នេះគឺជា ប្រវត្តិសាស្ត្រខ្មែរ |
---|
កាលប្រវត្តិ |
បុរេប្រវត្តិ |
ហ្វូណន (៦៨ – ៥៥០) |
ចេនទ្បា (៥៥០ – ៨០២) |
(ដីគោក -ទឹកលិច) |
ចក្រភពខ្មែរ (៨០២ – ១៤៣១) |
(ដើមអង្គរ -មហានគរ-ចុងអង្គរ) |
យុគអន្ធកាលនៃកម្ពុជា ១៤៣៧ – ១៨៦៣ |
(ចតុមុខ -លង្វែក-ឧដុង្គ) |
ការបាត់បង់តំបន់ដីសណ្ដទន្លេមេគង្គទៅយួន |
សម័យអាណានិគមនិយម (បារាំង-ជប៉ុន) (១៨៦៣ – ១៩៥៣) |
សង្គមរាស្ត្រនិយម (១៩៥៤ – ១៩៧០) |
រដ្ឋប្រហារ១៩៧០ |
សាធារណរដ្ឋខ្មែរ (១៩៧០ – ១៩៧៥) |
សង្គ្រាមក្នុងស្រុក |
ការលុកលុយសង្គ្រាមវៀតណាម១៩៧០ |
របបខ្មែរក្រហម (១៩៧៥–១៩៧៩) |
សង្គ្រាមកម្ពុជា-វៀតណាម (១៩៧៥–១៩៨៩) |
សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩ – ១៩៩៣) |
អ៊ុនតាក់ (១៩៩២ – ១៩៩៣) |
កម្ពុជាសម័យទំនើប (១៩៩៣ – សព្វថ្ងៃ) |
ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ចូលទិវង្គតទៅ ស្ថានភាពព្រះរាជាណាចក្រកម្ពុជាធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី៖
ស្ថានភាពប្រទេស
បដិវត្តន៍ខ្មែរក្នុងសតវត្សទី១៤?
ប្រវត្តិសាស្ត្រខ្មែរ តាមសិលាចារឹក និង
ឯកសារប្រវត្តិសាស្ត្រចិនត្រូវបញ្ចប់ក្នុងសម័យនេះ ដោយសារអំពីប្រភពទាំងនេះទៀត
។ ទើបអ្នកប្រវត្តិវិទូបានយកឯកសាររាជពង្សាវតារខ្មែរមកប្រើវិញ
ដែលធ្វើអោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ
មានលំនាំប្រហាក់ប្រហែលចាប់ពីសម័យនោះ ។ វាខុសគ្នាតែកាលបរិច្ឆេទ
ទីកន្លែងនិងព្រឹត្តិការណ៍បន្ទាប់បន្សំខ្លះ ។
បុព្វហេតុ
ដូចដែលយើង
បានឃើញស្រាប់ហើយនៅសតវត្សទី១៣និង១៤ប្រទេសខ្មែរយើងជួបប្រទះនូវសង្គ្រាមសាសនា
ប្រល័យជីវិតឯង គ្មានពេលទំនេរ ។ គេឃើញថាសង្គ្រាមនេះយកសាសនាជាសំបកក្រៅ ។
តាមការពិតជាសង្គ្រាមដណ្ដើមអំណាចគ្នាហើយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់
។ ដោយពួកគេបញ្ចុះបញ្ចូលអោយប្រជារាស្ត្រទៅស្លាប់ដើម្បីអំណាចនិងបក្សពួកគេ ។
វាគឺជាវិបត្តិនយោបាយ សង្គម នយោបាយដែលធ្វើអោយប្រទេសកម្ពុជាចាកឆ្ងាយ
ពីអនុត្តរភាពជាមហាអំណាចបន្តិចម្ដងៗរហូតដល់សព្វថ្ងៃ ។
ព្រឹត្តិការណ៍នេះត្រូវអ្នកប្រវត្តិវិទូចាត់ទុកថាជាបដិវត្តន៍ទី១ នៃសង្គមជាតិខ្មែរ ។ ហើយជាបដិវត្តន៍ប្រឆាំងរាជានិយម ដែលប្រជារាស្តរខ្មែរយល់ឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានសណ្ដោស ករុណាមេត្តាធម៌ គ្មានទសពិតរាជធម៌ និងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ ។ មានកត្តាជាច្រើនដែលធ្វើអោយខ្មែរហ៊ានបះបោរប្រឆាំងស្ដេចនិងពួកបរិវារ ។
ព្រឹត្តិការណ៍នេះត្រូវអ្នកប្រវត្តិវិទូចាត់ទុកថាជាបដិវត្តន៍ទី១ នៃសង្គមជាតិខ្មែរ ។ ហើយជាបដិវត្តន៍ប្រឆាំងរាជានិយម ដែលប្រជារាស្តរខ្មែរយល់ឃោរឃៅ ផ្ដាច់ការ ព្រៃផ្សៃ គ្មានសណ្ដោស ករុណាមេត្តាធម៌ គ្មានទសពិតរាជធម៌ និងគ្មានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ ។ មានកត្តាជាច្រើនដែលធ្វើអោយខ្មែរហ៊ានបះបោរប្រឆាំងស្ដេចនិងពួកបរិវារ ។
ព្រះពុទ្ធសាសនាថេរវាទ
កត្តាដែលធំជាមូលដ្ឋាននៃបដិវត្តន៍គឺពុទ្ធសាសនាថេរវាទ ។
ពុទ្ធសាសនាថេរវាទបាននាំមកនូវទ្រឹស្ដី គោលគំនិត និងទស្សនៈថ្មី
ស្ដីពីជោគវាសនា ផលបុណ្យ កម្មពៀរ
របស់សត្វម្នាក់មកកាន់កម្ពុជាខុសពីលទ្ធិសាសនាមុនៗ
ដែលចាត់ទុកស្ដេចជាអាទិទេពរឺពោធិសត្វលោកកេស្វរៈ ។
គេលែងអោយតម្លៃលើទ្រឹស្ដីទេវរាជនិងពុទ្ធរាជក្នុងព្រហ្មញ្ញ
និងពុទ្ធសាសនាមហាយានទៀតហើយ ។
តាមទ្រឹស្ដីថេរវាទព្រះពុទ្ធអង្គបានចូលនិព្វានរួចហើយ
ដូច្នេះមិនមកកើតជាមនុស្ស ឬជាស្ដេចដូចទ្រឹស្ដីមហាយានទេ ។
កាលបើព្រះពុទ្ធកើតជាពោធិសត្វទៀតក៏មិនដែលកើតជាសញ្ជាតិ
ជាស្ដេចដ៏រាបអចិន្ត្រៃយ៍ឡើយ ។
ព្រះមហាក្សត្រនិងមេដឹកនាំក៏មិនមែនជាព្រះបាទធម្មិកដែរ ។ ជួនព្រះពោធិសត្វ
ចាប់ជាតិជា មនុស្ស សត្វ ទុរគត អ្នកប្រាជ្ញនិងស្ដេចប្រកបដោយធម៌ ។ល។
ដូច្នេះតាមទស្សនៈរបស់ថេរវាទស្ដេចមិនមែនជាពោធិសត្វរឺក៏អាទិទេពអ្វីឡើយ ។
អ្វីដែលគេនិយាយរឺធ្វើមិនមែនល្អត្រឹមត្រូវដូចជាព្រះពុទ្ធដិកានោះទេ ។
ស្ដេចក៏ជាមនុស្សធម្មតាដូចមនុស្សលោកដែរ ។
ទ្រឹស្ដីថេរវាទពន្យល់ប្រជាជនអោយយល់និងជឿជាក់ថា: អ្វីដែលស្ដេចនិយាយ ដើរតួទាំងប៉ុន្មានសុទ្ធតែការភូតភរបោកប្រាស់ទាំងអស់ ។អ្វីទាំងនោះធ្វើដើម្បីអំណាចនិងផលប្រយោជន៍របស់គេប៉ុណ្ណោះ
។
ចង់បានន័យថាព្រះពោធិសត្វអាចកើតក្នុងក្រុមគ្រួសារគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។
សាសនាជាឧបករណ៍នយោបាយ
ដោយយោងលើទ្រឹស្ដីថេរវាទអ្នកបះបោរខ្មែរនៅសតវត្សទី១៤បានបំបះបំបោរ
ធ្វើចលាចលនិងផ្ដួលរំលំរបបរាជានិយម ។
ទស្សនៈថេរវាទបាននាំមកនូវទ្រឹស្ដីថ្មីអំពីជីវិតគឺនិយាយអ្វី
ដែលយើងអាចមើលឃើញស្រាប់ដែលមាននៅក្នុងសង្គមខុសពីព្រហ្មញ្ញនិងមហាយាន ។
ទ្រឹស្ដីនេះវាស្របទៅនឹងស្ថានភាពប្រជាជនខ្មែរកំពុងរងទុក្ខវេទនាស្រាប់
គ្មានក្ដីសង្ឃឹម ក៏នាំគ្នាអនុលោមប្រត្តិបត្តិតាម ។
តែពេលនោះពួកអ្នកដណ្ដើមអំណាចឆ្លៀតឱកាស
យកព្រះពុទ្ធសាសនាដើម្បីជាឧបករណ៍បម្រើនយោបាយរបស់ខ្លួនទៅវិញ ។
សម្រាប់បំពាក់ស្មារតី
គេបានយកទ្រឹស្ដីរបស់ពុទ្ធសាសនាថេរវាទមក
ធ្វើជាអាវុធដើម្បីវាយប្រហារស្ដេច ។
ដោយសាររងទុក្ខដោយសារស្ដេចជាច្រើនផងទើបធ្វើអោយប្រជានុរាស្ត្រគោរព ពេញចិត្ត
ស្រលាញ់ អនុវត្តទ្រឹស្ដីថ្មីរបស់ពុទ្ធសាសនាថេរវាទ ។
ដូចនោះទើបគេមានជំនឿថាវាសនាអនាគតរបស់គេស្ថិតនៅលើពុទ្ធសាសនាផ្នែកថេរវាទ ។
ដោយមានលក្ខណៈស្របតាមគោលគំនិត ចំណង់របស់ប្រជារាស្ត្រខ្មែរ ប្រកបដោយមេត្តាធម៌
និងសណ្ដោសប្រណីដល់សព្វសត្វគ្រប់វណ្ណៈទាំងអស់ដោយឥតរើសអើងឡើយ ។
គេខ្ចីកម្លាំងខាងថេរវាទទៅតយុទ្ធនឹងលទ្ធិព្រហ្មញ្ញសាសនា ។
វាគឺជាការប្រយុទ្ធនឹងរបបរាជានិយមផ្ដាច់ការ
ដែលលទ្ធិព្រហ្មញ្ញជាជន្ទល់របស់ព្រះមហាក្សត្រ ។
ការប្រយុទ្ធខាងទ្រឹស្ដីនិងមនោគមន៍វិជ្ជាវាស្រដៀង និងពិភពលោកបច្ចុប្បន្នដែរ
ដូចជាលទ្ធិកុម្មុយនិស្តនិងលោកសេរី (សង្គ្រាមត្រជាក់) ។
កម្លាំងគឺមានលទ្ធភាពអាចរំលំរបបរាជានិយមបាន ។
សម្រាប់បំបាក់ស្មារតី
ក៏ប៉ុន្តែអ្នកកាន់អំណាចថ្មីក៏អនុវត្តភាពផ្ដាច់ការដដែល
មកលើប្រជារាស្ត្រខ្មែរទៀត ។ ដើម្បីវាយបំបាក់ស្មារតីប្រជាជនខ្មែរ
ពួកក្រុមព្រះមហាក្សត្រសម័យក្រោយៗ
បានកែក្រឡៃព្រះពុទ្ធសាសនាថេរវាទបន្តិបន្តួច ក៏ប្រជាជនខ្មែរជឿស៊ប់ដែរ ។
វិធីទាំងនោះរួមមានការទេសនាអោយជឿលើពុទ្ធដិការ
សរសេរនិពន្ធធ្វើជាសៀវភៅនិងរៀបរាប់អំពីពុទ្ធប្រវត្តិ ។
ក្នុងឱកាសនោះអ្នកនិពន្ធបានបញ្ចេញបញ្ចូលខ្លះៗដែលធ្វើជាការគំរាមកំហែងដល់ពុទ្ធសាសនិកជន
។
ដល់ពេលយូរៗទៅវាក៏ក្លាយជាការពិតដែលមនុស្សគ្រប់គ្នាត្រូវតែជឿដែលយល់ថាជាពុទ្ធដិការ
។
ចំណុចដែលគេយកមកគ្របសង្កត់ខ្មែរអោយភ័យខ្លាចជាទីបំផុតនោះគឺបាបនិងបុណ្យ ស្ថាននរក និង ស្ថានសួគ៌ ។
ក្នុងនោះប្រាប់ថាអ្នកមាន មន្ត្រី និងស្ដេចសុទ្ធតែអ្នកមានបុណ្យពីជាតិមុន ។
ដូច្នេះយើងមិនត្រូវតូចចិត្តអ្វីឡើយបើសិនជាយើងក្រមិនមានបានដូចគេនោះ ។
ពីព្រោះពីជាតិមុនយើងកសាងមិនល្អ ។ ហើយបើចង់មានបានដូចគេ
យើងត្រូវតែធ្វើបុណ្យពីជាតិនេះហើយដើម្បីសន្សំបុណ្យទៅជាតិក្រោយ ។
ទស្សនៈបែបបានជ្រួតជ្រាបក្នុងសង្គមខ្មែរគ្រប់ជំនាន់មិនសេសសល់អ្វីឡើយ ។
វិធីបំភ្លេចបច្ចុប្បន្នភាព
ការឃោសនានោះអ្វីដែលគេបំភ្លេចចោលគឺបច្ចុប្បន្នកាល
។ បច្ចុប្បន្នកាលហាក់បីដូចជាគ្មានន័យអ្វីទេចំពោះសត្វលោក ។
បើយោងតាមការពន្យលនិងជំនឿខ្មែរ
សត្វលោកកើតនៅបច្ចុប្បន្នកើតមកគ្រាន់តែដើម្បីសោយកម្មផលបុណ្យបាបតែប៉ុណ្ណោះ ។
ដើម្បីអោយជាតិខាងមុខបានល្អបានឡើងឋានសួគ៌គេត្រូវសាងបុណ្យអោយបានច្រើន ។
ទស្សនៈបែបនេះធ្វើអោយខ្មែរលែងរស់នៅក្នុងជីវិតបច្ចុប្បន្នបែរជាគិតថានេះជាកម្មអតីតរបស់ខ្លួនទៅវិញ
។ ប្រសិនជាចង់រើបង្រះ ប្រឆាំងនឹងធ្វើអោយខុសពាក្យព្រះ
មិនត្រឹមតែប៉ុណ្ណោះធ្វើអោយខ្លួនធ្លាក់នរកទៀតផង ។
អ្វីដែលអ្នកកាន់អំណាចនិងអ្នកដឹកនាំពុទ្ធសាសនាជំនាន់នោះគឺបានរាំងខ្ទប់មិនអោយមនុស្សយល់អំពីជីវិតបច្ចុប្បន្នទេ
ដោយអោយខ្មែរយើងតែងតែវង្វេងលើអតីតជាតិនិងអនាគតជាតិទៅវិញ ។
ព្រះពុទ្ធក៏សំដៅសំខាន់លើបច្ចុប្បន្នកាលដែរ ។
ដោយព្រះអង្គពន្យល់ថាបើអ្នកសាងបាបពេលបច្ចុប្បន្នក៏អាចទទួលក្នុងពេលបច្ចុប្បន្នដែរមិនចាំបាច់ជាតិក្រោយទេ
។ ឧទាហរណ៍ជាក់ស្ដែងមានក្នុងប្រវត្តិសាស្ត្រខ្មែរស្រាប់ ។
ដោយសារតែអវិជ្ជារបស់ប្រជាជនខ្មែរបូករួមទាំងការដឹកនាំអសមត្ថភាពរបស់អ្នកដឹកនាំ
ទើបអ្វីទាំងនោះបានហុចផលភ្លាមៗ មិនបាច់ចាំជាតិក្រោយទេ ។
យើងមើលឃើញស្រាប់ជនជាតិខ្មែររួញទឹកដីមកដល់សព្វថ្ងៃនេះគឺលទ្ធផលអ្វីទាំងនោះហើយ
។
មើលតែគំរូក្នុងរបបខ្មែរក្រហមស្រាប់យើងក៏អាចដឹងបានស្រាប់ថាមូលហេតុមកពីអ្វីដែលពួកគេតែងតែសម្លាប់ជនជាតិពូជសាសន៍ឯង
។
ផ្ទុយទៅវិញយើងឃើញក្នុងសម័យមហានគរព្រះរាជាចេះគិតគូរដល់ប្រជារាស្ត្រដូច្នេះអ្វីទាំងអស់នោះក៏ហុចផលភ្លាមៗមិនចាំបាច់ជាតិក្រោយឡើយ
។
ដោយសំអាងលើទ្រឹស្ដីបាបបុណ្យស្ថានសួគ៌ស្ថាននរកនេះហើយទើបគ្មានប្រជាជនណាម្នាក់ហ៊ានចោទប្រកាន់គេឡើយ
ដោយយល់ថានេះជាការកសាងល្អរបស់គេពីជាតិមុនទៅវិញ ។
បច្ចុប្បន្នសម្រាប់បច្ចុប្បន្ន
គ្រាប់តែនាំគ្នាភ្លេចនិយាយពីកម្មពៀរបច្ចុប្បន្នប៉ុណ្ណេះ
