ឱប​ថើប ​គឺ​ជា​​កាយ​វិការ​មួយ​បង្ហាញ​ នូវ​សេចក្ដី​ស្រឡាញ់ ​​យ៉ាង​​ជ្រាល​ជ្រៅ​​ ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត។សកម្មភាព​បែប​នេះ​ភាគ​ច្រើន​ ​បានឲ្យ​​​ស្ដែង​ឃើញ​ចំពោះ​គូរ​ស្នេហ៍​ មិត្តភ័ក្ដិ​ជិត​ស្និត​ ព្រម​​ទាំង​អ្នក​​មាន​គុណ​ជា​ដើម។​ប៉ុន្តែ​ការ​​​ឱប ថើប​ខ្លះ​ ក៏​ទទួល​​រង​ការ​រិះ​គន់​​​មិន​ធម្មតា​ដែរ។
កញ្ញា​ ចាន់ ថុល​ បុគ្គលិក​​បម្រើ​ការងារ​នៅ​​ក្រុមហ៊ុន​ឯក​ជន​មួយ​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ Sabay  ​ថា​ ការ​​ឱប​ ថើប​ មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​។ប៉ុន្តែ​​រូប​ភាព​ខ្លះ​ ដែល​ស្ថិត​នៅ​ ​បើក​ចំហ​ពេក​ក៏​គួរ​ពិចារណា​ដែរ។​ ចាន់​ ថុល​ បន្ថែម​​ថា​៖ “ខ្ញុំ​​និយាយ​​នេះ​គឺ​ចង់​សំដៅ​ទៅ​យុវវ័យ​​​មួយ​ចំនួន​ សិទ្ធ​ត្រឹម​សង្សារ​សោះ​ ​​​ជិះ​​ម៉ូតូសុទ្ធតែឱប​ចង្កេះ​ខ្វិត​ រហូត​ពេល​ខ្លះ​​ ​ថើបគ្នា​​យ៉ាង​ស្អិត​ល្មួត​នៅ​​​សាធារណៈ​មិន​ខ្វល់ពី​​អ្វី​ទាំង​អស់​”។
រូប​សម្គែង
“សឹង​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​​ហើយ​​​ ព្រោះ​មាន​រូប​ភាព​ត្រេក​ត្រអាល​នៅ​តាម​សាធារណៈ​នេះ​ ​គឺ​មាន​ច្រើន​ណាស់​”។​ទាំង​នេះ​គឺ​ជា​​សម្ដី​ របស់​ សុភ័ក្រ​ និស្សិត​ឆ្នាំ​ទី​ ៣ ជំនាញ​​ព័ត៌មាន​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង។​យុវជន​រូប​នេះ​ បាល​ពោល​ថា​៖ “រូបភាព​ផ្អែម​ល្ហែម​ទាំង​នេះ​ ​មាន​​នៅ​តាម​សួន​​មុខ​​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ឬ​នៅ​​កោះ​ពេជ្រ​ជាដើម​។​ឃើញ​​ហើយ​ឡើង​រឹង​ខ្លួន​​តែ​ម្ដង រហូត​មាន​​ខ្លះ​ថតរូប​​យក​ទៅ​​បង្ហោះ​តាម​ facebook ក៏​មាន​​”។
​យ៉ាង​ណា​​មិញ​ បញ្ហា​ និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ​ដដែល​​បាន​​រៀប​រាប់​​ថា​ ទោះ​អ្នក​ទាំង​ពីរ​ត្រូវ ​ជា​អ្វី នឹង​គ្នា​ក៏​ដោយ​ មិន​​គួរ​បង្ហាញ​ទិដ្ឋភាព​ស្រើប​ស្រាល និង​អាស​អាភាស​​​បែប​នេះ​ នៅ​តាម​ទី​សាធារណៈ​នោះ​ទេ​​ ព្រោះ​​ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​ខ្លួន​ឯង​ជា​ខ្មែរ​។
​​បញ្ញា​ ​បាន​បន្ថែម​ថា​ ករណី​ខ្លះ​មិន​​ត្រឹម​​ទទួល​រង​ការ​រិះ​គន់​​​ពី​មហាជន​​នោះ​​ទេ​ តែ​​ក៏​អាច​រង​ទុក​ដល់​ខ្លួន​ដែរ​​ ដោយ​សារ​ចោរ​​លួច​ ម៉ូតូ​ និង​វាយ​ប្លន់​យក​របស់​មាន​តម្លៃ​ជាប់​ នឹង​ខ្លួន​។
“​ខ្ញុំ​យល់​ថា​ យើង​ពិត​ជា​មិន​អាច​បញ្ឈប់​រូប​ភាព​បែប​នេះ​បាន​ទេ ស្រប​ពេល​ដែល​យុវជន​​​មួយ​ចំនួន​ បាន​ចម្លង​វប្បធម៌​បរទេស​ពេញ​ខ្លួន​ទៅ​ហើយ​​”។​ទាំង​នេះ​គឺ​ជា​​ពោល​របស់​​ យុវជន​​ កក្កដា​ និស្សិត​សាកលវិទ្យាល័យ​ បញ្ញា​សាស្ត្រ ​​។ប៉ុន្តែ​​​យុវជន​​រូប​នេះ​បាន​ពោល​ថា​ ​ទោះ​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ​ គួរ​មាន​ភាព​លាក់​កំបាំង​ខ្លះ​ទៅ​ កុំ​បើក​​ចំហ​ពេក​។​ជាង​នេះ​ទៅ​ទៀត​​យុវតី​ខ្លួន​ឯង​ក៏​​​គួរ​មាន​​ការ​ ប្រុង​ប្រយ័ត្ន​​ផង​ដែរ​ បើ​មិន​ចង់​ឲ្យ​​កើតរឿង​បែប​នេះ​។
តើ​ការ​ឱប​ថើប​តាម​​សាធារណៈ​​​ជា​រឿង​អាសអាភាស​មែន​ទេ?

អត្ថបទ៖មៃ សុខលីម
​​​