Friday, December 20, 2013

អាថ៌កំបាំង​នៃ​ឈ្មោះ​ភូមិ​ស្រុក

អាថ៌កំបាំង​នៃ​ឈ្មោះ​ភូមិ​ស្រុក ឈ្មោះ​ស្រុក​ភូមិ​ដែល​ដូនតា​ខ្មែរ​យើង​ដាក់​ឲ្យ​សុទ្ធ​តែ​មាន​ស្នាម​ប្រវត្តិ​កប់​ជាមួយ​ជានិច្ច ។ ជួនកាល​ហៅ​ឈ្មោះ​ភូមិ​តាម​ហេតុការណ៍​ប្រវត្តិសាស្ត្រ (ឧ. សៀមរាប ច្រកសៀម) ឬ​តាម​ព្រឹត្តិការណ៍​ក្នុង​ជីវភាព (ឧ. ភូមិ​ភ្លើង​ឆេះ​រទេះ កំពង់ចម្លង) ជួនកាល​លោក​ហៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ (ឧ. វាលវែង វាល​សោះ​ខ្យល់ ច្រាំងចំរេះ) ជួនកាល​ហៅ​តាម​ជំនឿ​សាសនា (ឧ. វិហារសួគ៌ ព្រះនិព្វាន) ជួនកាល​លោក​ដាក់​ឈ្មោះ​ «ដូន» (ឧ. ដូនទាវ ស្វាយដូនកែវ) ជួនកាល​ដាក់​ឈ្មោះ «តា» (ឧ. តាសោម តាកែវ តាឡោ) ជួនកាល «មេ» (ឧ. មេមត់ មេ​សាង) ជួនកាល​ហៅ «បា» (ឧ. បាភ្នំ បាធាយ បាទី) ។
និយាយ​ឲ្យ​ខ្លី ឈ្មោះ​ភូមិ​មួយ មាន​ន័យ​មួយ​ដោយ​ឡែក មាន​បុគ្គលិក​លក្ខណៈ​ផ្ទាល់​មួយ​របស់​គេ​ដែល​កូន​ខ្មែរ​ត្រូវ​តែ​ដឹង ហើយ​ចេះ​ស្រឡាញ់ ។

ភូមិ​ស្រុក​ដែល​មាន​ទីតាំង​នៅ​ទី​ខ្ពស់

ភូមិ​ស្រុក​ទាំង​ឡាយ​ណា​ដែល​មាន​ពាក្យ ក្រាំង តាំង គោក ខ្នារ ដំបូក ទួល ទំនប់ ព្នៀត រលាំង និង​អង្គ ច្រើន​តែ​តាំង​ទី​នៅ​លើ​ដី​ខ្ពស់ ។

ក្រាំង

ភូមិ​ណា​ដែល​មាន​ពាក្យ «ក្រាំង» ច្រើន​តែ​តាំង​នៅ​លើ​ទួល កណ្ដាល​វាល ដូចជា ក្រាំងម្កាក់ ក្រាំងពង្រ ក្រាំងធ្នង់ ក្នុង​រាជធានី​ភ្នំពេញ ។

ខ្នារ

«ខ្នារ» គឺ​ជា​ទួល​ខ្ពស់​ព័ទ្ធ​ជុំវិញ​ត្រពាំង ដូចជា ត្រាំខ្នារ​ក្នុង​ខេត្ត​តាកែវ ។

គោក

«គោក» គឺ​ទួល​កណ្ដាល​វាល មិន​លិច​ទឹក ដូចជា នៅ​ភ្នំពេញ​មាន​ទួលគោក ។

ដំបូក

«ដំបូក» បាន​ដល់​ពំនូក​ដី​ដែល​កើត​ពី​កណ្ដៀរ​ពូន ឬ​ពី​ធម្មជាតិ ដូចជា ភូមិ​ដំបូកខ្ពស់ (កំពត) ព្រែកដំបូក (កំពង់ចាម) ។

តាំង

«តាំង» តាម​សម្គាល់​ជា​ទួល​ក្នុង​ព្រៃ ដូចជា តាំងក្រសាំង និង​តាំងគោក​ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ ។

ទួល

«ទួល» សំដៅ​ទី​ដី​ខ្ពស់​ជាង​ផ្ទៃ​ដី​ធម្មតា ដូចជា ទួលសំរោង ទួលអម្ពិល ។

ទំនប់

«ទំនប់» គឺ​ពំនូក​ដី​លើក​ខ្ពស់​ទប់​ផ្លូវ​ទឹក ។ ឈ្មោះ​ភូមិ​ដែល​មាន​ប្រើ​ពាក្យ​នេះ ច្រើន​ស្ថិត​នៅ​តាម​ស្រុក​សម្បូណ៌​ផ្លូវ​ទឹក ដូចជា ទំនប់តាសួស ទំនប់​ព្រែកត្នោត ។

ព្នៀត

«ព្នៀត» គឺ​ទួល​ទាប​សន្ធឹង​ពី​មាត់​បឹង​រាក់​ទៅ​ទី​ខាង​លើ ដូចជា ភូមិ​​ព្នៀត វត្ត​ព្នៀត ។

រលាំង

«រលាំង» បាន​ដល់​ទួល​ដែល​ស្ថិត​នៅ​ជិត​រំលិច ដូចជា រលាំងគ្រើល រលាំងចក អមលាំង (គឺ​អមរលាំង) ។ ភូមិ​ដែល​មាន​ពាក្យ​រលាំង​នេះ ច្រើន​តែ​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ ។

អង្គ

«អង្គ» គឺ​ទួល​ធំ​មាន​ស្រះ ។ តួយ៉ាង​ដូចជា អង្គតាសោម អង្គស្នួល អង្គតារាជ អង្គក្របី អង្គរកា អង្គសេរី ។ល។ គួរ​ឲ្យ​ឆ្ងល់​ពេក​ណាស់ ឈ្មោះ​ស្រុក​ភូមិ​ដែល​មាន​ពាក្យ​អង្គ ច្រើន​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល តាកែវ កំពង់ស្ពឺ និង​កំពត តែ​ប៉ុណ្ណោះ ។

ភូមិ​ស្រុក​ដែល​មាន​ទីតាំង​តាម​ទី​ទំនាប

ព្រែក និង​ស្ទឹង

ពាក្យ «ព្រែក» និង «ស្ទឹង» នេះ​សម្គាល់​ផ្លូវ​ទឹក​ដូចគ្នា តែ​រឿង​ដែល​ចោទ​ធំ​នោះ​នៅ​ត្រង់​ថា ផ្លូវ​ទឹក​បែប​ណា​ហៅ​ថា «ស្ទឹង» ហើយ​ផ្លូវ​ទឹក​បែប​ណា​ទៀត​យើង​ឲ្យ​ឈ្មោះ​ថា «ព្រែក» ។ មាន​ការ​ប្រកែក​គ្នា​ច្រើន​ចំពោះ​ចំណុច​នេះ ។ អ្នក​នៅ​ជុំ​វិញ​មាត់​បឹង​ទន្លេសាប​ច្រើន​ទាមទារ​ថា ស្ទឹង​ធំ​ជាង​ព្រែក ។ ឯ​អ្នក​នៅ​តាម​ដង​ទន្លេ​ធំ​សំអាង​ថា ព្រែក​ខ្លះ​នៅ​តាម​ទន្លេ​ធំ​មាន​ទំហំ​ធំ​ស្មើ ឬ​លើស​ស្ទឹងសែន ឬ​​ស្ទឹងសង្កែ​ទៀត ។ គប្បី​យើង​ពិចារណា​ផង​ចុះ ។ តែ​បើ​តាម​អត្ថន័យ​ក្នុង​វចនានុក្រម​ខ្មែរ​បាន​ចែង​ថា ៖
«ព្រែក» គឺ​ជា​ជ្រលង​ប្រឡាយ​ធំ ជា​ផ្លូវ​ទឹក​ត​ពី​ទន្លេ​ទៅ​បឹង ឬ​ពី​ទី​ដទៃ​ទៀត​ចូល​ទន្លេ​‑​សមុទ្រ ។ បើ​កើត​ដោយ​ជីក គេ​ហៅ​ថា «ព្រែកជីក» ។
«ស្ទឹង» គឺ​ផ្លូវ​ទឹក​ដែល​មាន​ក្បាល​ហូរ​ចេញ​ពី​ភ្នំ ពី​ជ្រោះ ពី​បឹង ពី​អូរ ហូរ​ធ្លាក់​ចុះ​ជួប​នឹង​ទន្លេ ឬ​សមុទ្រ ។ ស្ទឹង​មាន​តូច មាន​ធំ ។
ចូរ​យើង​ពិនិត្យ​មើល​ផែនទី​ប្រទេស​កម្ពុជា​យើង ១. ផ្លូវ​ទឹក​ទាំង​ឡាយ​ណា​ដែល​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប ច្រើន​មាន​ឈ្មោះ​ថា «ស្ទឹង» ២. ចំណែក​ឯ​ «ព្រែក» វិញ ច្រើន​តែ​ហូរ​ចាក់​ទៅ​ក្នុង​ទន្លេ​ធំ ឬ​ទន្លេ​ដទៃ​ទៀត ។ តែ​គួរ​ឲ្យ​ល្អ​មើល​ណាស់ ផ្លូវ​ទឹក​តែ​មួយ មាន​ឈ្មោះ​ពីរ​បី​ខុស​គ្នា ដូចជា​ផ្លូវ​ទឹក​មួយ​ដែល​ហូរ​កាត់​ខេត្ត​កំពង់ស្ពឺ គេ​នាំ​គ្នា​ហៅ​ថា «ស្ទឹង​កំពង់ស្ពឺ» មក​ដល់​កន្ទួត គេ​ហៅ​ថា «ស្ទឹង​កន្ទួត» ហូរ​មក​ដល់​តាខ្មៅ វា​ប្ដូរ​ឈ្មោះ​ទៅ​ជា «ព្រែកត្នោត» ទៅ​វិញ ។ បែប​នេះ ពាក្យ «ស្ទឹង» ឬ «ព្រែក» គឺ​គេ​និយម​ហៅ​តាម​ស្ថានភាព​ភូមិសាស្ត្រ​របស់​អ្នកស្រុក​នីមួយៗ ។

ទន្លេ

«ទន្លេ» តាម​ធម្មតា​ពុំ​មាន​អ្វី​ជា​បញ្ហា​ទេ តែ​គប្បី​សម្គាល់​ថា «ទន្លេសាប» គឺ​ជា​ផ្លូវ​ទឹក​ពី​ភ្នំពេញ​តាម​កំពង់ឆ្នាំង​ដល់​មាត់​បឹង​យ៉ាង​ធំ មាន​ទី​ដ្ឋាន​ដូចជា​សមុទ្រ​ទឹក​សាប ។ តែ​តាម​ទម្លាប់​យើង​ធ្លាប់​ហៅ​ថា​ជា​ទន្លេសាប​ហើយ ។

បឹង

«បឹង» សម្គាល់​រហាល​ទឹក​ធំ​ល្វឹង​ល្វើយ (ខ្លះ​ធំ​ខ្លះ​តូច) មាន​ដី​ខ្ពស់​ព័ទ្ធ​ជុំ​វិញ ខ្លះ​មាន​ប្រឡាយ​ជ្រលង ព្រែក ស្ទឹង ទន្លេ សម្រាប់​ទឹក​ចេញ​‑​ចូល ។ ភូមិ​អ្នកស្រុក​ដែល​មាន​ឈ្មោះ​បឹង​គឺ បឹងព្រួល (កំពង់ចាម) បឹងមាលា ជា​ទី​ដែល​មាន​ប្រាសាទ​បុរាណ​ដ៏​ត្រចះ​ត្រចង់​ក្នុង​ខេត្ត​សៀមរាប ។

ត្រពាំង

«ត្រពាំង» កើត​ឡើង​ដោយ​ធម្មជាតិ ឬ​មនុស្ស​ជីក​ធំ​ជាង​ថ្លុក ដូចជា ត្រពាំងរូង ក្នុង​ខេត្ត​កោះកុង ខេត្ត​ព្រះត្រពាំង​នៅ​កម្ពុជា​ក្រោម ត្រពាំងជង ក្នុង​ខេត្ត​ពោធិ៍សាត់ ។

ថ្លុក

«ថ្លុក» គឺ​ទី​ដី​ក្រហូង​ដែល​ដក់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា តូច​ជាង​ត្រពាំង ច្រើន​តែ​កើត​ឡើង​ដោយ​ក្របី​ដេក ។ ភូមិ​ដែល​មាន​ពាក្យ​ថ្លុក​គឺ ភូមិ​ថ្លុកជ្រៅ នៅ​ក្នុង​ខេត្ត​កំពង់ចាម ។

ស្រះ

«ស្រះ» ជា​ដី​ក្រហូង​ដែល​មនុស្ស​ជីក​ដើម្បី​យក​ទឹក​ប្រើ​ប្រាស់ ។ ឧទាហរណ៍ៈ ស្រះស្រង់ ស្រះចក ភូមិ​ស្រះព្រីង​ក្នុង​ខេត្ត​កំពង់ចាម ។

អូរ

«អូរ» ជា​ជ្រលង​ទឹក​ដែល​ច្រើន​តែ​រីង​នៅ​រដូវ​ប្រាំង ដូចជា អូរដំបង អូរតាគី អូរតាកែ អូររាំងឪ ជា​ឈ្មោះ​ស្រុក​ភូមិ​ដែល​តាំង​ទី​នៅ​មាត់​ជ្រលង​បែប​នេះ ។ (នៅ​ស្រុក​កំណើត​របស់​ខ្ញុំ មាន​ភូមិ​៤​នៅ​ជាប់​គ្នា​សុទ្ធ​តែ​មាន​ឈ្មោះ​អូរ​គឺ អូរអណ្ដូង អូរស្ងួត អូរប្រាសាទ និង​អូរជួប) ។

រំលិច

«រំលិច» ជា​អន្លង់​ទឹក​មាន​សណ្ឋាន​ទ្រវែង ទាល់​ចុង​ទាល់​ដើម ពុំ​មាន​ទឹក​ហូរ​ចេញ ​ច្រើន​ច្រឡំ​នឹង​អូរ ជួនកាល​មាន​ពើក ឬ​ស្មៅ​ដុះ​អណ្ដែត​ពី​លើ​ទឹក​អាច​ដើរ​បាន ។ ភូមិ​ដែល​តាំង​ទី​នៅ​មាត់​អន្លង់​បែប​នេះ​មាន​ឈ្មោះ​ថា «រំលិច» ។ ឃុំ​មួយ​នៅ​ក្នុង​ស្រុក​កំពង់សៀម (កំពង់ចាម) មាន​ឈ្មោះ​ថា ឃុំ​រំលិច ។

ខ្ពប

«ខ្ពប» គឺ​កន្លែង​ថ្នក់​ទឹក កើត​ឡើង​ដោយ​ដី​ដុះ​ថ្មី​ឱប​ជាប់​នឹង​ច្រាំង​ចាស់ ​ច្រើន​​មាន​នៅ​តាម​ដង​ទន្លេ ឬ​ស្ទឹង​ធំៗ ដូចជា ឃុំ​ខ្ពប នៅ​​បាត់ដំបង ខ្ពបតាយ៉ង នៅ​ភ្នំពេញ ។

ជាំ

«ជាំ» ជា​ទី​ទំនាប​ដែល​បៀប​​ទឹក ប្រើ​ជា​ឈ្មោះ​ភូមិ​មាន​ ជាំក្សាន្ត (ព្រះវិហារ) ជាំសង្កែ (កំពង់ស្ពឺ) ជាំត្រា (កោះកុង) ។

ជប់

«ជប់» គឺ​កន្លែង​ដែល​ស្រូប ឬ​បឺត​ទឹក ដូចជា ជប់​ភ្នំ ទឹក​ហូរ​មក​ពី​ជប់ ។ល។ ឯ​ភូមិ​ដែល​មាន​ឈ្មោះ​នេះ​គឺ ភូមិ​ជប់ ចម្ការ​កៅស៊ូ​ជប់ ឃុំ​ជប់វ៉ារី (បន្ទាយមានជ័យ) ។ល។

អន្លង់

«អន្លង់» ជា​ទី​ទឹក​ដែល​ជ្រៅ​ជាង​គេ​នៅ​ក្នុង​ទន្លេ បឹង ឬ​ស្ទឹង ល្មម​តែ​ឲ្យ​លង់​បាន ។ ភូមិ​ដែល​មាន​ឈ្មោះ​នេះ​គឺ អន្លង់វែង (ឧត្ដរមានជ័យ) អន្លង់ត្នោត (ពោធិ៍សាត់) ។ ប៉ុន្តែ​ «អន្លង់កំពត» សំដៅ​ជង្ហុក​នៅ​តាម​ផ្លូវ​ថ្នល់​កើត​ឡើង​ដោយសារ​កង់​រទេះ ។

