Thursday, December 19, 2013

របៀបវារៈ​ចំនួន ៦ នឹង​ត្រូវ​រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត នៅ​ព្រឹក​ថ្ងៃទី​២០​ធ្នូ​នេះ


(ថ្ងៃទី 20 ធ្នូ 2013, ម៉ោង 07:50:AM) | ដោយ: លី សិលា
ភ្នំពេញ: អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានប្រកាសថា នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង ៨ ព្រឹក រដ្ឋសភា នឹង​បន្ត​សម័យប្រជុំ លើក​ទី​១ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ពិភាក្សា និង​អនុម័ត​លើ ៦ របៀបវារៈ​។
​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣ របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បង្ហាញ​ពី​របៀបវារៈ​ទាំង ៦ ដែល​រដ្ឋសភា ត្រូវ​លើក​យក​ទៅ​ប្រជុំ នៅ​ថ្ងៃ​សុក្រ​នេះ រួមមាន​៖
១-​ការបោះឆ្នោត​ទុកចិត្ត​លើ​សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែម​។​
២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុនអា​ឡិច ខ​ប​ភើ​រេ​សិន​។​
៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី បំលាស់​ទី​រូបវន្តបុគ្គល​។​
៤-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៣ នៃ​ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​ពិធីសារ​បញ្ចូល​វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម ទៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
៥-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ និង​ពិធីសារ​ទី​២ ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី ពាណិជ្ជកម្ម​ទំនិញ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី សហប្រតិបត្តិការ​សេដ្ឋកិច្ច ទូលំទូលាយ ក្នុងចំណោម​ប្រទេស​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​។​
៦-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ស្តីពី ការធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អាស៊ាន​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ទំនិញ​។​
​ជា​ការកត់សម្គាល់ សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែម ដែល​រដ្ឋសភា នឹង​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត នៅ​ព្រឹក​ថ្ងៃទី​២០​ធ្នូ​នេះ រួមមាន រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ក្រសួង​ថ្មី​ទាំង​ពីរ គឺ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​ក្រសួង​រ៉ែ និង​ថាមពល​។ ក្នុងនោះ ក៏​មាន​ការផ្លាស់ប្តូ​ររដ្ឋលេខាធិការ នៅ​ក្រសួង​បី​បួន​ទៀត ដោយសារ​តែ​រដ្ឋលេខាធិកា​រ​ទាំងនោះ ត្រូវបាន​ផ្លាស់ប្តូរ​ភារកិច្ច​ថ្មី​។
​សមាសភាព​រាជរដ្ឋាភិបាល ក៏​មាន​ការផ្លាស់ប្តូ​រឯក​អគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង លោក អ៊ុច គឹម​អន ដោយ​ឡើងជា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៥​នេះ​។ ចំណែក​លោក នុត ណា​រាំង ដែល​សព្វថ្ងៃ ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​អង្គការ យូណេស្កូ នឹង​ត្រូវ​ជំនួស​តំណែង​លោក អ៊ុច គឹម​អន ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង​។​
​នៅ​ព្រឹក​នេះ រដ្ឋសភា នឹង​ធ្វើ​ការបោះឆ្នោត​តែងតាំង លោក ស៊ុយ សែម អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល សព្វថ្ងៃ ជា​តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ ត្រូវ​វិល​ទៅ​កាន់ការ ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ទើបតែ​បង្កើត​ថ្មី ដោយ​បំបែក​ចេញពី​ក្រសួង​ចាស់​របស់​លោក​។ រីឯ​លោក ចម ប្រសិទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្នុង​អាណត្តិ​ទី​៥​នេះ ត្រូវ​បន្ត​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ រដ្ឋសភា បាន​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រមទាំង​ក្រសួង​រ៉ែ និង​ថាមពល​។ ប៉ុន្តែ​កាលណោះ រដ្ឋសភា មិនទាន់​ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង​ទាំង​ពីរ​នោះ នៅឡើយ​ទេ​៕​
- See more at: http://cen.com.kh/localnews/details_more/19?token=Mzc4NDUxZT#sthash.olGN7JmQ.dpuf

No comments: