Thursday, September 19, 2013

តើ​ក្នុង​ករណី​ណា​ខ្លះ​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ?

From RFI ក្រមព្រហ្មទណ្ឌ​ខ្មែរ ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ នៅទូទាំងប្រទេស កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០​កន្លងទៅនេះ។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ទាក់ទង​នឹង​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។ តើ​អនីតិ​ជន​​អាច​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ដែរ​ឬទេ? មាត្រា ៣៨ នៃ​ក្រមព្រហ្មទណ្ឌ​ ចែង​ថា “នីតិភាព​នៃ​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ ត្រូវ​បាន​កំណត់​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើងទៅ”។ ដូច្នេះ ទាល់តែ​ជនល្មើស​​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ទៅ ទើប​តុលាការ​អាច​ផ្តន្ទាទោស​​ផ្នែក​ព្រហ្មទណ្ឌ​បាន។ ទោស​ព្រហ្មទណ្ឌ គឺ​សម្តៅ​លើ​ទោស​ដាក់​ពន្ធនាគារ និង​ទោស​ពិន័យ​ជាប្រាក់។ ជនល្មើស​ ដែល​ជា​អនីតិជន ក្រោម​ ១៨​ឆ្នាំ មិនត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​ទេ ប៉ុន្តែ តុលាការ​​អាច​ចាត់វិធានការ​មួយចំនួន ដើម្បី​អប់រំ កែប្រែ​ជនល្មើស។ វិធានការ​ទាំងនេះ អាចជា៖ ​ការ​ប្រគល់​ជន​អនីតិ​ជន​ទៅ​ឲ្យ​ឳពុកម្តាយ ឬ​អាណាព្យាបាល ដើម្បីអប់រំ ការ​ហាមឃាត់​មិន​ឲ្យ​​ទៅ​កន្លែងណាមួយ ឬ​ជួប​បុគ្គលណាមួយ ដូចជា មិន​ឲ្យ​ជួប​ជនរងគ្រោះ​នៃ​បទល្មើស ឬ​ក៏​មិន​ឲ្យ​ជួប​​​អ្នក​សមគំនិត​ផ្សេងទៀត ​ការ​បញ្ជូន​ទៅ​អនីតិជន​ទៅ​ដាក់​ក្នុង​មណ្ឌល​កែប្រែ ទោះជា​យ៉ាងណា វិធានការ​ទាំងនេះ មិនមែន​ជាទណ្ឌកម្ម​​ព្រហ្មទណ្ឌនោះទេ ពីព្រោះ​ថា ជាគោលការណ៍អនីតិជន​មិនមាន​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩​ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា “តុលាការ​អាច​ប្រកាស​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​ទៅលើ​អនីតិជន​អាយុ​ចាប់​ពី​១៤​ ឆ្នាំ​ឡើងទៅ ប្រសិន​បើ​កាលៈទេសៈ​នៃ​បទល្មើស​ ឬ​បុគ្គលិក​លក្ខណៈ​របស់​អនីតិជន​តម្រូវ”។ នេះ​មានន័យថា ច្បាប់​ទុក​លទ្ធភាព​ឲ្យ​ចៅក្រម​ជា​អ្នក​ពិនិត្យ និង​វាយតម្លៃ លើ​ករណី​ជាក់ស្តែង ​ថា តើ​​​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​កាលៈទេសៈ​បែបណា? តើ​ជនល្មើស ជា​អនីតិជន​នោះ (អនីតិជន​ចន្លោះ​ពី ១៤ ទៅ ១៨​ឆ្នាំ) ​​មាន​បុគ្គលិក​​លក្ខណៈ​​​​បែបណា ដែល​​​ចាំបាច់​ត្រូវ​តែ​​ប្រកាស​ដាក់​ទោស​ព្រហ្មទណ្ឌ​ដែរ​ឬទេ? ក៏ប៉ុន្តែ ក្នុង​ករណី​ចៅក្រម​សម្រេច​ដាក់ទោស​​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ថា ទោស​នោះ ត្រូវ​តែ​​កាត់បន្ថយ​ពាក់កណ្តាល ពី​ទោស​ធម្មតា ​(មាត្រា ១៦០)​​។ ឧទាហរណ៍ ក្នុងករណី​បទឃាតកម្ម ធម្មតា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​ ១០​ឆ្នាំ​ ទៅ​ ១៥​ឆ្នាំ។ ក៏ប៉ុន្តែ ចំពោះ​ជនល្មើស​ជា​​​អនីតិជន អាយុ​ចន្លោះ​ពី ១៤​ឆ្នាំ ទៅ​១៨​ឆ្នាំ ទោស គឺ​ត្រូវ​កាត់បន្ថយ​​ពាក់កណ្តាល គឺ​មក​ត្រឹម ពី ៥​ឆ្នាំ ទៅ ៧​ឆ្នាំ​កន្លះ​វិញ។ ក្នុងករណី​បទល្មើស ដែល​ត្រូវ​ជាប់​ពន្ធនាគារ​អស់មួយជីវិត គឺ​ត្រូវ​កាត់បន្ថយ​មក​នៅ​​ត្រឹម ២០​ឆ្នាំវិញ។ ទោស​ពិន័យ​ជាប្រាក់ ក៏​ត្រូវ​កាត់បន្ថយ​ពាក់កណ្តាល​​ដូចគ្នា​ដែរ។ តើ​ក្នុង​ករណីណា​ខ្លះ ដែល​នីតិជន​ (អាយុ​ចាប់​ពី ១៨ឆ្នាំ​ឡើង​ទៅ) ​​អាច​​រួចផុត​ពី​ការ​ទទួលខុសត្រូវ​​ព្រហ្មទណ្ឌ? ការ​មិនទទួលខុសត្រូវ​ព្រហ្មទណ្ឌ អាច​​កើតមាន​ក្នុង​ ៥​ករណី ដែល​មាន​ចែង​ក្នុង​ មាត្រា ៣១ ដល់​មាត្រា ៣៧​ នៃ​ក្រមព្រហ្មទណ្ឌ៖ ១-ការមិនទទួលខុសត្រូវ​ដោយ​សារ​មូលហេតុ​វិបល្លាស​ស្មារតី មាត្រា ៣១ នៃ​ក្រមព្រហ្មទណ្ឌ​ ចែងថា “កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ជននោះ​កើត​វិបល្លាស​ស្មារតី ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការ​ដឹងខុសត្រូវ​របស់​ខ្លួន ជននោះ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ”។ ដូចជា ជន​វិកលចរិត ជាដើម ​មិន​មាន​ការ​ទទួលខុសត្រូវ​​​ផ្នែក​ព្រហ្មទណ្ឌ​ទេ។ ២-​ការអនុញ្ញាត​ដោយ​ច្បាប់ ឬ​ដោយ​អាជ្ញាធរ​ស្របច្បាប់ អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស ដោយ​មាន​ការ​អនុញ្ញាត​ពី​ច្បាប់ ឬ​ដោយ​មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់ មិន​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។ ឧទាហរណ៍៖ ទាហាន ដែល​សម្លាប់​គូសត្រូវ ក្នុង​សមរភូមិ មិនត្រូវ​​​ជាប់ទោស​ពី​បទ​ឃាតកម្ម​ទេ។ ប៉ូលិស ដែល​ទម្លុះទម្លាយ​ទ្វារ ចូល​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​ឯកជន ទៅតាម​​សាលក្រម​តុលាការ ក៏​មិន​ត្រូវ​ជាប់ទោស​ពី​បទរំលោភលើលំនៅដ្ឋាន​ដែរ។ ៣-ការការពារ​ស្របច្បាប់ ក្នុង​ករណី​ដែល​បទល្មើស​ត្រូវ​បានប្រព្រឹត្ត ដើម្បី​ការពារ​ខ្លួនឯង ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ពី​ការ​រំលោភ​ឈ្លានពាន​ណាមួយ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​រួចផុត​ពីការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។ ៤-ស្ថានភាព​ចាំបាច់ ករណីនេះ​ស្រដៀង​គ្នា​នឹង​​ការការពារ​ស្របច្បាប់​ដែរ ប៉ុន្តែ ខុសត្រង់ មិន​មាន​អំពើ​ឈ្លានពាន​ណាមួយ​នោះទេ។ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​ប្រឈមមុខ​នឹង​ស្ថានភាព​ចាំបាច់​ ដែល​កើតចេញ​ពី​​​​​លក្ខខណ្ឌ​ធម្មជាតិ ឬ​ហេតុការណ៍​ណាមួយ ដូចជា ក្នុង​ករណី​៖ ​មិន​​មានអ្វី​​ទទួលទាន ​ឃ្លាន​ខ្លាំង​ជិត​ដាច់ពោះស្លាប់ ហើយ​ចាំបាច់​ត្រូវ​លួច​ចំណីអាហារ​មកទទួលទាន។ គ្រូពេទ្យ ក្នុងពេល​ជួយសម្រាល​កូន ​ដើម្បី​ជួយជីវិត​ម្តាយ ចាំបាច់ត្រូវ​តែ​សម្លាប់​ទារក ដែល​រៀបនឹង​កើត។ អ្នក​បើក​ឡាន​ដាច់​ហ្វ្រាំង​​ចុះជម្រាល ហើយ​បង្ខំ​ចិត្ត បើក​ចេញ​ពី​ផ្លូវ ទៅ​បុក​ផ្ទះ​អ្នកស្រុក ដើម្បី​ចៀសវាង​​កុំ​ឲ្យ​បុក​មនុស្ស​នៅខាងមុខ ។ល។ ការ​លួច ការសម្លាប់​ទារក ឬ​ការ​បំផ្លាញ​ផ្ទះ​អ្នកស្រុក សុទ្ធសឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារ​តែ​អំពើ​ល្មើស​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ចាំបាច់ ដើម្បី​ជួយ​សង្រ្គោះខ្លួនឯង ឬ​ជួយ​សង្រ្គោះ​អ្នកដទៃ អ្នកប្រព្រឹត្ត​អំពើ​ល្មើស​ត្រូវ​រួចផុត​ពី​ការទទួលខុសត្រូវ។ ៥-អនុភាព​នៃ​កម្លាំង ឬ​ការ​បង្ខំ ជនល្មើស ដែល​​ប្រព្រឹត្ត​ទង្វើ​ល្មើស ក្រោម​អានុភាព​នៃ​កម្លាំង​ណាមួយ​ ឬ​ក្រោម​​ការ​បង្ខំ​ពី​អ្នក​ដទៃ ដូចជា ក្នុងករណី​មាន​គេ​​​ចាប់​កូន​ភ្ជង់​នឹង​ចុងកាំភ្លើង ហើយ​បង្ខំ​ឲ្យ​ឳពុក​ចូល​ទៅ​លួចលុយគេ ជាដើម មិនមាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​ល្មើស​នេះ​ទេ។ តើ​ក្នុង​​លក្ខខណ្ឌ​​​ណា​ខ្លះ ដែល​ជន​វិកលចរិត​អាច​​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​បាន? ដើម្បី​រួចផុត​ពី​ការ​ទទួលខុសត្រូវ​ទាំងស្រុង គឺ​ត្រូវ​មាន​លក្ខខណ្ឌ​ចាំបាច់​ពីរ (មាត្រា ៣១ នៃ​ក្រមព្រហ្មទណ្ឌ)៖ ១-វិបល្លាសស្មារតី​ចាំបាច់​ត្រូវ​តែ​កើត​ឡើង នៅ​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស។ ឧទាហរណ៍ ករណី​ជនវិកលចរិត​មិន​អចិន្រ្តៃយ៍ មានន័យថា មាន​​ពេល​ខ្លះ​ឆ្កួត ហើយ​ពេល​ខ្លះ​ទៀត ដឹង​ខុសត្រូវ​ធម្មតា។ ក្នុងករណីនេះ បើ​សិន​បើ​​គាត់​ប្រព្រឹត្ត​បទល្មើស ក្នុងពេល​​គាត់​ជា​ ដឹង​ខុសត្រូវ​ធម្មតា គាត់​នឹង​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​​ធម្មតា។ លុះត្រាតែ​​បទល្មើស​ត្រូវ​បានប្រព្រឹត្ត ក្នុង​ពេល​ដែល​គាត់​ឆ្កួត​ មិនដឹង​ខុសត្រូវ ទើប​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវ។ ២-លក្ខណៈ​វិបល្លាស​ស្មារតី ត្រូវ​តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ជនល្មើស​បាត់បង់​ការ​ដឹងខុសត្រូវ​ទាំងស្រុង។ ប្រសិន​បើ​មាន​វិបល្លាស​ស្មារតី​ដែរ ប៉ុន្តែ អាច​នៅ​ដឹង​ខុសត្រូវ​ខ្លះៗ ជនល្មើស​​ត្រូវ​តែ​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ គ្រាន់តែ​​ អាច​មាន​មាន​ការ​សម្រាលទោស។ ម្យ៉ាងទៀត មាត្រា ៣១ បាន​កំណត់​ថា ការវង្វេងស្មារតី ដែល​កើតមក​ពី​​ការប្រើប្រាស់​គ្រឿងស្រវឹង គ្រឿងញៀន ឬ​សារជាតិ ដែល​ច្បាប់​ហាមឃាត់ មិន​អាច​ជាមូលហេតុ ដែល​អាច​ឲ្យ​ជនល្មើស​រួចផុត​ពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​បានទេ។ តើ​ការការពារ​ខ្លួន ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​អ្វីខ្លះ ទើបអាច​​ចាត់ទុក​ថាជាការការពារ​ស្របច្បាប់ ហើយ​​ដែល​អាច​រួចផុត​ពី​ការ​ទទួលខុសត្រូវព្រហ្មទណ្ឌបាន? ​មាត្រា ៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ កំណត់​ថា ដើម្បី​ឲ្យ​អំពើ​ល្មើស​មួយ អាច​ចាត់ទុក​ថា​ជា​ការពារ​ស្រប​ច្បាប់ ត្រូវ​​គោរព​ទៅតាម​លក្ខខណ្ឌ​ ដូចខាងក្រោម៖ អំពើ​ល្មើស​នោះ ត្រូវ​តែ​ធ្វើ​ឡើង​​ ប្រឈម​នឹង​ទង្វើ​មួយទៀត (ការឈ្លានពាន) ដែល​ជា​​អំពើ​ល្មើស​ច្បាប់។ ឧទាហរណ៍ ក្នុងករណី​​ប៉ូលិស​ចូល​មក​ឆែកឆេរ​ផ្ទះ ដោយ​មាន​ដីកា​ពីតុលាការ​ត្រឹមត្រូវ ស្រាប់​តែ​ម្ចាស់​ផ្ទះ​ទាញ​កាំបិត​មក​កាប់​ប៉ូលិស នេះ​មិនមែន​ជា​ការការពារ​ស្របច្បាប់​ទេ ព្រោះ​ទង្វើ​របស់​ប៉ូលិស​ជា​ទង្វើ​ស្របច្បាប់។ ក្នុង​ស្ថានភាព​ចាំបាច់​ដោយ​ចៀសមិនរួច មានន័យថា គាត់​មិនអាច​រត់គេច​ចេញ​ទៅណា​បានទេ គឺ​មាន​តែ​វាយតបតវិញ ដើម្បី​ការពារខ្លួន។ បទល្មើស និង​ការឈ្លានពាន ត្រូវ​តែ​កើតឡើង ក្នុងពេល​ជាមួយ​គ្នា។ ប្រសិន​បើ​មាន​គេ​បាញ់​សម្លាប់​កូន ស្អែកឡើង ឳពុក​ទៅបាញ់​សម្លាប់​គេវិញ នេះ​មិនត្រូវ​ចាត់​ទុក​ថា​ជា​ការការពារ​ស្របច្បាប់​ទេ។ មធ្យោបាយ​នៃ​ការការពារខ្លួន ត្រូវ​តែ​សមាមាត្រ​ទៅនឹង​ទម្ងន់​នៃ​ការឈ្លានពាន។ ឧបមាថា មានគេ​កាន់​
អង្កត់​អុស​តូច​មួយ​ចូលមករកវ៉ៃ​ ស្រាប់​តែ​ទៅទាញ​កាំភ្លើង​បាញ់​គេ​ស្លាប់ នេះ​មិន​ត្រូវ​ចាត់ទុក​ថា​ជា​ការការពារស្របច្បាប់​ទេ។

No comments: