាន​ការ​រៀបចំ​ប្រុងប្រៀប​​ជាមុន ដូចជា សំលៀងកាំបិត ឬ​ទៅ​រក​ទិញ​កាំភ្លើង​ ដើម្បី​​ទុក​​សម្លាប់​ជនរងគ្រោះ ឬមាន​ការ​តាម​ដាន​ ឃ្លាំមើល​ជនរងគ្រោះ ឬមាន​ការ​​ប្រើ​ល្បិច​បញ្ឆោត​ជនរងគ្រោះ​ឲ្យ​ចូល​អន្ទាក់ ឬ​ពួន​ស្ទាក់​ចាំ​សម្លាប់​ជនរងគ្រោះ ជាដើម ​គេ​ចាត់​ទុកថា​ជា​ឃាតកម្ម​គិតទុកជាមុន។ សំណួរ-​រវាង​បទឃាតកម្ម និង​ឃាតកម្ម​គិតទុកជាមុន តើ​ការ​ផ្តន្ទាទោស​មាន​ការ​ខុសគ្នា​បែបណា​ដែរ? ចម្លើយ-ចំពោះ​ឃាតកម្ម​គិតទុកជាមុន ច្បាប់​កំណត់​ផ្តន្ទាទោស​​ធ្ងន់ជាង​បទឃាតកម្ម​ ដោយ​គ្មាន​ការ​គិតទុកជាមុន។ បទឃាតកម្ម​ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ចំណែក​ឃាតកម្ម​គិតទុកជាមុនវិញ គឺ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់មួយជីវិត។ សំណួរ-​តើ​​អ្វី​ទៅជា "​បទមនុស្សឃាត​ដោយ​អចេតនា”? ចម្លើយ-​ ក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា ២០៧ ចែងថា៖ “បទមនុស្សឃាត​ដោយ​អចេតនា គឺ​ជា​អំពើ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃដោយ៖ ១-ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា។ ២-ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ។ ដូច្នេះ នៅក្នុង​បទមនុស្ស​ឃាត​ដោយ​អចេតនា ជនរងគ្រោះ​ស្លាប់​ដោយសារ​តែ​ទង្វើ​របស់​ជនល្មើស ក៏ប៉ុន្តែ ជនល្មើស​មិនមាន​ចេតនា​ចង់​ឲ្យ​ជនរងគ្រោះ​ស្លាប់ទេ។ ​ទង្វើ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ស្លាប់ ​ច្រើន​តែ​កើត​ចេញ​ពី​​ជា​កំហុសណាមួយ​របស់​ជនល្មើស។ ឧទាហរណ៍​១៖ នៅលើផ្លូវ​នេះ តាមច្បាប់​ចរាចរណ៍ គេ​ហាម​មិន​ឲ្យ​បើក​ជែងគ្នា​ទេ ប៉ុន្តែ​ជនល្មើស​បាន​បើក​ជែងគេ ទាំង​​រំលោភ​លើ​បម្រាម ហើយ​ទៅ​បុក​គេ​ស្លាប់។ នេះ គឺ​ជា​បទមនុស្សឃាត​ដោយ​អចេតនា។ ថ្វីដ្បិត​តែ​ជនល្មើស​​មិនមាន​ចេតនា​បុក​សម្លាប់​​ជនរងគ្រោះ​ ក៏ប៉ុន្តែ ជនល្មើស​បាន​បើកបរ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍ ធ្វើ​ឲ្យ​ស្លាប់​អ្នក​ដទៃ។ ឧទាហរណ៍២៖ ផ្ទះ​​ជនល្មើស​នៅជាន់ទី៣។ នៅពីក្រោម​សំយាបផ្ទះ គឺ​ជា​ផ្លូវ​មនុស្ស​ដើរ។ ជនល្មើស​បាន​យក​ផើង​ផ្កា​ទៅ​ដាក់​នៅ​ចុង​សំយាបផ្ទះ ដោយ​មិនមាន​ចង​ ឬ​ដាក់​អ្វី​ទប់​ឲ្យ​ជាប់​ត្រឹមត្រូវ។ ​ផើងផ្កាក៏​ធ្លាក់​ត្រូវ​គេ​​ស្លាប់។ ក្នុងករណីនេះ ជនល្មើស​នឹង​ត្រូវ​ជាប់ទោស​អំពី​បទមនុស្សឃាត​ដោយ​អចេតនា។ ឧទាហរណ៍៣៖ រោងចក្រ​មួយ​ដំណើរ​ការ​ដោយ​មាន​ជាតិគីមី ដែល​អាច​បង្កគ្រោះថ្នាក់​ដល់​អាយុជីវិតមនុស្ស ក៏ប៉ុន្តែ ប្រើ​បុគ្គលិក ដោយ​មិន​មាន​គោរព​ទៅតាម​បែបបទ​សុវត្ថិភាព​ត្រឹមត្រូវ ដូចជា ឲ្យ​បុគ្គលិក​ធ្វើការ​ដោយ​ប៉ះពាល់​ជាតិ​គីមីពុល (គ្មាន​​ស្រោមដៃ ឬ​ពាក់​របាំងមុខ) ឬ​ក៏​នៅ​កន្លែង​ការងារ មិនមាន​រៀបចំ​ប្រព័ន្ធ​បង្ហុយខ្យល់ត្រឹមត្រូវ ធ្វើ​ឲ្យ​ជាតិគីមីពុល នៅ​វិលវល់​ក្នុង​កន្លែងការងារ។ បើ​សិន​​​ជា​​មាន​​​​បុគ្គលិក​ណាម្នាក់​ស្លាប់​ដោយ​ពុល​ជាតិគីមី​នេះ ក្រុមហ៊ុន​នឹង​ត្រូវ​ទទួលខុសត្រូវ​​​ ក្នុង​បទមនុស្សឃាត​ដោយ​អចេតនា។ បទមនុស្សឃាត​ដោយ​អចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជាប្រាក់ ពី ២លាន​រៀល ទៅ ៦លាន​រៀល។ បើ​សិន​ជា​ជនល្មើស​ជា​នីតិបុគ្គល (ដូចជា រោងចក្រ​ ​ក្នុង​ឧទាហរណ៍​ខាងលើ)​ នឹង​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជាប្រាក់ ពី ១០លាន​រៀល ទៅ ៥០​លាន​រៀល។ ក្នុងករណីនេះ​ ជនល្មើស​ជានីតិបុគ្គល ​​មិនមាន​ជាប់​ទោស​ដាក់ពន្ធនាគារ​ទេ ប៉ុន្តែ អាច​មាន​ទោស​បន្ថែម ដូចជា ការ​បិទរោងចក្រ ជាដើម៕

No comments: