ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013, ម៉ោង 02:59 PM
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត តាត ឧត្តម)
លោក សម រង្ស៊ី បានឆ្លើយតបភ្លាមៗចំពោះការបដិសេធរបស់លោក ហ៊ុន សែន
ក្នុងការទាមទារឲ្យបោះឆ្នោតឡើងវិញ និងចុះចេញពីតំណែង
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថ្លែងថា"គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា"នោះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់VODថា ការលួចបន្លំសន្លឹកឆ្នោតក៏មិនមានចែងក្នុងរដ្ឋធម្មនុញ្ញដែរ ៖ "លោក
ហ៊ុន សែន គាត់បាននិយាយថា
គាត់មិនព្រមលាលែងពីតំណែងនាយករដ្ឋមន្ត្រីទេ ហើយគាត់មិនព្រមរំលាយ
រដ្ឋសភាទេ ពីព្រោះគាត់អះអាងថា
រដ្ឋធម្មនុញ្ញអត់មានចែងអំពីការរំលាយរដ្ឋសភា មុនអាណត្តិ
ហើយអត់មានចែងពីនាយករដ្ឋមន្ត្រី ចុះចេញពីតំណែងមុនអាណត្តិ
យោងតាមរដ្ឋធម្មនុញ្ញ តែខ្ញុំសូមឆ្លើយទៅគាត់វិញថា
រដ្ឋធម្មនុញ្ញក៏មិនមានចែងផងដែរ អំពីការលួចបន្លំសន្លឹកឆ្នោត
រដ្ឋធម្មនុញ្ញមិនមានអនុញ្ញាត ឲ្យលួចបន្លំសន្លឹកឆ្នោត
ឲ្យបោះឆ្នោតក្លែងបន្លំទេ អ៊ីចឹងហើយអត់មានចែងទាំងអស់ហ្នឹង"។
លោក ហ៊ុន សែន
បានប្រាប់ក្រុមអ្នកសារព័ត៌មាន
បន្ទាប់ចេញពីប្រជុំសភាដើម្បីបោះឆ្នោតតែងតាំង លោក ស៊ុយ សែម
ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ
ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដែលត្រូវបំបែកជាពីរនោះ ថាការបោះឆ្នោតឡើងវិញ មិនអាចធ្វើទៅបានទេ
ព្រោះសភាបច្ចុប្បន្នមិនត្រូវបានរំលាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ
៖ “អ្នកដែលមិនគាំទ្រខ្ញុំ មិនមែនត្រឹមតែថ្ងៃនេះទេ
តាំងពីជំនាន់ក្រោយពីរំដោះពី ប៉ុល ពត
ភ្លាមក៏គេចង់ឲ្យខ្ញុំចាកចេញពីតំណែងរួចទៅហើយ
អញ្ជឹងខ្ញុំគ្មានការភ្ញាក់ផ្អើលចំពោះការទាមទារ ហើយក៏ខ្ញុំដឹងដែរ
ថាអ្នកណា អ្នកឲ្យសរសេរអំពី “ហ៊ុន សែន អើយចាកចេញទៅ” នោះខ្ញុំដឹង
មិនមែនអ្នកធ្វើបាតុកម្មធម្មតាទេ ក៏ប៉ុន្តែគឺជាមេដឹកនាំនយោបាយ
ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញ
អញ្ជឹងសូមបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ
ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការកំណត់
ពីការបោះឆ្នោតមុខអាណត្តិនោះទេ”។
គណបក្សសង្គ្រោះជាតិ
បានដាក់ឱសាទវាទចំនួន៣ខែ ឲ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា
រៀបចំបោះឆ្នោតឡើងវិញ ហើយលោក ហ៊ុន សែន ចុះចេញពីតំណែង
និងព្រមានបាតុកម្មបិទផ្លូវ នៅដើមឆ្នាំ២០១៤ខាងមុខនេះ៕
សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
Tags: នយោបាយ - លោក សម រង្ស៊ី
No comments:
Post a Comment