Friday, December 20, 2013

ប្រវត្តិ​មន្ទីរពេទ្យ​ព្រះអង្គឌួង

130823_6a
លោកសាស្ត្រាចារ្យ ហែម ឈិន
មន្ទីរពេទ្យ ព្រះអង្គឌួង ជា​មន្ទីរពេទ្យ​ដ៏​ចំណាស់​ជាងគេ​មួយ​នៅ​ប្រទេស​កម្ពុជា​។ តាម​សំណង់​អគារ​ចាស់​ៗ​របស់​មន្ទីរពេទ្យ​នេះ​មើល​ទៅ​សុទ្ធសឹង​ជា​ ស្ថាបត្យកម្ម​ចម្រុះ​រចនាប័ទ្ម​ខ្មែរ និង​លាយឡំ​បែប​អាណានិគមនិយម​ខ្លះ​ៗ​។ សំណង់​អគារ​ទាំង​នេះ​ប្រហែល​ជា​សាងសង់​នា​អំឡុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្សរ៍​ទី​២០។
ដោយ​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង​កាល​ពី​ដើម​ ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក សាស្ត្រាចារ្យ​ទន្តបណ្ឌិត ឆេង ស្រ៊ា បាន​រៀបរាប់ រំឭក អំពី​ប្រវត្តិ​ខ្លះ​ៗ​របស់​មន្ទីរពេទ្យ ព្រះអង្គឌួង នេះ​ថា​៖ «​ពេទ្យ​នេះ​មាន​តាំងពី​សម័យ​មុន​អាណានិគមនិយម​ចូល​ត្រួតត្រា​ស្រុក​ខ្មែរ​ ទៅ​ទៀត​។ លុះ​នៅ​ពេល​ដែល​បារាំង​ចូល​មក​កាន់កាប់​ស្រុក​ខ្មែរ​គេ​ដាក់​ឈ្មោះ​ពេទ្យ​ នេះ​ថា “Discensaire Preah Ang Duong” មាន​ន័យ​ថា «​ពេទ្យ​ក្រុង​» ហើយ​មាន​នាទី​សម្រាប់​ទទួល​ព្យាបាល​រោគ​កម្រិត​ស្រាល​ៗ​ដោយ​ពុំ​មាន​គ្រែ សម្រាប់​ដាក់​ឲ្យ​អ្នក​ជំងឺ​ដេក​សម្រាក​ព្យាបាល​នៅ​ទី​នោះ​ទេ​»។
នៅ​មុន​ឆ្នាំ​១៩៧៥ មន្ទីរពេទ្យ​ព្រះអង្គឌួង ក៏​បាន​ក្លាយ​ជា​មន្ទីរពេទ្យ សម្រាប់​ជំងឺ​ព្យាបាល ភ្នែក ច្រមុះ បំពង់ក មាត់ និង​ធ្មេញ ដូច​បច្ចុប្បន្ន​នេះ​ដែរ​។
តាម​ការ​សាកសួរ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​លោក​សាស្ត្រាចារ្យ​ទន្តបណ្ឌិត ហែម ឈិន អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​គណៈទន្តពេទ្យ​កម្ពុជា ហើយ​លោក​ក៏​ជា​ស្ថាបនិក​សមាគម​ទន្តពេទ្យ​កម្ពុជា​ផង​ដែរ​។
លោក​សាស្ត្រាចារ្យ​ទន្តបណ្ឌិត ឈិន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ រូប​លោក និង​មិត្តភក្តិ​មួយ​ចំនួន​ទៀត​បាន​ប្រមូល​អតីត​ទន្តពេទ្យ​ដូចគ្នា ដែល​នៅរស់​សេសសល់​ពី​ស្លាប់​ដោយ​របប​ប៉ុលពត​ដើម្បី​ចូល​ទៅ​ធ្វើការ​នៅ​អតីត​ មន្ទីរពេទ្យ​ព្រះអង្គឌួង​។ លុះ​រហូត​ដល់ ខែ​មិថុនា ឆ្នាំ​១៩៧៩ យើង​ប្រមូល​បាន​ទន្តពេទ្យ​សរុប​ទាំងអស់​ចំនួន ៣៤​នាក់​ប៉ុណ្ណោះ ហើយ​ជា​ឱកាស​ល្អ​រដ្ឋាភិបាល​រណសិរ្ស​សាមគ្គី សង្គ្រោះជាតិ​សម័យ​នោះ ក៏​យក​អតីត​មន្ទីរពេទ្យ​ព្រះអង្គឌួង​នោះ បងើ្កត​ជា​ពេទ្យ​សេដ្ឋកិច្ច និង​ជីវភាព​សម្រាប់​ទទួល​ព្យាបាល​អ្នក​មាន​បញ្ហា​មាត់ធ្មេញ និង​ជំងឺ​ផ្សេង​ៗ ដែល​បន្សល់​ពី របប ប៉ុល ពត បាន​ដួលរលំ​ទៅ​ថ្មី​ៗ​នោះ​។
លោក​សាស្ត្រាចារ្យ​ទន្តបណ្ឌិត ហែម ឈិន បាន​រំឭក​បន្ត​ថា លុះ ដល់​ឆ្នាំ​១៩៨០ ក្រសួង​សុខាភិបាល​របស់​រដ្ឋាភិបាល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏ បាន​ប្តូរ​ឈ្មោះ​ពេទ្យ​នោះ​មក​ជា​មន្ទីរពេទ្យ​២​ធ្នូ វិញ ហើយ​ចាប់ផ្តើម​ទទួល​ព្យាបាល​ជំងឺ​ទូទៅ និង​ជាពិសេស​គឺ​ផ្នែក​សម្ភព​។ កាល​នោះ​ប្រធាន​មន្ទីរពេទ្យ​២​ធ្នូ​នេះ ដំបូង​បំផុត​ឈ្មោះ​លោក មាស ឆុន្នី និង​អនុប្រធាន​គឺ​លោក​វេជ្ជបណ្ឌិត តែ គុយសៀង​។
បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តូរ​ឈ្មោះ​ពេទ្យ​នោះ​មក​ជា​មន្ទីរពេទ្យ​ ព្រះអង្គឌួង ដូច​ដើម​វិញ ហើយ​ក៏​រក្សា​មុខ​នាទី​ជា មន្ទីរពេទ្យ​មាន​ឯកទេស​ព្យាបាល​ភ្នែក ច្រមុះ បំពង់​ក មាត់ និង​ធ្មេញ ដូច​ដើម​ឡើង​វិញ​។
កាលពី​ពេល​ដើម​ឆ្នាំ​២០១៣ នេះ​ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​កូរ៉េ អគារ​ចាស់​ៗ​មួយ​ចំនួន​របស់​មន្ទីរពេទ្យ​នេះ​ក៏​ត្រូវ​បាន​រុះរើ​ដើម្បី​ រៀបចំ​សាងសង់​អគារ​ថ្មី​ជំនួស​វិញ​៕

No comments: