សារជាតិ
មនុស្សមានលក្ខណៈខុសប្លែកៗគ្នា
ឯទំនោរផ្លូវចិត្ដក៏មានការខុសប្លែកគ្នាទៅតាមមនោសញ្ចេតនារបស់មនុស្ស
រៀងៗខ្លួន។ អារម្មណ៍មនុស្សតែងតែប្រែប្រួល
អ្នកខ្លះមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង
អ្នកខ្លះមានទំនោរអារម្មណ៍ទៅរកភាពសប្បាយ រីករាយ។
អ្នកខ្លះទៀតមានអារម្មណ៍សៅហ្មង អស់សង្ឃឹម ទន់ជ្រាយជាដើម។
ហើយមានមនុស្សមួយចំនួនឆាប់បង្ហាញពីអារម្មណ៍
របស់ខ្លួនឱ្យអ្នកដទៃដែលនៅជុំវិញខ្លួនបានឃើញ។
គ្រប់សកម្មភាពដែលមនុស្សបានបង្ហាញចេញមកក្រៅដោយសារអារម្មណ៍
ពេលខ្លះក៏អាចធ្វើឱ្យមានផលប៉ះពាល់ដល់អ្នក ដែលនៅជុំវិញខ្លួនដែរ។
ដោយមើលឃើញបែបនេះហើយ ទើបទស្សនាវដ្ដីសុខភាពយើង បាន
ជួបសម្ភាសន៍ជាមួយលោកស្រី ញ៉ុង ហេ ម៉ា ប្រធានផ្នែកចិត្ដវិទ្យា
នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដើម្បីផ្ដល់ការស្វែងយល់អំពីវិធីគ្រប់គ្រងអារម្មណ៍។
ការគ្រប់គ្រងអារម្មណ៍ ជាអ្វី?
ជាធម្មតា មនុស្សតែងតែមានអារម្មណ៍សប្បាយរីករាយ និងខឹងមួម៉ៅ។
ការដែលមានអារម្មណ៍សប្បាយរីករាយនោះមិន ចោទជាបញ្ហា
ឬត្រូវទាមទារការគ្រប់គ្រងអារម្មណ៍នោះឡើយ។
ដោយឡែកការដែលមានអារម្មណ៍ខឹងមួម៉ៅ ចាំបាច់ទាមទារនូវការ
គ្រប់គ្រងអារម្មណ៍ឱ្យបានល្អ។
ប្រសិនបើមនុស្សចេះតែបណ្ដោយខ្លួនឱ្យទៅតាមអារម្មណ៍កំហឹងរបស់ខ្លួននោះ
វាអាចមានផលប៉ះពាល់ ឬគ្រោះថ្នាក់ដោយប្រការណាមួយ
ដូចពាក្យចាស់ថា“កំហឹងទល់កំហល់ មានផលជាក្ដីវិនាស”។
ដូចនេះការគ្រប់គ្រងអារម្មណ៍ គឺជា
ការគ្រប់គ្រងចិត្ដកុំឱ្យប្រព្រឹត្ដនូវអំពើអ្វីមួយដោយពុំបានគិត
ពិចារណាជាមុន ឬដកជំហានដែលកំពុងឈានទៅរកការប្រព្រឹត្ដខុសទង្វើ
ដែលនាំឱ្យមានក្ដីវិនាសបែរមករកការគិតពិចារណាអំពីហេតុផលល្អអាក្រក់
ជាថ្មី។
ហេតុអ្វីត្រូវគ្រប់គ្រងអារម្មណ៍?
ជារឿងសំខាន់ណាស់ដែលមនុស្សម្នាក់ៗត្រូវមានការគ្រប់គ្រងអារម្មណ៍
ឱ្យបានល្អ ព្រោះមនុស្សតែងមានទំនាក់ទំនងនៅក្នុង សង្គម និងក្នុងគ្រួសារ។
បើយើងមិនមានការទប់ចិត្ដ ឃុំគ្រងអារម្មណ៍
ឬឆាប់បញ្ចេញអារម្មណ៍ទៅលើអ្នកដទៃ នាំឱ្យយើងនឹងមាន បញ្ហាកើតឡើង
ពេលខ្លះអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។
ការរស់នៅក្នុងគ្រួសាររវាងស្វាមីភរិយា បើមិនមាន
ការគ្រប់គ្រងអារម្មណ៍នោះទេ
គ្រួសារនោះអាចនឹងកើតមានឡើងនូវអំពើហិង្សា រហូតដល់មានការបែកបាក់គ្នា
មានទំនាស់ទាស់ទែង គ្នា រស់នៅមិនចុះសម្រុងនឹងគ្នាថែមទៀតផង។
និយាយរួម ការគ្រប់គ្រងអារម្មណ៍ជួយរក្សាទំនាក់ទំនងល្អជាមួយគ្នា
ទាំងក្នុងគ្រួសារ ទាំងក្នុងសង្គម ដើម្បីសេចក្ដីសុខ សុវត្ថិភាព
និងសេចក្ដីថ្លៃថ្នូរ។
គុណសម្បត្ដិ និងគុណវិបត្ដិ
ការគ្រប់គ្រងអារម្មណ៍អាចផ្ដល់នូវគុណសម្បត្ដិយ៉ាងច្រើន
ដូចជាអាចធ្វើឱ្យមានអារម្មណ៍ស្ងប់ល្អ។ ពិសេសនៅពេលគ្រប់
គ្រងអារម្មណ៍បានល្អ ក៏អាចជួយឱ្យមានទំនាក់ទំនងក្នុងគ្រួសារ
និងក្នុងសង្គមបានល្អប្រសើរ ហើយក៏ធ្វើឱ្យទទួលបាននូវសេចក្ដីសុខ
និងសុវត្ថិភាព ព្រមទាំងគ្រួសារមានសុភមង្គល។
ការគ្រប់គ្រងអារម្មណ៍មិនបានល្អវិញនោះ
មិនត្រឹមតែមិនអាចហាមឃាត់ចិត្ដអារម្មណ៍ដែលខុសនោះទេ ផ្ទុយទៅវិញរិតតែ
នាំឱ្យមានវិបត្ដិកើតឡើងទាំងផ្លូវចិត្ដទាំងផ្លូវកាយ។
ឯទំនាក់ទំនងនៅក្នុងសង្គមក៏មិនបានល្អ
ក៏អាចធ្វើឱ្យមានការប៉ះពាល់ដល់សេចក្ដី សុខក្នុងគ្រួសារថែមទៀតផង។
វិធីគ្រប់គ្រងអារម្មណ៍
- ការ គ្រប់គ្រងអារម្មណ៍មិនសំដៅតែទៅលើការគ្រប់គ្រងការឆាប់រោលរាល និងការឆាប់បញ្ចេញអាការមកខាងក្រៅនោះ ទេ។ ប៉ុន្ដែមនុស្សដែលមានអារម្មណ៍ធុញថប់ ឬដែលហៅថាស្ដ្រេស្សនោះ ក៏ទាមទារឱ្យមានការគ្រប់គ្រងអារម្មណ៍ដែរ។ ការគ្រប់គ្រង អារម្មណ៍នេះអាចប្រព្រឹត្ដទៅបានតាមវិធីមួយដែលមានប្រសិទ្ធភាព គឺបច្ចេកទេសសម្រាកកាយ។ ការសម្រាកកាយនេះ ក៏ដូចគ្នានឹង ការធ្វើសមាធិដែរ។ វិធីនេះត្រូវសម្រាកឱ្យបានស្ងៀមស្ងាត់ ដកដង្ហើមមួយៗដើម្បីស្រូបយកអុកស៊ីសែនទៅចិញ្ចឹមខួរក្បាលឱ្យបានគ្រប់ គ្រាន់។ វិធីនេះអាចជួយកាត់បន្ថយការតានតឹង និងកាត់បន្ថយស្ដ្រេស្ស ធ្វើឱ្យមានអារម្មណ៍ល្អបាន។
- សម្រាប់ មនុស្សដែលមានចិត្ដខ្លាំង ឬមនុស្សដែលឆាប់មានរំញោច មិនត្រូវយកកំហឹងទៅទល់នឹងកំហឹងទេ ប្រៀបបាន នឹងការយកសាំងទៅចាក់លើភ្លើងដូច្នោះដែរ។ ដូចនេះបុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចអ្នកដែលនៅជុំវិញខ្លួន ត្រូវមានចិត្ដអំណត់អត់ធ្មត់ ទប់ ចិត្ដ និងរម្ងាប់អារម្មណ៍ ទើបអាចចៀសផុតពីការមានវិវាទ ឬទំនាស់។
- សម្រាប់ មនុស្សដែលមានសកម្មភាពសរសៃប្រសាទខ្សោយ និងឆាប់អស់សង្ឃឹម វិធីដ៏ល្អគឺអ្នកដែលនៅជុំវិញខ្លួនគាត់ ត្រូវ ចេះលើកកម្លាំងចិត្ដ មិនត្រូវបន្ទោសបង្អាប់ និងរិះគន់នៅពេលដែលបុគ្គលនោះមានកំហុស។ ព្រោះទង្វើបន្ទោសបង្អាប់ និងរិះគន់បែប នេះអាចធ្វើឱ្យអ្នកដែលមានសកម្មភាពរំញោចខ្សោយ ក្លាយទៅជាបាក់ទឹកចិត្ដ តូចចិត្ដ និងអស់សង្ឃឹមចំពោះខ្លួនឯង ក៏អាចនាំទៅរក ការគិតមិនត្រឹមត្រូវណាមួយបានផងដែរ។ ល្អបំផុតនោះ អ្នកដែលនៅជុំវិញគួរជួយលើកទឹកចិត្ដ ជំរុញ និងលើកសរសើរ ធ្វើយ៉ាងណា ឱ្យបុគ្គលនេះមើលឃើញពីគុណសម្បត្ដិរបស់ខ្លួនឯង ឱ្យឃើញពីតម្លៃខ្លួន និងឱ្យជឿទុកចិត្ដលើខ្លួនឯង។ គួរគិតថាមនុស្សក្នុងចំណាត់ ថ្នាក់នេះ មិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការគ្រប់គ្រងអារម្មណ៏ ដោយខ្លួនឯងនោះទេ រមែងត្រូវការជំនួយពីអ្នកដទៃ ជាពិសេសអ្នកដែលនៅជិតខ្លួនបំផុត ដូចជាឪពុកម្ដាយ បងប្អូន មិត្ដភក្ដិដែលជិតស្និទ្ធជាដើម។
ដំបូន្មានអ្នកជំនាញ
សំណូមពរឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានអារម្មណ៍មិនប្រក្រតី
មេត្ដាទប់អារម្មណ៍ ឃុំគ្រងអារម្មណ៍របស់ខ្លួន កុំឱ្យ
អារម្មណ៍ដែលមិនល្អនោះអូសទាញទៅរកផ្លូវមិនល្អបាន។
មួយទៀតសម្រាប់អ្នកដែលមានអារម្មណ៍ឆាប់ធ្លាក់ទឹកចិត្ដ និងអស់សង្ឃឹម
ក៏គួរតែគិតពិចារណាជាថ្មី ត្រូវគិតថាខ្លួនជាបុគ្គលដែលមានតម្លៃ។
សូមយករឿងដែលល្អៗសប្បាយៗមកដាក់ក្នុងខ្លួន ដើម្បីកុំឱ្យ អារម្មណ៍បែបនោះ
នាំទៅធ្លាក់ក្នុងរណ្ដៅឥតន័យ។From:healthcambodia.com
No comments:
Post a Comment