Friday, December 20, 2013

តើមានវិធីមើលពីលក្ខណៈមនុស្ស​ល្អនិងមនុស្សអាក្រក់​ដែរឬទេ?



            ឆ្លើយ ៖​​ សតិសម្បជញ្ញៈដែលយើងឃើញ​នៅ​ក្នុង​ខ្លួន​បុគ្គល​ទូទៅមានត្រឹមតែ 10%ទេ 90%​ទៀត​ជា​ផ្នែក
​ញាណ​ក្រោមលំនឹក (Subconsciousness) និងញាណផុតលំនឹក (Unconsciousness) ដូច្នេះទើបយើងមិនអាចវិនិ-
ច្ឆ័យបានថា តើនរណាជាមនុស្សល្អឬមិនល្អ ដោយគ្រាន់តែមើលតាមសតិសម្បជញ្ញៈដែលឃើញដោយសើៗនោះ
ទេ។
            អារម្មណ៍ទទួលដឹង ធ្វើឲ្យគ្រប់ជីវិតលើលោកមានសម្ពន្ធភាពរវាងគ្នា និងជាអ្នកកំណត់ព្រឹត្តិកម្មទាំងឡាយ
ដែលកើតឡើងចំពោះគ្នា។ នៅក្នុងពុទ្ធសាសនា ញាណក្រោមលំនឹក គឺញាណដែលប្រមូលទាំងអារម្មណ៍ល្អនិង
មិនល្អទុក។ បើទុកតែអ្វីដែលល្អ វានឹងក្លាយជា "បារមី" ប៉ុន្តែបើទុកតែអ្វីមិនល្អ នឹងក្លាយជា "អនុស័យកិលេស"​
ដែលសំងំខ្លួនក្នុងបន្ទុកនៃសន្តាន។​ អារម្មណ៍ទទួលដឹងនេះនឹងមិនបាត់ទៅណាទេ វានឹងសម្តែងចេញមកវិញនៅ
ពេលមានទំនាក់ទំនងទៅតាមហេតុនិងបច្ច័យសមរម្យ។
            មនុស្សខ្លះ នៅពេលអនុស័យកិលេសមិនទាន់ជំរុញ មិនទាន់សម្តែងចេញ មិនទាន់បង្ហាញជារូបរាង នឹង
ធ្វើឲ្យមើលទៅជាមនុស្សល្អ។មនុស្សល្អជាច្រើននៅពេលស្គាល់គេច្បាស់ទើបដឹងថា គេមិនល្អដូចដែលយើងបាន
គិតឡើយ។ អ្នកខ្លះយ៉ាប់ជាងមនុស្សទូទៅផងក៏មាន។ ការមានអារម្មណ៍ថា នរណាម្នាក់ជាមនុស្សល្អនោះគឺអា-
ស្រ័យលើអារម្មណ៍ទទួលដឹង។ ឪពុកម្នាក់អាចជាមនុស្សល្អបំផុតរបស់កូន របស់ភរិយា ប៉ុន្តែបែរជាមនុស្សអាក្រក់
នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ។
            វេទនាដែលកើតឡើងចំពោះយើងក្នុងជាតិនេះ នឹងរក្សាទុកក្នុងញាណផុតលំនឹក (Unconsciousness)។
ការដែលបានធ្វើបុណ្យរួមឬមានអារម្មណ៍នឹងនរណាម្នាក់កាលពីជាតិមុន អ្នកទាំងពីរនឹងរក្សាទិន្នន័យនេះទុកនៅ
ក្នុងញាណផុតលំនឹក ហើយទិន្នន័យនេះនឹងបញ្ជូនឆ្លងជាតិដោយ ចុតិចិត្ត(១) និង បដិសន្ធិចិត្ត(២)​ ។ ពេលចាប់
កំណើតថ្មី អ្នកទាំងពីរនឹងជួបគ្នាទៀត។ ក្នុងជាតិថ្មី ពេលឃើញមុខគ្នានឹងកើតផស្សៈហើយទិន្នន័យល្អៗដែល
រក្សាទុកក្នុងញាណផុតលំនឹករបស់ភាគីទាំងពីរ នឹងផុសចេញមកទទួលផស្សៈនោះយ៉ាងមានសេចក្តីសុខ បង្កើត
ជាសេចក្តីស្នេហា ការស្រឡាញ់ ការចូលចិត្តគ្នា និងមើលឃើញថា ម្នាក់ៗសុទ្ធតែល្អ។
            ចូរព្យាយាមសម្លឹងមើលក្នុងលក្ខណៈបរមត្ត គ្មានស្អាត គ្មានសង្ហា គ្មានល្អ គ្មានអាក្រក់ គ្មានវិជ្ជមាន គ្មាន
អវិជ្ជមាន។
            ពេលយើងយកវេទនាធ្វើជាអារម្មណ៍ បង្កើតជាមនោសញ្ចេតនាថា អ្នកនោះជាមនុស្សល្អ! ទីបំផុតអ្នកនឹង
ខកបំណង ប្រៀបដូចជាព្រះភិក្ខុ ឬវីរបុរសជាច្រើនដែលអ្នករំពឹងថាល្អ តែទីបំផុត ពេលការពិតបង្ហាញឲ្យឃើញ
ជាក់ស្តែង វានឹងធ្វើឲ្យខកបំណងដល់អ្នកដែលជាប់ជំពាក់នឹង "មនុស្សល្អ"។
            ពុទ្ធសាសនាពន្យល់ពីលក្ខណៈមនុស្សមិនគួរឲ្យរាប់អាន (អសត្តបុរស) គឺ៖
            1-លាតត្រដាងអំពើអាក្រក់របស់អ្នកដទៃ ទោះបីជាគេមិនសួរ។
            2-មានគេសួរពីអំពើល្អរបស់អ្នកដទៃ មិនព្រមប្រាប់ឬរកកលមិនប្រាប់។
            3-មានគេសួរពីអាក្រក់របស់ខ្លួនឯង មិនព្រមឆ្លើយ។
            4-និយាយអួតអំពើល្អរបស់ខ្លួនឯង ទាំងដែលគេមិនបានសួរ។
            ចំណែកមនុស្សដែលគួរឲ្យរាប់អាន (សត្តបុរស) មានលក្ខណៈដូចជា៖
            1-បើមានគេសួរពីអំពើអាក្រក់របស់អ្នកដទៃ ក៏មិនឆ្លើយឬរកកលគេច។
            2-បើគេមិនសួរអំពីអំពើល្អរបស់អ្នកដទៃ ក៏នឹងនិយាយឲ្យស្តាប់។
            3-បើមិនមានគេសួរពីអំពើអាក្រក់របស់ខ្លួន ក៏លាតត្រដាងឲ្យដឹង។
            4-បើគេសួរពីអំពើល្អរបស់ខ្លួន ក៏នឹងមិនឆ្លើយឬរកកលគេចមិនឆ្លើយ។

បណ្ណាល័យសិក្សា

No comments: