ជារៀងរាល់លើកនៅពេលរៀបចំវេទិកាអ្នកស្តាប់ម្តងៗ គេតែងស្តាប់ឮ លោកជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី សួរដេញដោលវាគ្មិនឡើងកប់ៗយោបល់ ពេលខ្លះរកឆ្លើយមិនរួចក៏មាន ។ ការសួរដេញដោលនេះហើយបានធ្វើអោយមហាជនទូទៅ បានស្គាល់ឈ្មោះលោកគ្រប់ៗគ្នា ហើយតែងឆ្ងល់ថាហេតុអីបានជាលោកសំបូរវោហាសព្ទពូកែសួរដេញដោល ឆ្កឹះឆ្កៀល ដេញជើងត្រូវចិត្តចង់បានរបស់អ្នកស្តាប់ខ្លាំងម្ល៉េះ? ហើយថាតើលោកមានប្រវត្តិសិក្សាមកពីណា ឬមានឈាមជ័រជាកូនចៅអ្នកចេះដឹងមែនទេ?
នៅក្នុងសំនួរដែលលោក ជុន ច័ន្ទបុត្រ សួរទៅកាន់វាគ្មិនក្នុងអំឡុងពេលបោះឆ្នោតនោះ មានដូចជា សួរទៅលោក សម រង្ស៊ី ថាប្រសិនបើព្រះមហាក្សត្រកោះហៅប្រជុំសភាលើកដំបូង តើតំណាងរាស្រ្ត ទាំង៥៥រូបគណបក្សរបស់លោកនឹងចូលរួមប្រជុំដែរឬទេ? ពេលនោះលោកសម សម រង្ស៊ី បានអេះអុញព្រោះបើឆ្លើយថាទេ ហាក់ដូចប្រឆាំងព្រះមហាក្សត្រ តែបើឆ្លើយថាចូលដូចជាមិនត្រូវតាមឆន្ទះរាស្រ្តជាម្ចាស់ឆ្នោតរបស់ លោក បានត្រឹមឆ្លើយថាចាំមើលសិន? គេនៅចាំសំនួរមួយទៀតសួរទៅលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីថាតើតុលាការកម្ពុជាឯករាជ្យ ត្រង់ណា? ចូរលើកឧទាហរណ៏តូចៗចំនួនពីរ ពេលនោះលោក ផៃ ស៊ីផាន ក៏ឆ្លើយមិនរួច ហើយហាក់ដូចជាខឹងស្ទើរដើរចេញពីវេទិកាអ្នកស្តាប់នោះទៀតផង។ តែអ្វីដែលធ្វើអោយអ្នកស្តាប់ចាំមិនភ្លេចនោះ គឹសំដីព្រមាន លោក ឈាង វុន ដែលដណ្តើមនិយាយមិនព្រមឈប់ថា ទីនេះមិនជារដ្ឋសភាទេឯកឧត្តម។
សម្រាប់លោក ជុន ច័ន្ទបុត្រ លោកមិនមានការលាក់លៀមចំពោះវោហារសព្ទរបស់លោកនោះទេ។ លោកបានប្រាប់ទៅសិក្ខាកាមរាប់រយនាក់ ដែលជានិស្សិត ព្រះសង្ឃ និងបុគ្គលិក ក្រុមហ៊ុន អង្គការ ក្រៅរដ្ឋាភិបាលជាដើម ក្នុងខណៈពេលលោកបើកវគ្គបណ្តុះបណ្តាល ស្តីពីការយកព័ត៌មានតាមវិទ្យុ នៅសាកលវិទ្យាល័យខេមរៈ នៅពេលថ្មីនេះថា ក្រៅតែពីឆ្លងកាត់ការសិក្សានៅប្រទេសរុស្ស៊ី និងអាមេរិក បទពិសោធន៏ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកក៏ជាមន្រ្តីរបស់អង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជាដើរតួជាអ្នកសម្របសម្រួលជាមួយអ្នកនយោបាយពី គ្រប់គណបក្សដើម្បីដាក់បញ្ជូលប្រាសាទអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក តាំងពីមុនការបោះ ឆ្នោតជាតិដំបូងឆ្នាំ១៩៩៣មកម្ល៉េះ។ ក្រោយមកមកលោកក្លាយជាមន្រ្តីអន្តរជាតិរបស់អង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅបរទេស ហើយក៏បានប្រលូកចូលក្នុងវិស័យសារព័តមាន ជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន មកទល់បច្ចុប្បន្ន។ ក្រៅពីបទពិសោធន៏ការងារទាំងនេះនៅពេលមានវេទិកាសួរដេញដោលរាល់ លើក លោកក៏តែងប្រមូលមតិពីសហការីរួមការងាររបស់លោក និងពីអ្នកស្តាប់ទាំងអស់ដើម្បីបានជាមតិយោបល់ សម្រាប់សួរដេញដោលទៅវាគ្មិននោះ ទើបលោកសួរមិនចេះទាល់ដូច្នេះ។
សំនួរសួថា នៅកម្ពុជាអ្នកកាសែតស្ទើរតែទាំងអស់មិនសូវហ៊ានសួរអ្នកធំ ចាក់ឆ្កិះឆ្កៀលដូចលោកទេ ហើយចុះលោកមានមន្តអ្វីបានជាមិនចេះចាញ់ច្រាបគេដូច្នេះ? លោកឆ្លើយដោយសាមញ្ញថា មនុស្ស ដូចតែគ្នាមិនមានអ្វីគួរអោយខ្លាចនោះទេ គេពាក់អាវធំយើងពាក់អាវធំដែរ គ្រូចូលមួយរំពេចមិនអោយចាញ់ច្រាបគេឡើយ។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះគឺ លោកធ្លាប់ប្រលូកការងារក្នុងនិង ក្រៅប្រទេស ជាអតីតសាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទ ជាមន្រ្តីយូណេស្កូប្រចាំនៅកម្ពុជា និងចេញទៅបំរើការងារនៅប៉ាគីស្ថាន និងនៅប្រទេសថៃផង ថ្ងៃណាក៏ជួបពិភាក្សាការងារជាមួយតំណាងរាស្រ្ត ជាមួយរដ្ឋ មន្រ្តីរបស់គេការជួបអ្នកធំគឺស៊ាំអស់ទៅហើយ ហើយម្យ៉ាងលោករស់នៅសហរដ្ឋអាមេរិក ក្នុងបរិបទមួយ ដែលគ្មាននរណាខ្លាចនរណានោះទេ។
នេះគ្រាន់តែជាការវាយតម្លៃខាងក្រៅប៉ុណ្ណោះ ប៉ុន្តែធាតុពិតលោកមានចំណេះវិជ្ជាខ្ពស់ ធ្លាប់រៀននៅប្រទេសរូស្ស៊ី រៀននៅប្រទេសអូស្រ្តាលី និងនៅសហរដ្ឋអាមេរិក បើនិយាយពីភាសាវិញតំណាងរាស្រ្តស្រុកខ្មែរប្រហែលសំចាញ់ដែរ។ ភាសាដែលលោក ជុន ច័ន្ទបុត្រ និយាយបានស្ទាត់ជំនាញមាន៦ភាសាឯណោះ គឺភាសាខ្មែរ ភាសាវៀតណាម ភាសាថៃ ភាសាអង់គ្លេស បារាំង និងភាសារុស្ស៊ីទៀតផង៕
លោក ច័ន្ទបុត្រនិងគ្រួសារ
No comments:
Post a Comment