តាមធម្មតាកាលណាយើងឮគេនិយាយពី « ច្រត់ព្រះនង្គ័ល »
យើងតែងនឹកដល់ព្រះរាជពិធី ដែលព្រះបរមរាជវាំងរៀបចំធ្វើនាខែពិសាខ
នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើរាល់ឆ្នាំ
នៅវាលព្រះមេរុ) ។ ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គ
ភ្ជួរស្រែឱ្យមានគន្លងមុនគេ
ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅធ្វើតាមជាក្រោយ ។ ពិធីបុណ្យនេះ ស្ថិតនៅក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យ ដែលធ្វើក្នុងមួយខែម្ដង ជាទំនៀម តាមរាជប្រពៃណី) ។ រឿងរ៉ាវដែលទាក់ទងទៅនឹងប្រវត្តិនៃពិធីបុណ្យនេះ ត្រូវបានឯកសារមួយចំនួនកត់ត្រាថា មានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំកន្លងមកហើយ ។ នៅក្នុងឯកសារ http://kohsantepheapdaily.com.kh/article/14121.html បានកត់ត្រាឱ្យដឹងថា ពិធីបុណ្យ ច្រត់ព្រះនង្គ័លមានមកតាំងពីបុរាណកាល ប៉ុន្តែពិធីនេះមិន ឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬ ក្នុងសេចក្ដីកត់ហេតុណាមួយឱ្យបានច្បាស់លាស់នៅឡើយ ទេ ។ ទោះបីជាបែបនេះក្ដី ក៏គេយល់ថា ទំនៀមទម្លាប់ស្ដេចច្រត់ព្រះនង្គ័ល ប្រហែលជាធ្លាប់មានតាំងពីយូរយារកន្លងណាស់មកហើយ ហើយក៏ប្រហែលជាមានភស្ដុតាងបញ្ជាក់ផងដែរ ។ ភស្តុតាងមួយ ដែលបង្ហាញពីភាពចំណាស់របស់ពិធីច្រត់ព្រះនង្គ័ល គឺតាមរយៈស្នាដៃអក្សរសិល្ប៍បុរាណដែល មានទំនោរបែបព្រាហ្មណ៍និយមនៅក្នុងសង្គមខ្មែរ ។ តឹកតាងនោះ គឺរឿងរាមកេរ្តិ៍ ។ តាមរយៈស្នាដៃ អក្សរសិល្ប៍ នេះ យើងឃើញថា ព្រះនាងសីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាង ពីដីអាចម៍បំណះដែល ព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះមក ។ នេះជាភស្តុតាងមួយ ដែលបង្ហាញពីប្រវត្តិដែលទាក់ទងទៅនឹងព្រះរាជពិធីច្រត់ព្រះនង្គ័លដែល មាននៅលើទឹកដីកម្ពុជា ហើយស្នាដៃនៃ រឿងរាមកេរ្តិ៍នេះ ក៏បានជ្រួតជ្រាបនៅក្នុងសង្គមខ្មែរតាំងពីច្រើនសតវត្សរ៍កន្លងមកហើយ ដែរ។ ភាពចំណាស់របស់រឿងរាមកេរ្តិ៍ គឺតាមរយៈផ្ទាំងចម្លាក់នៅតាមប្រាង្គប្រាសាទមួយចំនួន ។ បុព្វបុរសនៅលើដីខ្មែរ ដែលជាអ្នកសាងប្រាសាទបានឆ្លាក់នូវផ្នែកខ្លះនៃរឿងរាមកេរ្តិ៍ លើជញ្ជាំងអង្គរវត្ត ដែលត្រូវបានកសាងឡើងនា អំឡុងសតវត្សរ៍ទី ១២ នៃគ្រិស្តសករាជ ក្នុងរាជរបស់ព្រះបាទ សូរ្យវរ្ម័នទី ២ ។ ប្រសិនបើរឿងរាមកេរ្តិ៍ មានរូបរាង នៅក្នុងអំឡុងសម័យកាលអង្គរ នាំឱ្យយើងអាចសន្និដ្ឋានបានថា រឿងនេះ ប្រហែលជាបានចាប់កំណើតឡើងតាំង ពីមុនពេលសតវត្សរ៍ទី ១២ នៃគ្រិស្តសករាជទៅទៀត ។មានន័យថា ប្រសិនបើនៅមុនសតវត្សរ៍ទី ១២ បុព្វបុរស នៅលើដីខ្មែរ មិនបានជ្រួតជ្រាបនោះទេ រូបរាងនៃរឿងរាមកេរ្តិ៍ ក៏មិនអាចឆ្លាក់ចេញជាតួអង្គ នៅក្នុងសម័យកាល ក្រោយមកបានដែរ ។ ហើយប្រសិនបើ រឿងរាមកេរ្តិ៍ បានចាប់កំណើតតាំងពីមុនសតវត្សរ៍ទី ១២ នៃគ្រិស្ដសករាជ នោះក៏នាំឱ្យយើងអាចសន្និដ្ឋានបានថា ពិធីច្រត់ព្រះនង្គ័ល ក៏ប្រហែលជាមានរូបរាងតាំងពីមុនសតវត្សរ៍ទី ១២ នៃគ្រិស្តសករាជ មកដែរ ។ ឯកសារ http://kohsantepheapdaily.com.kh/article/14121.html ដដែលបានឱ្យដឹងទៀតថា មានរូបមួយឈ្មោះពលទេព ឬហៅថា ពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល ។ រូបនេះគេសម្គាល់ឃើញថា សាងឡើងតាំងពីសម័យក្រុងនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ។ រូបលីនង្គ័លមួយទៀត ធ្វើពីថ្មភក់ មាននៅក្នុងសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះនៅក្នុងមណ្ឌលស្រុក ខ្មែរតាំងពីបុរាណកាលបែបនេះហើយ ទើបនាំឱ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានតាំងពីបុរាណកាលមកដែរ ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេនិយមរៀបចំធ្វើនៅនាអំឡុងដើមរដូវវស្សា ឬ ដើមរដូវមានភ្លៀងធ្លាក់ ។ យោងតាមកំណត់ត្រានៅក្នុង http://www.chanbokeo.com/ ឱ្យដឹងដែរថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គេតែងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី ១រោច ២រោច និង ៣រោច ខែ ពិសាខ ដោយចាត់ឱ្យ មានព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា ៥ កន្លែង នៅទីព្រះស្រែ ។ថ្ងៃទី ៤ រោច ខែ ពិសាខ គេចាប់ហែមន្ត្រី អ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា និង ភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មាន គោ ៣ នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល ។ ឯកសារ http://kohsantepheapdaily.com.kh/article/14121.html ដដែលបានឱ្យដឹងទៀតថា គោ១នឹម ដែលទឹមសម្រាប់ច្រត់ ព្រះនង្គ័លនោះ គេហៅថា«ព្រះគោ» ឬ «គោឧសភរាជ» ក៏មានកំណត់លក្ខណៈដែរ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២នឹមទៀត ដែលប្រើសម្រាប់ហែមុខហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈនៅឡើយទេ ប៉ុន្តែតាមដែលធ្លាប់ប្រើមក ឃើញច្រើនតែសម្បុរក្រហម ។ ឯព្រះនង្គ័លទាំង៣ នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសម្រាប់អ្នក តំណាងព្រះអង្គនោះ ក៏មានលក្ខណៈពិសេសដែរ ដោយ ធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់កនាគ និង មានភូ(សរសៃ អ្វីៗសម្រាប់ប្រើចងជារំយោល)ធ្វើពីរោមសត្វផងដែរ ។ សារសំខាន់របស់ពិធីនេះ គឺទស្សន៍ទាយអំពីផលដំណាំកសិកម្ម និង ហេតុភេទ ដែលអាចនឹងកើតមានឡើងផង ដែរ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ ។ កំណត់ត្រា http://kohsantepheapdaily.com.kh/article/14121.html ដដែលបន្តឱ្យដឹងទៀតថា នៅក្នុងការផ្សងគោឧសភរាជ នោះគឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ដែលគេរៀបដាក់លើតុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា(រោង) គឺគ្រាប់ស្រូវ ១ តុ គ្រាប់សណ្ដែក ១ តុ គ្រាប់ពោត ១ តុ គ្រាប់ ល្ង ១ តុ ស្មៅស្រស់ ១ តុទឹក ១ តុ និង ស្រា ១ តុ ។ កាលព្រះគោបរិភោគអ្វីមួយ ព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះដែរ ។ ជារួមយើងឃើញថា បើទោះបីជានៅមិនទាន់មានការកត់ត្រាឱ្យបានច្បាស់លាស់អំពីប្រវត្តិដែល ទាក់ទងទៅនឹង ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅលើទឹកដីខ្មែរក្ដី ក៏តាមរយៈភស្តុតាង ដែលមាននៅក្នុងស្នាដៃអក្សរសិល្ប៍បុរាណ ចម្លាក់នៅប្រាសាទអង្គរវត្ត ព្រមទាំងរូបបដិមាមួយចំនួនបង្ហាញឱ្យឃើញថា ព្រះរាជពិធីនេះ មានវត្តមាននៅលើ ទឹកដីខ្មែរតាំងពីយូរលង់កន្លងមកហើយ ហើយក៏ប្រហែលជាមានតាំងពីមុនសម័យកាលអង្គរទៅទៀត ៕ |
Friday, December 20, 2013
ប្រវត្តិពិធីបុណ្យ ច្រត់ព្រះនង្គ័ល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment