Thursday, September 19, 2013

រៀន​យ៉ាងម៉េច​ទើប​ទទួល​បាន​ចំណេះដឹង​អតិបរមា?

ច្រក​ផ្លូវ​សំខាន់​ដែល​អាច​ផ្ដល់​ចំណេះដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​រួមមាន ៖
1. ការ​អាន
2. ការ​សរសេរ
3.​ ការ​សន្ទនា
4. ការ​សង្កេត

៙ ការ​អាន ៚

គួរ​ជ្រើសរើស​ យក​សៀវភៅ​ណា​ដែល​ផ្ដល់​ចំណេះដឹង។ គួរ​ជៀសវាង​សៀវភៅ​ដែល​អាច​ប្រែក្លាយ​ជា​ថ្នាំពិស ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ខាតពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេ​គួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូចតទៅ :
- ខិតខំ​អាន​សៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្ដី​ជាក់ច្បាស់ ចាំ​ខ្លឹមសារ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅ​ដប់​ក្បាល តែ​ចាប់​យក​គោល​សំខាន់​មិន​បាន។
- ទោះបី អាន​សៀវភៅ​ក្ដី ស្ដាប់​សន្ទរកថា​ក្ដី ចូរ​កុំ​ស្ដាប់​ឬ​អាន​ត្រឹម​តែ​សេចក្ដី​ដែល​បាន​ឮ ឬ​ឃើញ។ ចូរ​ពិចារណា​ឲ្យ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាងក្រោយ​អត្ថបទ​របស់​ អ្នកនិពន្ធ។
- ពេល​អាន​សៀវភៅ​ត្រូវ​ខិតខំ​វិនិច្ឆ័យ​ថា​អ្នកនិពន្ធ​មាន​វិធី​និពន្ធ​ យ៉ាងម៉េច? ចូលចិត្ត​និពន្ធ​រឿង​អ្វី​ច្រើន​ជាងគេ? ហើយ​គួរ​ប្រៀបធៀប​ជាមួយ​ស្នាដៃ​របស់​អ្នកនិពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
- ប្រការ​សំខាន់​បំផុត គឺ​រាល់​ពេល​អាន​ចប់​ ត្រូវ​ខិតខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្ដី​អ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​អាន​សៀវភៅ​នេះ។

៙ ការ​សរសេរ ៚

ចំណេះ​ដឹង​ ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិចស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់លាស់​ឡើង​ភ្លាម​មួយរំពេច។ ការ​សរសេរ​​មិន​ត្រឹមតែ​ជួយ​កត់ត្រា​កុំ​ឲ្យ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​នាំ​ផ្លូវ​ឲ្យ​កើត​គំនិត​ថ្មីៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​ដើម្បី​ឲ្យ​ខួរក្បាល​កាន់តែ​រស់រវើក :
- ហ្វឹកហាត់​សរសេរ​ជា​រៀងរាល់​ថ្ងៃ នោះ​លោកអ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោកអ្នក​ច្រើនជាង​ពេល​ដែល​លោក​អ្នក​គិត​ឬ​និយាយ ជា​អនេក។
- ប្រសិនបើ​មាន​គំនិត​អ្វី​ថ្មី​លេចឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
- ត្រូវ​ហាត់​កត់ត្រា​កិច្ចការ​ដែល​លោកអ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យមើល​ កិច្ចការ​ទាំងនោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិនបើ​លោកអ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោកអ្នក​នឹង​ឃើញ​ថា​ខ្លួនឯង​ប្រែប្រួល។

៙ ការ​សន្ទនា ៚

ការ​សន្ទនា​ គឺជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។
- ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើង​គួរ​ដឹកនាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់ជំនាញ​បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
- គួរ​ព្យាយាម​ស្ដាប់​ឲ្យ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន ច្រើន​តែ​គេ​ធុញទ្រាន់។

៙ ការសង្កេត ៚

ចំណេះ​ដែល​ មាន​ប្រយោជន៍​ក្រៃលែង​ដល់​យើង​ បាន​មក​ពី​ការសង្កេត។ ការសង្កេត​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។
- ត្រូវ​ខិតខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិតល្អន់ កុំ​មើ​ល​ត្រឹមតែ​សំបក​ក្រៅ។
- ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូចជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយ​យើង​ប្រុងប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញលេញ​គ្រប់ជ្រុងជ្រោយ។
កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង 2 ខាងលើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លងកាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំងនោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាលបើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជា​ការ​បណ្ដោយ​ឲ្យ "កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ"។

(ស្រង់​ចេញពី​សៀវភៅ "នយោបាយ​អប់រំ​ខួរក្បាល" និពន្ធ​ដោយ ម៉ៅ សុវណ្ណា បោះពុម្ព​លើ​ទី 1 ឆ្នាំ 1971)

No comments: