Thursday, September 19, 2013

អំពី​ជនជាតិកួយ

អត្ថបទ​ខាង​ក្រោម​នេះ ដែរ​មាន​ចំណង​ជើង​ថា “ អំពី​ជនជាតិ​កួយ” ដកស្រង់​ចេញពី៖
សៀវភៅ ៖ កម្រង​ឯកសារ​ស្តីពី ប្រពៃណី និង ទំនៀមទម្លាប់​ខ្មែរ ភាគ​៣
អ្នក​និពន្ធ ៖ សាស្ត្រាចារ្យ មៀច ប៉ុណ្ណ មន្ត្រី​នៅ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​នៃ​ពុទ្ធសាសនបណ្ឌិត្យ

អំពី​ជនជាតិ​កួយ
មាន​ចែក​ជា​ពីរ​ភាសា គឺ​កួយ​ដែក និង​កួយ​ដំរី ជន​ជាតិ​នេះ​ច្រើន​រស់​នៅ​ខេត្ត​កំពង់​ធំ​ ក្នុង​ ស្រុក​កំពង់​ស្វាយ ស្រុក​សណ្ដាន់ ស្រុក​រវៀង ឃុំ​នីពេជ្រ ជាដើម​។ លោក​មេ​ឃុំ​នីពេជ្រ​បាន​សរសេរ​ឯកសារ​នេះ តាម​សំណូម​ពរ​របស់​លោក​ចាងហ្វាង​ពុទ្ធ​សាសន​បណ្ឌិត្យ​តាម​លិខិត​លេខ 1131 IB ចុះ​ថ្ងៃ​ទី 22-07-1948 ។
នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង មាន​ជនជាតិ​ជា​ច្រើន​ដូច​ជា ព្នង ជង កួយ ស្ទៀង រដែ ស្អូច ព័រ ជាដើម។ ពួក​នេះ​ចូល​ចិត្ត​រស់​នៅ​តំបន់​ព្រៃ​ភ្នំ ឆ្ងាយ​ពីសង្គម​ស៊ីវិល័យ។ ជនជាតិ​ទាំង​នេះ មាន​របៀប​របប​រស់នៅ ភាសា ប្រពៃណី និង ទំនៀមទម្លាប់​ប្លែកៗ​គ្នា។ នៅ​ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ជនជាតិ​កួយ នៅ​ខេត្ត​កំពង់​ធំ​មក​ជម្រាប​ជូន​ដូច​តទៅ៖


១- អំពី​ទម្រង់​រូបរាង និង សម្លៀក​បំពាក់

ក- កួយ​ប្រុស : មាន​រូបរាង​ប្រហែល​ខ្មែរ​នៅ ​ស្រុក​លើ​ដែរ បបូរ​មាត់​ត្រឹម សម្បុរ​សណ្ដែក​បាយ ស្លៀក​ខោ​ខ្លី ឬ​សំពត់​ចង​ក្បិន ពាក់​អាវ​តាម​សម័យ​និយម​ខ្លះ ឬ​អាវ​បំពង់​ពណ៌​ខ្មៅ។ សម្ដី​និយាយ ច្រើន​បង្អូស​ចុង​ឃ្លា។ តាម​ការ​កត់​សម្គាល់ កួយ​ច្រើន​មាន​ចិត្ត​ប្រែប្រួល​និយាយ​មិន​សូវ​ទៀងទាត់។ ចង់​ទប់​ទល់​ពួក​នេះ ទាល់​តែ​ប្រកាន់​ភាប​ម៉ឺងម៉ាត់​ទើប​វា​សម្រប ហើយ​កោត​ញញើត​លែង​ហ៊ាន​ផ្ដេសផ្ដាស។

ខ-​ កួយ​ស្រី : ទម្រង់​រូបរាង​មិន​ខុស​ពី​ ស្រី​ខ្មែរ​យើង​ប៉ុន្មាន​ឡើយ។ ស្រីៗ ទុក​សក់​បួង​គ្រប់គ្នា តែ​ផ្នួង​មាន​ទំហំ​តូច ប្រហាក់​ប្រហែល និង​ផ្នួង​ពួក​បារគូ។ គេ​និយម​ស្លៀក​សំពត់​សម្លុយ ឬ​ចង​ក្បិន តែ​ក្បិន​គេ​ច្រើន​រិត​កប់​ដល់​គល់​ភ្លៅ។ ស្រី​ចាស់ ច្រើន​តែ​យក​អាវ​មក​ចង​ពាត​រិត​ដង​ខ្លួន គេ​មិន​សូវ​ពាក់​អាវ​ទេ​។ កួយ​ក្រមុំ ពាក់​អាវ​ជានិច្ច​។ ហើយ​ជួន​កាល​មាន​ថែម​ដណ្ដប់​ក្រម៉ា​ពី​លើ​អាវ​ទៀត​ផង​។ គេ​ពាក់​តែង​លម្អ​ខ្លួន​ដោយ​ពាក់​ខ្សែ​ក​ប្រាក់​ ឬ​ពាក់​ចារុ៍​ដោយ​ខ្សែ​អំបោះ​។ នៅ​កដៃ​ មាន​ពាក់​កង​ប្រាក់ ឬ​ស្ពាន់​ស។ ពួក​នាង​ស្រឡាញ់​អង្កាំ​លើស​អ្វីៗ​ទាំងអស់​។ គេ​យក​មក​ពាក់​ធ្វើ​ខ្សែ​ក ឬ​ខ្សែ​ដៃ​។ ម្រាម​ដៃ​សឹង​លម្អ​ដោយ​ចិញ្ចៀន​ប្រាក់ ឬ​ស្ពាន់ តែ​ពុំ​មាន​ដាំ​ត្បូង​ទេ​។ ក្រមុំ​ៗ និយម​យក​ផ្កា​ឈើ​ក្រអូប​មក​សៀត​ត្រចៀក ឬ​សៀត​ផ្នួង​សក់​ដើម្បី​លើក​សម្រស់​។ ស្រី​កួយ​មាន​ទំនៀម​ទម្លាប់​ចោះ​ត្រចៀក ពាក់​ក្រវិល ឬ​កាវ​ដែរ​។

២- អំពី​ជំនឿ​សាសនា

ក្រៅ​ពី​ជឿ​លើ​អរុក្ខ​អារ្យ​អ្នកតា ជនជាតិ​កួយ​ក៏​ជឿ​ហើយ​កាន់​ព្រះពុទ្ធសាសនា (ជនជាតិ​កួយ​ចូល​ឆ្នាំ នៅ​ថ្ងៃ​ជាមួយ​គ្នា និង​ខ្មែរ​យើង​ដែរ។ គេ​លេង​ល្បែង​សព្វសារពើ​ដូច​ខ្មែរ​សុទ្ធសាធ​ប៉ុន្តែ​រយៈ​ពេល​ចូល​របស់​ពួក​ គេ​គឺ ១ខែ។ មាន​ធ្វើ​ពិធី​ចូលឆ្នាំ និង​ពិធី​ចេញ​ឆ្នាំ​។ ក្នុង​ចន្លោះ​​​ថ្ងៃ​​​ចូលឆ្នាំ។ ក្នុង​ចន្លោះ​ថ្ងៃ​ចូល​ និង​ចេញ គេ​លេង​ល្បែង​កម្សាន្ត​ផ្សេង​ៗ ដោយ​មិន​រវល់​ចាប់កាន់​ការងារ​អ្វី​ទាំងអស់​។ ខ្ញុំ​ដឹង​អំពី​របៀប​របប​នេះ​នៅ​ពេល​ខ្ញុំ​ទៅ​ជំរឿន​នៅ​ភូមិ​កួយ​ក្នុង​ កំលុង​ឆ្នាំ ១៩៦០។) ផង​ដែរ​។ មាន​វត្ត​កួយ​មួយ​សម្រាប់​ស្រុក​កំពង់​ស្វាយ និង​ស្រុក​រវៀង ដែល​មាន​ព្រះ​សង្ឃ​សុទ្ធ​តែ​ជា​ជនជាតិ​កួយ​បួស​នៅ​ក្នុង​វត្ត​ព្រៃ​ទទឹង​នោះ ​។ តាម​ការ​បញ្ញត្តិ​របស់​វិន័យ លោក​សង្ឃ​កួយ​មិន​អនុញ្ញាត​អោយ​និយាយ​ភាសា​កួយ​ឡើយ។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​គ្រប់យ៉ាង ត្រូវ​និយាយ​ជា​ភាសាខ្មែរ​។ ទាល់​តែ​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ​វិញ ទើប​និយាយ​ភាសា​កំណើត​បាន។


៣- អំពី​សិល្បៈ

ជនជាតិ​កួយ​គ្មាន​បទ​ចម្រៀង​ប្រចាំ​ពូជ​សាសន៍​ទេ​។ គេ​ច្រៀង​តាមតែ​បទ​ចម្រៀង​ខ្មែរ​។ ក្រៅពី​នេះ កួយ​ចេះ​ផ្លុំ​ប៉ី​ពក​ប្រគំ​បទ​ពីរោះ​លន្លង់លន្លោច និង​ផ្លុំ​ប្រកូក​ស្នែង​ជា​បទ​ងាយ​ៗ ​ឬ​វាយ​អង្កួច​។ សំឡេង​អង្កួច​មិនមែន​គ្រាន់តែ​ប្រគំ​សាច់​ភ្លេង​ប៉ុណ្ណោះ​ឡើយ​ ប៉ុន្តែ​ក៏​អាច​ប្រើ​ជា​សញ្ញា​ឆ្លើយ​ឆ្លង​រវាង​ក្រមុំ និង​កំលោះ​ទៀត​ផង។


៤- អំពី​អក្សរ​សាស្ត្រ និង​ភាសា

ជនជាតិ​កួយ​គ្មាន​អក្សរ​ទេ។ អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​រៀន​តែ​អក្សរ​ខ្មែរ ហើយ​សូត្រ​ធម៌​ជា​បាលី ប្រែ​ជា​ខ្មែរ​ដូច​ព្រះ​សង្ឃ​យើង​ដែរ។ ភាសា​និយាយ​របស់​គេ ស្រដៀង​គ្នា​និង​ចាម និយាយ​ខ្មែរ​។ភាសា​និយាយ៖

ពាក្យ​ខ្មែរ ពាក្យ​កួយ
ត្រី = កា
ឆ្កែ = ច
ប្រាក់ = ផ្រាក់
ស៊ី​បាយ = ចាដួយ

ការ​រាប់​ចំនួន មាន​ពាក្យ​អាច​យក​មក​ប្រើ​ប្រាស់​បាន​តែ ១ ទៅ​ដល់​ ២៩ ។ ចាប់ពី ៣០ ឡើង​ទៅ ប្រើ​តាម​ពាក្យ​ខ្មែរ​ទាំង​អស់​។

៥- អំពី​របរ​រក​ស៊ី

ដើម្បី​ចិញ្ចឹម​ជីវិត ជនជាតិ​កួយ​ប្រកប​របរ​កសិកម្ម​ជា​មូលដ្ឋាន​។ គេ​ធ្វើ​ស្រែ ២ ឬ ៣ ក្បែរ​ៗ​ភូមិ ធ្វើ​របៀប​លេង​ៗ​សោះ​តែ​ខាន។ គេ​និយម​ធ្វើ​ចម្ការ​តាម​របៀប​កាប់​ព្រៃ​ដុត រួច​ដាំ​ស្រូវ​ ពោត សណ្ដែក​ទ្រើង ល្ង ល្ពៅ ននោង​។ ដំណាំ​ផ្សេង​ៗ​ត្រូវ​បាន​ដាំ​ចម្រុះ​គ្នា​នៅ​ក្នុង​ចម្ការ​តែ​មួយ​។ ក្រឡាផ្ទៃ​នៃ​ចម្ការ​មាន​ពី ១ ទៅ ២ ហិចតា​។ គ្រួសារ​នីមួយ​ៗ​ចិញ្ចឹម​គោ​ញី ១ ឬ ២ ចិញ្ចឹម​មេមាន់​ ២ ឬ ៣ ក្បាល​។ ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ ជនជាតិ​កួយ​រកស៊ី​កាប់​ឈើ ចាំង​ជា​ហុប​ធ្វើ​ទូក ត្បាញ​ឫស្សី ឬ​ឆ្នូ ធ្វើ​ដំបូល​រទេះ ធ្វើ​គ្រូស (ប្រដាប់ប្រដា​ដង​ទឹក ធ្វើ​ពី​ឫស្សី (រាង​ដូច​កញ្ជើ​ជើង) ខ្មុក​ម្រ័ក្សណ៍​កុំ​អោយ​លេច​ទឹក និង​ដើម្បី​ប្រើ​បាន​យូរ។) ចន្លុះ ដង​ជ័រទឹក បេះ​ជ័រចុង បោច​វល្លិ ផ្ដៅ ដំដែក​ធ្វើ​កាំបិត ពូថៅ ដឹង ។ល។ ស្រី​ៗ​ត្បាញ​រវៃ​អំបោះ​ជួនកាល​ធ្វើ​សូត្រ​បន្តិច​បន្តួច​ផង​ដែរ។ ប្រុសៗ​ចូលចិត្ត​បរបាញ់ ដាក់អន្ទាក់ ទាក់​សត្វព្រៃ ព្រោះ​ពួក​នេះ​ប៉ិន​ប្រសប់​និង​ស្គាល់​ដាន​សត្វ​គ្រប់យ៉ាង​។

៦- អំពី​ទី​លំនៅ

កាល​ណា​កាប់​ព្រៃ​រួច​ហើយ គេ​យក​ភ្លើង​ទៅ​ដុត​អោយ​ឆេះ​ទៅ​ជា​ផេះ​។ គេ​នាំគ្នា​ទៅ​សង់​រោង​តាម​ពួក​ក្រុម​ដូច​នៅ​ឯ​ភូមិ​ដែរ​។ រោង​នៅ​ចម្ការ​ក៏​ដូច​នៅ​ភូមិ​មាន​ប្រវែង​ទទឹង ៣ ទៅ ៤​ម៉ែត្រ បណ្ដោយ ៥ ទៅ ៦​ម៉ែត្រ​។ សសរ​ខ្ទម​ធ្វើ​ពី​ឈើ​ប៉ុន​ៗ​ចុង​ភ្លៅ ឬ​ប៉ុន​កំភួន​ជើង ដាំ​ញឹក​ស្អេក​ជិត​ៗ​គ្នា ធ្វើ​ជា​ចន្ទល់​។ ខ្ទម​ទាំងនោះ​មាន​កម្ពស់​ពី ១,៦​ម៉ែត្រ ទៅ ១,៨​ម៉ែត្រ។ រនាប​ធ្វើ​ពី​កូន​ឈើ​តូច​ៗ​ត្រង់​ៗ ដែល​ក្រង​រែង​នឹង​វល្លិ ឬ​ចម្រៀក​ផ្ដៅ​អោយ​ជាប់​គ្នា​ជា​កម្រង​។ ចង្ក្រាន​នៅ​លើ​ផ្ទះ​សម្រាប់​ស្ល​ដណ្ដាំ​។ ឯ​ចង្ក្រាន​នៅ​ក្រោម​ផ្ទះ សម្រាប់​បង្កាត់​ភ្លើង អាំង ឆ្អើរ ទាំង​យប់ ទាំង​ថ្ងៃ​។ គេ​មក​ស្លឹក​ផ្ដៅ​សោម (សោម​ដូច​គ្នា​នឹង​ផ្ដៅ​ដែរ តែ​ស្លឹក​វា​ញឹក​ហើយ​ធំ​ជាង​។ ស្លឹក​សោម និង​ធាង​ពុំ​មាន​បន្លា​ដូច​ផ្ដៅ​ទេ​។ គេ​យក​ស្លឹក​សោម​ទាំង​ធាង​មក​តម្រៀប​ហើយ​ដេរ​ក្រង​ជា​ផ្ទាំង​ៗ​សម្រាប់​ ប្រក់​ផ្ទះ​។) មក​តម្រៀប​ចង​ក្រង​ជា​ផ្ទាំង​ៗ​សម្រាប់​ប្រក់​ដំបូល​។ ជណ្ដើរ ជួន​មាន​ជួន​គ្មាន​។ ដើម្បី​ឡើង​លើ​ផ្ទះ គេ​យក​ឈើ​សណ្តូក​មក​ដាក់​គង​លើ​មាត់​ទ្វារ​ខ្ទម​ ផ្អែក​រាង​ទ្រេត​បន្តិច​។ ជញ្ជាំង​ផ្ទះ​មិន​មាន​ភាព​គត់​មត់​ជិត​មិត​ប៉ុន្មាន​ទេ​។ ដូច្នេះ អ្នក​ផង​អាច​មើល​ឃើញ​អ្វី​ៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់។

៧- លក្ខណៈ​ពិសេស​របស់​ជនជាតិ​កួយ

ជនជាតិ​កួយ​មាន​ចំណុច​ខ្លាំង​ពីរ​យ៉ាង​គឺ៖
  • ក- ពូកែ​ខាង​ដើរ​លឿន ទាំង​ស្រី ​ទាំង​ប្រុស ហើយ​មាន​អំណត់​អត់​ធន់​។ គេ​អាច​ទូល រែក​របស់​ធ្ងន់​ៗ​ក្នុង​ដំណើរ​ទៅ​កាន់​ទី​ឆ្ងាយ​បាន​ដោយ​ពុំ​សូវ​អស់​អន់​ ប៉ុន្មាន​ឡើយ​។ ល្បឿន​ដែរ​កួយ​ដើរ​ ស្មើ​នឹង​ល្បឿន​ដែល​ខ្មែរ​យើង​រត់​ត្រឹក​ៗ​។
  • ខ- ពូកែ​ខាង​មិន​ខ្លាច​ខ្មោច​ព្រាយ​បិសាច មិន​ខ្លាច​សត្វ​សាហាវ​ មាន​ខ្លា​ដំរី​ជា​ដើម​។

៨- ប្រពៃណី​ផ្សេង​របស់​សាសន៍​កួយ

ជនជាតិ​កួយ​ខ្លាច​ជំងឺ​ណាស់​។ កាល​បើ​ជំងឺ​ឆ្លង​ចូល​មក​រាតត្បាត ហើយ​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់ ពីរ ឬ​បី​នាក់​នោះ អ្នក​ស្រុក​ទាំងអស់​នាំ​គ្នា​រត់​ចោល​ភូមិ​ ទៅ​នៅ​ជាយ​ព្រៃ បែក​ខ្ញែក​គ្នា​អស់​។ ទាល់​តែ​ជំងឺ​នេះ​បាន​កន្លង​ផុត​ទៅ​ទើប​វិល​ត្រឡប់​ចូល​មក​នៅ​ក្នុង​ភូមិ​ វិញ​។ ខ្លះ​ទៀត​ទៅ​បាត់​រហូត​ឥត​វិល​វិញ​ទេ​។

កំលោះ​កួយ មិន​សូវ​ស្រវាស្រទេញ​រវៀសរវៃ​ក្នុង​ការងារ​ទេ​។ ពេល​យប់ គេ​តែង​នាំគ្នា​ទៅ​លូក​ក្រមុំ​ៗ​។ សូម​ជម្រាប​ថា ក្រមុំ​កួយ​ទាំងអស់ កម្រ​មាន​ដោះ​នៅ​បរិសុទ្ធ​ណាស់ ដោយ​ហេតុ​កំលោះ​មក​លូក​លេង​រៀងរាល់​យប់​។ ក្រមុំ​កួយ​មាន​ទម្លាប់​បុក​អង្ករ​ ឬ​ស្រូវ យក​ដៃ​គ្នា​នៅ​ផ្ទះ​ណា​មួយ ដែលគេ​បាន​ណាត់​គ្នា​ទុក​ជា​មុន​។ ស្រី​ៗ​បុក​អង្ករ​ក្នុង​ចង្វាក់​ញាប់​រន្ថើន​។ ដើម្បី​អោយ​លាន់​ឮ​សំឡេង​អង្រែ​ខ្ទ័រ​ទៅ​បាន​ឆ្ងាយ គេ​ជីក​លុង​ដី​ពី​ក្រោម​បាត​ត្បាល់​។ នៅ​ពេល​ស្រី​ៗ​ប្រជុំ​គ្នា​បុក​អង្ករ ពួក​កំលោះ​នាំគ្នា​មក​ចោម​រោម និយាយ​សាសង​លូក​លង​ពាក្យ​ពេចន៍​ផ្ដោះផ្ដង​ស្នេហា​។ កាលណា​ស្រី​ៗ​បុក​អង្ករ​រួច​ហើយ គេ​បែក​គ្នា​ទៅ​​ដេក​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។ ឯ​ប្រុស​ៗ​ក៏​តាម​លូក​ដោះ​នារី​ណា​ដែល​គេ​បាន​ដឹង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ រួច​ហើយ​។ ពួក​កំលោះ​លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង ឬ​ប្រហោង​រនាប ហើយ​ស្ទាប​ដោះ​ក្រមុំ​កួយ​លេង​យ៉ាង​យូរ ទាល់​ទេ​ឪពុក​គេ​គ្រហែម​ទើប​ដើរ​ថយ​ចេញ​។ មួយ​សន្ទុះ​ក្រោយ​មក ក៏​ត្រឡប់​មក​លូក​វិញ​ទៀត​។ បើ​ស្រី​មិន​ស្រឡាញ់​ប្រុស​ទេ វា​មិន​ព្រម​អោយ​ប្រុស​នោះ លូក​លាន់​វា​ទេ គឺ​វា​មាន​ឧបាយកល​ដេក​អោយ​ឆ្ងាយ​ពី​ប្រហោង​រនាប ឬ​ប្រហោង​ជញ្ជាំង ធ្វើ​មិន​អោយ​ប្រុស​លូក​បាន​។ ផ្ទុយ​ទៅ​វិញ​ បើ​គេ​ស្រឡាញ់​គ្នា ត្រូវ​រ៉ូវ​គ្នា​ហើយ​នោះ គេ​បណ្ដោយ​អោយ​ប្រុស​កំណាន់​លូក​កម្សាន្ត​តាម​ចំណង់​។

កំលោះ​ខ្មែរ​ ក៏​ចង់​ទៅ​បន្លំ​លូក​ក្រមុំ​កួយ​ដែរ ប៉ុន្តែ​គេ​ពិបាក​ឆ្លៀត​ឱកាស​ណាស់​។ ទាល់តែ​មាន​ពិធី​បុណ្យ​ខ្មោច លេង​ទាយ​ល្បែង​ផ្កាប់​ផ្ងារ​ដោយ​បោះ​សេន​ក្រហម ហើយ​ភ្នាល់​គ្នា​ទាយ​រូប ដែល​នៅ​លើ​សេន​។ បើ​កំលោះ​ឈ្នះ​ល្បែង​នោះ​អាច​មាន​សិទ្ធិ​ប្រឡូក​ប្រឡែង ដណ្ដើម​ដោះ​យក​ខ្សែ​ក ឬ​ក្រមា​ពី​ក្រមុំ​ៗ ហើយ​ឆ្លៀត​ឱកាស​នោះ លូកលាន់ ល​ចិត្ត​។ បើ​ដឹង​ចិត្ត​គ្នា​ហើយ អាច​ទៅ​លូក​គេ​នៅ​ពេល​យប់​បាន ដោយ​ពុំ​មាន​ឧបសគ្គ​ឡើយ​។

កាល​ពី​កំឡុង​ឆ្នាំ ១៩៥៦-៥៧ (តាំង​ពី​ឆ្នាំ ១៩៥៦ ដល់ ១៩៧០ ខ្ញុំ​ត្រូវ​បាន​ចាប់​តាំង​អោយ​ទៅ​បង្រៀន​នៅ​ខេត្ត​កំពង់​ធំ ដែល​នៅ​ទី​នោះ ខ្ញុំ​មាន​មិត្ត​ភក្តិ​ជា​ច្រើន ដែល​ត្រូវ​បាន​ចាត់​អោយ​ទៅ​បង្រៀន​នៅ​ស្រុក​រវៀង ជាំក្សាន សណ្តាន់ ហើយ​និយាយ​ប្រាប់​ខ្ញុំ​អំពី​ការ​លូក​ក្រមុំ​កួយ និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​កួយ​។) (តាំង​ពី​ឆ្នាំ ១៩៦០ រូប​ខ្ញុំ​បាន​ត្រូវ​ចាត់តាំង​អោយ​ទៅ​ជំរឿន​ប្រជាជន​នៅ​តំបន់​ស្រុក​កំពង់​ ស្វាយលើ ជាប់​នឹង​ស្រុក​សណ្ដាន់​។ ខ្ញុំ​បាន​ចូល​ទៅ​ភូមិ​កួយ​ជា​ច្រើន មាន​ភូមិ​ស្អៀ វាលវែង គោល ដែល​ជា​ភូមិ​ធំ​ៗ មាន​សុទ្ធតែ​ជនជាតិ​កួយ​រស់​នៅ​។ ពេល​ជំរឿន ត្រូវ​យក​ខ្មែរ​ម្នាក់​ដែល​ចេះ​ភាសា​កួយ​ធ្វើ​អ្នក​បកប្រែ​។ ខ្ញុំ​បាន​កូត​ទ្រ​អោយ​ពួក​កួយ​ស្ដាប់ ពួក​វា​សរសើរ​ថា ខ្ញុំ​កូត​ទ្រ​ពីរោះ​ណាស់ ពីរោះ​ជាង​ពួក​វា។)​ ខ្ញុំ​បាន​ឮ​មិត្ត​ភក្តិ​ខ្ញុំ​ខ្លះ​ៗ ដែល​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​ខេត្ត​កំពង់ធំ​នៅ​ភាគ​ខាងជើង (ជាំក្សាន រវៀង សណ្ដាន់..) និយាយ​រឿងរ៉ាវ​ផ្សេង​ៗ ទាក់ទង​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​កួយ​ប្រាប់​អោយ​ខ្ញុំ​បាន​ដឹង ពិសេស​អំពី​ការ​លូក​ក្រមុំ​កួយ​នេះ​តែ​ម្តង​។ ក្រមុំ​កួយ​តែង​ចាប់​ចិត្ត​ស្រឡាញ់​គ្រូ​កំលោះ​ៗ​ជាតិ​ខ្មែរ ដែល​ទៅ​បង្រៀន​នៅ​តំបន់​ស្រុក​ភូមិ​កួយ​។ ពិសេស​គ្រូ​កំលោះ​ខ្មែរ ក្ដាប់​បាន​ចំណុច​ខ្សោយ​របស់​ក្រមុំ​កួយ គេ​បាន​ទិញ​ខ្សែ​អង្កាំ​ធ្វើ​ជំនូន​ស្នេហ៍​ចំពោះ​ក្រមុំ​ជនជាតិ ទាក់ទាញ​ចិត្ត​នារី​អោយ​ស្រឡាញ់​ខ្លួន​។ នៅ​ពេល​យប់ ទាំង​កំលោះ​កួយ ទាំង​កំលោះ​ខ្មែរ​ជា​គ្រូ​បង្រៀន បាន ត្រាច់​ចរ​ក្នុង​រាត្រី លូក​ដៃ​ស្ទាប​សុដន់​កម្សាន្ត​ចិន្ដា​។ ជួនកាល ការ​ស្រឡាញ់​គ្នា​នេះ មិន​ព្រម​ស្ថិត​នៅ​ត្រឹម​ការ​លូក​លេង​ដោះ​នៅ​រាល់​ៗ​យប់​នោះ​ទេ គឺ​មាន​ការ​ជ្រុលជ្រួស រហូត​ដល់​រួមរក្ស​ខាង​ផ្លូវ​ភេទ​ជាមួយ​គ្នា​ទៀត​ផង​។ ក្នុង​ករណី​នេះ ប្រសិន​បើ​ឪពុក​ម្តាយ​ខាង​ស្រី​ដឹង​ការណ៍ គេ​ហៅ​ខាង​ប្រុស​មក​សួរ​ថាៈ តើ​” ​សែន​ចេញ​” ឬ “ ​សែន​ចូល​” ? (សែន​ចេញ គឺ​គ្រាន់តែ​សែន​ជម្រាប និង​សុំទោស​ព្រលឹង​ដូនតា កុំ​អោយ​ប្រកាន់​ខឹង​ចំពោះ​ការ​ជ្រុលជ្រួស​ភ្លាំងភ្លាត់​របស់​កូនស្រី រួច​ហើយ​មិន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទេ តែ​ត្រូវ​ឈប់​មក​ទាក់ទង​តទៅទៀត​។) (សែន​ចូល គឺ​រៀបអាពាហ៍ពិពាហ៍​តាម​ប្រពៃណី​កួយ ដោយ​មាន​រណ្ដាប់​រណ្ដាប់​ភស្តុភារ​តាម​ទំនៀមទម្លាប់​សាសន៍​ជាតិ​គេ រួច​ហើយ​រួមរស់​នៅ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​ទៅ​។ ខ្ញុំ​ស្ដាយ​ណាស់! ដោយ​ពុំ​ទាន់​អាច​ស្រាវជ្រាវ​ដឹង​អំពី​របៀប​រៀប​រណ្ដាប់​ភស្តុភារ​សម្រាប់​ ពិធី​ទាំងពីរ​បែប​នេះ​។)។ សែន​ចេញ​គឺ​ជា​ពិធី​ចាត់ចែង​ឡើង ដើម្បី​ជម្រាប​និង​សុំទោស​ព្រលឹង​ដូនតា​កួយ កុំ​អោយ​ប្រកាន់​កូនចៅ ដែល​ជ្រុលជ្រួស​ភ្លាំងភ្លាត់​ខាង​រឿង​ស្នេហា ហើយ​មិន​បាច់​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ក៏​បាន​។ ពិធី​សែន​ចេញ​មាន​រណ្ដាប់​មួយ​បែប​ដោយឡែក​……។ តែ​បើ​សែន​ចូល​វិញ គឺ​ជា​ពិធី​រៀបអាពាហ៍ពិពាហ៍​ពេញ​ទី​តែម្ដង ដែល​គេ​តែង​ចាត់ចែង​ធ្វើ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ជនជាតិ​កួយ​។
ពួក​គ្រូ​ដែល​ត្រូវ​ជា​មិត្ត​ភក្តិ​ខ្ញុំ និយាយ​ទៀត​ថា : កូនក្រមុំ​កួយ​ខ្លះ​ស្អាត​មែនទែន សម្រស់​គេ​មិន​ចាញ់​កូនក្រមុំ​ខ្មែរ​ឡើយ​។ តែ​ពួក​គេ​មិន​ដាច់​ចិត្ត​យក​មក​ធ្វើ​ជា​ប្រពន្ធ​ពេញ​ច្បាប់ ព្រោះ​មាន​ក្ដី​បារម្ភ​ពីរ​យ៉ាង​៖
  • ក្រែង​មិន​អាច​ចូលចុះ​ក្នុង​សង្គម​ស៊ីវិល័យ​។
  • ក្រែង​ឪពុក​ម្ដាយ​មិន​យល់ស្រប​ជាមួយ​ផង ព្រោះ ជា​អ្នកស្រុក​ព្រៃ​ដូច្នេះ រាល់​ការ​ថ្លោះធ្លោយ ជាប់ជំពាក់​អន្ទាក់​ស្នេហ៍​ជាមួយ​ក្រមុំ​កួយ គេ​តែងតែ​ជ្រើសរើស​យក​ពិធី​សែន​ចេញ​ជាដរាប​។

តាម​ស្មាន ពិធី​នេះ​ត្រូវ​ចំណាយ​ប្រាក់​មិន​ហួស​ពី ២០០ ឬ ៣០០ (ក្នុង​ជំនាន់​នោះ) ឡើយ​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ ការ​លេង​សើច​បែប​នេះ ជាមួយ​នឹង​ស្នេហា​ពិត​ៗ​នោះ មិនមែន​ជា​ប្រការ​ល្អ​ប៉ុន្មាន​ឡើយ​។ វា​គឺ​ជា​ការ​យក​កាំបិត​ទៅ​ឆូត​សាច់​បេះដូង អោយ​ឈឺ​ទទេ​ៗ​តែ​ប៉ុណ្ណោះ​។ តើ​អាច​មាន​ប្រពៃណី​លូក​លេង របៀប​នេះ​ទៀត​ឬ​ទេ នៅ​ក្នុង​សហគមន៍​ជនជាតិ​កួយ? ។ មតិ​ទូទៅ​ស្មាន​យល់​បាន​ថា ទោះបី​នៅ​តំបន់​ដាច់​ស្រយាល ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​យ៉ាងណា ក៏​អារ្យធម៌​ទំនើប​បាន​ហូរ​ចូល​ទៅ​ដល់​តំបន់​ព្រៃ​ភ្នំ​ទាំងនោះ​ខ្លះ​ៗ ជា​មិន​ខាន​។ ហើយ​កុលសម្ព័ន្ធ​កួយ ក៏​ដូចជា​ជនជាតិ​ភាគតិច​ដទៃ​ទៀត នៅ​កម្ពុជា ពិតជា​បាន​តាម​ប្រកៀកប្រកិត​នឹង​ជនជាតិ​ខ្មែរ​ដែរ​។ ទាំង​សម្លៀក​បំពាក់ ទាំង​ភាសា ទាំង​ប្រពៃណី​ទំនៀមទម្លាប់​ផ្សេងៗ ពិត​ជា​មាន​ការ​វិវត្តិ​ប្រែប្រួល​ទៅ​រក​វឌ្ឍនភាព ជា​ពុំ​ខាន​៕

កែសម្រួល​ពាក្យពេចន៍​ឃ្លាឃ្លោង និង​បន្ថែម​អត្ថ​ន័យ​ដោយ
សាស្ត្រាចារ្យ មៀច ប៉ុណ្ណ មន្ត្រី​នៅ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ

No comments: