Thursday, September 19, 2013

កម្ពុជាសម័យអាណាចក្រភ្នំ


នគរភ្នំជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាហ្វូណន។ នគរភ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុរៈរបស់នគរភ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។
នគរភ្នំ

សតវត្សទី១–៥៥០  →
រាជធានី/រដ្ឋធានី វ្យាធបុរ អង្គរបុរី
ភាសា ខ្មែរបុរាណ
សាសនា ព្រហ្មញ្ញ
របបគ្រប់គ្រង រាជាធិបតេយ្យ
កុរុងវ្នំ
 - សតវត្សទី១ កៅណ្ឌិន្យទី១
 - ៤៨៤-៥១៤ កៅណ្ឌិន្យជ័យវរ្ម័ន
 - ៥១៤-៥៥០ រុទ្រវរ្ម័ន
ប្រវត្តិ
 - បានបង្កើតឡើនៅតំបន់ដីសណ្ដទន្លេមេគង្គនៅវៀតណាមខាងត្បូង សតវត្សទី១
 - បន្តដោយ ចេនឡា ៥៥០
 - បញ្ចប់ដោយ ភ្នំខាងត្បូង ៦២៨
Fúnán 扶南 គឺជាឈ្មោះចិននៃនគរបុរាណដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិព៌ណនាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាមដែលជាពាក្យគ្មានន័យអ្វីឲប្រាកដក្នុងភាសាចិនទេ ។[១] ប្រភេទនៃមនុស្សជាតិពន្ធុភាសានេះ ថាតើភាគច្រើនគឺមន-ខ្មែរ រឺ អូស្ត្រូណេសៀន(Austronesian) គឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួកអ្នកឯកទេស ។ មានមតិខ្លះចាត់ទុកថា ហ៊្វូណនត្រូវនឹងពាក្យថា ភ្នងដោយសំអាងថាកុលសម្ព័ន្ធភ្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបូរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទម្លាប់ខ្លះដូចពួកភ្នងដែរ ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ត្រាចារ្យ អ៊ែល ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងភ្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម (អេម៉ូក្លូប៊ីន) ។[២]ឈ្មោះដើមគឺត្រូវបានគេស្គាល់ទេ ។ ការបកប្រែខ្លះដូចជា នគរភ្នំ ដែលច្រើនស្មានថា ពាក្យហ៊្វូណននេះគឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថាបវ៌តភូបាល រឺ សៃលរាជ ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសំរាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ ។ ចំពោះទម្លាប់ខាងលើនេះ លោក E.Aymomier បានកត់សំគាល់ឃើញថា ក្នុងសម័យបូរាណចិនមិនចេះវែកញែកមនុស្សឲដាច់ពីប្រទេសទេ ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផងរាជធានីផងប្រទេសទាំងមូលផង រឺ ក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង ។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឲកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រភ្នំមានឋានន្តរនាម គូឡុងគឺក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ ។ បើដូច្នេះ ពាក្យ ហ៊្វូណន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រភ្នំគឺកុរុងវ្នំនេះឯង ។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹងព្រះឥសូរៈ ឯកសារចិនបាននិយាយថាព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចំរើនដោយសារនោះផង ។[៣] ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យទូទៅថា ត្បូង ដែលគឺជាករណីយរដ្ឋដ៏ទៃទៀតមានឈ្មោះដូចអណ្ណាម ។
គេមានជំនឿថាវាត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស.នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម [៤]ទោះបីជាលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវបានត្រលប់មកវិញរហូតទាល់តែដល់សតវត្សទី៤ម.គ. ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនជាអាណាចក្រឯកភាពមួយមែន ហ៊្វូណន (ភ្នំ) ប្រហែលជាធ្លាប់ជាសមូហកម្មនៃរដ្ឋបុរីមួយចំនួនជួនកាលបានធ្វើសឹក នឹងរដ្ឋផ្សេងមួយទៀត និងពេលមួយនោះបានរួបរួមនយោបាយឡើងវិញ ។[៥]
តិចតួចណាស់ដែលគេដឹងអំពីហ៊្វូណន លើកលែងតែថាវាគឺជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល តាមភស្តុតាងដោយការរកឃើញនៃទំនិញរ៉ូម៉ាំង ចិន និងឥណ្ឌា កំឡុងពេលកំណាចបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O’Keo រឺ O’Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង ។[៦] រាជធានីនៃនគរភ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរកូនក្រុងបាណាមនៃកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ដែលប្រហែលជាត្រូវបានផ្លាស់ទៅអូរកែវ នៅពេលក្រោយមកទៀត ។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញកូនក្រុងមួយដែលហៅថា វ្យាធបុរ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨]ពីព្រោះតែលោកបានទាញយកឈ្មោះពី តេមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់រឺទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ទេ ។ ភាគច្រើននៃអ្វីដែលគេដឹងពី ហ៊្វូណនរឺនគរភ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិននិងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជាជាទីតាំងដោយបានស្មានទុកថាជា រាជធានីជាច្រើននៃហ៊្វូណនរឺនគរភ្នំ ។ [៩]ហ៊្វូណនរឺនគរភ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង និងជានគរមុនអាណាចក្រខ្មែរ ។


ប្រវត្តិសាស្ត្រ

កំណើត

នគរភ្នំត្រូវបានគេជឿថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស. នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម[៤] ទោះបីជាលំនៅដ្ឋាននៃមនុស្សដ៏ច្រើន នៅតំបន់នេះប្រហែលជាបានបាត់បង់ហើយទាល់តែដល់សតវត្សទី៤ម.គ.ក៏បានមកវិញ ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយក៏ដោយ ក៏ហ៊្វូណនរឺនគរភ្នំ ប្រហែលជាបណ្ដុំនៃរដ្ឋបុរីដែលជួនកាលបានធ្វើចម្បាំងជាមួយ នឹងរដ្ឋដ៏ទៃផ្សេងមួយទៀត ហើយនៅពេលក្រោយមកទៀតក៏បានបង្រួបបង្រួមនយោបាយឡើងវិញ ។[៥]ដើមកំណើតដ៏ជាក់ស្ដែងនៃពួកអ្នកនគរភ្នំគឺជាប្រជាជនដើមរបស់ពួកគេ ដែលតាំងលំនៅនៅភាគខាងត្បូងនៃវៀតណាមសព្វថ្ងៃនេះ ដែលចាត់ទុកខ្លួនឯងថាជា ខ្មែររឺខ្មែរក្រោម ។ ពាក្យខ្មែរ ក្រោម មានន័យថាខាងក្រោម រឺ ប៉ែកខាងក្រោមនៃ សំដៅលើភាគក្រោមនៃទឹកដីខ្មែរដែលត្រូវបានធ្វើអាណានិគម ដោយវៀតណាមហើយក្រោយមកទៀតបានប្រែក្លាយ ជាផ្នែកមួយនៃវៀតណាមរហូតដល់សព្វថ្ងៃនេះ ។ នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេនៅមានកង្វែងគំនិតគ្នាអំពីទីតាំងនគរភ្នំនៅឡើយ ។ មានអ្នកប្រាជ្ញខ្លះដូចជាលោកវីលផ្វដ (Wilford) គាត់ថាហ៊្វូណនស្ថិតនៅត្រង់ប្រទេសម៉ាឡេស៊ី ។ លោកអា.រ៉ែមមុសាត (A.Remusat) លោកថាហ៊្វូណនជាអាណាខេត្តរបស់ចិន ស្ថិតនៅត្រង់តុងកឹង ។ លោកខ្លាបផ្រថ (Klaproth) និង ផូសៀ (Pauthier) ថាហ៊្វូណនត្រូវនឹងដែលនដីប៉េគូ និងប្រទេសភូមា ។ លោកដឺឃ្វីនណេស (Dequines) ថាត្រូវនឹងកោះមួយនៅខាងលិចប្រទេសសៀម ។ ឯលោកបាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្រតេណាស្សេរីម ក្រៅពីនេះអ្នកសិក្សាឯទៀតយល់ថាហ៊្វូណនស្ថិតនៅត្រង់ប្រទេសខ្មែររឺប្រទេសសៀម ។ ដើម្បីឲអស់ចម្ងល់ចំពោះទីតាំងរបស់ហ៊្វូណន យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើងវិញ ។ ឯកសារចិនបានផ្ដល់ព៌តមានថាដូចតទៅ៖
១. ហ៊្វូណនមានចម្ងាយ ៣០០០លី ខាងលិចប្រទេសលីនយី
២. ហ៊្វូណនមានចម្ងាយ ៧០០០លី ចេណាន (Jenan) (តុងកឹង)
៣.ហ៊្វូណនមានទំហំ៣០០០លី ក្រោយពង្រីកធំដល់ ៥០០០រឺ៦០០០លី
៤.ហ៊្វូណនស្ថិតនៅក្នុងឈូងសមុទ្រធំមួយ
៥.មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្រ ។ បើសិនគិតថា១លីប្រវែង៥៧៦ម៉ែត្រចម្ងាយពីលីនយីមកហ៊្វូណនមាន១៧២៨គ.ម.គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ កម្ពុជាក្រោមនិងប្រទេសថៃកណ្ដាល ។ ឈូងសមុទ្រក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅ ក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គរឺបើនិយាយឲចំទៅគឺទន្លេសាបនឹងឯង ។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលហ៊្វូណន ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ ។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នា ហើយតែចំណុចមួយទៀតដែលអ្នកសិក្សានៅមិនហ៊ានអារកាត់នៅឡើយ គឺរឿងរាជធានីដំបូងរបស់ហ៊្វូណន ។ បើតាមសិលាចារឹកសម័យក្រោយៗមកទៀតបានឲដឹងថាក្រុងវ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្តិទូចាត់ទុកថាជារាជធានីមួយរបស់នគរភ្នំ ។ ចិនហៅរាជធានីនេះថា តូមូ ដែលលោកសឺដេសថាត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់រឺទល្មាក់ (អ្នកទាក់ដំរី) ។ លោកយល់ទៀតថា ក្រុងវ្យាធបុរនេះស្ថិតនៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ ។ ព្រះភិក្ខុប៉ាង ខាត់ក៏មានព្រះយោបល់ដូច្នេះដែរ ។ ព្រះអង្គបានសរសេរថា រាជធានីវ្យាធបុរ តាំងនៅតំបន់បាភ្នំទំនងជានៅភ្នំខ្សាច់បច្ចុប្បនេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិងបុរាណទេវរូបជាច្រើននៅទីនោះ ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វ.ទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេស្វរតំកល់នៅទីនោះ ។ គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹងដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី ។ តើយើងអាចកត់សំគាល់ថាឈ្មោះទាំងនេះ ជាអនុស្សាវរីយ៍រំលឹកដល់ ទីតាំងរាជធានីអាណាចក្រភ្នំបានទេ ? តាមប្រវត្តិរាជវង្សលាង ក្រុងនេះស្ថិតនៅប្រហែល២០០លីពីសមុទ្រ បើគិតទៅគឺត្រូវនឹងចម្ងាយពីបាភ្នំទៅ អូរកែវ ដែលជាកំពង់ផែមួយរបស់ហ៊្វូណន ។ នៅពេលសង្គ្រាមលោកលើកទីពីរ លោក ល្វីស ម៉លឡឺរ៉េត (Louis Malleret) អ្នកប្រាជ្ញបារាំងបានធ្វើកំណាយផ្សេងៗក្នុងដែនដីសណ្ដទន្លេមេគង្គ ហើយបានរកឃើញរមណីយដ្ឋាន អូរកែវនេះដែល លោកចាត់ទុកថាជាកំពង់ផែធំរបស់ហ៊្វូណន ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេខេត្តក្រមួនស គេបានជីករកឃើញខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុផ្សេងទៀតជាច្រើន ខ្លះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រទេសឥណ្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង ។ ដោយហេតុនេះហើយបានជាមានមតិខ្លះអូរកែវជារាជធានីដំបូងរបស់ហ៊្វូណន ។ ប៉ុន្តែអ្នកប្រាជ្ញខ្លះទៀតយល់ឃើញផ្សេង ដូចលោក ហ្សង់ បូអ៊ីសេលី (Jean Boisselier) យល់ថារាជធានីហ៊្វូណនស្ថិតនៅត្រង់វាលទំនាបខាងក្រោមទន្លេមេណាមវិញ ដោយសំអាងលើការរកឃើញរូបសំណាកខ្លះដែលធ្វើពីដីឥដ្ឋ ។ បើតាមលោកគិតថារបស់នេះធ្វើនៅក្នុងស្រុកមិនមែនជារបស់យកពីក្រៅឡើយ ។ ប៉ុន្តែអ្នកប្រាជ្ញបារាំងរូបនេះយល់ដែរថា នៅចុងសម័យហ៊្វូណនរាជធានីត្រូវបានប្ដូរទៅតាំង នៅម្ដុំនៅជិតពាមទន្លេមេគង្គខាងត្បូងប្រទេសកម្ពុជា ។[១០] មានកំណត់ត្រាជាច្រើនជាភាសាចិន ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ផ្ដើមជាមួយ សានគ័រ ជឺ (Sānguó zhì 三 國志) (កំណត់ត្រានៃនគរបី) ដែលបានបញ្ចប់ហើយនៅឆ្នាំ២៨៩នៃគ.ស.ដោយលោក ឆិន សូវ (Chén Shòuរឺ陳壽 ) (២៣៣-២៩៧) ក្នុងនោះអង្គទូតមានតែពីរប៉ុណ្ណោះមក ពីហ៊្វូណនរឺនគរភ្នំអំឡុងសតវត្សទី៣ត្រូវបានកត់ត្រាថា៖អង្គទូតលើកទីមួយទៅកាន់ លោក លូ តាយ (Lǚ Dài 呂待) ចៅហ្វាយខេត្តនៅភាគខាងត្បូងនៃនគរអ៊ូចិន 吳 ឧ.រវាងឆ្នាំ២២៥និង២៣០គ.ស. លើកទី២នៅឆ្នាំ២៤៣ ។[១១] ក៏ប៉ុន្តែប្រភពក្រោយៗទៀតដូចជា លាង ស្ឈូ (Liáng shū 梁書រឺសៀវភៅលាង) ដោយលោក យ៉ាវ ឆា (Yáo Chá 姚察) (៥៣៣-៦០៦) និង យ៉ាវ ស៊ីលាន (Yáo Sīlián 姚思廉) (ម.៦៣៧) បានបញ្ចប់នៅឆ្នាំ៦៣៦ យោងទៅតាមគណៈទូតនៃពួកបេសកជនចិន លោក ខាង ថាយ (Kāng Tài 康泰)និង ជូ អ៊ីង (Zhū Yīng 朱應) នៅសតវត្សទី៣ ។
ពង្សាវតារនៃរាជវង្សលាងកត់ត្រាអំពីរឿងរ៉ាវនៃជនបរទេសដែលមានឈ្មោះថា ហ៊ុន ទៀន (Hùntián 混塡) ៖ លោកបានមកពីប្រទេសខាងត្បូង ជាវ (Jiào 徼) (ឧបទ្វីបម៉ាឡេរឺប្រជុំកោះឥណ្ឌូនេស៊ី?) បន្ទាប់ពីបានសុបិន្តថាទេវតារក្សាខ្លួនព្រះអង្គបានប្រគល់ធ្នូទិព្វទៅទ្រង់ ហើយក៏បានបង្គាប់ព្រះអង្គចេញដំណើរតាមសំពៅជំនួញដ៏ធំមួយ ។ ព្រះអង្គបានចេញដំណើរនៅពេលព្រឹកទៅកាន់ប្រាសាទមួយ ជាកន្លែងដែលព្រះអង្គរកឃើញធ្នូមួយនៅឯគល់នៃដើមឈើរបស់ទេពារក្សនោះ ។ ព្រះអង្គក្រោយមកបានឡើងសំពៅមួយ ដែលទេពារក្សបានបណ្ដាលឲចិត្តទៅដល់ដីហ៊្វូណនរឺនគរភ្នំ ។ ម្ចាស់ក្សត្រីនៃប្រទេសនេះ គឺព្រះនាង លីវ យី (Liǔyè 柳葉) ស្លឹកសូល ចង់ឆ្មក់យកសំពៅនិងពន្លិចវា ដូច្នេះហើយព្រះបាទហ៊ុន ទៀនបានបាញ់ព្រួញចេញពីធ្នូទិព្វដែលបានទម្លុះសំពៅរបស់លីវ យី ។ ដោយភិតភ័យ ព្រះនាងបានប្រគល់ខ្លួនចុះចាញ់ ហើយហ៊ុន ទៀនបានយកព្រះនាងធ្វើជាព្រះមហេសីរបស់ព្រះអង្គ ។ ប៉ុន្តែដោយមិនសប្បាយចិត្តដែលឃើញព្រះនាងស្រាតននល ព្រះអង្គក៏បានដណ្ដប់វត្ថុអ្វីមួយដើម្បីធ្វើជាសម្លៀកបំពាក់ ដែលព្រះអង្គបានបំពាក់កន្លងព្រះសិរសាព្រះនាង ។ ក្រោយមកទៀតទ្រង់ក៏បានគ្រប់គ្រងប្រទេសនេះ នឹងបន្តអំណាចទៅបុត្រារបស់ព្រះអង្គ ដែលជាស្ថាបនិកនៃទីក្រុងទាំងប្រាំពីរ ។ ស្ទើរតែជារឿងដូចគ្នាហើយបានលេចឡើងក្នុង ជិន ស្ឈូ (Jìn shū 晉書រឺពង្សាវតាររាជវង្សជិង) បានចងក្រងដោយលោក ផ្វាង សៀនលីង (Fáng Xuánlíng 房玄齡) (៥៧៨-៦៤៨) នៅឆ្នាំ៦៤៨គ.ស. ដែលមានត្រឹមតែឈ្មោះត្រូវបានផ្លាស់ប្ដូរទៅជា ហ៊ុនហួយ (Hùnhuì 混湏) និង យ៉េលាវ (Yèliǔ 葉柳) ។ ពួកអ្នកប្រាជ្ញខ្លះបានព្យាយាមបញ្ចូលទេវកថានេះ ជាមួយរឿងមួយនៃព្រាហ្មណ៍ម្នាក់ ដែលមាននាមថា កៅណ្ឌិន្យដែលបានរៀបអភិសេកជាមួយបុត្រីនាគ (ពស់) ដែលមានព្រះនាមថាសោមា ដែលដំបូងយោងទៅតាមសិលាចារឹកចាមមួយ ដែលមានចុះកាលបរិច្ឆេទ៦៥៨គ.ស. (សូមមើលខាងក្រោម) ។ វីខខឺរី (Vickery) [១២] បានច្រើនចោលដោយកែតម្រូវទៅលើភាពដូចគ្នានេះ ដោយបង្ហាញថា ហ៊ុនទៀន មានត្រឹមតែពីរព្យាង្គប៉ុណ្ណោះ (ការបញ្ចេញសំលេងបានសង់ឡើងវិញគឺអនុលោមតាម ភូឡេប៊្លែងខ៍ [១៣] γwәn dεn): “…វាគួរឲភ្ញាក់ផ្អើលថាគ្មានឯកសារណាដែលបានផ្ដល់នូវព្យាង្គទីបី [a] ទេ ដោយហេតុថា តាមការសិក្សាខាងចិនវិទ្យាបានសង្កត់ធ្ងន់ថា ភាសាចិនមានសមត្ថភាពដ៏អស្ចារ្យ ក្នុងឈ្មោះកត់តាមភាសាមួយទៅភាសាមួយទៀតជាប្រព័ន្ធពីប៉ែកដ៏ទៃទៀតនៃអាស៊ី ជាពិសេសឈ្មោះនោះជាភាសាឥណ្ឌា ។” បន្ថែមលើនេះ គឺគួរឲកត់សំគាល់ដែរ ដែលថារឿងនេះក៏មិនសំដៅថាហ៊ុនទៀនជាព្រាហ្មណ៍ រឺក៏មិនសំដៅថាលីវយីជាបុត្រីនាគដែរ ។ បន្ថែមទៀតនោះដែរ ការប្រែជាភាសាចិននៃកៅណ្ឌិន្យ រឺ Koṇḍañña, Koṇḍinya ។ល។ គឺ ឈាវឆិនយូ (Qiáochénrú 僑陳如) ។[១៤] មនុស្សម្នាក់ដែលត្រូវបានយកមកវែកញែកដែរនៅក្នុង លាង ស្ឈូ (Liáng shū) តាមរយៈប្រភពនេះ Qiáochénrú គឺជាអ្នកស្នងរាជ្យនៃព្រះបាទ ធៀនជូ ចានថាន (Tiānzhú Zhāntán 天竺旃檀) (“ឆានតាណារឺCandana មកពីឥណ្ឌា”) ជាព្រះរាជាមួយអង្គនៃនគរភ្នំ ដែលបានបញ្ជូនដំរីផ្សាំមួយចំនួននៅក្នុងឆ្នាំ៣៥៧គ.ស.ជាសួយសារទៅព្រះចៅអធិរាជចិន ស៊ឺម៉ា តាន (Sīmǎ Dān 司馬聃) (រ.៣៤៤-៣៦១ ឈ្មោះជាអនុស្សាវរីយ៍៖មូទី រឺ Mùdì 穆帝)៖ ព្រះអង្គឈាវឆិនយូ[Qiáochénrú]ដើមឡើយជាព្រាហ្មណ៍ម្នាក់មកពីឥណ្ឌា ។ មានសំលេងមួយប្រាប់ទ្រង់ថា៖ʻលោកត្រូវតែទៅសោយរាជ្យនៅហ៊្វូណនរឺនគរភ្នំʼ ហើយព្រះអង្គបានសប្បាយក្នុងហឫទ័យណាស់ ។ នៅភាគខាងត្បូងព្រះអង្គក៏បានមកដល់ផានផាន (Pánpán 盤盤) ។ ប្រជារាស្ត្រហ៊្វូណនរឺនគរភ្នំបានសំដែងទៅកាន់ព្រះអង្គថា នគរទាំងមូលបានរះឡើងជាមួយភាពសប្បាយរីករាយ បន្ទាប់ពីទ្រង់បានមកដល់ ហើយបានជ្រើសរើសទ្រង់ជាស្ដេច ។ ព្រះអង្គបានផ្លាស់ប្ដូរច្បាប់ទាំងអស់ ដើម្បីអនុលោមតាមប្រព័ន្ធនៃប្រទេសឥណ្ឌា ។” ឈ្មោះកៅណ្ឌិន្យគឺល្បីល្បាញចាប់ពីមានសិលាចារឹក នៅភាគខាងត្បូងប្រទេសឥណ្ឌានៅសហវត្សទី១គ.ស. និងវាហាក់ដូចជាថានគរភ្នំគឺត្រូវបានគ្រប់គ្រងឡើង នៅសតវត្សទី៦ដោយវង្សត្រកូលនៃឈ្មោះដដែលនេះ ។ តាមរយៈ ណានឈីស្ឈូ (Nán Qí shū 南齊書 រឺ កំណត់ត្រាប្រវត្តិសាស្ត្រនៃរាជវង្សឈីខាងត្បូង”) ដោយលោក សៀវ ជឺសៀន រឺ Xiāo Zīxiǎn 簫子顯 (៤៨៥-៥៣៧) ស្ដេចហ៊្វូណនរឺនគរភ្នំ ឈាវឆិនយូ ស្ឆឺយ៉េប៉ាមុ រឺ Qiáochénrú Shéyébámó 僑陳如闍耶跋摩 (កៅណ្ឌិន្យជ័យវរ្ម័ន) បានបញ្ជូនព្រះសង្ឃមួយអង្គនៅឆ្នាំ៤៨៤នាម ណាជីសៀន រឺ Nàjiāxiān 那伽仙 (នាគសេន) ផ្ដល់សេចក្ដីថ្លែងការណ៍ទៅ កាន់ព្រះចៅអធិរាជចិននិងសុំឲព្រះចៅអធិរាជ នៅពេលតែមួយឲជួយនៅក្នុងការធ្វើសញ្ជ័យលីនយី រឺ Línyí 臨沂 (ភាគខាងជើងចាម្ប៉ា) …ព្រះចៅអធិរាជចិនបានអរព្រះគុណទៅកាន់ព្រះបាទស្ឆឺយ៉េប៉ាមុ រឺ Shéyébámó ចំពោះការថ្លែងប្រាប់របស់ព្រះអង្គ ក៏ប៉ុន្តែមិនបានបញ្ជូនកងទ័ពទៅតទល់នឹងលីនយី រឺ Línyíទេ” ។[១៥]
មួយនៅក្នុងចំណោមសិលាចារឹកដំបូងបង្អស់ របស់កម្ពុជាពីប្រាសាទប្រាំល្វែងនៅ“វាលទំនាបដើមត្រែង” (ថាផមឿយ រឺ Tháp Mười) នៅកូសាំងស៊ីន (K. 5) សំដៅលើព្រះអង្គម្ចាស់មួយអង្គព្រះនាមគុណវរ្ម័ន បុត្រាក្មេងជាងគេ (nṛpasunu—bālo pi) នៃព្រះបាទជ័យវរ្ម័នរឺJa[yavarman] គឺជាអ្នក“ដែលជាប់សោមវង្សនៃវង្សកៅណ្ឌិន្យ (… kauṇḍi[n]ya[vaṅ]śaśaśinā …) និងជាអធិបតី“នៃអាណាចក្រដែលបានទាញចេញពីភក់” ។[១៦] ញាតិខាងកៅណ្ឌិន្យនេះគឺល្បីល្បាញមែនទែន ដែលជាបិតានៃស្ថាបនិករបស់ព្រះអង្គនៅពេលក្រោយមកទៀត (ពីសតវត្សទី៧ក្រោមមកខាងមុខទៀត) គឺត្រូវបានរចនាជាឥសីក្នុងទេវកថានៃវីរកថាឥណ្ឌា មហាភារតៈ ទោះបីជាតួអង្គនេះជាតួអង្គមិនសូវសំខាន់ក៏ដោយ ដែលជាឈ្មោះដែលគេបានបិទបាំង ។ ជាលើកទីមួយរឿងនេះបានលេចឡើងនៅក្នុងសិលាចារឹកម៉ាយសឺន C. ៩៦ ដែលបានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ១៨កុម្ភៈ ឆ្នាំ៦៥៨គ.ស. (វគ្គទី១៦-១៨)[១៧]: “វានៅទីនោះគឺជា[រាជធានីខ្មែរ ភវបុរ ] ដែលព្រះបាទកៅណ្ឌិន្យ ជាអ្នកដំបូងក្នុងចំណោមពួកព្រាហ្មណ៍បានពួយលំពែង ដែលលោកបានទទួលពីបុត្ររបស់ទ្រោញៈ អស្វត្ថាម័ន ជាព្រាហ្មណ៍ដ៏ល្បីក្នុងចំណោមពួកព្រាហ្មណ៍ ។ មានបុត្រីនៃស្ដេចភុជង្គនាគមួយអង្គ ព្រះនាមសោមា ដែលបានសាងគ្រួសារនៅក្នុងលោកនេះ ។ ដោយបានសម្រេច តាមរយៈក្ដីស្នេហា ចំពោះការសម្រេចដ៏ចម្លែកទាំងស្រុង ព្រះនាងបានរស់នៅក្នុងសំណាក់នៃមនុស្ស ។ ព្រះនាងត្រូវបានក្លាយជាព្រះមហេសីព្រាហ្មណ៍ដ៏ប្រសើរកៅណ្ឌិន្យ ជាហេតុនៃកិច្ចការដែលគួរឲជឿជាក់ (ការបំពេញ)… [១៨] ក៏ប៉ុន្តែ រឿងនេះមានក្នុងសម័យក្រោយហ៊្វូណនរឺនគរភ្នំទេ ។ ទេវកថានិយាយពីដើមកំណើតដូចគ្នានេះមាន នៅក្នុងរឿងព្រេងខ្មែរបានដាក់ព្រះនាមឲព្រះថោងចំពោះព្រះអង្គម្ចាស់នេះ និងនាងនាគចំពោះម្ចាស់ក្សត្រីវិញ ។ ក្នុងកំណែប្រែនេះ ព្រះថោងមកដល់តាមសមុទ្រមកកោះមួយ ដែលទ្រង់បានកត់សំគាល់ឃើញដើមធ្លកយក្សធំមួយមានដើមកំណើតនៅកម្ពុជា ។ នៅលើកោះនោះ ទ្រង់បានដឹងថាជាលំនៅនៃពួកនាគហើយព្រះអង្គបានជួបនឹងនាងនាគ បុត្រីនៃស្ដេចភុជង្គនាគ ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាង ដោយទទួលបានពរជ័យពីព្រះបិតាក្មេកព្រះអង្គ ហើយក៏ត្រលប់មកពិភពមនុស្សលោកវិញ ។ ស្ដេចនាគបានផឹកទឹកសមុទ្រដែលនៅជុំវិញកោះ និងផ្ដល់នាមដល់កោះនោះថាកម្ពុជាធិបតី ដែលជាភាសាសំស្ក្រឹត(Kambujādhipati) ប្រែថាស្ដេចនៃកម្ពុជា ។ នៅក្នុងកំណែប្រែផ្សេងមួយទៀត ត្រូវគេថ្លាថ្លែងថាព្រះថោងបានប្រយុទ្ធនឹងនាងនាគ ។ ជាការបន្តបន្ទាប់នៃទេវកថាដើមកំណើតដដែលនេះ បញ្ជាក់ថាខ្មែរសម័យបច្ចុប្បន្ននេះគឺជាកូនចៅ នៃប្រជារាស្ត្រហ៊្វូណនរឺនគរភ្នំនេះឯង ។[១៩][២០][២១] ហើយទោះបីជារឿងទាំងនេះមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏អាចបង្ហាញការពិតដល់ យើងខ្លះដែរជាមិនខានថាគឺមានធាតុបរទេសមួយគឺ ឥណ្ឌាបាននាំអរិយធម៌របស់ខ្លួនមកផ្សំផ្ដុំជាមួយនិងអរិយធម៌របស់អ្នកអាយ (មាននាងនាគជាតំណាង) ដើម្បីបង្កើតអរិយធម៌ចំរុះមួយដែលបានវិវត្តរហូតដល់សព្វថ្ងៃនេះ ។ ម្យ៉ាងទៀតព្រឹត្តិការណ៍ទាំងនេះ ត្រូវតែបានកើតឡើងក្នុងគ្រិស្តសតវត្សទី១ ព្រោះថានៅសតវត្សបន្ទាប់មកទៀត ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រត្រូវបានកត់ត្រាដោយសិលាចារឹកផង និងដោយអ្នកប្រវត្តិសាស្ត្រចិនផង ។[២២]

រាជវង្សដំបូង

បើតាមពង្សាវតាររាជវង្សលាង ហ៊ុនទៀនមានបុត្រម្នាក់ដែលបានទៅត្រួតត្រាលើទឹកដីមួយផ្នែកដែលមានក្រុងប្រាំពីរ ។ ក្នុងចំណោមអ្នកសោយរាជ្យតមកមានស្ដេចឈ្មោះហ៊ុនប៉ានហួង ។ ស្ដេចអង្គនេះបានប្រើឧបាយកលផ្សេងៗដើម្បីឲក្រុងទាំងនោះបែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់ ។ បន្ទាប់មកបានចាត់ឲកូនចៅរបស់ព្រះអង្គគ្រប់គ្រងត្រួតត្រា ក្រុងទាំងនោះម្នាក់មួយៗ ។ ស្ដេចហ៊ុនប៉ានហួង បានសោយទីវង្គត់នៅពេលមានជន្មា៩០វស្សា ។ បុត្រទី២ឈ្មោះប៉ានប៉ាន ត្រូវលើកឲឡើងសោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲមេទ័ពម្នាក់ឈ្មោះហ្វានចេម៉ាន់មើលខុសត្រូវ ។ ស្ដេចប៉ានប៉ានបានសោយរាជ្យបានតែ៣ឆ្នាំក៏បានសោយទីវង្គត់ទៅ ។ ប្រជារាស្ត្រក៏បានព្រមព្រៀងគ្នាឲលើកហ្វានចេម៉ាន់ឲឡើងសោយរាជ្យជំនួស ។ ស្ដេចអង្គនេះមានសេចក្ដីក្លាហាន ហើយមានឫទ្ធានុភាពណាស់ ព្រះអង្គបានលើកទ័ពទៅវាយយកប្រទេសជិតខាងដាក់ជាចំណុះអស់ជាច្រើន ។ ព្រះអង្គទ្រង់ប្រកាសខ្លួនថាជាមហារាជនៃហ៊្វូណន ។ បន្ទាប់មកទ្រង់បញ្ជាឲធ្វើសំពៅធំៗជិះកាត់សមុទ្រទៅវាយនគរជាង១០ ដែលក្នុងចំណោមនោះមាននគរ គីវទួគុន (k’iu-tou-k’ouen) កៀវឆេ (Kieou-tche) ទៀនស៊ុន (Tien-Souen) ។ ព្រះអង្គបានពង្រីកទឹកដីធំរហូតដល់៥រឺ៦ពាន់លី ។
អ្នកប្រវត្តិសាស្ត្រនិយមចាត់ទុកដោយសមហេតុផលថា ហ្វានចេម៉ាន់នេះត្រូវនឹងស្ដេចស្រីមារៈ ដែលមានឈ្មោះចារនៅក្នុងសិលាចារឹកវ៉ូកាញ់ (ខេត្តញ៉ាត្រាង-ប្រទេសវៀតណាមសព្វថ្ងៃ) ដែលពីដើមគេយល់ច្រឡំថាជារបស់ចាម្ប៉ា តែក្រោយមក គឺចាបពីគ.ស.១៩២៧ លោកល្វីស ភ្វីណូត (Louis Finot) ចាត់ទុកថាជារបស់សាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំទៅវិញ ។[២៣]
ឯកសារចិនបានបញ្ជាក់ថាស្ដេចហ្វាន់ចេម៉ាន់បានសោយទីវង្គត់នៅពេលលើកទ័ពទៅវាយរដ្ឋ គីនលីន (កំពែងមាស) ដែលលោកសឺដេស ថាត្រូវនឹងសុវណ្ណភូមិ (ដីមាសក្នុងអត្ថបទបាលី)រឺ សុវណ៌កុដ្យ(កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូងរឺលើជ្រោយម៉ាឡេយូ) ។ នៅពេលដែលទ្រង់ប្រឈួន ហ្វាន់ចេម៉ាន់ ទ្រង់បានបញ្ជូនរាជបុត្រឈ្មោះ គិនចេង ឲទៅសោយរាជ្យជាជំនួសព្រះអង្គ ។ ពេលនោះក្មួយព្រះអង្គឈ្មោះ ឆាន (កូននៃបងស្រីរបស់ព្រះអង្គ) ដែលជាមេត្រួតទ័ព២០០០នាក់ ក៏បានជ្រែករាជ្យធ្វើគត់រាជទាយាទគិនចេង ។ ពេលដែលហ្វាន់ចេម៉ាន់បានសោយទីវង្គត់ទៅ ព្រះអង្គនៅមានបុត្រមួយអង្គទៀតប៉ុន្តែនៅបៅដោះនៅឡើយ ។ បុត្រអង្គនោះឈ្មោះឆាងបានរស់នៅក្នុងចំណោមប្រជារាស្ត្រ ។ លុះធំបានព្រះជន្ម២០វស្សាបានប្រមូលស្ម័គ្របក្សពួកទៅធ្វើគត់ឆានវិញ ។ ក៏ប៉ុន្តែមេទ័ពម្នាក់របស់ឆានបានធ្វើគត់ព្រះអង្គ ហើយបានឡើ់ងសោយរាជ្យវិញ ។ ព្រះអង្គទ្រង់បានបញ្ជាឲក៏សាងកន្លែងកំសាន្តផ្សេងៗ ។ ព្រឹកនិងថ្ងៃត្រង់ ទ្រង់ប្រទានសវនការ​ ៣រឺ៤ដង ។ ជនបរទេសនិងប្រជារាស្ត្របានថ្វាយ ចេក អំពៅអណ្ដើក និងសត្វបក្សី… ។ ព្រឹត្តិការណ៍នេះបានកើតឡើងតាំងពីហ្វាន់ចេម៉ាន់សោយទីវង្គត់ និងរហូតដល់ហ្វាន់ស៊ីយុនឡើងសោយរាជ្យគឺនៅរវាងឆ្នាំ២២៥និង២៥០ ។ នៅចន្លោះកាលកំណត់ទាំងពីរនេះ ក្នុងរជ្ជកាលរបស់ ហ្វានឆាន ដែលអាណាចក្រភ្នំមានទំនាក់ទំនងជាមួយនឹងរាជវង្សមុរុណ្ឌនៅឥណ្ឌានិងបញ្ជូនរាជទូតទី១ទៅកាន់ចិន ។ បើតាមពង្សាវតារនគរបីចិនហ្វានឆាននេះ ហើយបានបញ្ជូនរាជទូតទី១ទៅប្រទេសចិននៅឆ្នាំ២៤៣នៃគ.ស.ដើម្បីនាំភ្លេងនិងផលិតផលទៅថ្វាយស្ដេចចិន ។ គេអាចចោទសួរថាតើហ្វានឆាននេះហើយ ដែលជាអ្នកនិពន្ធសិលាចារឹកវ៉ូកាញ់ដែលអះអាងថាព្រះអង្គជាញាតិនៃព្រះបាទស្រីមារៈ ?
ហ្វានស៊ីយុនបានឡើងសោយរាជ្យបន្តពីហ្វានឆាន ក្រោយពីបានធ្វើគត់បុត្ររបស់ព្រះបាទហ្វាន់ចេម៉ាន់រួច បានទទួលនៅប្រមាណឆ្នាំ២៤៥-២៥០នូវគណៈទូតរបស់លោកខាង ថាយ និងលោកឈូយីង ដែលបានមកជួបគ្នាជាមួយទូតឥណ្ឌានៅក្នុងរាជវាំង ។ បន្ទាប់ពីនោះស្ដេចហ្វាន់ស៊ីយុន ក៏បានបញ្ជូនទៅប្រទេសចិនវិញនៅរវាងឆ្នាំ២៦៨ដល់២៨៧ហើយដែលបានកត់ត្រានៅក្នុងពង្សាវតាររាជវង្សជិងចិន ។ តាមការប៉ាន់ស្មានការបញ្ជូនទូតបីលើកចុងក្រោយក្នុងឆ្នាំ២៨៥ដល់២៨៧ ទំនងជាហុចផលដល់សន្ទុះនៃជំនួញផ្លូវសមុទ្រក្រោយ ពីប្រទេសចិនបានឯកភាពឡើងវិញ ដោយរាជវង្សជិងព្រោះព្រឹត្តិការណ៍នេះបានបំពេញ ដល់សេចក្ដីត្រូវការវត្ថុប្រណីតរបស់ពួកស្ដេចចិនជាច្រើន ។[២៤]

រុងរឿងនិងធ្លាក់ចុះ

តាមស្ដេច ព្រះបាទ ផ្វាន់ ចេម៉ាន់ រឺ Fàn Shīmàn បានពង្រីកកងទ័ពជើងទឹករបស់អាណាចក្ររបស់ព្រះអង្គ និងបង្កើនការិយាធិបតេយ្យរបស់នគរភ្នំ ដោយបង្កើតនូវទម្រង់ដូចសក្ដិភូមិដែលបន្សល់ទំនៀមទម្លាប់ និងអត្តសញ្ញាណតាមតំបន់ដែលនៅដដែលភាគច្រើន ជាពិសេសក្នុងការឈានមុខបន្ថែមជាច្រើនទៀតរបស់អាណាចក្រនេះ ។ ព្រះបាទ ផ្វាន់ ចេម៉ាន់ រឺ Fàn Shīmàn និងអ្នកបន្តរាជ្យពីព្រះអង្គក៏បានបញ្ជូនពួកឯកអគ្គរាជទូតទៅកាន់ចិន និងឥណ្ឌាដើម្បីធ្វើពាណិជ្ជកម្មជាទៀងទាត់តាមសមុទ្រ ។ នគរនេះទំនងប្រហែលជាបានពន្លឿនទៅមុខដោយដំណាក់កាល នៃឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍ ។ នគរជាច្រើនក្រោយមកទៀតនៃអាស៊ីអាគ្នេយ៍បានប្រណាំងប្រជែង តាមរាជវាំងហ៊្វូណនរឺនគរភ្នំ ។ ពួកអ្នកភ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយម និងពាណិជ្ជកម្មផ្ដាច់មុខដ៏ខ្លាំងក្លា ដែលបានក្លាយជាគំរូមួយសំរាប់អាណាចក្រជាច្រើននៅក្នុងតំបន់ ។
ស្ដេចហ្វានស៊ីយុនបានសោយរាជ្យដល់ឆ្នាំ២៨៩ ។ ពីនេះតទៅសតវត្សទី៤គ្មានឯកសារណានិយាយពីអាណាចក្រភ្នំសោះ ។ ពង្សាវតាររាជវង្សជិងនិងលាងបាននិយាយថានៅឆ្នាំ៣៥៧ ស្ដេចនគរភ្នំឈ្មោះធៀនឈូ ឆានតានបានលើកសួយដំរីផ្សាំងទៅថ្វាយស្ដេចចិន ។ ធៀនឈូគឺជាឈ្មោះដែលចិនហៅប្រទេសឥណ្ឌា ។ ដូច្នេះពាក្យថាធៀនឈូ ឆានតាននេះមានន័យថាឥណ្ឌាឈ្មោះ ឆានតាន ។ បើតាមលោកឡឺវី (S.Levi) ឆានតានគឺជាពាក្យកត់សូរសំលេងchandan ដែលមានឋានន្តរនាមរបស់ឥណ្ឌូ-ស៊ីថជាពិសេសរបស់រាជវង្សកុសាណៈ ។ គួរគប្បីបញ្ជាក់ថាពួកកុសាណៈនេះបានលើកទ័ពទៅវាយប្រទេសឥណ្ឌា ហើយត្រួតត្រាតំបន់ទន្លេគង្គាយ៉ាងហោចរហូតដល់ក្រុងពារាណសី ។ នៅគ.ស.៣៥៧ប្រទេសឥណ្ឌាត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សគុប្តដឹកនាំដោយព្រះចៅសមុទ្រគុប្ត ។ ដូច្នេះពួកស៊ីថក៏ត្រូវបានកម្ចាត់ ។ ដូច្នេះហើយបានជាពួកកុសាណៈបានភៀសខ្លួនមកសុវណ្ណភូមិ ហើយជាពិសេសបានមកដល់នគរភ្នំដូចជាករណីរបស់ព្រះបាទ ធៀនឈូ ឆានតាននេះឯង ។ អ្នកសិក្សាយល់ថាប្រហែលជាស្ដេចអង្គនេះ ហើយដែលនាំមកនូវសិល្បៈចម្លាក់ដូចជាអាវផាយរបស់ព្រះសូរ្យនិងម្កុដរាងបំពង់របស់ព្រះវិស្ណុ ។ ការបញ្ចេញបែបនេះគឺដោយសារការរកឃើញរបស់ខ្លះនៅរមណីយដ្ឋានអូរកែវហើយដែលបង្ហាញពីទំនាក់ទំនងនគរភ្នំនិងពិភពអ៊ីរ៉ង់ ដូចជាដុំថ្មឆ្លាក់រូបពិធីបួងសួងចំពោះព្រះអគ្គី និងពេជ្រមានរូបស្ដេចនៃរាជវង្សសាស្សានីដ (Sassanide) ។
ចំពោះរជ្ជកាលស្ដេច ធៀនឈូ ឆានតាននេះព្រឹត្តិការណ៍ដែលគេដឹងច្បាស់មានតែមួយគត់ គឺការលើកសួយទៅថ្វាយស្ដេចចិននៅឆ្នាំ៣៥៧ ។ ក្រោយពីនោះអ្នកប្រវត្តិសាស្ត្រគឺជួបប្រទះនឹងកង្វះឯកសារម្ដងទៀតព៌តមាន ដែលទាក់ទងនឹងនគរភ្នំគេអាចដឹងចាប់ពីចុងសតវត្សទី៤ប៉ុណ្ណោះ ។
នៅពាក់កណ្ដាលទី១នៃសតវត្សទី៥ គេឃើញមានការផ្សព្វផ្សាយអរិយធ៌មឥណ្ឌាមានសន្ទុះយ៉ាងខ្លាំង នៅតំបន់សុវណ្ណភូមិ ។ អ្នកប្រវត្តិវិទូខិតខំស្វែងរកតើអ្វីទៅជាមូលហេតុ ។ តាមគេប៉ាន់ស្មានមើលមកពីការវាយលុករបស់ព្រះបាទសមុទ្រគុប្ត (៣៣៥-៣៧៥) នៅឥណ្ឌាខាងត្បូង ប្រហែលជាបណ្ដាលឲមានជនភៀសខ្លួនមកកាន់បូព៌ាប្រទេស ។ រួចហើយលោកឡឺវី ថាប្រហែលជាការវាយលុករបស់ស្ដេចនេះហើយនៅតំបន់ទន្លេគង្គានេះ ទើបបណ្ដាលឲមានជនជាតិស៊ីថម្នាក់មកសោយរាជ្យនៅអាណាចក្រភ្នំនៅឆ្នាំ៣៥៧ ។ នេះគឺជាជំហានដំបូងនៃចលនាទូលំទូលាយ នៃលំហូរនៃអរិយធ៌មឥណ្ឌា មកលើតំបន់ដែលរងឥទ្ធិពលនៃអរិយធ៌មឥណ្ឌាស្រាប់ទៅហើយពីសំណាក់ពួកស្ដេច ព្រាហ្មណ៍និងពួកបញ្ញវន្តចាប់ពីកណ្ដាលស.វ.ទី៤ដល់កណ្ដាលនៃសតវត្សទី៥ ។
គឺនៅក្នុងពេលជាមួយគ្នានេះហើយ ដែលអាណាចក្រភ្នំទទួលនូវសន្ទុះថ្មីនៃការផ្សាយអរិយធ៌មឥណ្ឌា ។
រាជពង្សាវតារចិនបានកត់ទុកថាក្នុងចំណោមស្ដេចសោយរាជ្យបន្តបន្ទាប់ ពីធៀនឈូ ឆានតាន គឺមានស្ដេចម្នាក់មានឈ្មោះថាគាវឆេនយូ (កៅណ្ឌិន្យ) ជាព្រាហ្មណ៍មានដើមកំណើតនៅប្រទេសឥណ្ឌា ។ គេដំណាលថាមានសំលេងអាថ៌កំបាំងមួយ បានបញ្ជាឲព្រាហ្មណ៍នេះទៅសោយរាជ្យនៅនគរភ្នំ ។ កៅណ្ឌិន្យមានសេចក្ដីត្រេកអរខ្លាំងណាស់ ហើយក៏បានធ្វើដំណើរទៅស្រុកប៉ានប៉ាននៅខាងត្បូង ។ អ្នកស្រុកនគរភ្នំមានសេចក្ដីត្រេកអរណាស់បាននាំគ្នាទៅជួប ហើយបានលើកលោកឲឡើងសោយរាជ្យ ។ ស្ដេចអង្គនេះបានរៀបចំក្បួនច្បាប់តាមបែបឥណ្ឌា ។ ក្នុងចំណោមស្ដេចសោយរាជ្យក្រោយមកទៀត ដូចជាមានឈ្មោះស្ដេចមួយអង្គឆេលីតោប៉ាម៉ោ (ស្រីឥន្ទ្រវរ្ម័ន រឺ ស្រេស្ឋវរ្ម័ន) បាននាំសួយនិងដង្វាយទៅថ្វាយស្ដេចក្រុងចិនជាច្រើនលើកគឺនៅឆ្នាំ៤៣៤-៤៣៥និង៤៣៨ ។ គឺស្ដេចអង្គនេះហើយដែលចង់រក្សាចំណងមិត្តភាពជាមួយចិន ហើយបានប្រកែកមិនចូលរួមជាមួយចាម្ប៉ាដើម្បីដណ្ដើមយកខេត្តតុងកឹងរបស់ចិន ។
តាមពង្សាវតារជិងខាងត្បូងនិយាយថាប្រហែល១០ក្រោយកាលកំណត់៤៣១-៤៣២ ក៏មានស្ដេចសោយរាជ្យបន្តនៅអាណាចក្រភ្នំដែរ ដែលស្ដេចអង្គនោះព្រះនាមថាចោយ៉ាប៉ាម៉ោ (ជ័យវរ្ម័ន) ដែលមាននាមត្រកូលគាវឆេនយូ បានសេចក្ដីថាជាស្ដេក្នុងរាជវង្សកៅណ្ឌិន្យដែរ ។ តាមលោកប៉េ.ប៉េលីអុត (P.Pelliot) គឺស្ដេចអង្គនេះបានបញ្ជូនឈ្មួញទៅគ័ងតុងប្រទេសចិន ហើយពេលពួកឈ្មួញនេះត្រឡប់មកវិញត្រូវខ្យល់បក់ទៅទើរលើប្រទេសលីនយី ដែលមានព្រះសង្ឃឥណ្ឌាមួយអង្គព្រះនាមថានាគសេន ដែលបានធ្វើដំណើរទៅជាមួយដែរ ។ ព្រះភិក្ខុអង្គនេះបាននិមន្តមកអាណាចក្រភ្នំតាមផ្លូវកាត់ នៅឆ្នាំ៤៨៤ ត្រូវព្រះបាទជ័យវរ្ម័នបានចាត់ឲនាំដង្វាយទៅព្រះចៅក្រុងចិន និងស្នើសុំទ័ពជំនួយមកបង្ក្រាបមន្ត្រីម្នាក់ (រឺបុត្រ) ដែលបានជ្រែករាជ្យនៅចាម្ប៉ា ។ ប៉ុន្តែស្ដេចក្រុងចិនមិនយល់ព្រមតាមសំណុំពរ ហើយដើម្បីថែរក្សចំណងមិត្តភាពទ្រង់បានថ្វាយត្រឡប់មកវិញនូវ​ សំពត់ព្រែដែលមានព៌ណប្លែកប៉ុណ្ណោះ ។ ក្នុងរាជ្យស្ដេចអង្គនេះហើយដែលព្រះសង្ឃពីរអង្គអាណាចក្រភ្នំ បានទៅបកប្រែគម្ពីរនៅប្រទេសចិនគឺ សង្ឃបាល និងមន្ត្រសេន ។ នៅគ្រឹស្តសករាជ៥០៣ព្រះអង្គបានចាត់ឲយករូបព្រះពុទ្ធដែលធ្វើពីផ្កាថ្ម និងវត្ថុផ្សេងៗទៅថ្វាយស្ដេចក្រុងចិន ។
ដោយសារសេចក្ដីរាប់អានពីសំណាក់ស្ដេចចិន គេអាចចាត់ទុកថារជ្ជកាលរបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នជា រជ្ជកាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រភ្នំ ។
ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នសុគតនៅឆ្នាំ៥១៤ ។ ព្រះអង្គពុំបានបន្សល់ទុកនូវសិលាចារឹកទេ ។ តែព្រះអគ្គមហេសីព្រះអង្គព្រះនាមកុលប្រភាវតី និងបុត្រព្រះនាមគុណវរ្ម័នបានបន្សល់ទុកនូវសិលាចារឹក ។
ក្នុងសិលាចារឹកដំបងដែក(ខាងត្បូងខេត្តកែវ) ព្រះនាវកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម ។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យសំរាប់តំកល់ព្រះវិស្ណុបាទ ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវរ្ម័ន ដែលជាបុត្ររបស់ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ន ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាព្រះបាទរុទ្រវរ្ម័ននេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បីដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក ។ រុទ្រវរ្ម័នជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្នំ ។ ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧និង៥៣៥ ។ រាជទូតនគរភ្នំបាននាំសួយថ្វាយស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង៣ម៉ែត្រ ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲយកព្រះកេសនោះទៅប្រទេសចិនវិញ ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះ និយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្នំនៅរវាងគ.ស.៥៣៥ និង៥៤៥ដើម្បីឲអធិរាជនគរភ្នំបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតនបានមកនគរភ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស.៥៤៦ ។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវរ្ម័នឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲអាណាចក្រភ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ។[២៥]
នគរភ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលជាអ្នកដែលមិនអាចប្រកែកបានថាគឺជាពួកខ្មែរ ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទ ដោយខ្លីបន្ទាប់ពីការធ្លាក់ចុះនៃហ៊្វូណនរឺនគរភ្នំ ហើយការចុះកាលបរិច្ឆេទទាំងនោះរបស់កាលបរិច្ឆេទ ក្រោយមកទៀតត្រូវបានប្រមូលនៅកម្ពុជាភាគខាងត្បូងនិយាយថា ពួកខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម ។[២៦] វីខខឺរីបានឲយោបល់ថា“តាមភស្តុតាងបច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយបញ្ជាក់អះអាងថាហ៊្វូណនរឺនគរភ្នំជាតំបន់មួយ និងពួកក្រុមត្រួតត្រាគេដែលមិនមែនជាជនជាតិខ្មែរ” ។[២៧] ហ៊្វូណនត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃអាណាចក្រខ្មែរ ។

អង្គការ

ដោយថែរក្សាក្នុងគំនិតថាកំណត់ហេតុរបស់នគរភ្នំ មិនបាននៅសេសសល់មកដល់សម័យបច្ចុប្បន្នទេ ភាគច្រើននូវអ្វីដែលយើងដឹងគឺបានមកពីកំណាយខាងបុរាណវត្ថុ ។ កំណាយជាច្រើនបានហុចជាលទ្ធផលជារបកគំហើញមួយចំនួននៃសំណង់កំពែងឥដ្ឋ ឧបករណ៍ធ្វើពីលោហៈ និងគ្រឿងស្មូនយ៉ាងជាក់លាក់ដែលបានមកពីកម្ពុជាខាងត្បូងនិងវៀតណាម ។ ផងដែរការស្ថាបនាប្រព័ន្ធប្រឡាយធំៗភ្ជាប់ទីលំនៅដ្ឋាននៅអង្គរបុរី និងច្រកចេញទៅកាន់ឆ្នេរសមុទ្រ នេះផ្ដល់នូវផែនការរដ្ឋបាលដែលបានរៀបចំលំដាប់ខ្ពស់ ។[២៨] នគរភ្នំ ជាសង្គមដែលស្មុគស្មាញនិងពិបាកយល់ ដែលមាននៅសន្ទភាពអត្រាប្រជាជនខ្ពស់ ដោយបានអភិវឌ្ឍបច្ចេកទេស និងប្រព័ន្ធសង្គមដ៏ស្មុគស្មាញត្រួតត្រាលើតំបន់នេះ នៃប្រទេសកម្ពុជាពីព្រោះដោយសារតែសមត្ថភាព នៃប្រជារាស្ត្រខ្មែរផលិតស្បៀងអាហារក្នុងវាលទំនាបដ៏សំបូរ ដោយជីជាតិរបស់កម្ពុជា ។ បើតាមឯកសារប្រវត្តិសាស្ត្រខ្មែរត្រឹងងារ គេនិយាយថានគរភ្នំយករបបគ្រប់គ្រងរដ្ឋតាមបែបឥណ្ឌា ។ ព្រះរាជាត្រូវគង់ក្នុងប្រាសាទឈើដែលមានច្រើនជាន់ ហើយមានសង់របងព័ទ្ធជុំវិញ ។ ព្រះរាជាយកឋានន្តរនាមជាក្រុងវ្នំព្រោះយកតាមភ្នំដែលព្រះអង្គធ្វើសក្ការបូជាចំពោះព្រះមហេស្វរ (ម៉.ស៊ីសូវឡ ) និងមានតម្កល់លិង្គព្រះគិរិសគឺឈ្មោះព្រះឥសូរដែលសណ្ឋិតលើនោះ ។ ដោយសារតែស្ដេចជាតំណាងនៃអាទិទេពដូច្នោះ ហើយទើបព្រះអង្គមានអំណាចទូលំទូលាយណាស់ ។ រាជ្យសម្បត្តិត្រូវតពីបិតាទៅបុត្រនេះ ជាមូលហេតុឲមានវិបត្តិរាជវង្សច្រើនគ្រា ។ ប៉ុន្តែរាស្ត្រក៏អាចលើកវរជនដែលខ្លួនពេញចិត្តឲឡើងសោយរាជ្យដែរ តួយ៉ាងដូចជាស្ដេចហ្វាន់ចេម៉ាន់ និងកៅណ្ឌិន្យទី២ជាដើម ។
ព្រះរាជានគរភ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចហ្វាន់ចេម៉ាន់បានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមក ដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាមរឺម៉ាលេយូ ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី ។ ដោយហេតុនេះហើយទើបយើងហៅ អាណាចក្រភ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជាមហារាជរឺជាសាវ៌កៅ (ស្ដេចចក្រវាឡ) ។ រដ្ឋដែលក្រោមអំណាចអាណាចក្រភ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់រដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរភ្នំរៀងរាល់ឆ្នាំ រដ្ឋនេះគេហៅថាសាមន្តរាជ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ រឺ ព្រះញាតិរបស់ស្ដេចអាណាចក្រភ្នំគេហៅថាវិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រភ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ប៉ុន្តែត្រូវរំលាយចោលវិញដោយព្រះបាទហ៊ុន ប៉ានហួងវិញ ។ គួរកត់សំគាល់ដែលថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ណាស់គឺ ដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួន នឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋចេនឡានៅស.វ.ទី៦ ។
ក្នុងវិស័យនយោបាយក្រៅប្រទេសនគរភ្នំនិយមចងស្ពានមេត្រី ជាមួយប្រទេសធំៗដូចជាចិននិងឥណ្ឌា ។ វិស័យនយោបាយក្រៅប្រទេសនេះមមាញឹកចាប់តាំងពីរាជ្យស្ដេចហ្វាន ឆាន មកម៉្លេះ ។ ទំនាក់ទំនងនេះមានក្នុងវិស័យនយោបាយ ពាណិជ្ជកម្មនិងវប្បធ៌មផង ។
មន្ត្រីក្នុងរាជការនៅប្របអធិរាជគឺមន្ត្រីពីរបែបគឺមន្ត្រីឆ្វេង និងមន្ត្រីស្ដាំ ។ មន្ត្រីឆ្វេងនៅអង្គុយនៅឆ្វេងនិងមន្ត្រីស្ដាំអង្គុយនៅស្ដាំ ដែលមានសក្ដិធំជាមន្ត្រីឆ្វេង ។ ក្រៅពីមន្ត្រីទាំងនេះនៅមានមន្ត្រីផ្សេងទៀតឈរត្រួតត្រាតាមខេត្ត ។ ព្រះអង្គតែងប្រទានសវនការជាញឹកញាប់ជាមួយរាស្ត្រ​ និងជនបរទេសដែលយកដង្វាយមកថ្វាយ ។ ក្នុងករណីនេះព្រះអធិរាជទ្រង់ប្រថាប់ទម្លាក់ព្រះបាទឆ្វេងដល់ដី ហើយបញ្ឈរព្រះបាទស្ដាំរួចគេក្រាលកំរាលមួយផ្ទាំង ចំពោះព្រះភក្ត្រព្រះអង្គដើម្បីយកភាជន៍មាស និងភាជន៍ដុតគ្រឿងក្រអូបមកតំកល់លើកំរាលនោះ ។ ពេលយាងចេញក្រៅរឺយាងចូលមកវិញព្រះអង្គតែងគង់ប្រថាប់លើដំរី ។ ឯពួកស្រីស្នំនិងពួកមន្ត្រីជាបរិវារក៏ជិះដំរីដែរ ។ ព្រះអធិរាជទ្រង់សព្វព្រះហឫទ័យនឹងការបរបាញ់ ដោយទ្រង់យាងចេញម្ដងៗរាប់ខែ ។ នៅអាណាចក្រភ្នំរាស្ត្រច្រើនបង់ពន្ធដារជាមាស ប្រាក់ ត្បូង គុជ រឺ គ្រឿងក្រអូបផ្សេងៗ ។ គេមិននិយមធ្វើគុកដាក់ជនទុច្ចរិតទេ ។ បើកាលណាទោសស្រាលគេពិន័យ ផ្ទុយទៅវិញបើទោសធ្ងន់គេយកអ្នកមានទោសនោះទៅឲក្រពើរឺសត្វសាហាវស៊ី ។ បើសិនជាសត្វទាំងនោះមិនស៊ីអស់ពេល៣ថ្ងៃគេនឹងលែងជននោះមកវិញ ។[២៩]

ស្ថានភាពប្រជាករ

អ្នកស្រុកនគរភ្នំរស់នៅដោយប្រមូលផ្ដុំជាកុលសម្ព័ន្ធ។ នៅដើមគ្រិស្តសករាជ ដោយសារកំណើនផលិតផល និងកំណើនប្រជាជន នគរភ្នំបានក្លាយទៅជារដ្ឋមួយ ដែលមានព្រះនាងលីវយីជាអ្នកគ្រប់គ្រង។ អ្នកស្រុកនគរភ្នំកាត់សក់ជ្រងផ្កាថ្កូវ លែងខ្លួនទទេ ស្លៀកសំពត់ញ៉ុក ហើយចោះត្រចៀក ពាក់ត្រសាល់ទាំងប្រុសទាំងស្រី។ ខ្មែរបុរាណជាអ្នកដំណើរតាមសមុទ្រដ៏ចំណាន ហើយប្រើមាស ប្រាក់ សំរឹទ្ធ និងសំណ ធ្វើជាប្រាក់ចាយ។
បើតាមឯកសារចិនបានបញ្ជាក់ថាអ្នកស្រុកនគរភ្នំ សម្បុរខ្មៅ សក់រួញអង្គារដី រូបច្រើនមិនសូវបាន ។ ព៌តមានអាចបញ្ជាក់ពីលក្ខណៈនរវិទ្យារបស់ជនជាតិខ្មែរ-មនជាទូទៅជាពិសេសជនជាតិខ្មែរនេះឯង ។ ដែលចិននិយាយពីសម្បុរខ្មៅ ក្ដីរូបមិនសូវល្អក្ដីគឺគេនិយាយប្រៀបទៅនឹងលក្ខណៈរបស់ជនជាតិចិន ។ ដោយកង្វះឯកសារជាភាសាខ្មែរ ទើបអ្នកសិក្សាបានបញ្ចេញផ្សេងៗអំពីម្ចាស់ដើមនៃនគរភ្នំនេះ៖ អ្នកខ្លះយល់ថារដ្ឋនេះជារដ្ឋឥណ្ឌា ខ្លះទៀតថាជារដ្ឋមនរឺខ្មែរ មនផងរឺម៉ាឡេយូទៅវិញ ។ តាមការពិតជាតិទាំងនោះសុទ្ធតែបានរស់នៅនគរភ្នំ ហើយអ្នកខ្លះជាអ្នកគ្រប់គ្រងគេ (ខ្មែរនិងឥណ្ឌាខ្លះ) ឯអ្នកខ្លះទៀតត្រូវគេគ្រប់គ្រង (មន-ម៉ាឡេយូ) (ចំពោះបញ្ហានេះសូមមើលអត្ថបទ ហ៊្វូណនជារដ្ឋខ្មែររឺពុំមែនទេ? ចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាស្ថានខ្មែរមានលេច ៥ខែសីហា គ.ស.១៩៧៣) ។
ឯកសារចិនដដែលនេះបាននិយាយទៀតថា មនុស្សនៅអាណាចក្រភ្នំច្រើនលែងខ្លួន អ្នកក្រស្លៀកសារុងអំបោះដើរជើងទទេ អ្នកមាននិងនាម៉ឺនស្លៀកសារុងចរបាប់ពាក់ស្បែកជើង ។ ផ្ទះសង់ខ្ពស់ពីដីមានប្រក់ស្លឹកចាក (?) ដែលមានដុះនៅតាមមាត់សមុទ្រហើយមានការតុបតែង ។ ផ្ទះទាំងនោះសុទ្ធសង់ពីឈើដែលគេកាប់ពីព្រៃ ហើយសង់ផ្ដុំគ្នាជាភូមិពី៥០ទៅ៦០ ហើយមានស្រះទឹកមួយសម្រាប់យកទឹកប្រើប្រាស់រួមគ្នា ។
មនុស្សនៅអាណាចក្រភ្នំត្រង់ណាស់ (ឯកសារខ្លះថាលោភលន់) មានការប៉ិនប្រសប់និងខិល ព្រោះចូលចិត្តចាប់អ្នកនៅក្រុងជិតខាង ដែលមិនគោរពរាប់អានខ្លួនធ្វើជាខ្ញុំកំដរ ។ ពេលទំនេរចូលចិត្តលេងប្រជល់មាន់និងជ្រូក ។
សង្គមនៅអាណាចក្រភ្នំជាសង្គមមេនិយមគឺទុកស្ត្រីជាធំទាំងក្នុងគ្រួសា រនិងសង្គមតួយ៉ាងដូចរឿងព្រះនាងលីវយីទៅច្បាំង ជាមួយហ៊ុនទៀនជាភស្តុតាងជាក់ស្ដែង ។ ពិធីបុណ្យការនិងបុណ្យសពមានលំនាំដូចនៅលីនយីដែរ ហើយស្រីៗនិយមទៅដណ្ដឹងប្រុសៗ ។ នេះគឺធាតុមួយនៃអត្ថិភាពនៃលទ្ធិមេនិយមទៀតដែរ ។ ចិនបានកត់សំគាល់ថានៅក្នុងគ្រួសារពួកស្រីប្រុសអាចទាក់ទងគ្នា បានតាមទំនើងចិត្ត ។
ក្នុងករណីកាន់ទុក្ខគេត្រូវកោរសក់និងពុកមាត់ ឯពិធីរំលាយសពមានបួនយ៉ាង៖ ១.បោះសពចោលទៅក្នុងទន្លេ ២.បូជាដោយភ្លើង ៣.យកសពទៅកប់ ៤.យកសពទៅ ដាក់ចោលក្នុងព្រៃស្មសានឲសត្វស៊ី ។ ក្នុងករណីបូជាដោយភ្លើងគេនិយមយកធាតុ ដែលនៅសេសសល់ពីដុតដាក់ក្នុងកោដិបិទជិត ហើយយកទៅបោះចោលក្នុងទន្លេ ។ ព្រះមហាក្សត្រប្រើកោដិមាស មន្ត្រីនាម៉ឺនប្រើកោដិប្រាក់ រាស្ត្រសាមញ្ញប្រើកោដិដី ។ អ្នកស្រុកអាណាចក្រភ្នំចូលចិត្តយកវិធីចម្លែកដើម្បីរកសេចក្ដីពិត ។ កាលណាមានបាត់របស់អ្វីមួយគេតែងពូតបាយមួយពំនូត យកទៅដាក់មុខទេព្ដាហើយបួងសួងឲរកមុខជនទុច្ចរិត ។ ស្អែកឡើងគេចែកឲបានទៅខ្ញុំកំដរនៅក្នុងផ្ទះឲបរិភោគ៖ ក្នុងមាត់ចោរវានឹងមានហូរឈាមចេញមកនិងមិនអាចទំពារបាយផង ឯមាត់ជនទៀងត្រង់បាននោះនិងរអិលចូលទៅក្នុងមាត់បានយ៉ាងស្រួល ។ ម្យ៉ាងទៀតកាលណាជនណាជាប់ចោទគេឲជននោះអត់បាយបីថ្ងៃ រួចគេតម្រូវឲលូកយកវត្ថុផ្សេងៗ ចេញពីទឹកកំពង់ពុះរឺកាន់ពូថៅរឺច្រវាក់ដុតក្រហមដើរ៧ជំហាន ។ បើមានកំហុសមែនដៃជននោះនឹងរលាយរលួយ ផ្ទុយទៅវិញនឹងគ្មានកើតអ្វីទាំងអស់ ។[៣០]

វប្បធ៌ម


គោលថ្មចារឹកនេះបានរកឃើញ នៅថាបមឿយក្នុងខេត្តដុងថាបវៀតណាមនិងឥឡូវបានតាំង នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រ នៅទីក្រុងហូជីមិញគឺជាសំណេរមួយ នៅក្នុងចំណោមសំណេរ ដែលនៅសេសសល់តិចតួច ដែលវាអាចត្រូវគេសន្និដ្ឋាន ដោយជឿទុកចិត្តថាជារបស់នគរភ្នំ ។ អត្ថបទគឺជាភាសាសំស្ក្រឹតដែលត្រូវបានចុះកាលបរិច្ឆេទពាក់កណ្ដាល នៃសតវត្សទី៥នៃគ.ស. និងប្រាប់នូវការឧបត្ថម្ភ ដោយព្រះអង្គម្ចាស់គុណវរ្ម័ន ជាអ្នកគោរពដល់ព្រះវិស្ណុ ។
នៅរវាងសតវត្សទី១នៃគ.ស. ព្រះនាងលីវយីបានធ្វើសង្គ្រាមចាញ់ព្រះបាទហ៊ុនទៀន ដែលជាជនជាតិឥណ្ឌា។ ចាប់ពីពេលនោះមកព្រះបាទហ៊ុនទៀនបានក្លាយជាព្រះមហាក្សត្ររបស់នគរភ្នំ។ អរិយធម៌ឥណ្ឌាមាន ភាសា សាសនា សិល្បៈជាដើម ក៏បានជ្រាបចូលទៅក្នុងសង្គមខ្មែរចាប់ពីពេលនោះមក។
តុលាការខ្មែរ ប្រើប្រាស់ច្បាប់តុលាការឥណ្ឌា រួមជាមួយនឹងតុលាការតាមបែបប្រពៃណីខ្មែរ។ របបគ្រប់គ្រងរដ្ឋបាលខ្មែរអនុវត្តតាមរបបរាជានិយមបែបឥណ្ឌា។ ប៉ុន្តែមិនបែងចែកវណ្ណៈនៅក្នុងសង្គមតាមបែបឥណ្ឌាទេ។ ឯការបន្តមត៌ក ខ្មែរនៅតែប្រកាន់យកប្រពៃណីរបស់ខ្លួនដដែល។
វប្បធ៌មហ៊្វូណនត្រូវបានលាយចំរុះគ្នានៃជំនឿតាមបែបអ្នកស្រុកដើម និងគំនិតទស្សនៈបែបឥណ្ឌា ។ នគរនេះត្រូវបានគេនិយាយថាត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ដោយវប្បធ៌មឥណ្ឌា ប្រហែលជាតាមរយៈក្រុមនគរកណ្ដាលមួយចំនួនដូចជាទ្វារវតី រឺ ម៉ាឡេយូ [៣១]ហើយនិងការជួលពួកឥណ្ឌាក្នុងគោលបំណងគ្រប់គ្រងរដ្ឋបាលរដ្ឋមួយចំនួន ។ សំស្ក្រឹតគឺជាភាសានៅក្នុងវាំង និងពួកអ្នកហ៊្វូណនរឺនគរភ្នំបានឧបត្ថម្ភទំនុកបំរុងដល់ព្រហ្មញ្ញសាសនា និងបន្ទាប់មកសតវត្សទី៥ លទ្ធិព្រះពុទ្ធសាសនា ។ គេពុំបានដឹងថាតើសាសនាណាមួយបានចូលមកស្រុកខ្មែរមុនទេ បើតាមឯកសារខ្លះគេថាព្រះបាទអសោកទ្រង់ បានបញ្ជូនសមណទូតពីរអង្គមកជ្រោយសុវណ្ណភូមិ ដើម្បីសព្វផ្សាយព្រះពុទ្ធសាសនានៅសតវត្សទី៣មុនគ.ស. ។ គេមិនដឹងថាសុវណ្ណភូមិនេះត្រូវត្រង់ណាឲប្រាកដទេ ។ អ្នកស្រាវជ្រាវគ្រាន់តែស្របថាសុវណ្ណភូមិនេះត្រូវ នឹងភូមិភាគអាស៊ីអាគ្នេយ៍នេះឯង ។ ម្យ៉ាងទៀតបុរាណវត្ថុទាក់ទងនឹងព្រះពុទ្ធសាសនាដែលគេរកឃើញ នៅតំបន់នេះគេឃើញមានអាយុកាលត្រឹមតែពីសតវត្សទី៣-៤នៃគ.ស.ប៉ុណ្ណោះ ។ គេឆ្ងល់ថាបើផ្សាយតាំងពីសតវត្សទី៣មុនគ.ស.ហេតុអ្វីបានជាឲផ្លែផ្កានៅសតវត្សទី៣- ៤នៃគ.ស.ទៅវិញ គឺអស់រយៈពេល៦រឺ៧ស.វ.? បើទោះជាបែបនេះក្ដីក៏គេដឹងថាព្រះពុទ្ធសាសនា ដែលយកប្រទេសយើងដំបូងគឺពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹត ដែលពួកឥណ្ឌានៅអមរវតីរាប់អាននៅស.វ.ទី២-៣នៃគ.ស. ។ នេះបើតាមសិលាចារឹកវ៉ូកាញ់និងតាព្រហ្មបាទី ។ ព្រះពុទ្ធសាសនារុងរឿងនៅសតវត្សទី៥ និងទី៦ក្នុងរជ្ជកាលស្ដេចកៅណ្ឌិន្យជ័យវរ្ម័ននិងរុទ្រវរ្ម័ន ដោយមានការបញ្ជូនព្រះសង្ឃជាតិខ្មែរ និងឥណ្ឌាទៅប្រទេសចិន ។[៣២]កាក់លុយនៅស្ថានីយអូរកែវត្រូវបានរកឃើញ ដោយមានសិលាចារឹកជាច្រើនជាភាសាបាលី ដែលបង្ហាញនូវវត្តមាននៃព្រះពុទ្ធសាសនា ក្នុងតំបន់នេះក្បែរៗសតវត្សទី៥នៃគ.ស. ។[៣៣] កំណត់ត្រាជាច្រើនបង្ហាញថាការប្រមូលពន្ធត្រូវបង់ជា ប្រាក់ មាស គុជខ្យង និងឈើក្រអូប ។ លោក ខាង ថាយ រឺ Kāng Tài 康泰 និង ជូ អ៊ីង រឺ Zhū Yīng 朱應 បានរាយការណ៍ថាប្រជាជនហ៊្វូណនបានអនុវត្តរបបទាសភាព និងការវិនិច្ឆ័យត្រូវបានកាត់សេចក្ដីតាមរយៈការល្បងនិងពិសោធន៍ រួមមានដូចជាវិធីជាច្រើនតាមការរើសយកច្រវាក់ដែកក្រហមក្ដៅ និងយកមកវិញនូវចិញ្ចៀននិងស៊ុតចេញពីទឹកកំពុងតែពុះ ។
ភស្តុតាងខាងបុរាណវត្ថុឆ្លើយតបយ៉ាងទូលំទូលាយដល់កំណត់ត្រារបស់ចិន ។ ពួកចិនបានពិពណ៌នាពួកអ្នកនគរភ្នំជាមនុស្សដែលរស់នៅលើផ្ទះសសរខ្ពស់ៗ ដាំស្រូវនិងបញ្ជូនពន្ធមាស ប្រាក់ ភ្លុក និងសត្វប្លែកៗ ។[៣៤]
របាយការណ៍របស់លោក ខាង ថាយ និង ជូ អ៊ីងគឺមិនបញ្ចើចបញ្ចើដល់អរិយធ៌មហ៊្វូណនទេ ថ្វីបើដូច្នោះក៏ដោយកំណត់ត្រាសវនការរាជវាំងចិន បង្ហាញថាក្រុមតន្ត្រីករហ៊្វូណនបានមកទស្សនៈកិច្ចប្រទេសចិន ក្នុងឆ្នាំ២៦៣ ។ ព្រះចៅអធិរាជចិនមានចំណាប់អារម្មណ៍ណាស់ ដោយព្រះអង្គចេញព្រះរាជបញ្ជា ឲមានការបង្កើតឡើងនូវវិទ្យាស្ថានមួយសំរាប់តន្ត្រីអ្នកហ៊្វូណន ក្បែរណានជីង ។[៣៥]ពួកអ្នកនគរភ្នំត្រូវបានរាយការណ៍ផងដែរ ថាមានការចងក្រងសៀវភៅដ៏ច្រើននិងដាក់ទុកជាឯកសារទូទាំងប្រទេស ដោយបង្ហាញនូវកម្រិតខ្ពស់នៃស្នាដៃខាងសិក្សាធិការ ។ ប៉ុន្តែឯកសារទាំងនោះត្រូវបាត់បង់អស់ហើយ ដែលធ្វើឲយើងមិនដឹងថាតើអក្សរដូនតាយើងក្នុងសៀវភៅយ៉ាងម៉េចទេ ។ បើតាមសិលាចារឹក៤ផ្ទាំងភាសាផ្លូវការគឺភាសាសំស្ក្រឹត ដូច្នេះមិនបានន័យថាភាសាខ្មែរមិនត្រូវបានប្រើប្រាស់ទេ ។ យើងអាចមើលឃើញមានភាសាខ្មែរដូចជាឈ្មោះស្រុកក្ដី (វ្នំ) ឈ្មោះរាជធានីក្ដី (ទមាក់រឺទល្មាក់)ដែលអាចបញ្ជាក់ថាភាសាខ្មែរគេប្រើជាមួយនឹងភាសាសំស្ក្រឹតដែរ ។ ប្រហែលជាថ្ងៃណាមួយគេអាចរកឃើញសិលាចារឹកណាមួយ ក្នុងចំណោមសិលាចារឹកជាភាសាខ្មែរដែលអាចភ្ជាប់ ទៅអាណាចក្រភ្នំបានជាមិនខាន ។[៣៦]
ព្រះសង្ឃពីរអង្គមកពីហ៊្វូណនរឺនគរភ្នំគឺមន្ត្រសេន និងសង្ឃបាលបានសំណាក់នៅនិវេសនដ្ឋាននៅចិនអស់រយៈពេល១៦ឆ្នាំហើយធ្វើការប្រាំការិយាល័យក្នុងសតវត្សទី៥ដល់ទី៦ និងបកប្រែគម្ពីរព្រះសូត្រពុទ្ធសាសនាពីសំស្ក្រឹត (រឺ ប្រាក្រឹត) ទៅភាសាចិន ។ ព្រះអង្គបានការស្ងើចសរសើរពីព្រះចៅក្រុងចិន ហើយបានចាត់ទុកព្រះអង្គជាព្រះគ្រូទៀតផង ។[៣៧][៣៨]ក្នុងចំណោមអត្ថបទជាច្រើនទាំងនោះគឺជា សប្តសតិកាប្រាជ្ញាបារមីតសូត្រមហាយាន (តៃស្ឆុត្រៃបិដក រឺ Taishō Tripiṭaka ២៣២) ។[៣៩] អត្ថបទនេះត្រូវបានបកប្រែផ្សេងពីគ្នាដោយព្រះសង្ឃទាំងពីរអង្គ ។[៣៨]ព្រះពោធិសត្វមញ្ជុស្រីកុមារភូត (Mañjuśrī) គឺជាតួអង្គលេចធ្លោមួយអង្គក្នុងអត្ថបទនេះ ។
នៅពេលទ័ពចេនឡាបានចូលវាយអាណាចក្រភ្នំ ពុទ្ធសាសនាហីនយានជាភាសាសំស្ក្រឹតនៅរុងរឿងនៅឡើយ ។ នៅសតវត្សទី៧ មានព្រះសង្ឃចិនមួយអង្គនិមន្តពីឥណ្ឌាទៅចិនវិញ ព្រះនាមយី ស៊ីងមានថេរដិការថា ពីដើមព្រះធម៌មានភាពរុងរឿងហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាចមួយអង្គបានបំផ្លិចបំផ្លាញចោលអស់ហើយ ព្រះសង្ឃរកតែមួយអង្គមិនបានផង ។ ដូច្នេះពុទ្ធសាសនាហីនយានប្រហែលជារលាយបាត់បង់នៅសតវត្សនោះហើយ ទើបក្រោយមកទៀតទើបឃើញលទ្ធិពុទ្ធសាសនាមហាយាន បានចេញផ្សព្វផ្សាយលទ្ធិរបស់ខ្លួន ។
ចំណែកព្រាហ្មណ៍សាសនាគេឃើញមានគោរពព្រះឥសូរ ព្រះវិស្ណុ ព្រះហរិហរ (វិស្ណុនិងឥសូររួមគ្នា )និងព្រះព្រហ្ម ។ នៅខាងដើមអាណាចក្រភ្នំទំនងគណៈខាងឥសូរនិយមជាសាសនាផ្លូវការផងដឹង បើតាមឯកសារចិនគេព្រះរាជាយាងឡើងភ្នំម៉ូតាន ដើម្បីធ្វើសក្ការបូជាដល់ព្រះមហេស្វរៈ ។ ប៉ុន្តែព្រះអធិរាជាខ្លះបានផ្លាស់ពីឥសូរនិយមមកពុទ្ធនិយមវិញ ដូចជាព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នជាដើម ។ ខាងព្រះវិស្ណុគេឃើញមានប្រាសាទនៅភ្នំដាស្រុកព្រៃកប្បាសខេត្តតាកែវ ។ គេឃើញសិលាចារឹករបស់ព្រះនាងកុលប្រភាវតីនិងគុណវរ្ម័ន ក៏មានលក្ខណៈវិស្ណុនិយមដែរ ។ ក្នុងវិស័យស្ថាបត្យកម្មគេច្រើនសាងប្រាសាទពីឥដ្ឋ ។ ដូច្នេះហើយទើបប្រាសាទទាំងនោះមិនឃើញមានស្ថិតស្ថេរមកដល់សព្វថ្ងៃសោះ លើកលែងតែប្រាសាទដុលដែលលុងដោយភ្នំទើបគេមានឃើញនៅសេសសល់ ។ ឃឿងសំណង់ផ្សេងៗដែលគេរកឃើញនៅកំពង់ផែអូរកែវ និងអង្គបុរីក៏សង់អំពីឥដ្ឋដែរ ។ ខាងសិល្បៈបដិមាក៏គេបានរកឃើញនៅភ្នំដា ស្រុកព្រៃកប្បាស ខេត្តតាកែវដែរ ដូចជាពុទ្ធរូបវត្តរំលក រូបព្រះវិស្ណុ ព្រះពលរាម ព្រះកល្កិន ព្រះគ្រឹស្ណគោវធ៌ន ។ ស្នាដៃទាំងនេះមានលក្ខណៈជាឥណ្ឌារាងធាត់កាច់ចង្កេះនិងមានធ្នូ រឺ ជន្ទល់ទ្រ ឆ្លាក់ជាប់នឹងជញ្ជាំងថ្ម គឺពុំទាន់មានលក្ខណៈចម្លាក់សោតពេញលេញឡើយ ។ ដូច្នេះគេអាចឃើញថាជាអរិយធម៌ខ្មែរជាអរិយធម៌ខ្ពង់ខ្ពស់ជាងប្រទេសជិតខាង ដែលខ្មែរចេះពូនផ្សំជាមួយនិងអរិយធម៌បរទេស ហើយបានកែច្នៃមកក្លាយជារបស់ខ្មែរ ទោះបីជាវាមិនទាន់មានលក្ខណៈជាតិពិតប្រាកដក៏ ដោយក៏វាជាកេរមរតករបស់កូនចៅខ្មែរជំនាន់ក្រោយដែរ វាក៏ជាគ្រឹះសំរាប់អរិយធម៌សម័យអង្គរដែរ ។[៤០]

សេដ្ឋកិច្ច

ហ៊្វូណនរឺនគរភ្នំគឺជាមហាសេដ្ឋកិច្ចទីមួយលើកដំបូងរបស់អាស៊ីអាគ្នេយ៍ ។ នគរនេះគឺសំបូរសប្បាយព្រោះតែការដោះដូរពាណិជ្ជកម្មនិងកសិកម្ម ។ ហ៊្វូណនរឺនគរភ្នំបានកើនឡើងនូវទ្រព្យសម្បត្តិដោយសារតែបានត្រួតត្រាលើបួរដីក្រៈជាច្រកតូចចង្អៀតនៃឧបទ្វីបម៉ាឡេ ដែលក្រុមពួកឈ្មួញបានដឹកជញ្ជូនទំនិញធ្វើពាណិជ្ជកម្មរវាងចិននិងឥណ្ឌា ។ ពួកគេប្រើប្រាស់ប្រាក់ចំណេញមួយចំនួនដើម្បីសាងនូវប្រព័ន្ធស្តុកទឹក និងបញ្ចូលទឹកសព្វទិសទី​ ។ ពួកពលរដ្ឋរស់នៅដោយឆាកជីវិតបែបរំភើយ ។ អត្រាប្រជាជនហ៊្វូណនរឺនគរភ្នំបានប្រមូលផ្ដុំគ្នាតាមដងទន្លេមេគង្គ៖តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ដោយពឹងផ្អែកលើការនេសាទត្រី និងការដាំដុះស្រូវ ។ សេដ្ឋកិច្ចនគរភ្នំត្រូវពឹងផ្អែកទៅលើស្រូវដ៏ច្រើនលើសលុប ដែលបានផលិតដោយប្រព័ន្ធបញ្ចូលទឹកចូលស្រែដ៏ច្រើនសន្ធឹកសន្ធាប់ ។ អ្នកស្រុកចេះជីកព្រែកខ្វាត់ខ្វែងដែលគេឃើញមានស្លាកស្នាម នៅកម្ពុជាក្រោមខាងលិច ។ តាមយោបល់អ្នកជំនាញគេថាព្រែកជីកទាំងនេះ គឺសម្រាប់បង្ហូរទឹកជំនន់ទន្លេមេគង្គចេញផង និងលាងឲស្អាតទឹកភក់ល្បាប់ និងបន្សាបអំបិលដែលជ្រួតជ្រាបក្នុងដីផង ជាគមនាគមន៍ទៅទីក្រុងទាំងឡាយនឹងអាចឲសំពៅឆ្លងកាត់ទៅ ពីសមុទ្រចិនទៅឈូងសមុទ្រសៀម ដោយមិនបាច់កុងព័ទ្ធជ្រោយទឹកខ្មៅឡើយ​។ ក្រៅពីរបរស្រែដែលចិនថា គេព្រោះមួយឆ្នាំរួចគេច្រូតបានបីរដូវរបរខាងចំការក៏មានដូចជា ដាំក្រូច ទទឹម អំពៅ ស្លា ។ល។ [៤១]ពាណិជ្ជកម្មតាមសមុទ្រក៏បានដើរតួសំខាន់ខ្លាំងមែនទែន ក្នុងការអភិវឌ្ឍនគរភ្នំ ។ សំណល់បុរាណវត្ថុនូវអ្វីដែលជាកំពង់ផែដ៏សំខាន់របស់ព្រះរាជាណាចក្រនេះ គឺអូរកែវ គឺត្រូវបានរកឃើញរួមមានរ៉ូម៉ាំងដូចគ្នានឹងវត្ថុបុរាណពែរ្ស ឥណ្ឌា និងក្រិចដែរ ។ អ្នកជំនួញអាចធ្វើដំណើរបែបនោះបានក៏ដោយសារតែមានបច្ចេកទេសខាងនាវាចរណ៍ តាមឯកសារចិនបានឲដឹងថាអ្នកនគរភ្នំអាចធ្វើសំពៅបាន ប្រវែងប្រហែល៣០ម៉ែត្រក្បាលនិងកន្សៃមានរាងជាក្បាល និងកន្ទុយរបស់សត្វត្រី ។[៤២] អ្នកប្រាជ្ញបុរាណជាតិអាល្លឺម៉ង់ អាល់ប្រិឆថ៍ ឌីលេ មានជំនឿថាកំពង់ផែដ៏សំខាន់របស់នគរភ្នំ បានបង្ហាញជាមួយអូរកែវដែលដូចគ្នា គឺកត្តិករដែលបានចាត់ទុកដោយភូមិវិទូសតវត្សទី២នៃអេឡិចសង់ឌ្រី ផ្តូឡេមី (Ptolemy) ថាជាផ្សារធំដែលពួកឈ្មួញមកពីអាណាចក្រចិន និងរ៉ូមជួបជុំគ្នាដើម្បីដោះដូរពាណិជ្ជកម្ម ។ ទំនិញដែលគេច្រើនលក់គឺមាន មាស ប្រាក់ សំពត់ព្រែ គ្រឿងកែវ ។ល។ ឯកសារចិនបាននិយាយថាអាណាចក្រភ្នំជាទីកើតមាស ប្រាក់ ទង់ដែង សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និងពេជ្រ ។ ឯកសារនេះបញ្ជាក់ថាពេជ្រនេះគឺគេមុជចូលយកនៅក្នុងសមុទ្រ ហើយយកដែកដំក៏មិនខូចទេតែខូចដែកវិញ ។ អ្នកស្រុកប៉ិនប្រសប់ខាងរបរជាងមាសរឺប្រាក់ដូចជាធ្វើចិញ្ចៀនរឺកងដៃមាស ធ្វើគ្រឿងចានក្បានប្រាក់ ហើយអ្នកស្រុកក៏ប៉ិនដែរខាងរបរសូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ ។ល។[៤៣] ឌីហ៍ឡេក៏មានជំនឿថាអូរកែវផ្គត់ផ្គង់បរិក្ខារល្អបំផុត ពត៌មានលំអិតនេះត្រូវបានផ្ដល់ដោយផ្តូឡេមី នូវដំណើរសមុទ្រមួយដែលធ្វើឡើងដោយឈ្មួញក្រិច-រ៉ូមម្នាក់ឈ្មោះអេឡិចសង់ដឺរទៅកាន់កត្តិករ ដែលស្ថិតនៅចុងបូព៌ាបង្អស់ នៃច្រកពាណិជ្ជកម្មតាមសមុទ្រពីចក្រភពរ៉ូមខាងកើត ។[៤៤]

ទំនាក់ទំនង

ប្រវត្តិវិទូជាតិបារាំង លោក ហ្សខ សឺដេស ភ្លាមៗបានឲសម្មតិកម្មនូវទំនាក់ទំនងមួយ រវាងព្រះរាជានៃហ៊្វូណនរឺនគរភ្នំ និងរាជវង្សសៃលេន្ទ្រនៃឥណ្ឌូនេស៊ី ។ លោកសឺដេសមានជំនឿថាគោរម្យងារនៃម្ចាស់ភ្នំត្រូវបានប្រើ ដោយពួកស្ដេចសៃលេន្ទ្រទំនងជាត្រូវបានប្រើ ដោយស្ដេចហ៊្វូណនរឺនគរភ្នំដែរ ដោយហេតុថាឈ្មោះ ហ៊្វូណន គឺជាប់ទាក់ទងនឹងភាសាខ្មែរថា ភ្នំ ។[៤៥]ពួកអ្នកប្រាជ្ញដ៏ទៃទៀតបានច្រានចោលនូវសម្មតិកម្មនេះ ដោយចង្អុលបង្ហាញថាខ្វះខាងភស្តុតាងលើអក្សចារឹក នៃកម្ពុជាដើមដំបូងចំពោះការប្រើប្រាស់នៃគោរម្យងារដូចគ្នានេះ ។[៤៦]ពួកអ្នកហ៊្វូណនក៏ធ្វើពាណិជ្ជកម្មជាមួយរាជវង្សលាងចិនភាគខាងត្បូងដែរ ។[២៨]
តិចតួចណាស់ដែលគេដឹងអំពីប្រវត្តិនយោបាយរបស់ហ៊្វូណន ក្រៅពីទំនាក់ទំនងជាមួយចិន ។ លោកសឺដេសយល់ថាទំនាក់ទំនងជាមួយចិនមានលក្ខណៈ ជាពាណិជ្ជកម្មច្រើនជាងនយោបាយ ។ កាលណោះប្រទេសចិនស្ថិតនៅក្នុងសម័យនគរបី ពេលនោះនគរអ៊ូចិនមិនអាចធ្វើជំនួញតាមផ្លូវគោកបាន ក៏បានធ្វើជំនួញតាមផ្លូវទឹកជាមួយហ៊្វូណនវិញព្រោះតែតំរូវការវត្ថុប្រណីត ។ ដោយហេតុនេះហើយទើបគេជ្រើសរើសយកប្រទេសហ៊្វូណន ដែលស្ថិតនៅចំផ្លូវសមុទ្រ ដែលមិនអាចជៀសវៀងបានសំរាប់អ្នកដំណើរសំពៅកាត់តាមច្រកម៉ាឡាកា និងអ្នកនិយមដឹកទំនិញតាមបួរដីប្រទេសម៉ាឡេយូ ។[៤៧] ការប៉ះទង្គិចគ្នារយៈពេលខ្លីមួយត្រូវបានកត់ត្រាថាកើតឡើង នៅទសវត្សឆ្នាំ២៧០ នៅពេលហ៊្វូណននិងប្រទេសជិតខាង ចាម្ប៉ាបានចូលរួមកម្លាំងគ្នា ដើម្បីវាយប្រហារលើតំបន់មួយនៃតុងកឹង (ដែលនៅក្រោមការគ្រប់គ្រងរបស់ចិននៅពេលនោះ) ស្ថិតនៅអ្វីដែលឥឡូវជាវៀតណាមខាងជើងសព្វថ្ងៃនេះ ។ នៅឆ្នាំ៣៥៧ ហ៊្វូណនរឺនគរភ្នំបានក្លាយជាសាមន្តរដ្ឋចិន និងបន្តជារៀងរហូតមកដល់ការបែងបាក់ប្រទេសនៅសតវត្សទី៦ ។ ចំពោះទំនាក់ទំនងជាមួយឥណ្ឌា ឯកសារចិនមួយនៅសតវត្សទី៥ និយាយថាមានមនុស្សឈ្មោះ កៀសៀងលី ជាអ្នកស្រុកតាន់យ៉ាង (នៅខាងលិចឥណ្ឌា) បានធ្វើដំណើរពីឥណ្ឌាមកដល់អាណាចក្រភ្នំ ។ ជាអ្នកដែលនិយាយប្រាប់ពីរឿងប្លែកពីឥណ្ឌាទៅហ្វានឆាន ប៉ុន្តែដំណើរទៅប្រទេសនោះត្រូវអស់ពេលយូរប្រហែលជា៣រឺ៤ឆ្នាំក៏សឹងតែមាន ។ ដោយស្ដេចជាប់ចិត្តនឹងរឿងចំលែកទាំងនោះហើយ ទើបទ្រង់ព្រះញាតិរបស់ព្រះអង្គស៊ូវូទៅឥណ្ឌា ។ រាជទូតខ្មែរបានចុះសំពៅនៅតូវគីវលី (T’eou-kiu-li) ប្រហែលជាត្រូវនឹងតក្ដោល​ ត្រង់នេះហើយដែលបង្ហាញថាឥទ្ធិពលហ៊្វូណនបានលាតសន្ធឹង ដល់មហាសមុទ្រឥណ្ឌា ។ រាជទូតនគរភ្នំបានទៅដល់ពាមទន្លេគង្គា ហើយធ្វើដំណើរតាមទន្លេទៅជួបស្ដេចមួយអង្គ ដែលលោកឡឺវី (L.Levi) ថាជាស្ដេចក្នុងរាជវង្សមុរុណ្ឌ ។ ស្ដេចអង្គនេះបាននាំភ្ញៀវទស្សនាប្រទេសព្រះអង្គ ហើយបានឲឥណ្ឌាម្នាក់ឈ្មោះ ឆេន សុងនាំត្រលប់មកវិញនូវសេះ៤នៃស្រុកនោះ ដើម្បីទុកជាដង្វាយនៃអធិរាជអាណាចក្រភ្នំ ។[៤៨]
ចេនឡា (Zhēnlà) គឺជាសាមន្តរដ្ឋមួយរបស់ហ៊្វូណននៅទីបំផុតបានលេបយកនគរភ្នំទាំងមូល ។ ព្រះរាជាដែលបានស្គាល់ចុងក្រោយបង្អស់នៃរាជាណាចក្រភ្នំគឺ លាវថួបាម៉ូ រឺ Liútuóbámó 留陁跋摩 (រុទ្រវរ្ម័ន) ដែលជាអ្នកគ្រប់គ្រងពីឆ្នាំ៥១៤រហូតដល់ រ.ឆ្នាំ៥៤៥ នៃគ.ស. ។

អាណាចក្រភ្នំ៖ សតវត្សទី២-៧

រៀង ព្រះនាមដើម ព្រះនាមចិន រជ្ជកាល
០១ មិនស្គាល់ Liǔyè 柳葉 / Yèliǔ葉柳 (លីវយី/យីលីវ) សតវត្សទី១/២?
០២ មិនស្គាល់ Hùntián 混塡 / Hùnhuì 混湏] (ហ៊ុនទៀន/ហ៊ុនហួយ) សតវត្សទី១/២
០៣ មិនស្គាល់ Hùnpánhuáng 混盤況 (ហ៊ុនប៉ានហួង) ខាងចុងសតវត្សទី២
០៤ មិនស្គាល់ Pánpán 盤盤 (ប៉ានប៉ាន) ខាងចុងសតវត្សទី២
០៥ មិនស្គាល់ Fàn Shīmàn 范師蔓 (ផ្វាន់ ចេម៉ាន់) ដើមសតវត្សទី៣
០៦ មិនស្គាល់ Fàn Jīnshēng 范金生 (ផ្វាន់ ជិនស៊ិង) រ.២៣០?
០៧ មិនស្គាល់ Fàn Zhān 范旃 (ផ្វាន់ ចាន) រ.២៣០-រ.២៤៣ រឺ ក្រោយមកទៀត
០៨ មិនស្គាល់ Fàn Cháng 范長 (ផ្វាន់ ឆាង) បន្ទាប់ពីឆ្នាំ២៤៣
០៩ មិនស្គាល់ Fàn Xún 范尋 (ផ្វាន់ ស៊ីន) ២៤៥/៥០-២៨៧
១០ មិនស្គាល់ មិនស្គាល់ ខាងចុងសតវត្សទី៤
១១ ឆានតាណា Zhāntán 旃檀 (ចានថាន) រ.៣៥៧
១២ មិនស្គាល់ មិនស្គាល់ ខាងចុងសតវត្សទី៤
១៣ កៅណ្ឌិន្យ Qiáochénrú 僑陳如 (ឈាវឆិនយូ) រ.៤២០
១៤ ស្រីឥន្ទ្រវរ្ម័ន Chílítuóbámó 持梨陀跋摩 (ឈីលីធួប៉ាម៉ូ) រ.៤៣០-រ.៤៤០
១៥ មិនស្គាល់ មិនស្គាល់ មិនស្គាល់
១៦ មិនស្គាល់ មិនស្គាល់ មិនស្គាល់
១៧ កៅណ្ឌិន្យជ័យវរ្ម័ន Qiáochénrú Shéyébámó 僑陳如闍耶跋摩 (ឈាវឆិនយូ សេយ៉េប៉ាម៉ូ) ៤៨៤-៥១៤
១៨ រុទ្រវរ្ម័ន Liútuóbámó 留陁跋摩 (លាវថួប៉ាម៉ូ) ៥១៤-រ.៥៤៥
១៩ មិនស្គាល់ មិនស្គាល់ សតវត្សទី៦
២០ មិនស្គាល់ មិនស្គាល់ សតវត្សទី៦-៧

ព្រះមហាក្សត្រល្បីៗ

  • ព្រះបាទហ៊ុនទៀន(គ.ស. ៦៨)៖ ជនជាតិឥណ្ឌា កាន់សាសនាព្រាហ្មណ៍។ ព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងលីវយី នៅសតវត្សទី១នៃគ.ស.។
  • ព្រះបាទហ៊ុនប៉ាន់ហួន៖ ព្រះអង្គបានបង្ក្រាបការបះបោរ ហើយតែងតាំងរាជបុត្រ និងចៅព្រះអង្គជាស្ដេចសាមន្តរាជជាច្រើន។
  • ព្រះបាទផាន់ចេម៉ាន់៖ ព្រះអង្គបានពង្រីកទឹកដីរហូតដល់ជ្រោយម៉ាឡាកា។ ក្នុងរាជ្យព្រះអង្គ នគរភ្នំក្លាយជាចក្រភពមួយ។

ចងចាំ

នគរភ្នំ គឺជាឈ្មោះរបស់រដ្ឋខ្មែរដំបូងដែលមានរាជិនីលីវយី និងព្រះបាទហ៊ុនទៀនគ្រងរាជ្យ។ ជនជាតិចិនហៅនគរភ្នំថា ហ្វូណន។ ក្រោយពីព្រះបាទហ៊ុនទៀនបានច្បាំងឈ្នះព្រះនាងលីវយីនិងអភិសេកជាមហាក្សត្រខ្មែរនៅសតវត្សទី១នៃគ.ស. មក ព្រះអង្គបាននាំវប្បធម៌ អរិយធម៌ឥណ្ឌា មានសិល្បៈ ភាសា អក្សរសាស្ត្រ ជំនឿ សាសនា និងរបបគ្រប់គ្រងរដ្ឋមកនគរភ្នំ៕

No comments: