ដោយ៖ ពៅ មេត្តា | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 05:09 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ តវ៉ានៅទីលានប្រជាធិបតេយ្យ នាពេលកន្លងមក (រូបថត តាំង វីដា)
មន្ត្រី
អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធផ្លូវច្បាប់
និងសិទ្ធិមនុស្ស លើកឡើងថា ប្រសិនបើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ប្រើកម្លាំងបង្ក្រាបលើបាតុករនៅខែក្រោយមែននោះ
អាចជាចំណុចចាប់ផ្តើម
ដែលសហគមន៍អន្តរជាតិលូកដៃចូលក្នុងនយោបាយកម្ពុជា។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ព្រមានថា ប្រសិនការធ្វើបាតុកម្មទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញ
មិនមានការឆ្លើយតបពីគណបក្សប្រជាជនកម្ពុជានោះ
ពួកគេអាចនឹងបិទផ្លូវសំខាន់នៅរាជធានីភ្នំពេញ។
ទាក់ទងចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងនៅថ្ងៃទី២០ខែធ្នូថា ប្រសិនបើមានការបិទផ្លូវនោះ
លោកនឹងប្រើវិធានការផ្លូវច្បាប់ដើម្បីដោះស្រាយ។
ការបង្ហាញជំហររឹងដាក់គ្នារវាងគណបក្ស
ទាំងពីរនេះ នាំឲ្យមន្ត្រីអង្គការសង្គមស៊ីវិល
សម្តែងការព្រួយបារម្ភពីហិង្សាអាចកើតមានឡើង។
មេធាវី
និងជាប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក
នី ចរិយា ចង់ឲ្យភាគីទាំងពីរជួបគ្នាបន្ទាន់ដើម្បីបញ្ចៀសហិង្សា។
តែលោកថា ដោយសារតែ
លទ្ធផលនៃការបោះឆ្នោតមិនទាន់មានការទទួលស្គាល់ជាអន្តរជាតិ
ហើយបើមានហិង្សាទៀតនោះ
អាចនឹងមានការព្យួរអាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ៖
“ដោយសារតែការបោះឆ្នោតរបស់យើងកន្លងមកនេះ មិនទាន់មានប្រទេស
និងអង្គការអន្តរជាតិផ្សេងៗ មិនទាន់បានទទួលស្គាល់
ជាផ្លូវជាផ្លូវច្បាប់ អញ្ជឹងប្រាកដជាមានការព្យួរ
អាសនៈនៅអង្គការសហប្រជាជាតិហើយ”។
នាយកប្រតិបត្តិ
នៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី
និងត្រឹមត្រូវនៅកម្ពុជា លោក ហង្ស ពុទ្ធា លើកឡើងថា
បើមានហិង្សាកើតឡើងនោះ ថ្នាក់ដឹកនាំគណបក្សទាំងពីរ
នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់និងប្រវត្តិសាស្ត្រ។ លោក
បន្តថា ប្រសិនបើមានការប្រើអាវុធលើប្រជាជនដែលមិនមានអាវុធនោះ
តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងអន្តរាគមន៍ ៖ “សេចក្តីរបស់
នាយករដ្ឋមន្ត្រីបាន បង្ហាញហើយថា បើមានការបិទផ្លូវ គឺដំណោះស្រាយឈាម
ហើយកម្ពុជាក៏ជាសមាជិករបស់ICC ដែរ អ៊ីចឹងអន្តរជាតិបើឃើញថាកម្ពុជា
ជួបការលំបាកក្នុងបញ្ហាសន្តិសុខ និងសុវត្ថិភាពការរស់នៅហើយ
អាចនឹងមានការលូកដៃចូល ពេលនោះខ្ញុំគិតថា ភាពប្រឈមគ្នា
ឈានទៅរកដំណោះស្រាយណាមួយ ដែលភាគីអន្តរជាតិ
ប្រហែលជាអាចលូកដៃចូល”។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា
លោក ហ៊ាង រិទ្ធី មានប្រសាសន៍ថា ប្រសិនបើមានហិង្សាកើតឡើងនោះ
ប្រទេសជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងបារីស
មានកាតព្វកិច្ចអន្តរាគមន៍។
ប្រធានលេខាធិការដ្ឋានប្រតិបត្តិ
នៃគណៈកម្មាធិការប្រព្រឹត្តកម្មលោក សួន ប៊ុនស័ក្តិ លើកឡើងថា
អន្តរជាតិអាចលូកដៃកម្រិតណាមួយនោះ
គឺអាស្រ័យលើទំហំនៃអំពើហិង្សា ៖ “មានវិធានការចាស់ដៃ
វិធានការហិង្សា ពីអាជ្ញាធរ ហើយប្រសិនវិធានការចាស់ដៃពីអាជ្ញាធរនោះ
ប៉ះពាល់ដល់អាយុជីវិតច្រើនប្រជាពលរដ្ឋ
ហើយកម្រិតហិង្សានេះធំធេងអញ្ជឹង
វាអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌមួយ ដែលជាយុត្តធិការរបស់ ICC ដែរ
ប៉ុន្តែយើងសង្ឃឹមថា ប្រទេសកម្ពុជាយើងគឺមិនដល់ថ្នាក់នោះ
ជាលើកទីពីរដូចករណីរបបខ្មែរក្រហមទេ”។
តាមគម្រោងគណបក្សសង្គ្រោះជាតិ
អាចនឹងដឹកនាំបាតុករបិទផ្លូវ នៅក្នុងខែមករាខាងមុខនេះ
ដើម្បីដាក់សម្ពាធឲ្យគណបក្សប្រជាជនកម្ពុជា
យល់ព្រមរៀបចំការបោះឆ្នោតឡើងវិញ៕
សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
Tags: សង្គមស៊ីវិល - នយោបាយកម្ពុជា
No comments:
Post a Comment