Tuesday, December 17, 2013

ឥរិយាបថ​វិជ្ជមាន សំខាន់​សម្រាប់​ភាព​ជោគ​ជ័យ


121119_12
លោក Douglas Broderick បាន​កើត​នៅ​ទីក្រុង​ញូវ​យ៉ក កាល​ពី​ឆ្នាំ​១៩៥៥។ លោក​បាន​ចូល​រៀន​នៅ​សាលា​Fordham Prep ដែល​ជា​សាលា​ថ្នាក់​ត្រៀម Jesuit នៅ​ទីក្រុង​ញូវ​យ៉ក។
ក្រោយ​ពេល​បញ្ចប់​ថ្នាក់​វិទ្យាល័យ លោក Broderick បាន​ចំណាយ​ពេល​មួយ​ឆ្នាំ នៅ​សាលា Columbus International College ស្ថិត​នៅ​ទីក្រុង Seville ប្រទេស​អេស្ប៉ាញ។
បន្ទាប់​មក​ទៀត លោក​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​កន្លះ ដើម្បី​សិក្សា​បន្ត​នៅ​សាកល​វិទ្យា​ល័យ Universidad de las Americas in Pueblo នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ិក​ស៊ីកូ ប្រទេស​ម៉ិកស៊ិក។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​កាលី​ហ្វ័រ​នីញ៉ា នៅ​ទីក្រុង​Berkeley ក្នុង​ឆ្នាំ​១៩៧៦ ដោយ​ដំបូង​លោក​បាន​ចាប់​យក​ជំនាញ​សេដ្ឋកិច្ច ប៉ុន្តែ​ក្រោយ​មក លោក​បាន​ដូរ​ជំនាញ​ទៅ​ភូមិ​វិទ្យា​វិញ​ម្តង។
ជា​ចុង​ក្រោយ នៅ​ថ្ងៃ​ទី​២៩​ខែ​ធ្នូ ឆ្នាំ​១៩៨១ បន្ទាប់​ពី​ខិត​ខំ​សន្សំ​ប្រាក់​បាន​មួយ​ឆ្នាំ​មក លោក Broderick បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក រាប់​ចាប់​ពី​ទី​ក្រុង San Francisco ទៅ​ប្រទេស​សិង្ហ​បុរី ដែល​នេះ​ជា​ដំណើរ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក។ ក្នុង​ដំណើរ​ផ្សង​ព្រេង​ដែល​មាន​រយៈ​ពេល ១៥​ខែ​នេះ លោក​បាន​ឆ្លង​កាត់​សិង្ហ​បុរី ហុង​កុង ម៉ាកាវ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ភូមា បង់ក្លាដែស ឥណ្ឌា ស្រីលង្កា ទីក្រុង​ម៉ូស្គូ ទីក្រុង​ឡុងដ៍ ញូវ​យ៉ក ហើយ​ចុង​ក្រោយ លោក​បាន​វិល​ត្រឡប់​មក​San Francisco វិញ។ នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​ថៃ លោក​បាន​ជួប​ជាមួយ​លោក John Klink ដែល​បម្រើ​ការ​ងារ​នៅ​អង្គ​ការ​Catholic Relief Services (CRS)។ នៅ​ទី​នោះ គឺ​ក្នុង​ឆ្នាំ​១៩៨៣ លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន តាម​ព្រំ​ដែន​កម្ពុជា-ថៃ ដោយ​ជួយ​ជន​ភៀស​ខ្លួន​កម្ពុជា តាម​រយៈ​អង្គការ CRS។
នៅ​ពេល​នោះ មាន​កាំភ្លើង និង​គ្រាប់​មីន​ជា​ច្រើន កប់​ក្នុង​ដី​តាម​ផ្លូវ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​រថយន្ត​ដឹក​ស្បៀង ត្រូវ​ផ្ទុះ​នៅ​ពេល​បរ​កាត់​មីន​។ លោក​Broderick បាន​និយាយ​ថា មនុស្ស​គ្រប់​ៗ​រូប បាន​កំពុង​ស្រមើ​ស្រមៃ​ចង់​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា​វិញ។ មិត្ត​ភក្តិ​កម្ពុជា​មួយ​ចំនួន បាន​បង្ហាញ​សុទិដ្ឋិ​និយម​ហើយ​បាន​ប្រាប់​លោក​ថា៖ «យើង​នឹង​បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​រាជ​ធានី​ភ្នំពេញ»។ នោះ​គ្រាន់​តែ​ជា​ការ​និយាយ​លេង​សើច​ប៉ុណ្ណោះ។
លោក​បាន​លើក​ឡើង​ថា៖ «វា​ផ្តល់​ក្តី​សង្ឃឹម​ដល់​ខ្ញុំ​ថា ២៥​ឆ្នាំ​ក្រោយ យើង​នឹង​មក​ដល់​ទី​នេះ។ នៅ​ពេល​ខ្ញុំ​មក​ដល់​ទី​នេះ នៅ​ឆ្នាំ​២០០៨ ខ្ញុំ​បាន​ស្រុះ​ស្រូប​អាហារ​ពេល​ល្ងាច​ជាមួយ​ពួក​គេ នៅ​ភ្នំពេញ។ នោះ​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​គិត​កន្លង​មក»។
ការ​ងារ​មនុស្ស​ធម៌​របស់​លោក Broderick ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ រួម​មាន ការ​ងារ​របស់​លោក រយៈ​ពេល​មួយ​ឆ្នាំ ជាមួយ CRS នៅ​ប្រទេស​អេហ្ស៊ីប ដែល​កាល​នោះ លោក​បាន​ជួយ​នាំ​យក​ស្បៀង​ពី​ប្រទេស​អេហ្ស៊ីប ទៅ​ចែក​ជូន​ជន​អត់​ឃ្លាន​នៅ អេត្យូពី។ ក្រោយ​មក​ទៀត លោក​បាន​ចំណាយ​ពេល​២​ឆ្នាំ​កន្លះ នៅ​ទីក្រុង Jerusalem ដោយ​ផ្តល់​ជំនួយ​ស្បៀង​ដល់​តំបន់ West Bank និង Gaza។
លោក​បាន​ថ្លែង​ថា៖ «ការ​ងារ​នោះ ពិត​ជា​លំបាក​ខ្លាំង​ណាស់។ ជម្លោះ និង​ភាព​ស្អប់​ខ្ពើម បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា»។
លោក Broderick បាន​ចូល​បម្រើ​ការ​ងារ​ក្នុង​កម្ម​វិធី​ស្បៀង​ពិភព​លោក​(WFP) របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​១៩៩២ ដោយ​បាន​បើក​ការិយាល័យ​នៅ​ប្រទេស​Eritrea ស្ថិត​នៅ ភាគ​ខាង​កើត​នៃ​ទ្វីប​អាហ្រ្វិក​បន្ទាប់​ពី​ប្រទេស​នោះ បាន​ទទួល​សេរី​ភាព​មក។
កាល​ពី​ឆ្នាំ​១៩៩៥ លោក​បាន​ទៅ​ទីក្រុង Belgrade ប្រទេស​យូហ្គោស្លាវី ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​នេះ កំពុង​ប្រឈម​នឹង​ជម្លោះ ហើយ​លោក​បាន​បង្ហាញ​វត្តមាន​នៅ​កម្ម​វិធី​សម្លាប់​រង្គាល Srebrenica ដែល​នៅ​ពេល​នោះ ជន​ជាតិ​មូស្លីម​បូស្នៀ ៨​ពាន់​នាក់ ភាគ​ច្រើន​ជា​បុរស និង​កុមារា ត្រូវ​បាន​យក​ទៅ​សម្លាប់។ ព្រឹត្តិ​ការណ៍​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ​បំផុត​នៅ​តំបន់​អឺរ៉ុប ចាប់​តាំង​ពី​កើត​មាន​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។
លោក Broderick បាន​ធ្វើ​ការ​នៅ Rwanda រយៈពេល ៣៦​ថ្ងៃ ក្នុង​រដូវ​ក្តៅ កាល​ពី​ឆ្នាំ​១៩៩៤។
លោក​បាន​ឲ្យ​ដឹង​ថា៖ «នៅ​តាម​ដង​ផ្លូវ​ជា​ច្រើន មាន​សុទ្ធ​តែ​កម្ទេច​កម្ទី​គ្រាប់​កាំភ្លើង ហើយ​ប្រជាជន​ដើរ​ទៅ​ដើរ​មក គ្មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​អ្នក​ខ្លះ ដេក​ដួល​ស្លាប់ ដោយ​គ្មាន​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​នៅ​ទី​នោះ​ឡើយ»។
ក្រោយ​មក​ទៀត លោក Broderick បាន​ចូល​បម្រើ​ការ​ងារ​រយៈ​ពេល ២​ឆ្នាំ នៅ​អង្គការ​សហ​ប្រជាជាតិ នៅ​អាម៉េនី ដែល​ជា​ប្រទេស​ទើប​នឹង​រៀន​សូត្រ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ បន្ទាប់​ពី​នយោបាយ​សង្គ្រាម​ត្រជាក់​អស់​ជា​ច្រើន​ឆ្នាំ​មក។
កិច្ច​ការ​បន្ទាប់​របស់​លោក គឺ​នៅ​កូរ៉េ​ខាង​ជើង។ លោក​បាន​ចំណាយ​ពេល​នៅ​ទី​នោះ ២​ឆ្នាំ។ នៅ​ទី​នោះ លោក​ជា​ជន​ជាតិ​អាមេរិក ដែល​ស្នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង យូរ​ជាង​គេ បន្ទាប់​ពី​សង្គ្រាម​កូរ៉េ​មក។ កាល​នោះ ប្រទេស​កូរ៉េ​ខាង​ជើង កំពុង​ស្ថិត​ក្នុង​គ្រោះ​អត់​ឃ្លាន។
លោក Broderick បាន​ក្លាយ​ជា​ប្រធាន​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក ហើយ​បាន​ផ្តល់​ស្បៀង​ដល់​ប្រជាជន​កូរ៉េ​ខាង​ជើង​៨​លាន​នាក់។
លោក​បាន​លើក​ឡើង​ថា៖ «បេះ​ដូង​របស់​ខ្ញុំ តែង​តែ​ស្ថិត​នៅ​ជាមួយ​ប្រជាជន​កូរ៉េ​ជានិច្ច ហើយ​ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​យុទ្ធ​សាស្ត្រ ដើម្បី​បង្រួម​បង្រួម​ប្រទេស​ទាំង​ពីរ តាម​រយៈ​ប្រជាជន ពោល​គឺ​តាម​រយៈ​ការ​ទំនាក់​ទំនង​រវាង​ប្រជាជន ដោយ​ប្រើ​វប្បធម៌ ល្ខោន កីឡា មហោស្រព ជា​ដំណាក់​កាល​បន្តិច​ម្តង​ៗ»។
ក្រោយ​មក​ទៀត​លោក Broderick បាន​ចូល​បម្រើ​ការ​នៅ​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ (UNDP) ហើយ​ក្លាយ​ជា​អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ នៅ​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០០៨។ លោក Broderick​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ប្រហែល​ជា​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពី​បញ្ចប់​អាណត្តិ​៥​ឆ្នាំ​របស់​លោក​។​លោក​មិន​ទាន់​ដឹង​ថា​លោក​នឹង ​បន្ត​ដំណើរ​ទៅ​ទីណា​ទៀត​នៅ​ឡើយ​ទេ។
លោក​បាន​ឲ្យ​ដឹង​ថា៖ «កម្ពុជា មាន​រឿង​រ៉ាវ​វិជ្ជមាន​មួយ។ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ឡើយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ជា​បណ្តើរ​ៗ​នោះ​ឡើយ។ ខ្ញុំ​ពិត​ជា​ស្ងើច​សរសើរ​ដល់​ការ​លះ​បង់​ជា​ច្រើន​របស់​ប្រជាជន​កម្ពុជា កន្លង​មក ទាំង​សុខ​ភាព និង​ការ​អប់រំ។ ខ្ញុំ​ក៏​បាន​បង្កើត​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ផង​ ដែរ»។
ការ​ងារ​របស់​លោក Broderick បាន​ជួប​នូវ​បញ្ហា​ជា​ច្រើន។ លោក​បាន​ធ្វើ​ការ​ជាមួយ​ស្ថាប័ន UN ចំនួន ១៣ និង​ស្ថាប័ន​ក្រៅ​តំបន់​១៤ ព្រម​ទាំង​មើល​ការ​ខុស​ត្រូវ​ថវិកា​១២០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ ឆ្នាំ និង​ទំនាក់​ទំនង​ជាមួយ​ក្រសួង​ស្ថាប័ន​ចំនួន ១២៨​នៅ​កម្ពុជា។
លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ចំពោះ​កម្ពុជា​ណាស់។ កម្ពុជា មាន​អនាគត​ដ៏​ស្រស់​ថ្លា ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នឹង​បន្ត​រីក​ចម្រើន​។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ផ្តល់​ឱកាស​ដល់​យុវជន​ចំនួន​៣៥​ម៉ឺន​នាក់ ឲ្យ​ចូល​ទៅ​ក្នុង​ទី​ផ្សារ​ការ​ងារ​ជា​រៀង​រាល់​ឆ្នាំ​។ ការណ៍​នោះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យើង​អាច​បង្កើត​ការ​ងារ​ដល់​យុវជន​កម្ពុជា ឲ្យ​ទទួល​បាន​ការ​ងារ​ធ្វើ»។
លោក​បាន​សង្កត់​ធ្ងន់​ថា៖ «ជំនួប​កំពូល​អាស៊ាន នឹង​បង្ហាញ​ថា កម្ពុជា កំពុង​ធ្វើ​សមា​ហរណ​កម្ម​និង​ចាប់​ផ្តើម​ឈាន​ដល់​ដំណាក់​កាល​អន្តរ​ជាតិ​ ហើយ»៕

No comments: