ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៣ ម៉ោង ១១:៥៨
រាជធានីភ្នំពេញ៖
ស្ត្រីខ្មែរម្នាក់ដែលត្រូវថៅកែកាស៊ីណូមួយនៅក្រុងបាងកក ប្រទេសថៃ
បានចាប់សម្រាតសល់តែខោក្នុងធ្វើទារុណកម្ម កាលពីសប្តាហ៍មុននោះ
ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសថៃ
សហការជាមួយអាជ្ញាធរថៃធ្វើការរំដោះ និងបានបញ្ជូនមកកម្ពុជាវិញ
ហើយនៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១៣ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកកុយ គួង
ដែលបំភ្លឺប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ធ្នូ
២០១៣ ។
បើតាមលោកកុយ គួង
ស្ត្រីខ្មែរដែលបម្រើការងារក្នុងកាស៊ីណូ
រួមជាមួយស្ត្រីជនជាតិថៃម្នាក់ទៀតដែលត្រូវថៅកែចាប់សម្រាតធ្វើ
ទារុណកម្មនោះឈ្មោះ ថាប់ ធីតា អាយុ៣១ឆ្នាំ
មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងថា
មកដល់ពេលនេះនាងមានសុខ ភាពល្អប្រសើរទេ ។
គួររំលឹកថា
តាមប្រភពព័ត៌មានពីមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក
ប្រចាំនៅក្រុងប៉ោយប៉ែត ដែលមានដៃគូនៅឯប្រទេសថៃ បានឱ្យដឹង
កាលពីរសៀលថ្ងៃទី១៧ ធ្នូ ថា នារីខ្មែរ២នាក់ (បើតាមលោកកុយ គួង
ខ្មែរតែម្នាក់ប៉ុណ្ណោះ ឯម្នាក់ទៀតជនជាតិថៃ)
ជាបុគ្គលិកបម្រើការនៅក្នុងក្លិបល្បែងស៊ីសងលួចលាក់មួយ
កន្លែង នៅក្នុងក្រុងបាងកក ប្រទេសថៃ
ត្រូវថៅកែជាជនជាតិថៃចាប់វាយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ
បំផុត ។
មិនតែប៉ុណ្ណោះពួកគេបានចាប់ដោះសម្លៀកបំពាក់ចេញសល់តែខោលីអូ
ហើយថតរូបបិទផ្សាយជាសាធារណៈទៀត កាលពីសប្តាហ៍មុន ។
ហេតុការណ៍អមនុស្សធម៌ដ៏សាហាវព្រៃផ្សៃនេះ
បានកើតឡើងបន្ទាប់ពីថៅកែថៃរូបនោះបានចាញ់ល្បែងអស់ចំនួន៧លាន
បាត (ប្រាក់ថៃ) ហើយចោទប្រកាន់បុគ្គលិកទាំង២នាក់
ដែលមានជំនាញខាងចែកបៀថា បានឃុបឃិតជាមួយភ្ញៀវឱ្យលេងឈ្នះ
ដើម្បីយកប្រាក់ចែកគ្នា ។
រូបថតស្ត្រី២នាក់ដែលត្រូវគេធ្វើទារុណកម្ម
ឱ្យស្រាតសម្លៀកបំពាក់ត្រូវមិត្តភក្តិដែលធ្វើការជាមួយលួចថតរូប
ពួកគេ
នៅគ្រាដែលនាងទាំង២នាក់ត្រូវគេធ្វើទារុណកម្មនៅក្នុងបន្ទប់
កាស៊ីណូមួយដែលគេមិនស្គាល់ឈ្មោះនៅប្រទេសថៃ
ព្រោះជាកន្លែងលួចលាក់
ហើយបានបង្ហោះរូបភាពនាងតាមប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook)
ដើម្បីជូនព័ត៌មានមកក្រុមគ្រួសាររបស់នាងនៅស្រុកខ្មែរឱ្យបាន
ដឹង ដើម្បីជួយនាងផង ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា
នារីខ្មែររងគ្រោះធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូ
ហូលីដេ ក្រុងប៉ោយប៉ែត ទទួលបន្ទុកផ្នែកចែកបៀ
ហើយនាងជានារីស្លូតត្រង់
និងធ្លាប់បានទទួលប័ណ្ណសរសើរពីក្រុមហ៊ុនផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាទាំងអស់ខាងលើនេះ
មន្ត្រីអង្គការការពារសិទ្ធិមនុស្ស និងជនចំណាកស្រុក
និងអង្គការសង្គមស៊ីវិលផ្សេងទៀត
មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនារីរងគ្រោះទាំង២
នាក់នោះ
ខណៈដែលថៅកែថៃចិត្តកំណាចរូបនោះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ
បំផុតលើសិទ្ធិមនុស្សដែលមិនអាចទទួលយកបាន
ដូចជាចាប់សម្រាតសម្លៀកបំពាក់ឱ្យអាក្រាត
ហើយថតផ្សាយជាសាធារណៈបែបនេះថែមទៀត ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិបានធ្វើការអំពាវនាវដល់ពលរដ្ឋ
ខ្មែរទាំងអស់ដែលធ្វើការនៅបរទេស សូមទៅដោយស្របច្បាប់
និងថតចម្លងលិខិតឆ្លងដែន ព្រមទាំងប្រាប់ទីតាំងធ្វើការ
និងមុខងារឱ្យបានច្បាស់លាស់ជូនដល់ស្ថានទូតខ្មែរប្រចាំប្រទេស
នោះ
ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ទាន់ពេលវេលាក្នុងករណីកើត
មានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចខាងលើ ។
No comments:
Post a Comment