សំណួរ-ក្រមព្រហ្មទណ្ឌត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាស
ឲ្យប្រើ តាំងពីថ្ងៃទី៣០ វិច្ឆិកា ២០០៩ម៉្លេះ។
ហេតុអ្វីទើបនឹងចាប់ផ្តើមអនុវត្ត នៅពេលនេះ?
ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មីរបស់កម្ពុជា
បានចូលជាធរមានតាំងពីមួយឆ្នាំកន្លងទៅហើយ ក៏ប៉ុន្តែ
ក្រមនេះនៅមិនទាន់អាចយកទៅអនុវត្តបាន ដោយហេតុថា នៅមាត្រាចុងក្រោយ
(មាត្រា ៦៧២) ចែងថា “លើកលែងតែបទប្បញ្ញត្តិទូទៅ
បទប្បញ្ញត្តិដទៃទៀតត្រូវយកទៅអនុវត្តក្នុងរយៈពេល ១ឆ្នាំ
ក្រោយការចូលជាធរមាននៃក្រមនេះ”។
ក្រោយពីបានចុះផ្សាយនៅក្នុងរាជកិច្ច
ក្រមព្រហ្មទណ្ឌថ្មីត្រូវចូលជាធរមាន នៅភ្នំពេញ នៅថ្ងៃទី១១ ធ្នូ ២០០៩
និង នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត នៅថ្ងៃទី២១ ធ្នូ ២០០៩
(១០ថ្ងៃក្រោយពីចូលជាធរមាននៅភ្នំពេញ)។ ១ឆ្នាំក្រោយពីចូលជាធរមាន
ទើបក្រមថ្មីនេះចាប់ផ្តើមអនុវត្ត នៅខែធ្នូ ២០១០នេះ។
សំណួរ-តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្ត
ចាប់ពីពេលណា?
ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មីអាចអនុវត្តបានតែចំពោះបទល្មើសណា
ដែលប្រព្រឹត្តក្រោយក្រមនេះចាប់ផ្តើមអនុវត្តតែប៉ុណ្ណោះ (១១ ធ្នូ
២០១០ នៅភ្នំពេញ និង ២១ ធ្នូ ២០១០ នៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀត) ។
នេះគឺជាគោលការណ៍ដែលមានតម្លៃជាសកល។
នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ នៅត្រង់មាត្រា ៣ ចែងថា
"មានតែអំពើដែលបង្កើតជាបទល្មើស
នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ
ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន"។
ដូច្នេះ អំពើដែលប្រព្រឹត្តនៅមុនពេលក្រមព្រហ្មទណ្ឌត្រូវចាប់អនុវត្ត
មិនត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌទេ។
ជនល្មើសក៏មិនអាចត្រូវយកមកផ្តន្ទាទោសព្រហ្មទណ្ឌបានដែរ
លើកលែងតែក្នុងករណីអំពើល្មើសមានចែងនៅក្នុងច្បាប់ចាស់រួចហើយ
ដូចជា បទមនុស្សឃាត, បទលួច, ប្លន់, ឆបោក ជាដើម
ដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌអន្តរកាល (ច្បាប់អ៊ុនតាក់)។
ក្នុងករណីនេះ ជនល្មើសអាចត្រូវយកមកផ្តន្ទាទោសបាន
តាមអំណាចច្បាប់ចាស់។
សំណួរ-តើក្រមព្រហ្មទណ្ឌថ្មីនេះអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅ
កន្លែងណាខ្លះ?
មាត្រា ១២ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា៖
“ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយ
ដែលបានប្រព្រឹត្ត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
“ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ”។
ដូច្នេះ ឲ្យតែអំពើល្មើសត្រូវបានប្រព្រឹត្តនៅលើទឹកដីខ្មែរ
ទោះបីជាជនល្មើសនោះមានសញ្ជាតិអ្វីក៏ដោយ
ក៏ត្រូវយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបានដែរ។
អំពើល្មើស ដែលប្រព្រឹត្តនៅលើនាវា ឬយន្តហោះ ដែលចុះបញ្ជីនៅកម្ពុជា
គឺត្រូវចាត់ទុកថាបានប្រព្រឹត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ទោះបីនាវា ឬយន្តហោះនោះ ស្ថិតនៅក្រៅទឹកដីកម្ពុជាក៏ដោយ (មាត្រា ១៤
និង មាត្រា ១៦)។
សំណួរ-ចុះបើអំពើល្មើសត្រូវបានប្រព្រឹត្តនៅក្រៅទឹកដីកម្ពុជា
ក្រៅនាវាកម្ពុជា ហើយក្រៅយន្តហោះកម្ពុជាទៀត
តើក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានដែរឬទេ?
ក្រមព្រហ្មទណ្ឌខ្មែរអាចអនុវត្តបាន ចំពោះបទល្មើស
ដែលប្រព្រឹត្តនៅបរទេស ប្រសិនបើជនល្មើស ឬជនរងគ្រោះ មានសញ្ជាតិខ្មែរ។
បទល្មើសដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ (មាត្រា ១៩)
បទល្មើស ដែលប្រព្រឹត្តនៅបរទេស ដោយពលរដ្ឋខ្មែរ
អាចយកច្បាប់ព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន តែចំពោះបទឧក្រិដ្ឋ
និងបទមជ្ឈិមប៉ុណ្ណោះ។ ចំពោះបទលហុ គឺមិនអាចយកទៅអនុវត្តបានទេ។
ចំពោះបទឧក្រិដ្ឋ និងបទមជ្ឈិម បទប្បញ្ញត្តិត្រូវបែងចែកជាពីរករណី៖
១-បើសិនជាបទល្មើសនោះ ជាបទឧក្រិដ្ឋ
ក្រមព្រហ្មទណ្ឌខ្មែរត្រូវយកទៅអនុវត្ត ទោះជាបទឧក្រិដ្ឋនោះ មានចែង
ឬគ្មានចែង ក្នុងច្បាប់របស់ប្រទេស
ដែលជាទីកន្លែងប្រព្រឹត្តបទល្មើសក៏ដោយ។
២-ផ្ទុយទៅវិញ ប្រសិនបើបទល្មើសនោះ ជាបទមជ្ឈិម ទាល់តែបទមជ្ឈិមនោះ
មានចែងនៅក្នុងច្បាប់របស់ប្រទេស ដែលជាកន្លែងប្រព្រឹត្តបទល្មើស
ទើបគេអាចយកក្រមព្រហ្មទណ្ឌខ្មែរទៅអនុវត្តបាន។
បទល្មើសខ្លះ ដូចជា “បទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ”
ជាដើម គឺជាបទមជ្ឈិម ក្នុងក្រមព្រហ្មទណ្ឌខ្មែរ ត្រង់មាត្រា ៥០៨។
ក៏ប៉ុន្តែ ក្នុងប្រទេសខ្លះទៀត ដែលមិនកាន់ពុទ្ធសាសនា
បទល្មើសបែបនេះមិនមានចែងក្នុងច្បាប់ទេ។ ដូច្នេះ
ច្បាប់ព្រហ្មទណ្ឌខ្មែរមិនអាចយកទៅអនុវត្តបានទេ ចំពោះបទល្មើស
ដែលប្រព្រឹត្តក្នុងប្រទេសនោះ បើទោះជាជនល្មើសមានសញ្ជាតិខ្មែរក៏ដោយ។
គួរបញ្ជាក់បន្ថែមថា ចំពោះករណីទាំងពីរខាងលើ (បទឧក្រិដ្ឋ និងបទមជ្ឈិម)
ច្បាប់ព្រហ្មទណ្ឌខ្មែរនៅតែអាចយកទៅអនុវត្តបាន
ទោះបីជាជនល្មើសទទួលបានសញ្ជាតិខ្មែរ
ក្រោយពេលប្រព្រឹត្តបទល្មើសក៏ដោយ។ ឧបមាថា
ជនបរទេសម្នាក់ប្រព្រឹត្តបទឧក្រិដ្ឋ នៅក្រៅទឹកដីកម្ពុជា។
ក្រោយមកជនល្មើសនេះ ទទួលបានសញ្ជាតិខ្មែរ។ ក្នុងករណីនេះ ជនល្មើស
អាចត្រូវតុលាការកម្ពុជាយកមកកាត់ទោសតាមច្បាប់ព្រហ្មទណ្ឌខ្មែរ
បាន។
បទល្មើសដែលប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ (មាត្រា ២០)
ច្បាប់ព្រហ្មទណ្ឌខ្មែរអាចអនុវត្តបានទៅលើគ្រប់បទឧក្រិដ្ឋ
ដែលប្រព្រឹត្តនៅបរទេស បើសិនជាជនរងគ្រោះមានសញ្ជាតិខ្មែរ
បើទោះជាជនល្មើសជាពលរដ្ឋខ្មែរ ឬក៏ជាពលរដ្ឋបរទេសក៏ដោយ។
តាមរយៈមាត្រានេះ យើងអាចសន្និដ្ឋានបានថា ចំពោះបទល្មើស
ដែលប្រព្រឹត្តទៅលើពលរដ្ឋខ្មែរ
ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន
តែចំពោះបទឧក្រិដ្ឋប៉ុណ្ណោះ មិនអាចយកទៅអនុវត្តចំពោះបទមជ្ឈិមបានទេ
(ខុសពីច្បាប់បារាំង
ដែលក្រមព្រហ្មទណ្ឌអាចយកទៅអនុវត្តបានចំពោះបទមជ្ឈិម
ប្រព្រឹត្តនៅបរទេស ទៅលើពលរដ្ឋបារាំង)។
ក្រៅពីបទល្មើសពាក់ព័ន្ធនឹងពលរដ្ឋខ្មែរ
ច្បាប់ព្រហ្មទណ្ឌខ្មែរអាចយកទៅអនុវត្តបាន ចំពោះបទល្មើសផ្សេងទៀត
ដែលប្រព្រឹត្តនៅបរទេស បើទោះជាជនល្មើស
ឬជនរងគ្រោះមិនមែនជាពលរដ្ឋខ្មែរក៏ដោយ (មាត្រា ២២)៖
From RFI
ក្រមព្រហ្មទណ្ឌខ្មែរ ត្រូវបានចាប់ផ្តើមអនុវត្តហើយ កាលពីថ្ងៃទី១១
ខែធ្នូ ២០១០ នៅទីក្រុងភ្នំពេញ។
ចំណែកនៅតាមបណ្តាខេត្ត-ក្រុងផ្សេងទៀតវិញ
ក្រមព្រហ្មទណ្ឌទើបនឹងចាប់ផ្តើមអនុវត្ត កាលពីថ្ងៃអង្គារ ទី២១ ធ្នូ
២០១០។ ខាងក្រោមនេះ
គឺជាសំណួរ-ចម្លើយទាក់ទងនឹងដែនអនុវត្តនៃក្រមព្រហ្មទណ្ឌថ្មីនេះ។
បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា
បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា
បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ
ដែលមានតម្លៃស្របច្បាប់នៅកម្ពុជា
បទល្មើសប្រឆាំងនឹងទីតាំង ឬភ្នាក់ងារទូត
ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា
សំណួរ-តើបទឧក្រិដ្ឋ និងបទមជ្ឈិមខុសគ្នាត្រង់ណាខ្លះ?
ចម្លើយ-ក្រមព្រហ្មទណ្ឌថ្មី បែងចែកបទល្មើសជា ៣ប្រភេទ ទៅតាមកម្រិតទោស។
បទឧក្រិដ្ឋ (មាត្រា ៤៦)
បទល្មើសមួយ ត្រូវចាត់ទុកជាបទឧក្រិដ្ឋ
ប្រសិនបើបទល្មើសនោះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី៥ឆ្នាំ
ឬដាក់ពន្ធនាគារអស់មួយជីវិត។ ឧទាហរណ៍៖ បទឃាតកម្មគិតទុកជាមុន,
បទឃាតកម្មដោយចេតនា, បទរំលោភសេពសន្ថវៈ, បទលួចដោយហិង្សា (ប្លន់) ។ល។
បទមជ្ឈិម (មាត្រា ៤៧)
បទល្មើសមួយ ត្រូវចាត់ទុកជាបទមជ្ឈិម
ប្រសិនបើកម្រិតទោសជាប់ពន្ធនាគារអតិបរមាមានលើសពី៦ថ្ងៃ រហូតដល់
៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាតដោយអចេតនា, បទលួច, បទឆបោក,
បទបង្ករបួសស្នាមដោយអចេតនា ។ល។
បទលហុ (មាត្រា ៤៨)
បទល្មើសមួយ ត្រូវចាត់ទុកជាបទលហុ
ប្រសិនបើកម្រិតទោសជាប់ពន្ធនាគារអតិបរមា រយៈពេលស្មើ ឬតិចជាង ៦ថ្ងៃ
ឬក៏ជាបទល្មើស ដែលមិនមានទោសជាប់ពន្ធនាគារសោះ
គឺមានតែទោសពិន័យជាប្រាក់។ ឧទាហរណ៍៖ បទបរិហារកេរ្តិ៍,
បទជេរប្រមាថជាសាធារណៈ, បទស្រវឹងជាក់ស្តែងនៅទីសាធារណៈ ។ល។
No comments:
Post a Comment