Friday, December 20, 2013

ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​គឺ​ចង់ឲ្យ​មាន​អាជ្ញាកណ្តាល​ឯករាជ្យ​ក្នុង​ការរៀបចំការ​​បោះឆ្នោត​​

ដោយ៖​ កែវ ភិរម្យ​ | ថ្ងៃព្រហស្បតិ៍ ទី12 ខែធ្នូ ឆ្នាំ2013, ម៉ោង 09:29 AM​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដែល​ចូលរួម​ការ​ប្រារព្ធ​ទិ​វា​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​២០១៣​នេះ​ជាមួយ​សង្គម ​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ឆន្ទៈ​ពិត​របស់​ពួកគេ ចង់ឲ្យ​មាន​អាជ្ញា​កណ្តា​ល​មួយ ដែល​ត្រូវតែ​ឯករាជ្យ​សម្រាប់​រៀបចំ​ការបោះឆ្នោត​។​
​ការទាមទារ​នេះ ត្រូវបាន​លើកឡើង ក្នុង​ពិធី​អបអរសាទរ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស​ក្រោម​ប្រធានបទ​«​យើងទាំងអស់គ្នា​លើកស្ទួយ និង​ការពារ យុត្តិធម៌​សង្គម​ »​ដែល​​រៀបចំ​ដោយ​ក្រុម​សង្គម​ស៊ីវិល​។ ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​១០​ ធ្នូ​នេះ​ដែរ ដោយ​មាន​ប្រធានបទ​«​យើង​ទាមទារ​សិទ្ធិ​ក្នុង​ការជ្រើស​រើស​មេដឹកនាំ​»​។​
​កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ពោធិ៍ នៅ​កែង​សួនច្បារ​សណ្ឋាគារ សាន់វេ ទល់មុខ​សា្ថនទូត​​អាមេរិក បន្ទាប់​ពី​ចូលរួម​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ ប្រជាពលរដ្ឋ​មួយ​ក្រុម មកពី​ខេត្ត កំពង់​ចាម​ នៅក្នុង​ដៃ​មាន​កាន់​កាបូប ឬ​ថង់​ដាក់​សម្ភារ​ផ្សេងៗ ភាគច្រើន​ពូក​គាត់​មាន​បង់ ក ក្រមា ​និង​ពាក់មួក​ដែលមាន​ចង​បូ​ពណ៌​លឿង រំលេច​ដោយ​ពាក្យ​មួយ​ឃ្លា​ថា​«​យើង​ទាមទារ​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​»​។​
​នៅក្រោម​បូរ​ពណ៌​លឿង​ពីលើ ដែល​មាន​សរសេរ​ពាក្យ​ថា “​មាន​យុត្តិធម៌​មាន​សន្តិភាព​ ” ។ លោកពូ ភា​ង និយាយថា មុន​ពេល​បោះឆ្នោត​គាត់​បាន​ចូលរួម​តវ៉ា​សុំឲ្យ ដូរ គជប  តែ​មិន​បាន​​សម្រេច លុះ​ក្រោយ​បោះឆ្នោត​គាត់​បាន​ចូលរួម​គ្រប់ពេល​បាតុកម្ម​ទាំងអស់ ក្នុងការ​ទាមទារ​រក​យុត្តិធម៌ សម្រាប់​ម្ចាស់​ឆ្នោត «​ពាក្យ​បុរាណ​លោក​ ពោល​ថា ក្តាម​នៅ​ស្រែ​ណា​វា​កាត់​ស្រែ​នោះ បើ​អញ្ចឹង​យើង​ចាប់​ក្តាម​ហ្នឹង​ចេញ​បាន​ស្រែ​នោះ [​ទើបបាន​]​សុខ​។ ឧទាហរណ៍​ថា បើ​ថា​អ្នក​ហ្នឹង​ចោរ​ហើយ លួច​ហើយ​ឲ្យ​អ្នកហ្នឹង​ធ្វើ​ទៀត នៅតែ​លួច​ទៀត នៅ​តែ​លំបាក​អញ្ចឹង​តកូនតចៅ​ទៅទៀត កាលណា​តែ​លួច​របស់​គេ​ម្ចាស់​គេ តវ៉ា​ហើយ​ដល់​ពេល​រក​ទៅ អ្នក​ឯង​អត់​លួច​ឲ្យគេ​ឆែក​ទៅ​»​។​