ប្រជារាស្ត្រខ្មែរវង្វេងបាត់បង់សតិដេកគិតរង់ចាំ សោយកម្មពីបុព្វេជានិច្ច ។
បើតាមពុទ្ធដិការ ព្រះអង្គមានបន្ទូលថា ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប
ពាក្យសម្ដីនេះយើងអាចយកដាក់ក្នុងអតីត បច្ចុប្បន្ន និងអនាគតត្រូវដូចគ្នា ។
ព្រះពុទ្ធបានត្រាស់ថាមិនមែនអ្វីទាំងអស់សុទ្ធតែបានមកពីអតីតនោះ
ទេវាត្រូវរួមផ្សំគ្នានឹងបច្ចុប្បន្ននេះ
ដែលទើបអាចចេញជាផ្លែផ្កាភ្លាមក្នុងជាតិនេះ
នឹងអាចពូនជាផលបន្តបន្ទាប់ក្នុងពេលអនាគតទៀត ។
ព្រះអង្គមិនអោយមនុស្សភ្លេចបច្ចុប្បន្នឡើយហើយព្រះពុទ្ធអោយកសាងបច្ចុប្បន្ន
សម្រាប់បច្ចុប្បន្នដោយលោកយល់ យើងរស់នៅរាល់ថ្ងៃសំខាន់បំផុតគឺបច្ចុប្បន្ន ។
ដូច្នេះបើយើងរៀបចំបច្ចុប្បន្នល្អអនាគតក៏ល្អដូចគ្នាអញ្ជឹងដែរ ។
ដូចជាការកសាងអនាគតសង្គមដើម្បីកូនចៅយើងទៅថ្ងៃមុខអញ្ជឹង ។
បើយើងធ្វើមិនល្អអនាគតទៅអ្វីដែលយើងធ្វើវានឹ
ងធ្លាក់ទៅកាន់កូនចៅទៅអនាគតយើងដូចអញ្ជឹងដែរ ។
មើលតាមក្នុងប្រវត្តិសាស្ត្រយើងអាចដឹងស្រាប់
ហើយអំពីភាពជូរចត់នៃប្រវត្តិសាស្ត្រខ្មែរ ។
អញ្ជឹងដូចនេះបដិវត្តន៍សតវត្សទី១៤មិនជាបដិវត្តន៍ទេ
វាគ្រាន់តែជាការដណ្ដើមអំណាចគ្នាប៉ុណ្ណោះ ។
យើងឃើញពុទ្ធសាសនាថេរវាទវាគ្រាន់តែជាឧបករណ៍នយោបាយរបស់ស្ដេចតែប៉ុណ្ណោះ ។
ហើយវាក៏គ្មានលទ្ធផលអ្វីប្រសើរដល់ជាតិនិងរាស្ត្រដែរ ។
ដោយយកពុទ្ធសាសនាមកឡូកឡំដូច្នេះទើបធ្វើអោយជាតិដុនដាបវិនាសដល់សព្វថ្ងៃនេះ ។
ទិដ្ឋភាពទាំងនេះមិនជាអ្វីដែលថ្មីនោះទេ
វាបានបកស្រាយក្នុងរឿងព្រេងនិទានខ្មែរមកជាហូរហែរមកស្រាប់ហើយ ។
អ្នកប្រាជ្ញបណ្ឌិតមិនហ៊ាននិយាយអោយចំឡើយគ្រាន់តែ
លោកបានបញ្ចូលវាទៅក្នុងរឿងនិទានដែលលោកប្រឌិតឡើង ។ ការយកសាសនាមកកែក្រឡៃបែបនេះ
វាបានជះឥទ្ធិពលអាក្រក់ដល់ប្រជារាស្ត្រទាំងអតីតនិងបច្ចុប្បន្នតទៅអនាគតទៀត ។
តែបើយើងប្រើព្រះពុទ្ធសាសនាអោយល្អទៅតាមធម៌ពិតរបស់ព្រះអង្គ
ដែលជាធម៌ប្រកបដោយមេត្តាធម៌ ករុណាធម៌នោះប្រទេសជាតិនឹងរីកចំរើន ។
ព្រះពុទ្ធបានត្រាស់ថា អ្វីក៏ដោយកើតឡើងពីចិត្តគំនិត
បើចិត្តគំនិតល្អស្អាតស្អំនោះអ្វីទាំងនោះ ក៏បានល្អ
បើគំនិតនោះមិនស្មោះត្រង់ល្អនោះវាក៏នាំមកក្ដីវិនាសអន្តរាយដូច្នេះដែរ
ដូចយើងឃើញស្រាប់ក្នុងហេតុការណ៍ជាច្រើនក្នុងប្រវត្តិសាស្ត្រខ្មែរ ។
បដិវត្តន៍នាយត្រសក់ផ្អែម
ជ័យវរ្ម័នទី៩ជាស្ដេចចុងក្រោយបង្អស់ដែលគេស្គាលដោយសិលាចារឹក
។
តពីនេះទៅប្រវត្តិសាស្ត្រខ្មែរត្រូវពឹងផ្អែកទៅលើរាជពង្សាវតារ
ដែលជាឯកសារចងក្រងឡើងតែនៅស.វ.ទី១៨-១៩
ហើយដោយសំអាងទៅលើការទន្ទេញចាំមាត់និងលើអត្ថបទបូរាណខ្លះ
ដែលពីដើមគេតម្កល់ទុកនៅក្រុងឧដុង្គ ។ រាជពង្សាវតារមានច្រើនច្បាប់កត់ត្រាព្រឹត្តិការណ៍
ដោយមានការដំណាលប្លែកៗគ្នា ហើយមានចុះកាលកំណត់ខុសៗគ្នាទៀត ។
នេះហើយជាមូលហេតុធ្វើអោយប្រវត្តិវិទូពិបាកសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរ
ក្រោយពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៩មក ។
អាស្រ័យដោយហេតុដូចបានរៀបរាប់រួចមកហើយ
អ្នកប្រវត្តិវិទូមានការអល់ឯកយ៉ាងខ្លាំងមិនដឹងថា
ត្រូវដាក់ស្ដេចអង្គណាក្នុងរាជពង្សាវតារឱ្យសោយ
រាជ្យតពីជ័យវរ្ម័នទី៩ដែលគេមិនទាំងដឹងថា បានសោយទីវង្គតនៅឆ្នាំណាផង ។
រួចមកហើយ
អ្នកប្រវត្តិវិទូភាគច្រើននិយមដាក់នាយ
ត្រសក់ផ្អែមអោយសោយរាជ្យតពីជ័យវរ្ម័នទី៩
ព្រោះឯកសារជាច្រើនបានកត់ត្រាទុកថាបុគ្គលនេះបានឡើង
សោយរាជ្យនៅប្រមាណឆ្នាំ១៣៤០ ។
ចំពោះរឿងនាយត្រសក់ផ្អែមនេះមានដំណាលខុសៗគ្នាទៅតាមក្បួនរាជពង្សាវតារ
ប៉ុន្តែរឿងទាំងនោះមានចំណុចស្របគ្នាខ្លះដែលយើងអាចដកស្រង់បានដូចតទៅនេះ៖
១.មានបុរសម្នាក់ដាំត្រសក់មានរសជាតិផ្អែម
បានបេះផ្លែត្រសក់ទៅថ្វាយស្ដេចហើយបានទទួលលំពែងសម្រាប់ការពារត្រសក់របស់ខ្លួន ។
២.បានសម្លាប់ស្ដេចដោយអចេតនានៅពេលយប់
ដោយស្មានថាជាចោរមកលួចផ្លែត្រសក់របស់ខ្លួន ។
៣.បាននាម៉ឺនសព្វមុខមន្ត្រីមូលមតិគ្នាលើកអោយឡើងសោយរាជ្យ
ហើយលើកបុត្រីស្ដេចអោយជាមហេសីទៀតផង ។
គួរកត់សំគាល់ថារឿងនាយត្រសក់ផ្អែមនេះមានលំនាំប្រហាក់ប្រហែលនឹងរឿងព្រេងជាប់ទាក់ទងទៅនឹងរាជវង្សភូមាមួយនៅស.វ.ទី១០ដែលមានសេចក្ដីដំណាលជាសង្ខេបថា៖
នៅគ.ស.៩៣១ អ្នកដាំត្រសក់ម្នាក់ឈ្មោះញ៉េងអ៊ូសយ៉ៈហាន (Nyaung-u So-rahan)
បានឡើងសោយរាជ្យនៅក្រុងបូកាន ក្រោយពីបានធ្វើគត់ស្ដេចឈ្មោះសេងខូ (Singho)
ដែលបានលបលួចបេះត្រសក់របស់ខ្លួនក្នុងដំណើរធ្វើប្រមាញ់នៅក្នុងព្រៃហើយដែលខ្លួនពុំបានស្គាល់ថាជាស្ដេចផែនដី ។
ម្យ៉ាងទៀតនៅមុនពេលនោះបោះបង់ក្រុងអង្គរ
គេឃើញខ្មែរយើងមានប្រើពាក្យ ពញា(ព្ញៀ)
សម្រាប់ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យនិងមន្ត្រីជាន់ខ្ពស់ដូចពញាយ៉ាតជាដើម
។ គេបានសង្កេតឃើញថា
ជនជាតិមនក្នុងបុរាណកាលក៏ធ្លាប់ប្រើពាក្យពញានេះជាឋានន្តរសក្ដិនៃមន្ត្រីជាន់ខ្ពស់ដែរ
។ នៅត្រង់នេះ អ្នកប្រវត្តិសាស្ត្របានចោទសួរថា
តើរឿងព្រេងនៅស្រុកខ្មែរមានទំនាក់ទំនងយ៉ាងដូចម្ដេចខ្លះជាមួយ
នឹងរឿងព្រេងនៅប្រទេសភូមា?
ហើយកាលខ្មែរប្រើពាក្យពញានៅពេលនោះតើបណ្ដាលមកពីហេតុអ្វីទៅ?
ទោះបីពុំទាន់មានចម្លើយណាអោយបានសមរម្យសម្រាប់សំណួរទាំងនេះក៏ដោយក៏
យើងអាចប៉ាន់ស្មានថា
ប្រហែលធាតុទាំងនោះបាននាំចូលប្រទេសខ្មែរតាមរយៈពុទ្ធសាសនាហិនយាន
ប្រើភាសាបាលី ដែលអ្នកស្រាវជ្រាវយល់ថាបានហូរចូលមក
ក្នុងជ្រោយសុវណ្ណភូមិភាគខាងលិចមុនគេគឺនៅត្រង់ម្ដុំប្រទេសមនរួចផ្សាយចូលមកតំបន់វាលទំនាបទន្លេមេណាមរួចផ្សាយចូលបន្តមក
ក្នុងប្រទេសខ្មែរទៀត ។
លោកជីវតាក្វាន់ ទូតចិនដែលបានមកទស្សនាក្រុងអង្គរនៅចុងស.វ.ទី១៣
ក៏បានកត់សំគាល់ឃើញថា នៅសម័យនោះមានគេនិយមកាន់ច្រើនគ្នាណាស់ទៅហើយ ។
មានអ្នកប្រវត្តិវិទូខ្លះទៀតដូចលោក អាដឺម៉ា ឡឺឃ្លែរ និងលោក Dauphin Meunier
(ដូផ្វាំង មូញ៉េ) ជាដើម
យល់ថាព្រឹត្តិការណ៍នាយត្រសក់ផ្អែមឡើងសោយរាជ្យនៅក្រុងអង្គរនោះជាមហាបដិវត្តន៍មួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបដិវត្តិន៍នោះ
គឺជាបដិវត្តិន៍ខាងនយោបាយនិងខាងសាសនា ។ តើពិតជាមានបដិវត្តិន៍មែនឬយ៉ាងណា ?
តើអ្វីខ្លះជាមូលហេតុនៃបដិវត្តិន៍នោះ ?
យ៉ាងណាមិញ លទ្ធិទេវរាជដែលព្រះបាទជ័យវរ្ម័នទី២បានប្រារព្ធធ្វើជាលើកដំបូងនៅលើភ្នំគូលែននៅឆ្នាំ៨០២នោះ
គែជាអាវុធមួយយ៉ាងសក្ដិសិទ្ធ ក៏ប៉ុន្តែអាវុធនោះអាវុធមុខពីរ បានសេចក្ដីថាវា
អោយផលល្អផងអោយផលអាក្រក់ផង ។
វាអោយផលល្អត្រង់ថា រាស្ត្រចាត់ទុកជ័យវរ្ម័នទី២ ជាអាទិទេពមួយអង្គ
ដោយបានធ្វើសន្តិភាវូបនីយកម្មបង្រួបបង្រួមជាតិ
និងដេញកម្ចាត់សត្រូវឈ្លានពានអោយចេញពីទឹកដីខ្មែរ
ម៉្លោះហើយរាស្ត្រក៏បាក់បបខ្លបខ្លាចព្រះចេស្ដា
រួចរួមសាមគ្គីជុំវិញរាជបល្ល័ង្កធ្វើការកសាងជាតិអោយបានដល់ភាពរុងរឿង
ត្រចះត្រចង់បំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរសមទៅតាមបំណងរបស់ស្ដេច
អាទិទេពដែលចង់បង្ហាញអោយរាស្ត្រឃើញថា លោកមានមហិទ្ធិរិទ្ធិពិតប្រាកដមែន ។
វាអោយផលអាក្រក់ត្រង់វាតម្រូវអោយមានការកសាងប្រាសាទថ្មកាន់តែធំឡើងហើយកាន់តែច្រើនឡើងហើយស្រូបយកនូវកម្លាំង
ពេលវេលា និងទ្រព្យសម្បត្តិច្រើនពេកពីរាស្ត្រ
ដែលនៅទីបំផុតទៅរកតែផ្លូវគេចអោយផុតពីបន្ទុកនៃភាពរុងរឿង
របស់ព្រះមហាក្សត្រខ្លួនហើយរត់ទៅជ្រកក្រោមម្លប់ដ៏ត្រជាក់
នៃព្រះពុទ្ធសាសនាថេរវាទដែលប្រៀនប្រដៅ
អោយមនុស្សលោកលះបង់អ្វីៗទាំងអស់ដើម្បីឈោងចាប់យកនិព្វានជាទីបរមសុខ ។
បើតាមពិនិត្យមើលទៅឃើញថាទំនាស់ក្នុងផ្លូវសាសនានេះមានយូរណាស់មក
ហើយគឺតាំងពីក្នុងរជ្ជកាលឧទយាទិត្យវរ្ម័នទី២ម៉្លេះ (១០៥០-១០៦៦) ដោយនៅពេលនោះ
គេឃើញមានការបះបោរបីលើកហើយក្នុងចលនាំទាំងនោះ
ពួកបះបោរបានវាយកម្ទេចសិវលិង្គនិងបដិមាផ្សេងៗខាងព្រាហ្មណ៍សាសនាផង ។
ឯពុទ្ធសាសនាឃើញថាមានការរីកចម្រើនលូតលាស់កាន់តែខ្លាំងជាពិសេស
ក្នុងរជ្ជកាលរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥៥-?)
និងព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨?)
រហូតដល់មានប្រតិកម្មយ៉ាងខ្លាំងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៨ ពីសំណាក់អ្នកកាន់សាសនាព្រាហ្មណ៍ ។
ដូច្នេះយើងឃើញថា វិបត្តិខាងសាសនាកាន់តែរីកធំឡើង
ដោយបន្ទាប់ពីនោះមានស្ដេចខ្លះក៏ត្រឡបទៅកាន់ពុទ្ធសាសនាវិញ
ហើយជាពុទ្ធសាសនាថេរវាទថែមទៀត
ដែលព្រះអង្គម្ចាស់តាមលិន្ទបាននាំចូលស្រុកខ្មែរប្រហែលតាំងពីរជ្ជកាលឥន្ទ្រវរ្ម័នទី២មកម៉្លេះ
ហើយក៏មានស្ដេចខ្លះត្រឡប់ទៅកាន់សាសនាព្រាហ្មណ៍វិញដែរ
រហូតដល់រជ្ជកាលរបស់នាយត្រសក់ផ្អែម និងកូនចៅរបស់គាត់ដែលសោយរាជ្យតរៀងមក
ទើបស្ដេចខ្មែរកាន់ជាប់តែពុទ្ធសាសនារហូតដលើសព្វថ្ងៃ ។
ត្រង់នេះហើយជាហេតុនាំអោយអ្នកប្រវត្តិសាស្ត្រខ្លះយល់ថា
កាលដែលនាយត្រសក់ផ្អែមធ្វើគត់ស្ដេច
ហើយបាននាម៉ឺនសព្វមុខមន្ត្រីលើកអោយឡើងសោយរាជ្យ
ជាបដិវត្តន៍ដណ្ដើមយកអំណាចនយោបាយនិងអំណាចសាសនាដែលនៅជាប់គ្នា
ព្រោះក្នុងសម័យនោះអំណាចទាំងពីរស្ថិតនៅក្នុងការកាន់កាប់
របស់ព្រះមហាក្សត្រទាំងអស់ ។
សង្គ្រាមជាមួយសៀម
បន្ទាប់ពីបានក្លាយទៅជាប្រទេសមក
ស្ដេចសៀមគ្រប់អង្គតែងមានគំនិតយកទឹកដី និងដាក់ប្រទេសកម្ពុជាជាចំណុះ។
សង្គ្រាមជាមួយសៀមម្ដងៗ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ
និងជីវិតប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញសេដ្ឋកិច្ចខ្មែរសល់ឫសគល់ទៀតផង។
ចម្បាំងលើកទី២ជាមួយសៀម
ក្រោយពីព្រះបាទត្រសក់ផ្អែមសោយទីវង្គតទៅ
បុត្ររបស់ព្រះអង្គព្រះនាមនិព្វានបទ បានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៤០ដល់១៣៤៦និងចៅរបស់ព្រះអង្គ
(បុត្រព្រះបាទនិព្វានបទ)ព្រះនាមលំពង់រាជាបានទទួលរាជសម្បត្តិពីឆ្នាំ១៣៤៦ដល់១៣៥១
។
នៅឆ្នាំ១៣៥១ស្ដេចសៀមព្រះនាមរាមាធិបតីក្រោយពីបានតាំងរាជធានីនៅក្រុងអយុធ្យាហើយក៏បានលើកទ័ពចូលមកវាយខ្មែរ
។ តែមុននឹងមកដល់អង្គរទ័ពសៀមត្រូវឧបរាជខ្មែរ (ស្រីសុរិយោទ័យអនុជលំពង់រាជា)
លើកទ័ពទៅស្កាត់វាយបាក់ ទ័ពថយទៅវិញអស់ ។
ព្រះលំពង់រាជានឹកស្មានថាសត្រូវពុំអាចធ្វើអ្វីបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ព
អោយទៅកាន់ទីលំនៅរៀងៗខ្លួនវិញ ។ លុះឮថាសៀមលើកទ័ពចូលមកជាថ្មីម្ដងទៀត
ខ្មែរកែនទ័ពមិនទាន់ក៏ដេញរាស្ត្រអោយចូលក្នុងកំពែងមហានគរហើយកែនពលអោយការពារ ។
ទ័បសៀមមកឡោមព័ទ្ធជុំជិតអស់រយៈពេល១ឆ្នាំ៥ខែ ។
ទ័ពជំនួយខ្មែរជាច្រើនបានលើកពីកន្លែងផ្សេងៗតែដោយមកមិន
ស្មើគ្នាក៏ត្រូវទទួលបរាជ័យ ។ ឯខាងសៀមក៏ចេះតែបញ្ជូនទ័ពមកជាបន្ថែម ។
ព្រះលំពង់រាជាក៏សោយទីវង្គតដោយរោគ ។ សៀមវាយលុកចូលកាន់តែខ្លាំង
ហើយនៅទីបំផុតមេទ័ពសៀម បាសាត វាយទម្លាយបានទ្វារខាងកើត ។
ការប្រយុទ្ធគ្នាក៏មានបន្តទៅទៀតនៅក្នុងក្រុង
ជាហេតុនាំអោយព្រះឧបរាជស្រីសុរិយោទ័យក៏សុគតទៅទៀត ។
ក្នុងគ្រានោះស្ដេចនិងរាជគ្រូបុរោហិតបាននាំយកគ្រឿងសម្រាប់រាជ្យវាយទម្លាយទ័ពសៀមរត់រួចចេញទៅ
។ ប៉ុន្តែរាជធានីអង្គរត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមនៅឆ្នាំ១៣៥២ ។
ក្រោយពីបានអភិសេកបុត្រនាម
ចៅបាសាត អោយឡើងសោយរាជ្យនៅក្រុងអង្គរនិងតែងតាំងចៅហ្វាយខេត្តជាតិសៀមអោយត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិចដែលគេយកបានក្នុងដំណើរវាយលុកចូលក្រុងអង្គរព្រះចៅរាមាធិបតីទ្រង់បានត្រឡប់ទៅក្រុងអយុធ្យាវិញដោយបានកៀររាស្ត្រយក
ទៅជាឈ្លើយនិងដឹកបញ្ជូនទ្រព្យសម្បត្តិអស់ជាច្រើនទៀតផង ។
បុត្ររបស់ព្រះចៅរាមាធិបតីទាំង៣គឺ បាសាត បាអាត និងកំបង់ពិសី
បានឡើងសោយរាជ្យជាបន្តបន្ទាប់នៅក្រុងអង្គរពីឆ្នាំ១៣៥២ដល់១៣៥៧ ។
ពេលនោះព្រះសុរិយោវង្សអនុជព្រះលំពង់រាជាដែលបានភៀសព្រះអង្គទៅប្រទេសលាវ លានជាង នោះបានលើកទ័ពមកវាយយកបាន
ក្រុងអង្គរនៅឆ្នាំ១៣៥៧ ។ ចៅកំបង់ពិសីត្រូវសុគតក្នុងសង្គ្រាម ។
បន្ទាប់មកខ្មែរក៏បានវាយកម្ចាត់សៀមអោយចេញផុតពី នគររាជសីមានៅទិសពាយ័ព្យនិង បស្ចឹមនៅទិសនិរតី
។ ព្រះបាទសុរិយោវង្សបានសោយទីវង្គតនៅឆ្នាំ១៣៦៣ដោយរោគា ។
ក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាបានឡើងសោយរាជ្យស្នងពីឆ្នាំ១៣៦៣ដល់១៣៧៣ ។
ព្រះអង្គបានចងស្ពានមេត្រីជាមួយព្រះចៅហុងវ៉ូនៃរាជវង្សមិង ។
ឯជនជាតិសៀមក៏ពុំបានមកឈ្លានពានខ្មែរទៀតទេ
ដោយជាប់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរីជាច្រើននៅខាងជើងក្រុងអយុធ្យា ។
ចម្បាំងលើកទី៣ជាមួយសៀម
ស្ដេចដែលឡើងសោយរាជ្យនៅឆ្នាំ១៣៧៣
គឺព្រះបាទធម្មាសោកជាព្រះអនុជព្រះបរមរាមា។ គ្រានោះ
នៅប្រទេសសៀមស្ដេចរាមាសូរបានឡើងសោយរាជ្យ
ហើយក៏បន្តនយោបាយពង្វាតទឹកដីរបស់រាមាធិបតីមកលើទឹកដីខ្មែរ ។
ក្រុងអង្គរត្រូវឡោមព័ទ្ធសាជាថ្មីអស់រយៈពេល៧ខែ (ពីខែមិគសិរដល់ខែជេស្ឋ) ។
ដោយឃើញថាមិនអាចប្រយុទ្ធយកជ័យជម្នះលើខ្មែរដោយកម្លាំងអាវុធបាន
ទើបសៀមប្រើឧបាយកលម្ដងវិញ ។ ទាហានសៀមចំនួន១៥នាក់
បានធ្វើកលសុំចុះចូលខាងខ្មែរដោយយកលេសថា ស្ដេចសៀមធ្វើបាបខ្លួនខ្លាំងពេក
ព្រោះតែខ្លួនច្បាំងមិនឈ្នះខ្មែរ ។
នៅទីបំផុតពួកនេះបានរកមធ្យោបាយបើកទ្វារខាងលិចបាន ។
ក្រុងអង្គរក៏ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមជាលើកទី២ (១៣៩៣) ។
ឯព្រះបាទធម្មាសោកក៏បានសោយទីវង្គតនៅពេលដែលសៀមហ៊ុំព័ទ្ធក្រុងអង្គរនោះទៅ ។
ព្រះចៅសៀមបានអភិសេកបុត្រឈ្មោះពញាព្រែក អោយឡើងសោយរាជ្យនៅឆ្នាំ១៣៩៤
(ឥន្ទរាជា) រួចដឹកជញ្ជូនទ្រព្យសម្បត្តិនិងកៀរឈ្លើយខ្មែរ
៧០០០០នាក់ត្រលប់ទៅក្រុងអយុធ្យាវិញ ។
គ្រានោះ ពញាយ៉ាតជាបុត្រសុរិយោវង្សបានរត់រួច
ហើយទៅកែនទ័ពតាំងមូលដ្ឋាននៅទួលបាសាន ។
ចលនារំដោះជាតិដឹកនាំដោយស្ដេចអង្គនេះមានការរីកចម្រើនឆាប់រហ័សណាស់ ។
តែប្រាំខែក្រោយមកទ័ពខ្មែរមានសមត្ថភាពអាចលើកមកវាយរំដោះយកបានក្រុងអង្គរវិញ ។
តែមុននឹងទ័ពធំចូលមកដល់ពញាយ៉ាត
បានបញ្ជាអោយទាហានស្ម័គ្រចិត្ត១២នាក់ធ្វើកលទៅសុំចុះចូលជាមួយនឹងស្ដេចសៀម
ហើយដកអាវុធធ្វើគត់ស្ដេចសៀមនៅនឹងកន្លែងតែម្ដង ។
លុះវាយរំដោះបានរាជធានីហើយពញាយ៉ាតក៏យកស្រីសៀមឈ្មោះស៊ីសាងាម ជាប្អូនជីដូនមួយរបស់ស្ដេចសៀមធ្វើជាស្នំឯកហើយឡើងសោយរាជ្យនៅក្រុងអង្គរជាសុខសាន្តរៀងមកដោយមានមរណនាមថារាជឱង្ការព្រះបរមរាជាធិរាជ ។
កំហូចប្រព័ន្ធធារាសាស្ត្រ
នៅជុំវិញទីក្រុងអង្គរ
ប្រព័ន្ធធារាសាស្ត្រជានយោបាយយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់យកទឹកមកប្រើប្រាស់ក្នុងទីក្រុង
និងស្រោចស្រពដីស្រែរាប់ម៉ឺនហិចតា។ ក្រោយសង្គ្រាមជាមួយសៀម បារាយណ៍ទាំងនេះ
ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើរគ្មានសល់។ ផ្សេងពីនេះ
គ្រោះធម្មជាតិបានធ្វើឲ្យប្រព័ន្ធធារាសាស្ត្រខ្មែរខូចខាតមិនអាចជួសជុលបាន។
ការបាត់បង់កម្លាំងពលកម្មនៃប្រជាករ
សម័យមហានគរ កម្ពុជាមានប្រជាជនប្រហែល២០លាននាក់។ ក្រុងអង្គររឹងមាំដោយសារប្រជាជនបណ្ដាខេត្តខាងលិច
និងខាងជើងច្រើនកុះករ និងអំណោយផលនៃកសិកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ
នៅជុំវិញក្រុងអង្គរ ប្រជាជនប្រកបរបរផ្សេងៗ មានកសិកម្ម សិប្បកម្មនេសាទ
បរបាញ់ ប្រមូលរុក្ខផលព្រៃឈើ ជ័រ វល្លិ … ។ ប្រជាជនភាគច្រើនធូរធារ
និងមានសុខភាពមាំមួន។ ក្រោយសង្គ្រាមសៀមឈ្លានពាន ដែនដីខាងលិច
និងខាងជើងរបស់យើង ត្រូវបាត់បង់ជាមួយប្រជាជនរាប់លាននាក់។ ប្រជាជនដែលសេសសល់
ត្រូវទទួលរងគ្រោះទុរភិក្ស និងជម្ងឺឆ្លង។ ជុំវិញទីក្រុងអង្គរ
និងបណ្ដាខេត្តជិតៗនោះ ក្លាយទៅជាតំបន់រហោស្ថានស្ងាត់ជ្រងំ ដោយសាររោគរាតត្បាត
និងគ្រោះទុរ្ភិក្ស ដែលបណ្ដាលពីទឹកជំនន់ និងការរាំងស្ងួត។
ចំណាកចំណោលអង្គរ
ចំណាកចំណោលអង្គរ
កើតឡើងក្រោយពីយកជ័យជំនះបានលើពួកសៀមឈ្លានពាន។ ពេលពួកសៀមដកថយទៅ
ទីក្រុងអង្គរគ្មានសេសសល់អ្វីទេ សម្បត្តិទ្រព្យដែលមានទាំងប៉ុន្មាន
ត្រូវពួកសៀមប្រមូលយកអស់។ ប្រជារាស្ត្រអង្គរត្រូវសៀមកៀរយកអស់ជាច្រើន។
ខ្លះក៏ភៀសខ្លួនមកភាគខាងត្បូង
ណាមួយព្រោះតែសង្គ្រាមច្រើនលើកពេកធ្វើអោយមនុស្សតិចពេកពិបាកការពាររាជធានីផង ។
នៅឆ្នាំ១៤៣១
ដោយចេះតែរអែងខ្លាចសៀមចូលលុកលុយប្រទេសខ្មែរទៀតព្រះបាទពញាយ៉ាត
ក៏បានសម្រេចព្រះទ័យលើករាជធានីចេញឆ្ងាយពីអង្គរ ។ ការបោះបង់ទីក្រុងចាស់
ទៅនៅតំបន់ភូមិភាគខាងត្បូងនៃប្រទេស
គឺជាការកសាងជីវភាពថ្មីនៃជនជាតិខ្មែរ ក្រោមការដឹកនាំនៃព្រះបាទពញាយ៉ាត ។
ដោយសារតែពេលនោះក្រុងអង្គរនៅចម្ងាយប្រហែល៤០០គ.មពីក្រុងអយុធ្យា ។
ភូមិភាគខាងត្បូងនៃរាជាណាចក្រកម្ពុជា
ពុំបានរងគ្រោះដោយសង្គ្រាមឈ្លានពានពីពួកសៀមទេ។
តំបន់នេះបានផ្ដល់កម្លាំងកាយចិត្ត
ស្បៀងដល់កងទ័ពរបស់ព្រះបាទពញាយ៉ាតក្នុងសម័យរំដោះប្រទេសពីពួកសៀមឈ្លានពាន។
ក្រោយពីបានប្រឹក្សាសួរយោបល់ពីនាម៉ឺនសព្វមុខមន្ត្រីហើយ
ព្រះបាទពញាយ៉ាតក៏ទ្រង់បញ្ជាអោយលើករាជធានីទៅតាំងនៅ ទួលបាសានក្នុងខេត្តស្រីសឈរវិញ
។ តែដោយមានទឹកជំនន់ធំខុសធម្មតា
ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសានទៅតាំងនៅភ្នំដូនពេញ ចតុមុខវិញ ។
No comments:
Post a Comment