Friday, December 20, 2013

បទសម្ភាសន៍​​លោក កែម ទ្បី​៖ បើ​​ក្រសួង​​សុខាភិបាល​មិន​មាន​​លទ្ធភាព​សង គេ​អាច​កាត់​ថវិកា​ទាំងស្រុង​តែ​ម្តង​សម្រាប់​ស្រុក​ខ្មែរ​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 02:00 PM​

ស្តាប់សំឡេង៖​

ចម្លងទុក
លោកកែម ឡី ​សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​មូលនិធិ​សកល​នៅ​កម្ពុជា (រូបថត ដួង សុខា)
​ មូលនិធិ​សកល​(Global Fund) ដែលជា​អង្គការ​អន្តរជាតិ​មួយ ផ្តល់​ជំនួយ​មក​កម្ពុជា​ក្នុង​វិស័យ​សុខាភិបាល ព្រមាន​ផ្តាច់ ឬ​ផ្អាក​ជំនួយ​របស់​ខ្លួន មក​កម្ពុជា ជាង​១០០ ០០០ ០០០ ដុល្លារ​អាមេរិក ប្រសិនបើ​ក្រសួង​​សុខាភិបាល មិន​សង​លុយ​ជាង ៤៧ ០០០០ ដុល្លារ​អាមេរិក មក​អង្គការ​វិញ នៅ​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មករា​ឆ្នាំ​២០១៤​។ របាយការណ៍​មូលនិធិ​សកល ចេញផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ បង្ហាញថា ចំនួន​ទឹកប្រាក់​នេះ សម្រាប់​គម្រោង​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក កាមរោគ និង​របេង ត្រូវបាន​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​(CNM) និង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ​(NCHARDS)  នៃ​ក្រសួង​សុខាភិបាល យកមក​ប្រើប្រាស់​ខុស​គោលដៅ​។​
​សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​ មូលនិធិ​សកល​នៅ​កម្ពុជា លោក កែម ទ្បី អះអាងថា របាយការណ៍​នេះ​មានតម្លៃ និង​ឧត្តមភាព​ខ្ពស់​ដែល​អ្នក​ជាប់​​ពាក់ព័ន្ធ​មិន​អាច​បដិសេធ​បាន​។​
VOD៖ តើ​មូលនិធិ​សកល បាន​ជួយ​អ្វីខ្លះ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​?
​លោក កែម ទ្បី​៖ មូលនិធិ​សកល ស្រុក​ខ្មែរ​យើង​បាន​ទទួល​ក្នុង​៩​ជុំ បាន​៧​ជុំ​។ ៧​ជុំ​[​មាន​] ទឹកប្រាក់​​ប្រហែល​ជា​៣៣០ ០០០ ០០០ ដុល្លារ​[​អាមេរិក​]​។ ក្នុងនោះ គឺ​យើង​បាន​ចាយ​អស់​ប្រហែល​ជា​​ ២០០ ០០០ ០០០​ដុល្លារ ​ហើយ​សម្រាប់​ស្រុក​ខ្មែរ ទៅលើ​វិស័យ​បី​សំខាន់ៗ​។ ទី​១ គឺ​ខាង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ទី​២ គឺ​ខាង​ជួយ​ផ្នែក​ជំងឺរបេង ទី​៣ ខាង​ផ្នែក​ជំងឺគ្រុនចាញ់​។ នៅក្នុង​កិច្ច​ការ​ទាំងអស់​នេះ យើង​ឃើញថា តាំងពី​ឆ្នាំ​២០០២ ដែល​ជា​ជុំ​ទី​១ ស្រុក​ខ្មែរ​បាន​ទទួល​[​ជំនួយ​] រហូតមក​ដល់​ជុំ​ទី​៩ នៅ​ឆ្នាំំ​២០០៩-២០១០ សម្រាប់​កិច្ច​ការពារ ហើយ​នឹង​ការព្យាបាល​ជំងឺ​ទាំង​៣​ហ្នឹង រហូតដល់​ឆ្នាំ​២០១៥​។ ភាគច្រើន​ថវិកា​សម្រាប់​ជួយ​ទៅ​លើ​[​ជំងឺ​]​គ្រុនចាញ់ របេង និង​ជំងឺអេដស៍ គឺ​[​បាន​]​មក​ពី​មូលនិធិ​សកល​។ ទី​២ [​ជំនួយ​បាន​]​មកពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​[​ដើម្បី​អភិវឌ្ឍន៍​​ អន្តរជាតិ​]​។ ទី​៣ [​ជំនួយ​បាន​]​មកពី​ប្រទេស​ផ្សេង​។​
VOD៖ ប្រសិនបើ​ក្រសួង​សុខាភិបាល មិន​អាច​សង​ចំនួន​ប្រាក់​ទាំងអស់ តាម​ការកំណត់ កម្ពុជា​អាច​នឹង​បាត់បង់​ជំនួយ​ប្រមាណ ១០០​លាន​ដុល្លារ​អាមេរិក ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​។ តើ​ការ​បាត់​​មូល​និធិ​នេះ​អាច​ប៉ះពាល់​អ្វីខ្លះ ដល់​​វិស័យ​​សុខាភិបាល​?
លោក កែម ទ្បី​៖ ដោយសារ​តែ​យើង​ទទួល​លុយ​ច្រើន​ពី​មូលនិធិ​សកល សម្រាប់​ការកាត់បន្ថយ​ជំងឺឆ្លង ហើយ​ឥ​ទ្បូ​វ​នេះ មូលនិធិ​សកល​តម្រូវ​ឲ្យ​សង​រហូតដ​ល់​ទៅ ៤៧០ ០០០ ដុល្លារ ដែល​យើង​​បាន​យក​លុយ​គេ ដោយ​ខុស​ប្រក្រតី​។ ជាពិសេស ផ្នែក​ជំងឺគ្រុនចាញ់ [​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ​] [​ទទួលបាន​] រហូតដល់ ៤១០០ ០០០ ដុល្លារ ហើយ​អង្គការ​មេ​ឌី​ខាំ (MEDiCAM) [​ទទួលបាន​] រហូតដល់ ២០ ០០០ ដុល្លារ​។ ខាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​សើ​ស្បែក និង​កាមរោគ [​ទទួលបាន​] រហូត​ទៅ​ដល់ ៤០ ០០០ ដុល្លារ​។ កន្លែង​នេះ គឺ​សំខាន់​ណាស់​។ ប្រសិនបើជា ក្រសួង​សុខាភិបាល​មិន​មាន​លទ្ធភាព​សង​គេ ហើយ​មិន​សង​គេ​ឲ្យទាន់​ពេលវេលា​កំណត់​៣០​ថ្ងៃ​ទេ ទី​១ គេ​[​មូលនិធិ​សកល​] អាច​​កាត់​ថវិកា​​​ទាំងស្រុង​តែម្តង​សម្រាប់​មកជួយ​ស្រុក​ខ្មែរ​យើង​។ វា​ប៉ះពាល់​ហ្នឹង​ធំ​ទីមួយ គឺ​ខ្មែរ​យើង ជាពិសេស អ្នក​ជំងឺអេដស៍​ដែល​កំពុងតែ​ទទួល​ថ្នាំ​ព្យាបាល និង​ការឧបត្ថម្ភ​ផ្សេងៗ ប្រហែល ៥០ ០០០ ទៅ ៦០ ០០០ នាក់​នេះ គឺ​រង​ផលប៉ះពាល់​ខ្លាំង​មែនទែន ពីព្រោះ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មិន​អាច​ផ្តាច់​បានទេ គឺ​ត្រូវ​ទទួល​ការព្យាបាល ការ​លេបថ្នាំ​ជាប្រចាំ​។ រឿង​ទី​ពីរ ផលប៉ះពាល់ ដោយ​សារ​តែ​អត្រា​នៃ​ការ​ផ្ទុកមេរោគ​អេដស៍​ហ្នឹង​នៅ​ខ្ពស់​នៅ​ទ្បើយ នៅ​ស្រុក​ខ្មែរ​។ យើង​ត្រូវការ​ថវិកា​នេះ ដើម្បី​ទប់ស្កាត់​ជាក់ស្តែង ដើម្បី​ឲ្យ​សម្រេច​គោលដៅ​នៅ​ឆ្នាំ​២០១៥ ឬ​២០២០ មិន​មាន​ការឆ្លង ឬ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​។ យើង​មាន​គោលដៅ កាត់បន្ថយ​ទម្រង់​ខ្លះ​នៃ​ជំងឺគ្រុនចាញ់​។ ហើយ​ដល់​[​ឆ្នាំ​]២០២០ ទៅ​[​ឆ្នាំ​]២០៣០ យើង​មាន​គម្រោង​កាត់បន្ថយ​ជំងឺគ្រុនចាញ់​ទាំង​ស្រុង​​តែម្តង ហើយ​បង្កើត​ប្រសិទ្ធភាព​នៃ​ការព្យាបាល​។ អញ្ចឹង បើសិនជា​[​រដ្ឋ​]​អត់​មាន​ថវិកា​ហ្នឹង សំណួរ​សួរថា​តើ​រដ្ឋ​មាន​ថវិកា​ជំនួស ក្នុង​ការសម្រេច​យុទ្ធសាស្ត្រ​ហ្នឹង​ដែរ ឬ​យ៉ាងណា​?
VOD៖ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ បាណក​សាស្ត្រ លោក ឌួង សុជាតិ ដែល​ជាប់​សង្ស័យ​ពី​ករណី​ពុក​រលួយ​​នេះ បាន​បដិសេធ​ប្រពឹត្ត​អំពើ​ពុក​រលួយ​។លោក ធ្លាប់​ប្រាប់​VOD​ថា របាយការណ៍​របស់​មូលនិធិ​សកល ចេញផ្សាយ​តែមួយ​ចំហៀង មិន​គ្រប់​ជ្រុង​ជ្រោយ និង​មិន​ត្រឹមត្រូវ​។ តើ​លោក​យល់​យ៉ាងណា​ចំពោះ​ការ​លើកទ្បើង​នេះ​?
​លោក កែម ទ្បី​៖ ការសិក្សា​នេះ គឺជា​ការ​សិក្សា​តាមដាន ត្រួតពិនិត្យ​មើល​ការចាយវាយ​ថវិកា​គ្រប់​ជ្រុងជ្រោយ​។ គេ​[​មូលនិធិ​សកល​] មាន​ការពិភាក្សា​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​គឺ​ពិភាក្សា​ជាមួយ​ទទួល​ជំនួយ​ផ្ទាល់​​ជាមួយ​អ្នក​ទទួល​ជំនួយ​បន្ត​ ។ ជាពិសេស [​មូលនិធិ​សកល​] ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​គណៈកម្មការ​សម្របសម្រួល​។ គេ​យក​ឯកសារ​ចេញពី​កុំព្យូទ័រ​នី​មួយៗ គេ​យក​ខួរ​ក្បាល​​ទៅ​ពិនិត្យមើល ហើ់យ​យើង​មិន​អាច​បន្លំ​គេ​បានទេ គឺ​អ៊ី​ម៉ែ​ល​ឆ្លងឆ្លើយ ឬមួយ​កិច្ច​ការគ្រប់គ្រង​ថវិកា គេ​ត្រួតពិនិត្យ​ច្បាស់លាស់​។ គេ​មាន​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​នៅ​ខាង​ក្រៅ​​[​ប្រទេស​] ដែល​បាន​ផ្តល់​លុយ​ឲ្យ​អ្នកណា​ដែល​ទទួល​លុយ​ហ្នឹង​។ អញ្ចឹង នៅពេល​មុន​នឹង​ចេញ​របាយការណ៍​ហ្នឹង គេ​ឲ្យ​យើង​តវ៉ា បានន័យថា គេ​យក​មក​បង្ហាញ​លទ្ធផល​ហ្នឹង​។ ប្រធាន​​អ្នកសម្របសម្រួល​មូលនិធិ​សកល ឯកឧត្តម ទា ផល្លា ក៏​មិន​បដិសេធ​ទាំងស្រុង​ដែរ នូវ​ការ​ខិលខូច​មួយចំនួន​នោះ​។ យើង​មិន​អាច​ប្រកែក​​​អញ្ចឹង​បានទេ​។ ភស្តុតាង​នៃ​ការស៊ើបអង្កេត បើ​សិន​ជា​យើង​អាន​ទៅ គឺ​មាន​តម្លៃ​ខ្ពស់ មាន​ឧត្តមភាព​ខ្ពស់​ណាស់​នៅក្នុង​គុណភាព​នៃ​របាយ​ការណ៍​​នេះ​។ ខ្ញុំ​គិតថា មូលហេតុ​នៃ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​ដែល​មាន​ការពាក់ព័ន្ធ ឧទាហរណ៍ ដូចជា​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក បើ​យើង​បដិសេធ ហេតុ​អី​បានជា​យើង​បញ្ឈប់​អ្នក​ហ្នឹង​? ហេតុ​អី​បានជា​យើង​ឲ្យ​អ្នកហ្នឹង​ចេញ​?
VOD៖ មូលហេតុ​អ្វី​បានជា​មូលនិធិ​សកល​មិន​ដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឲ្យ​ស៊ើបអង្កេត​ករណីនេះ​?
​លោក កែម ទ្បី​៖ មូលនិធិ​សកល​មាន​ការិយាល័យ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។ គេ​មាន​ក្រុម​ស៊ើបអង្កេត​នៅ​ទូទាំង​ពិភពលោក​តែម្តង​។ ក្រុម​ហ្នឹង គឺ​ឲ្យតែ​ប្រទេស​ណា​ទទួល​ថវិកា​ពី​មូលនិធិ គេ​តែងតែ​ចុះមក​ធ្វើ​ការស្រាវជ្រាវ​ពីរ​ឆ្នាំ​ម្តង ឬ​ក៏​បី​ឆ្នាំ​ម្តង​។ គេ​មាន​Mandate [​អាណត្តិ​] របស់គេ តាម​រក​ថវិកា​​របស់​គេ​។ គេ​តាម​ពិនិត្យមើល​ការចាយវាយ​ថវិកា​របស់​គេ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​។ បើសិនជា [​ការចាយវាយ​]​មិន​ត្រឹមត្រូវ គេ​គ្រាន់តែ​ឲ្យ​សង​គេ​។ បើ​យើង​មិន​សង​ទេ គឺ​យើង​មិន​អាចមាន​លទ្ធភាព​ទទួល​លុយ​របស់​គេ​បាន​ទេ​។ កន្លែង​នេះ​មាន​ឥទ្ធិពល​ជាង​ការប្តឹង​ទៅ​ទៀត​។ ការប្តឹង​ផ្តល់​ជា​សិទ្ធិ​របស់​​គណៈកម្មការ​សម្របសម្រួល​មូលនិធិ​សកល​។ តែ នៅ​ប្រទេស​នី​មួយៗ គេ​បង្កើត​ក្រុម​សម្របសម្រួល​មូលនិធិ​សកល ហើយ​និង​ក្រុម​ត្រួតពិនិត្យ​មូលនិធិ​សកល ដែល​មាន​សមាសភាព​ស​មាជិក​មកពី​រដ្ឋាភិបាល មក​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ស៊ីវិល និង​តំណាង​ជនរងគ្រោះ​។ អ្នក​[​ទាំងអស់​]​ហ្នឹង ដែល​ជា​អ្នកត្រួតពិនិត្យ​ច្បាស់លាស់​។ ប្រសិនបើ [​ពួកគាត់​] ឃើញ​ករណី​ទាំងអស់​ហ្នឹង អ្នក​ហ្នឹង​អាច​ប្តឹង​បាន ពី​ព្រោះ​អ្នក​ហ្នឹង​តំណាង​ឲ្យ​មូលនិធិ​នៅ​តាម​ប្រទេស​នី​មួយៗ ហើយ​ប្រធាន​យន្តការ​សម្របសម្រួល​មូលនិធិ​សកល គឺ​រដ្ឋាភិបាល​។ ឯកឧត្តម ទា ផល្លា រាល់ថ្ងៃ ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ហើយ​គាត់​ជា​ប្រធាន​សម្របសម្រួល​គណៈកម្មកា​រ​មូលនិធិ​សកល​។ អញ្ចឹង​គាត់​មាន​លទ្ធភាព ប្រសិនបើ​គាត់​ឃើញ​[​ការ​ប្រើ​ប្រាស់​​ថវិកា​​​ខុស​​​គោល​​ដៅ​] គេ​[​មូលនិធិ​សកល​] មិន​យល់​ទា​ស់អី​ទេ​។ ខាង​មូលនិធិ​សកល យើង​ត្រូវ​ប្តឹង​តែ​ម្តង​៕
សរសេរមកកាន់លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com

Tags: មូលនិធិសកល - កែមឡី

No comments: