ចរិតរបស់មនុស្សម្នាក់ៗមានទំនោរឆ្លើយតបចំពោះអំណាចខុសៗគ្នា៖
រាគចរិត : ប្រសិនបើរាគជនប្រាថ្នាអំណាច បើជាបុរសតែងប្រើកលល្បិច បើជាស្រ្តីតែងប្រើមាយាដើម្បីទទួល
បានអំណាចនោះ។
បើរាគជនបានកាន់អំណាចក៏នឹងប្រើអំណាចដើម្បីឆ្លើយតបតណ្ហារបស់ខ្លួននិងអ្នកនៅជុំវិញ និងយកចិត្តយក
ថ្លើមគ្នាដោយការបរិភោគនិងសេពកាមជាមួយគ្នា។
បើរាគជនបាត់បង់អំណាចតែងយល់ថា លោកនេះអយុត្តិធម៌សម្រាប់គេនិងប្រវេប្រវារកអំណាចថ្មីមកជំនួស។
ទោសចរិត : ប្រសិនបើទោសចរិតប្រាថ្នាអំណាច គេតែងប្រើអំពើហិង្សាបង្កចលាចល បង្កើតកម្លាំងបក្សពួក
កាន់អាវុធដើម្បីឲ្យទទួលបាននូវអំណាច។
បើទោសជនបានកាន់អំណាច តែងប្រើអំណាចយ៉ាងដាច់ខាត អ្នកណាប្រឆាំងត្រូវដេញចេញឬប្រហារជីវិត
ចូលចិត្តគ្រប់គ្រងបែបផ្ដាច់ការ តែងមានព្រឹត្តិកម្មធ្វើការបណ្ដើរជេរបណ្ដើរ។
បើទោសជនបាត់បង់អំណាច នឹងក្អេងក្អាងគិតប៉ងកម្ទេចអ្នកមកកាន់អំណាចជំនួសខ្លួនដោយវិធីសាស្រ្ត
ផ្សេងៗ។
មោហចរិត : បើមោហជនប្រាថ្នាចង់បានអំណាច ពួកគេនឹងនិយាយលាបពណ៌ដើម្បីកម្ចាត់អ្នកមានអំណាច
ចាស់ ដើម្បីឲ្យអំណាចធ្លាក់មកខាងខ្លួន។
បើមោហជនបានកាន់អំណាច គេនឹងប្រើអំណាច ហើយមនុស្សដែលព្រមនៅក្រោមអំណាចដើម្បីជំនឿណា
មួយដែលទោះជាខ្លួនក៏មិនដឹងច្បាស់ក្នុងរឿងនេះ តែពួកគេនៅតែបូជាអ្វីៗជាច្រើនដើម្បីគំនិតដែលខ្លួនជឿជាក់។
បើមោហជនបាត់បង់អំណាច ក៏នឹងគិតថា ខ្លួនឯងអស់គុណតម្លៃ មើលងាយខ្លួនឯងប្រៀបដូចជាដាច់ខ្យល់...
ប្រសិនបើមានកម្លាំងនៅសល់ខ្លះៗ នឹងទៅរំខានមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។
សទ្ធាចរិត : ប្រសិនបើសទ្ធាជនប្រាថ្នាអំណាច ក៏នឹងរង់ចាំមេឃប្រទានឬថ្នាក់លើមេត្តា ឬចៅហ្វាយត្រាប្រណី។
បើសទ្ធាជនកាន់អំណាចក៏នឹងផ្ដោតលើការគោរពក្បួនច្បាប់ បង្កើតវប្បធម៌ដ៏តឹងរ៉ឹងមកធ្វើជាឧបករណ៍គ្រប់
គ្រង និងផ្ដោតលើការរក្សាវត្ថុដើមដែលមានស្រាប់។
បើសទ្ធាជនបាត់បង់អំណាច ក៏នឹងជឿថា ព្រះជាម្ចាស់មិនប្រណីដល់គេ វត្ថុស័ក្តិសិទ្ធសម្រាករហូតដល់ភ្លេច
ខ្លួន ឬថា ខ្លួនអស់បុណ្យវាសនាហើយ។
ពុទ្ធចរិត : ប្រសិនបើពុទ្ធជនប្រាថ្នាអំណាច ក៏នឹងចូលទៅរកអ្នកមានអំណាចដោយផ្ទាល់ ដើម្បីនាំស្នើ
នយោបាយដែលល្អជាង ឱកាសដែលល្អជាងដើម្បីទទួលបានអំណាចមកដោយត្រឹមត្រូវ។
បើពុទ្ធជនបានកាន់អំណាច គេនឹងប្រើអំណាចដើម្បីអភិវឌ្ឍអ្វីផ្សេងៗឲ្យប្រសើរឡើងជាសំខាន់ ហើយការ
ផ្លាស់ប្ដូរដ៏សំខាន់ក៏នឹងកើតឡើងនៅក្នុងសម័យនោះដែរ។
បើពុទ្ធជនបាត់បង់អំណាច ក៏នឹងមានអារម្មណ៍ធូរទ្រូងដែលអស់បន្ទុក បើបានសាងបុណ្យបារមីជាគ្រឹះសម
ល្មមខណៈពេលកំពុងកាន់អំណាច ក៏នឹងមើលឃើញឱកាសរំដោះខ្លួនឯងឲ្យមានសេរីភាព និងអភិវឌ្ឍគុណ
សម្បត្តិរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងបន្តទៀត។
វិតក្កចរិត : បើវិតក្កជនប្រាថ្នាអំណាច ក៏នឹងខ្លាចៗ ហ៊ានៗ ចង់ៗ រួញៗ បង្កើតភាពសាំញ៉ាំដល់អ្នកជាប់ពាក់
ព័ន្ធជាខ្លាំង។
បើវិតក្កជនបានកាន់អំណាច ក៏នឹងកង្វល់គ្រប់ពេលថា ខ្លាចខ្លួននឹងធ្វើការមិនបានល្អ ឬនឹងមានអ្វីភ្លាំងភ្លាត់ ហើយផ្ដោតលើការត្រួតពិនិត្យខ្ពស់រហូតដល់ដើមទុនត្រួតពិនិត្យខ្ពស់ជាងដើមទុនផលិតគុណតម្លៃ គ្រប់គ្រង
បែបរឹតត្បិតរហូតដល់កិច្ចការខ្វេះមិនចេញ... បើមាននរណាម្នាក់យល់ស្របក៏នឹងភ័យខ្លាចថា គេនឹងមកដណ្ដើម
យកអំណាចពីខ្លួន កាន់តែប្រើអំណាចច្រើនកាន់តែមានជំងឺសរសៃប្រសាទ។
បើវិតក្កជនបាត់បង់អំណាច ក៏នឹងព្រួយកង្វល់ថា នឹងគ្មានអ្នកណាទទួលនិងគោរពខ្លួនទៀតឡើយ ហើយ
ឱកាសធ្វើអត្តឃាតក៏មានច្រើនដែរ។
ដូច្នេះសង្កេតឃើញថា អំណាចធ្វើឲ្យអ្នកខ្លះមានក្ដីសុខ អ្នកខ្លះមានទុក្ខ អ្នកខ្លះច្នៃប្រឌិតគុណតម្លៃ អ្នកខ្លះ
បំផ្លាញគុណតម្លៃ អ្នកខ្លះធ្វើឲ្យរីកចម្រើន អ្នកខ្លះធ្វើឲ្យរលំរលាយ និងជាប្រយោជន៍សម្រាប់អ្នកខ្លះ ឬជាភ័យដល់
អ្នកខ្លះ។
ដូច្នេះ ការប្រគល់អំណាចដល់អ្នកដែលមិនស័ក្តិសម គឺជាការបំផ្លាញជននោះ និងបំផ្លាញសមូហភាព
ដោយបំណងល្អនិងដោយខ្វះបញ្ញា។
ការប្រគល់អំណាចឬការសាងអំណាច ត្រូវតែពិចារណាឲ្យស័ក្តសមនឹងបុគ្គលនោះ វាគឺជារឿងសំខាន។
No comments:
Post a Comment