នៅថ្ងៃ
ទី០៧ វិច្ឆិកា ឆ្នាំ២០០៨ ទង់ជាតិរបស់កម្ពុជា
ទង់របស់បេតិកភ័ណ្ឌពិភពលោក និងទង់របស់អង្គការយូនេស្កូ
(UNESCO) ត្រូវបានបង្ហូតឡើងហើយនៅលើប្រាសាទព្រះវិហាររបស់ខ្មែរ
ដើម្បីការពារប្រាង្គប្រាសាទនេះពីសង្គ្រាម ។
ក៏ប៉ុន្តែការប៉ះពាល់ដោយគ្រាប់កាំភ្លើងមកលើផ្នែកខ្លះនៅតាមជណ្តើរ
ឡើងប្រាសាទព្រះវិហារនៅក្នុងការផ្ទុះអាវុធកាលពីថ្ងៃទី១៥ ខែតុលា
ឆ្នាំ២០០៨ កន្លងទៅ
បានតម្រូវឲ្យកម្ពុជាប្រញាប់ប្រកាសការពារសម្បត្តិបេតិកភ័ណ្ឌ
ពិភពលោកមួយនេះ។ ថ្ងៃដដែលនេះ ប្រទេសថៃបានធ្វើការតវ៉ាថា
កម្ពុជាដែលកំពុងសាងសង់សណ្ឋាគារ និងផ្ទះនៅក្នុងឃុំប៉ោយប៉ែត
ចន្លោះបង្គោលព្រំដែនទី៤៨និង៤៩ នោះគឺស្ថិតនៅលើទឹកដីរបស់ថៃ។
នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០០៨
មានកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃថ្នាក់រដ្ឋមន្ត្រីការបរទេស
ដើម្បីព្យាយាមទម្លុះទម្លាយវិបត្តិព្រំដែន ។ កិច្ចប្រជុំនេះ
មានការសម្រួលកំលាំងទាហានចេញពីតំបន់ប្រាសាទព្រះវិហារ
និងការកំណត់យកផែនទីណាមួយមកធ្វើជាគ្រឹះក្នុងការពិភាក្សាខណ្ឌ
ចែកទឹកដីកម្ពុជា-ថៃគឺជារបៀបវាៈនៃការចរចាដ៏សំខាន់ផងដែរ។នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០០៨ កម្ពុជា-ថៃបានព្រមព្រៀងគ្នាដើម្បីបោះបង្គោលព្រំដែននៅតំបន់មាន ជម្លោះប្រាសាទព្រះវិហារ ប៉ុន្តែគេពុំទាន់ដឹងថាដំណើរការបោះបង្គោលព្រំដែននេះនឹងចាប់ផ្តើម ឡើងនៅពេលពលណានោះទេ ។
នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០០៨ រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង បានកោះអញ្ជើញអគ្គរាជទូតថៃឲ្យមកទទួលកំណត់ទូតពីកម្ពុជាវិញដើម្បី ឆ្លើយតបជំនួយស្មារតីចំនួន៣ច្បាប់របស់ថៃ។ នៅក្នុងជំនួយស្មារតីរបស់ខ្លួនដែលបានផ្ញើមកកម្ពុជាជាបន្តបន្ទាប់ ដោយប្រទេសថៃបានតវ៉ាថា កម្ពុជាបានសាងសង់សណ្ឋាគារ និងផ្ទះនៅលើទឹកដីថៃនៅចន្លោះបង្គោលព្រំដែនទី៤៨និង៤៩ ហើយកម្ពុជាបានដោតទង់យូនេស្កូ ទង់បេតិកភណ្ឌពិភពលោកនៅលើទឹកដីថៃ និងថាកម្ពុជាបានដង្ហែរកឋិនទានចូលវត្តកែវសិក្ខាគិរីស្វារៈ ដោយដើរឡើងតាមផ្លូវជាទឹកដីថៃ។ ប្រមុខការទូតខ្មែរបានច្រានចោលរាល់ការតវ៉ារបស់ថៃទាំងនេះ និងបានស្តីបន្ទោសថៃថានិយាយដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ លោក ហោ ណាំហុងក៏បានបដិសេធមិនទទួលយកការប្រើប្រាស់ពាក្យថា ”ព្រះវិហាន” របស់ថៃដែរ។
នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០០៨ រដ្ឋសភាកម្ពុជា បានស្នើឲ្យសភាថៃជម្រុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិបត្តិ ព្រំដែននៃប្រទេសទាំងពីរ ។
នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០០៨ កម្ពុជាមិនទទួលស្គាល់តំបន់ត្រួតស៊ីគ្នា និងមិនមានការគូសផែនទីថ្មីអ្វីឡើយ នៅក្នុងកិច្ចចរចាជម្លោះព្រំដែនជាមួយថៃ។ ជាសេចក្តីបញ្ជាក់ ខណៈដែលកម្ពុជាថៃ កំពុងផ្ទុះសង្គ្រាមពាក្យសម្តី និងសង្គ្រាមការទូត បន្ទាប់ពីកម្ពុជាបានលើកទង់សញ្ញាការពារប្រាសាទព្រះវិហារ និងបានហែរកឋិនទៅកាន់វត្តប្រាសាទព្រះវិហារកាលពីអាទិត្យមុន។ ថៃអះអាងថា វត្តប្រាសាទព្រះវិហារស្ថិតនៅក្នុងតំបន់ត្រួតស៊ីគ្នាជាង ៤ គីឡូម៉ែត្រដែលជាទឹកដីរបស់ខ្លួន។ នេះបើផ្អែកតាមផែនទីឯកតោភាគីរបស់ថៃ។ ប៉ុន្តែលោកផៃស៊ីផាន បានបដិសេធ។
នៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០០៨ កម្ពុជាបានចាប់ផ្តើមស្វែងរកការគាំទ្រពីបណ្តាប្រទេសជាមិត្ត ដើម្បីឲ្យឈរខាងកម្ពុជានៅក្នុងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។
(នៅមានតលេខក្រោយ)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៧)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៦
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៥)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៤)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៣)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ២)
អាន ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ១)
April 19, 2013 1:14 pm ប្រវត្តិរឿងក្តីប្រាសាទព្រះវិហារ (ភាគ៩)ដោយៈប៊ុនរ៉ាដូ – ABC Nonstop
[...] [...]
[...] [...]