លោក ឡាយអិន ករណី​ក្បត់​សេចក្ដី​ទុក​ចិត្ត​ដែល​លោក​ជួប​ប្រទះ​នេះ តាម​ពិត​ទៅ បាន​កើត​មាន​អស់​រយៈ​ពេល​ជិត ៣​ឆ្នាំ ប៉ុន្តែ​មក​ទល់​ឥឡូវ​នេះ មិន​ទាន់​ដោះ​ស្រាយ​ដាច់​ស្រេច​នៅ​ឡើយ​ទេ។ លោក បញ្ជាក់​ថា បើ​ទោះ​កន្លង​មក​យូរ​ដូច្នេះ​ហើយ​ក្ដី ប៉ុន្តែ​លោក​អត់​ទាន់​បាន​ដាក់​ពាក្យ​ប្ដឹង​ទេ ព្រោះ​យល់​ថា​រាប់​អាន​គ្នា ចង់​ឲ្យ​គេ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ដោយ​ចិត្ត​ឯង។ តែ​ទោះ​យ៉ាង​ណា​លោក​ថា ការ​អត់​ធ្មត់​មាន​ដែន​កំណត់​ដែរ។
ឡាយ​អិន បាន​រៀប​រាប់​ពី​ដើម​ចម​នៃ​រឿង​រ៉ាវ​នេះ​ថា កាល​ពី​ឆ្នាំ​២០១០ លោក​បាន​ខ្ចី​លុយ​មិត្ត​ភ័ក្ដិ​ម្នាក់​ចំនួន១៥០០។ លុះ​ក្រោយ​មក​ប៉ុន្មាន​ថ្ងៃ មិត្តភ័ក្ដិ​រូប​នោះ ក៏​បាន​សុំ​ខ្ចី​រថយន្ត​របស់​លោក ម៉ាក ឡង់គ្រីស័រ ពណ៌​ស្ករ​វិញ ក្នុង​បំណង​យក​ទៅ​កុហក​មេ​គេ ព្រោះ​ថា​មិត្តភ័ក្ដិ​រូប​នោះ បាន​យក​ប្រាក់​ពី​មេ​ថា​មក​ទិញ​រថយន្ត ប៉ុន្តែ​បែរ​ជា​ដក​ប្រាក់​នោះ​ចាយ​អស់​មួយ​ចំនួន​ទៅ​វិញ។
លោក បន្ត​ថា ពេល​ខ្ចី មិត្តភ័ក្ដិ​រូប​នោះ​បាន​សុំ​យក​ឯកសារ​មួយ​ចំនួន​ទៅ​ផង ដោយ​គេ​លើក​ហេតុ​ផល​ថា បើ​មិន​យក​ឯកសារ​ទៅ​ទេ មេ​របស់​គេ​នឹង​មិន​ជឿ​ថា​គេ​បាន​ទិញ​រថយន្ត​នោះ​ឡើយ។ ដោយ​យល់​ថា មិត្តភ័ក្ដិ​រាប់​អាន​គ្នា​ធ្លាប់​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​ម​ក ឡាយអិន ក៏​បាន​ឲ្យ​ឯកសារ​ទិញ​រថយន្ត ទៅ​បុរស​នោះ​ទាំង​អស់។
ពិធីករ​ក្នុង​កម្មវិធី Freshie Winner រូប​នេះ បន្ថែម​ទៀត​ថា លុះ​រំលង​បាន​១​សប្ដាហ៍ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​មិត្តភ័ក្ដិ​រូប​នោះ ដើម្បី​សង​ប្រាក់​ដែល​ខ្ចី​ចំនួន១៥០០ ដុល្លារ និង​ដើម្បី​យក​ឡាន​មក​វិញ​ផង ប៉ុន្តែ​បុរស​នោះ បែរ​ជា​គេចវេះ​មិន​ព្រម​មក​ជួប​លោក ម្ដង​ហើយ​ម្ដង​ទៀត រហូត​ដល់​មិត្តភ័ក្ដិ​រូប​នោះ​មាន​រឿង​ក្ដីក្ដាំ​ត្រូវ​ជាប់​ពន្ធនាគារ​៣-៤ថ្ងៃ។
ក្រោយ​ចេញ​ពី​គុក​វិញ លោក ឡាយ​អិន បាន​ទូរស័ព្ទ​ទៅ​ម្ដង​ទៀត និយាយ​ពី​រឿង​ឡាន​របស់​លោក ស្រាប់​មិត្តភ័ក្ដិ​នោះ​ថា ឡាន​ត្រូវ​គេ​លក់​ដោះ​ស្រាយ​រឿង​ក្ដី​អស់​ហើយ ដោយ​គ្រាន់​តែ​សន្យា​ថា នឹង​រក​ប្រាក់​សង​វិញ និង​សុំ​ទុក​ពេល​ឲ្យ​មួយ​រយៈ​សិន។ ប៉ុន្តែ​មក​ទល់​ឥឡូវ​ជិត ៣​ឆ្នាំ​ហើយ សន្យា​នៅ​តែ​ជា​សន្យា​ដដែល​។
លោក ថា”ខ្ញុំ​បាន​ប្រាប់​បុរស​នោះ​ថា ខ្ញុំ​អស់​ពេល​អត់​ធ្មត់​ហើយ បើ​បង​មិន​សង​ប្រាក់​ខ្ញុំ​ទេ ខ្ញុំ​នឹង​ធ្វើ​តាម​ច្បាប់​ហើយ!”។ ទោះ​យ៉ាង​ណា ពេល​ពេល ឡាយ​អិន គំរាម​បែប​នេះ បុរស​នោះ​មិន​ត្រឹម​តែ​ខ្លាច​ទេ បែរ​ជា​តប​វិញ​ថា ប្ដឹង​យ៉ាង​ម៉េច បើ​ឯកសារ​ឡាន​នោះ​នៅ​នឹង​គេ​ទាំង​អស់។ លោក បាន​តប​ទៅ​បុរស​នោះ​វិញ​ថា “ឯកសារ​នៅ​នឹង​បង​ពិត​មែន ប៉ុន្តែ​គ្មាន​ឯកសារ​លក់ ឬ​ផ្ទេរ​ឡាន​នោះ​ទៅ​បង​ទេ ដូច្នេះ បើ​បង​មិន​យោគយល់​ដល់​ខ្ញុំ ខ្ញុំ​ក៏​មិន​យោគយល់​បង​ដែរ”។
ឡាយអិន បញ្ជាក់​ថា លោក​ទុក​ឱកាស​ឲ្យ​បុរស​នោះ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៣​នេះ​ប៉ុណ្ណោះ បើ​មិន​ព្រម​ដោះស្រាយ​សង​ប្រាក់​លោក​ទេ លោក​នឹង​ធ្វើ​តាម​ច្បាប់​ហើយ។ ឡាយអិន បញ្ជាក់​ថា រថយន្ត​ម៉ាក ឡង់គ្រីស័រ របស់​លោក​នោះ បាន​ទិញ​មក​ក្នុង​តម្លៃ​ជាង ៨០០០ ដុល្លារ​អាមេរិក។
ក្រៅ​ពី​ជួប​រឿង​ស៊យ​ដោះ​ស្រាយ​មិន​ទាន់​ដាច់​ស្រេចដោយ​សារ​គេ​បោក ឡាយអិន ក៏​បាន​ជួប​ទុក្ខ​ធំ​កាល​ពី​ចុង​ឆ្នាំ​២០១២ ដែរ ក្នុង​នោះ​ ព្រោះ​តែ​ម្តាយ​របស់​លោក​បាន​ទទួល​មរណភាព៕

អត្ថបទ ៖ សុខម៉េង
កែ​សម្រួល ៖ ទារិកា