​គជប ត្រូវ​រង​ការរិះគន់​ថា មិន​ឯករាជ្យ ដោយ​លម្អៀង​ទៅ​គណបក្សកាន់អំណាច​។ ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​កន្លងមក មាន​ភាពមិនប្រក្រតី​មួយចំនួន​កើតឡើង ដូច​ជា ការបើកចំហ​កញ្ចប់​សុវត្ថិភាព ជាដើម​។​
​លោក​អ៊ុំ លីម អាយុ​៧៨​ឆ្នាំ​មក​ពី​ខេត្ត​កំពង់ចាម​ដែរ បាន​លើ​ឡើង​ថា គជប មាន​បញ្ហា​ច្រើន ទើប​គាត់​មក​តវ៉ា​ច្រើន​លើក​មក​ហើយ ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌ ក្នុង​ការ​បោះ​ឆ្នោត​​«​ សិទ្ធិសេរីភាព​មិនទាន់​ពេញលេញ សូម​លោក​បញ្ជាក់​មើល តើ​២៣​តុលា​និយាយ​អី​ខ្លះ ? ហើយ​ប្រទស​ធំៗ មហាអំណាច​ដែល​ទទួលស្គាល់ ខ្មែរ​នោះ ឲ្យ​បោះឆ្នោត​ដោយ​សុ​ក្រឹត្យ​យុត្តិធម៌​នោះ​ឥឡូវ​អត់​មាន​សុ​ក្រឹត្យ​ យុត្តិធម៌​ទេ​? អាណត្តិ​ទី​៥​នេះ​កាន់តែ​ពិបាក​ទៅៗ ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​អត់​សុខចិត្ត​ទេ​»​។​
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់ អ្នកគាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវារ​សិទ្ធិមនុស្ស​១០​ធ្នូ​ ថា ដើម្បី​មាន​ការគោរព​សិទ្ធិ​ផ្សេងៗ​ឲ្យបាន​ល្អ យើង​​ត្រូវមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការជ្រើសរើស​មេដឹកនាំ ត្រូវ​មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌​«​ដូច្នេះ​ អ្នក​ដែល​លួច​សន្លឹកឆ្នោត​របស់​យើង គឺ​គេ​លួច​សិទ្ធិ​របស់​យើង សិទ្ធិ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ទាល់តែ​មាន​សិទ្ធិ​ផ្លាស់ប្តូរ​អ្នកដឹកនាំ ទើប​យើង​អាច​ជ្រើសរើស​មេដឹកនាំ​ល្អ មាន​មេដឹកនាំ​ល្អ​ដែល​គោរព អនុវត្ត​លើ​ក​តំកើង​សិទ្ធិ​របស់​យើង សិទ្ធិ​មាន​ជីវិត​រស់​ដោយ​ថ្លៃថ្នូរ​សម្បូរ​សប្បាយ សិទ្ធិ​មាន​ប្រាក់ខែ មាន​ជីវភាព​ខ្ពង់ខ្ពស់ សិទ្ធិ​មាន​សេរីភាព​ពេញលេញ ។ ទាល់តែ​យើង​ជ្រើសរើស​មេដឹកនាំ​តាម​ឆន្ទៈ​របស់​យើង បាន​យើង​ធានា​សិទ្ធិ​ដ៏ទៃទៀត​»​។​
​លោក​មេធាវី សុក សំអឿន សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត យល់ឃើញថា ការ​មិន​ជឿជាក់​លើ គជប គឺ​ដោយសារ ខ្វះ​យន្តការ​ដោះស្រាយ​វិវាទ​របស់ គជប ខ្លួនឯង​« ឧទាហរណ៍​ដូច​ការដោះស្រាយ​កន្លងមក មាន​បើ​កញ្ចប់​[​សុវត្ថិភាព​]​មួយចំនួន​មាន​បញ្ហា ហើយ​មិន​ព្រម​បើក​តទៅទៀត​»​។​
​គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​ឲ្យមាន​ការកែ​ទម្រង់​ស៊ីជម្រៅ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា បន្ទាប់​ពី​ពលរដ្ឋ​នាំគ្នា​ធ្វើ​បាតុកម្ម មិន​ទទួល​ស្គាល់​​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ​៕
សូមសរសរមកកាន់ លោក កែវ ភិរម្យ​ តាមរយៈ keophirum@gmail.com

Tags: ការបោះឆ្នោត - ស៊ើបអង្កេត

No comments: