ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013, ម៉ោង 10:42 AM
ស្តាប់សំឡេង៖ |
ចម្លងទុក |
គណបក្សសង្គ្រោះជាតិ ប្រកាសថា គោលដៅនៃការធ្វើបាតុកម្ម
រយៈពេល៣ខែទៅមុខទៀតនេះ
គឺទាមទារឲ្យមានការរៀបចំបោះឆ្នោតជាតិអាណត្តិទី៥នេះឡើងវិញ
បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា
បដិសេធបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃ
ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា។
ការទាមទារនេះ
ត្រូវបានអ្នកវិភាគមើលឃើញថា ស្រដៀងនឹងប្រទេសថៃ
ដែលបាតុកររបស់គណបក្សប្រឆាំងទាមទារឲ្យលោកស្រី យីងឡាក់
ចុះចេញពីតំណែងបានដូចបំណង ហើយរៀបចំបោះឆ្នោតឡើងវិញ
ដោយប្រើរយៈពេលពីរខែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកបណ្ឌិត សុខ ទូច
អ្នកវិភាគនយោបាយ គិតថា ស្ថានការណ៍កម្ពុជាពេលនេះ មិនដូចនៅថៃនោះទេ។
លោកបានឡើងពីអំណះអំណាងដូចជា ការដែលបាតុករថៃទាមទារបានជោគជ័យ
គឺអ្នកមានទ្រព្យគាំទ្រផ្នែកថវិកាដល់ដំណើរការបាតុកម្ម
កងទ័ពអព្យាក្រិត
ព្រះមហាក្សត្រមានអំណាចអាចគ្រប់គ្រងរដ្ឋាភិបាលអន្តរកាល គ.ជ.ប
ថៃឯករាជ្យ និងគោលដៅធំ គឺបញ្ចប់ការដឹកនាំនយោបាយរបស់ខ្សែស្រឡាយ
ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា។ ប៉ុន្តែនៅកម្ពុជាលោកថា
បញ្ហាសំខាន់ត្រូវមាន គជប ឯករាជ្យសិន មុននឹងបោះឆ្នោតឡើងវិញ ៖
"ហើយយើងអ្នកណាដែលអន្តរកាល អញ្ចឹងអ្នកណាបានមិនបាន
អ្នកហ្នឹងហើយទៅកែច្នៃ គជប។ គជប ជានិច្ចជាកាលពិបាក ដល់ពេលនោះ
គេមានរដ្ឋាភិបាលអន្តរកាល ហើយគេអត់មើល គជប។ គជប
គេគោរពតាមវិជ្ជាជីវៈរបស់គេ ហើយយើងនេះ អ្នកណាមានរដ្ឋាភិបាល
អាហ្នឹងមានឥទ្ធិពលទៅលើ គជប អញ្ចឹងសូមឲ្យគណបក្សប្រឆាំងត្រូវកែ
គជប សិន ឲ្យ គជប ហ្នឹងអព្យាក្រឹតសិន ដើម្បីអី?
ដើម្បីបោះឆ្នោតពេលណាក៏យើងជឿដែរ យើងសុំបោះឆ្នោតថ្មីហើយបើ គជប
រងឥទ្ធិពលនរណាម្នាក់ តើគេព្រមទទួលយក គជប នោះអត់"។
មាត្រា៣
ថ្មីនៃច្បាប់ស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
មានខ្លឹមសារថា
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំ
ម្តង។ ក្នុងករណីរដ្ឋសភាត្រូវរំលាយមុនអាណត្តិ
ការបោះឆ្នោតជ្រើសតាំងរដ្ឋសភាថ្មី ត្រូវធ្វើយ៉ាងយូរយៈពេល៦០ថ្ងៃ
ចាប់តាំងពីការរំលាយសភានោះ។
ចំណែកមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញ ចែងថា
រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិឡើយ
វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដង
ក្នុងរយៈពេល១២ខែ។
លោកបណ្ឌិត ហង្ស ពុទ្ធា
នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វ្រិច យល់ថា ការបោះឆ្នោតឡើងវិញ
ត្រូវការពេលវេលាច្រើនទៀត
ពិសេសទាល់តែគណបក្សប្រជាជនកម្ពុជាយល់ព្រមដែរ ៖
"ការបោះឆ្នោតមួយអាចប្រព្រឹត្តទៅបានទាល់តែមានភាគីលើសពីពីរ
ចូលរួម ឥឡូវបើភាគីតែមួយនោះប្រហែលជាមិនអាចទៅរួចទេ ហើយមួយទៀត
យើងឃើញថា សម្រេចនូវគោលបំណងនេះ គឺជាគោលបំណងរបស់ភាគីតែម្ខាង
ហើយនៅមានបញ្ហាបច្ចេកទេសច្រើនទៀត
ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះ យុទ្ធនាការឃោសនា ការបោះឆ្នោត
និងរាប់សន្លឹកឆ្នោតទៀតផង អញ្ចឹងខ្ញុំគិតថា
ប្រហែលជាត្រូវការពេលវេលាដើម្បីធ្វើការកែទម្រង់
មុននឹងឈានទៅរកការបោះឆ្នោត
ដើម្បីធានាឲ្យការបោះឆ្នោតម្តងទៀតហ្នឹងឯង
ចេញមកលទ្ធផលទទួលយកបានដោយគណបក្សទាំងពីរ"។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
លោក ស ខេង មានប្រសាសន៍ថា ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ
មិនអាចធ្វើឡើងក្នុងរយៈពេលខ្លីដូចនៅប្រទេសថៃឡើយ។ លោក ស ខេង
បានថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីសប្តាហ៍មុននេះថា
ការរៀបចំបោះឆ្នោតឡើងវិញ គឺអាចទៅរួចក្នុងរយៈពេល១ឆ្នាំទៅ២ឆ្នាំ។
សម្រាប់អ្នកវិភាគស្ថានការណ៍សង្គម
លោកស្រី ជា វណ្ណាត យល់ថា កាលៈទេសៈនេះ មេដឹកនាំគណបក្សឈ្នះឆ្នោតទាំងពីរ
ត្រូវចូលតុចចារទល់មុខគ្នាសិន មុននឹងនិយាយពីការបោះឆ្នោតឡើងវិញ
បើពុំនោះទេ លទ្ធផលនៃការបោះឆ្នោតថ្មីនោះ
នៅតែមិនអាចទទួលស្គាល់ពីភាគីណាមួយដដែល ៖
"បើសិនណាជាយើងអត់ត្រូវគ្នាសោះដូចសព្វថ្ងៃហ្នឹង
យើងបោះឆ្នោតម្តងទៀត មិនថាអ្នកណាចាញ់ មិនថាអ្នកណាឈ្នះទេ
គណបក្សណាក៏ដោយ គណបក្សប្រជាជនចាញ់ក៏មិនព្រមទទួលយកដែរ
ការបោះឆ្នោតអី
បើយើងអត់មានយន្តការអីមួយសម្រាប់ឲ្យទុកចិត្តទាំងអស់គ្នាផង
អត់ទាន់មានអីផង ហើយយើងចេះតែនិយាយទទេៗម៉េចកើត
វាទាល់តែមានស្ថាប័នមួយដែលគ្រប់ភាគីទាំងអស់
ប្រជាពលរដ្ឋលោកទុកចិត្តថា នេះជាស្ថាប័នឯករាជ្យ អព្យាក្រឹត
មានតម្លាភាព ជឿទុកចិត្តបាន អាហ្នឹងបានយើងអាចបោះឆ្នោតបានទៀត
ចុះបើយើងអត់ទាំងមានផង យើងចេះតែថាបោះៗៗៗ
តើគណបក្សសង្គ្រោះជាតិ សុខចិត្តចាញ់ទៀតទេ
ឬមួយក៏គណបក្សប្រជាជនសុខចិត្តចាញ់ទេ អត់ព្រមអ្នកណាចាញ់ទេ"។
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុរបស់ គជប
លោក ឆាយ សុផាន់ណា ឲ្យដឹងថា ការចំណាយថវិកាសរុប
ជិត២០លានដុល្លារអាមេរិក សម្រាប់រៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៣
ដោយគិតតាំងពីចំណាយចុះឈ្មោះផងដែរ។ លោកបញ្ជាក់ថា ថវិកាទាំងនោះ
បានមកពីម្ចាស់ជំនួយជិតមួយលានដុល្លារ ហើយក្រៅពីនោះជាថវិកាជាតិ៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
Tags: ការបោះឆ្នោត - នយោបាយ - វិភាគព្រឹត្តិការណ៍ - គណបក្សសង្គ្រោះជាតិ - គណបក្សប្រជាជន
No comments:
Post a Comment