ជ្រលង

«ជ្រលង» គឺ​ច្រក​ជ្រៅ​ជា​ផ្លូវ​ទឹក​ដែល​មាន​ភ្នំ​ពីរ​នៅ​សង​ខាង ។ ឧ. ភូមិ​ជ្រលង ស្ថិត​ក្នុង​ស្រុក​​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។

ប្រឡាយ

«ប្រឡាយ» គឺ​ជ្រលង​តូចៗ​ដែល​គេ​ជីក ។ ភូមិ​ដែល​មាន​ឈ្មោះ​នេះ​​គឺ ឃុំ​ប្រឡាយ (កំពង់ធំ) ភូមិ​ប្រឡាយចារ (បន្ទាយមានជ័យ) ។

គូ

«គូ» គឺ​ស្នាម​ភ្លោះ​ដែល​ព័ទ្ធ​ជុំ​វិញ​បន្ទាយ ឬ​វាំង បុរាណ​ហៅ​ថា «កសិណ» ។ ទឹក​ដែល​នៅ​ជុំ​វិញ​ប្រាសាទ​អង្គរវត្ត​ហៅ​ថា «កសិណ» ។ ឧ. ភូមិ​បន្ទាយគូ ភូមិ​ព្រែកគូ (ក្រចេះ) ។

អណ្ដូង

«អណ្ដូង» ពាក្យ​សម្គាល់​ទី​ដែល​មាន​ទឹក​ដោយ​ជីក​យ៉ាង​ជ្រៅ ។ ឧ. អណ្ដូងពេជ្រ (រតនៈគីរី) អណ្ដូងពោធិ៍ (កំពង់ធំ) អណ្ដូងស្នាយ (កំពង់ឆ្នាំង) ។

កំពង់

ពាក្យ​ថា «កំពង់» មាន​ការ​ដណ្ដើម​គ្នា​រវាង​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ខ្មែរ​យើង ​តែ​ម្ដង ។ ក្នុង​ជម្លោះ​នេះ អ្នក​ប្រាជ្ញ​​បារាំង​ខ្លះ​ប្រញាប់​តែ​កាន់​ជើង​ឥណ្ឌូនេស៊ី ។ គេ​នោះ​និយាយ​ថា ពាក្យ​កំពង់​ខ្មែរ ត្រូវ​តែ​មក​ពី​ឥណ្ឌូនេស៊ី ព្រោះ​ពេល​នោះ​គេ​ស្គាល់​ឥណ្ឌូនេស៊ី​ច្បាស់​ជាង​ស្គាល់​ខ្មែរ ។ សន្និដ្ឋាន​បែប​នេះ​ពុំ​សម​ទេ ព្រោះ​ជនជាតិ​ឥណ្ឌូនេស៊ី​ពី​ដើម​មាន​កំណើត​ចេញ​ពី​ដី​គោក​លើ​ជ្រោយ​ សុវណ្ណភូមិ​យើង​មុន​នឹង​ទៅ​តាំង​នៅ​ដី​កោះ​សព្វថ្ងៃ​នេះ ។ ចេញ​ពី​ដី​គោក «ដី​សុវណ្ណភូមិ» យើង ជាតិ​ឥណ្ឌូនេស៊ី​កណ្ដៀត​យក​ពាក្យ «កំពង់» ទៅ​ជាមួយ​ផង ។
«កំពង់» ក្នុង​ភាសា​ខ្មែរ​សំដៅ​ទី​នៅ​មាត់​ទឹក ឬ​កន្លែង​ដែល​គេ​ចុះ​ទៅ​ដង ឬ​ងូត​ទឹក ។ ឧ. ទៅ​ងូត​ទឹក​ឯ​កំពង់ ។ ដល់​កំពង់​លង់​ទូក ។ នៅ​ប្រទេស​យើង​ទី​ស្ថាន​មាន​ឈ្មោះ​កំពង់​ច្រើន ដូចជា ខេត្ត​កំពង់ធំ កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ។ ក្រៅ​ពី​ឈ្មោះ​ខេត្ត មាន​ឈ្មោះ​ស្រុក​ឃុំ​ភូមិ​ជា​ច្រើន​ទៀត ដូចជា កំពង់ហ្លួង ជា​ផែ​សេដ្ឋកិច្ច​សម្រាប់​រាជធានី​ឧត្ដុង្គ កំពង់ត្រាច (កំពត) ធ្លាប់​ជា​ផែ​សម័យ​នគរ​ភ្នំ ។
ពាក្យ «កំពង់» ភាសា​ឥណ្ឌូនេស៊ី​ថា កំពង់​ជា​ភូមិ ឬ​ទី​ប្រជុំ​សំណង់​ទាំងឡាយ រួម​បាន​ជា​ភូមិ​តូច​មួយ មាន​ដើម​ឈើ ឬ​សួន​ច្បារ​នៅ​ចម្រុះ​ព័ទ្ធ​ជុំវិញ ។ ឥណ្ឌូនេស៊ី​សរសេរ​ជា Kampung ខ្មែរ​សរសេរ​ជា​អក្សរ​បារាំង​ជា Kampong ដែរ ។ នៅ​ឥណ្ឌូនេស៊ី​ពុំ​សូវ​មាន​ឈ្មោះ​ភូមិ​មាន​ឈ្មោះ​កំពង់​ដូច​នៅ​ឯ​ស្រុក​ខ្មែរ​ទេ ។

ច្រាំង

«ច្រាំង» ជា​រឹម​ទន្លេ ស្ទឹង សមុទ្រ ច្រើន​ចោត​ជាង​ឆ្នេរ ។ ភូមិ​ដែល​មាន​ពាក្យ​ច្រាំង​បាន​ដល់​ភូមិ​ច្រាំងចំរេះ ។

ឆ្នេរ

«ឆ្នេរ» គឺ​មាត់​ស្ទឹង ទន្លេ ឬ​សមុទ្រ ត្រង់​ដែល​មាន​សណ្ឋាន​ជ្រាល មាន​ផ្នូរ​ខ្សាច់​រាប​ស្រួល ។ ឧ. ឆ្នេរ​ខ្សាច់ ឆ្នេរ​កែប ។

ពាម

«ពាម» បាន​ដល់​ទី​ដែល​មាន​ព្រែក ឬ​ស្ទឹង​ជួប​នឹង​ទន្លេ ជួប​នឹង​សមុទ្រ ។ ភូមិ​ណា​ដែល​មាន​ទី​តាំង​នៅ​កន្លែង​​​បែប​នេះ មាន​ពាក្យ​ពាម នៅ​ជាមួយ​ទាំង​អស់ ។ ឧ. ពាមជីកង ពាមជីលាំង (កំពង់ចាម) ពាមរ ពាមជរ ពាមមន្ទារ (ព្រៃវែង) ពាមផ្លុង (ភ្នំពេញ ចាស់ៗ​ទើប​ស្គាល់) ពាម (ហាទៀង) នៅ​កម្ពុជា​ក្រោម ។

ជ្រោយ

«ជ្រោយ» ដី​ដែល​លយ​ចូល​ទៅ​ក្នុង​ទន្លេ ឬ​សមុទ្រ ឬ​ស្ទឹង ។ ឧ. ជ្រោយចង្វារ ក្បាលជ្រោយ ជ្រោយយួនយំ ។

ឆក ឈូង ញោច និង កៀន

«ឆក និង​ឈូង» ជា​ញោច​សមុទ្រ ទន្លេ ស្ទឹង ដែល​ជា​ញក ជា​កៀនចូល​ក្នុង​ច្រាំង ។ ឧ. ឆក​កំពង់សោម ឈូង​សមុទ្ទ​ថៃ ។
«ញោច» សម្គាល់​របត់​នៅ​តាម​ទន្លេ ព្រែក ស្ទឹង ។
«កៀន» សម្គាល់​ញោច​តូច ។ ឧ. ស្រុក​កៀនស្វាយ (កណ្ដាល) កៀនឃ្លាំង (ភ្នំពេញ) ។
ដកស្រង់​ពី​សៀវភៅ «ប្រវត្តិ​ស្រុក​បាភ្នំ» ស្រាវជ្រាវ​ដោយ​លោក ឡុង គារ

No comments: