កណ្ដាលៈ សមត្ថកិច្ចខេត្ត និងក្រសួងពាក់ព័ន្ធ
កំពុងធ្វើការស្រាវជ្រាវការបាត់កោដ្ឋតម្កល់ព្រះសារីរិកធាតុ
ព្រះពុទ្ធ និងវត្ថុមានតម្លៃពីក្នុងព្រះសក្យមុនីចេតិយ
នៅភ្នំព្រះរាជទ្រព្យ (ភ្នំ ឧដុង្គ)
កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ។
ព័ត៌មាននៃការបាត់កោដ្ឋតម្កល់ព្រះសារីរិកធាតុ និងវត្ថុមានតម្លៃ
ពីព្រះសក្យមុនីចេតិយ ដែលស្ថិតនៅលើភ្នំព្រះរាជទ្រព្យ ក្នុងស្រុក
ពញាឮ ខេត្ត កណ្តាល នេះមិនត្រូវបានមន្ត្រីរដ្ឋាភិបាល
ឬនគរបាលណាម្នាក់បញ្ជាក់ថាបានបាត់របស់អ្វីខ្លះឲ្យពិតប្រាកដនោះ
ទេ ហើយបើតាមព័ត៌មានពីវេបសាយក្នុងស្រុកមួយចំនួន
ដែលបានចុះកាលពីម្សិលមិញថា របស់ដែលបាត់មានច្រើន
រួមបញ្ចូលទាំងកោដ្ឋដាក់តម្កល់ព្រះសារីរិកធាតុព្រះពុទ្ធផងដែរ។
លោក ផៃ ប៊ុនឈឿន អភិបាលខេត្ត កណ្តាល មានប្រសាសន៍ថា៖ «ដោយសាររឿងនេះ
ស្ថិតក្នុងដៃសមត្ថកិច្ចពាក់ព័ន្ធ អ៊ីចឹងយើងមិនទាន់ជម្រាបបានថា
បាត់របស់មានតម្លៃអ្វីខ្លះទេ តែយើងឃើញទ្វារសក្យមុនីចេតិយ បើកចំហ។
យើងកំពុងធ្វើការស្រាវជ្រាវ»។
មន្ត្រីជាច្រើន មិនអាចសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។ ចំណែក
លោក អ៊ំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ
ថ្លែងថាការបាត់កោដ្ឋតម្កល់ព្រះសារីរិកធាតុនេះលោកមិនបានដឹងទេ
ពីព្រោះលោកធ្វើការបម្រើតែក្នុងកិច្ចការរបស់ព្រះមហាក្សត្រ
ប៉ុណ្ណោះ។
លោក តាន់ ចាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌនៃក្រសួង មហាផ្ទៃ
បានឲ្យដឹងថា លោកកំពុងតែឲ្យ
មន្ត្រីថា្នក់ក្រោមធ្វើការដើម្បីប្រមូលព័ត៌មានពីការបាត់បង់របស់
មានតម្លៃក្នុងព្រះពុទ្ធសាសនានោះ។ លោកថា៖
«យើងកំពុងទាក់ទងសួរទៅខេត្ត ដើម្បីឲ្យដឹងច្បាស់។
ឥឡូវអត់ទាន់ដឹងអីទេ ស្អែកទើបដឹង»។
ប្រជាពលរដ្ឋរស់នៅម្តុំ ភ្នំព្រះរាជទ្រព្យ
មិនបានដឹងពិតប្រាកដពីបញ្ហានេះទេ ខណៈដែលអាជ្ញាធរ
បានបិទមិនឲ្យឡើងភ្នំឧដុង្គ ចាប់តាំងពីថ្ងៃ ទី១០ ខែ ធ្នូ
រហូតមក។ បុរសអាយុ ៣២ ឆ្នាំម្នាក់ បាននិយាយថា៖
«គេបិទមិនឲ្យយើងឡើងភ្នំតាំងពីថ្ងៃ ១០ ធ្នូ មក
តែយើងអាចដើរលេងនៅជុំវិញភ្នំបាន។ គេនិយាយតៗគ្នាថា
មិនបាត់កោដ្ឋសារីរិកធាតុទេ ខ្លះថា បាត់ច្រើនជាងហ្នឹង
មានទាំងមាសទៀត។ តែខ្ញុំនៅមិនដឹងច្បាស់នៅឡើយ»។ លោកបានឲ្យដឹងថា
ពេលយប់កើតហេតុ មានមនុស្សយាមកាមចំនួន ៣ នាក់នៅលើភ្នំនោះ
ហើយអ្នកទាំងបីនោះ ឮថា ត្រូវគេហៅទៅសាកសួរ។
ភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ឬភ្នំ អដ្ឋរស្ស
ជាអតីតរាជធានីនាសតវត្សរ៍ ទី១៧ ដែលមានចម្ងាយប្រមាណ ៤០
គីឡូម៉ែត្រភាគពាយព្យនៃរាជធានីភ្នំពេញ។
ទីកន្លែងនេះមានការទាក់ទាញជាថ្មីទៀត បន្ទាប់ពីការកសាង
ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំជ្រុងខាងជើង៕
ព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ទីតម្កល់ព្រះសារីរិកធាតុ
No comments:
Post a Comment