Monday, September 23, 2013

អំពើ​ក្លែង​ខ្លួន​បន្លំ​ឆបោក​ជន​ដទៃ

ការ​ក្លែងខ្លួន បន្លំ​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច ជា​មន្ត្រី​រាជការ​ជា​តំណាង​អ្នក​មាន​អំណាច ឬ​ជា អ្នក​តំណាង​ស្ថាប័ន​ណា​មួយ​ ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ ត្រូវ​មាន​ទោស។ តើ​ការ​ក្លែង​បន្លំ​ឆបោក​នោះ មាន​ទោស​ដូច​ម្ដេច​ខ្លះ?
ការ​ក្លែងខ្លួន បន្លំ ឆបោក ជន​ដទៃ គឺ​ជា​ការ​ធ្វើ​សកម្មភាព​ឆបោក ដោយ​មាន​ឧបាយកល​ទុច្ចរិត ដើម្បី​ឲ្យ​គេ​ជឿ និង​ប្រគល់​វត្ថុ​មាន​តម្លៃ ឬ​វត្ថុ​អ្វី​មួយ ឬ​ធ្វើ​សកម្មភាព​អ្វី​មួយ ដើម្បី​ឲ្យ​អ្នក​ឆបោក​នោះ​បាន​ទទួល​ប្រយោជន៍ ឬ​បាន​ទទួល​វត្ថុ​ដែល​គេ​ចង់​បាន។
លោក ហុង គឹមសួន ប្រធាន​ក្រុម​មេធាវី​របស់​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ឆបោក បន្លំ មាន​លក្ខណៈ​ខុស​ពី​ការ​រំលោភ​ការ​ទុកចិត្ត។ ការ​ឆបោក គឺ​បុគ្គល​ដែល​ឆបោក​គេ​នោះ​មាន​ចេតនា​បោកប្រាស់ បន្លំ តាំង​ពី​ដំបូង​ទី​មក​តែ​ម្ដង។ មិន​មែន​ចេតនា និង​សកម្មភាព​ទើប​តែ​កើត​មាន​ក្រោយ​ពេល​ធ្វើ​សកម្មភាព​អ្វី​មួយ​ហើយ​នោះ​ទេ។
លោក ហុង គឹមសួន បាន​លើក​ឧទាហរណ៍​ពន្យល់​អំពី​ការ​ឆបោក​ថា គឺ​ឈ្មោះ ក មាន​ចេតនា​ទៅ​បោក​ឈ្មោះ ខ ដើម្បី​បាន​ម៉ូតូ។ ឈ្មោះ ក បាន​រៀបចំ​គម្រោង និង​បាន​រៀបចំ​ឥរិយាបថ​ធ្វើ​ឈ្មោះ ខ ឲ្យ​ជឿ​ទុក​ចិត្ត ដោយ​មាន​បង្ហាញ​ឯកសារ​ផ្សេងៗ ទៀត​ផង។
ចំពោះ​បទ​រំលោភ​ការ​ទុកចិត្ត​វិញ គឺ​ឈ្មោះ ក បាន​ត្រូវ​ឈ្មោះ ខ ឲ្យ​គ្រប់គ្រង​ម៉ូតូ​មួយ។ ដំបូង​ឈ្មោះ ក​ មិន​មាន​បំណង​យក​ម៉ូតូ​ឈ្មោះ ខ ទេ។ តែ​ក្រោយ​មក​ដោយ​សារ​ការ​ខ្វះ​លុយ ឈ្មោះ ក បាន​យក​ម៉ូតូ​ដែល​ឈ្មោះ ខ ឲ្យ​គ្រប់គ្រង​នោះ ទៅ​លក់​យក​លុយ។
នេះ​ជា​ការ​រំលោភ​ការ​ទុក​ចិត្ត​ហើយ មិន​មែន​ជា​បទ​ឆបោក​ទេ។ ប៉ុន្តែ​ទោះ​បី​បទ​ឆបោក​ក្ដី​បទ​រំលោភ​ការ​ទុក​ចិត្ត​ក្ដី គឺ​ត្រូវ​មាន​ទោស​ទាំង​អស់ ៖ «វា​នៅ​តែ​មាន​ទោស បាន​ទ្រព្យ​របស់​គេ​អ៊ីចឹង។ គ្រាន់​តែ​អា​មួយ​បំណង​នោះ​វា​មាន​តាំង​ពី​មុន​ពី​ដើម​មក អា​រឿង​ឆបោក​នោះ​ណា។ ចង់​ក្លែង​ខ្លួន​ធ្វើ​ជា​មន្ត្រី ធ្វើ​ជា​អ្នក​រាជ​ការ ធ្វើ​ជា​អាជ្ញាធរ ធ្វើ​ជា​ស្អី​ក៏​ដោយ អា​ហ្នឹង​ដើម្បី​គេ​ឲ្យ​មក​ខ្លួន។ មួយ​ទៀត​ស្គាល់​គ្នា​ច្បាស់ មិន​បាន​ក្លែង​ខ្លួន​ទេ ប៉ុន្តែ មាន​បំណង​យក​ទ្រព្យ​គេ​តែ​ម្ដង»។
មាន​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​មនុស្ស​មិន​ល្អ​បោកប្រាស់ ដោយ​បន្លំ​ថា ជា​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​មួយ និង​ធានា​ជាមួយ​អ្នក​ស្រុក​ថា នឹង​ជួយ​ឲ្យ​មាន​ការ​ជួយ​ដោះលែង​សាច់​ញាតិ ជា​អ្នកទោស​ជាប់​ពន្ធនាគារ​ឲ្យ​រួច​ពី​ទី​ឃុំឃាំង។
លោកស្រី ប៉ិល កេន ជា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​រៀបរាប់​អំពី​ល្បិច​ឆបោក​របស់​ឈ្មោះ ប៉ែន វុធ ដែល​បាន​បោកប្រាស់​យក​ប្រាក់​លោកស្រី​អស់​ចំនួន ១ លាន ៣ សែន​រៀល ដោយ​និយាយ​អះអាង​ថា ជួយ​ដោះ​ប្ដី​លោកស្រី​ឲ្យ​បាន​ពី​មន្ទីរ​ឃុំឃាំង។
លោកស្រី ប៉ិល កេន ៖ «គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ធ្វើ​ការ​នៅ​អង្គការ លីកាដូ គាត់​អាច​ជួយ​ដោះ​ប្ដី​ខ្ញុំ​ជាប់​ឃុំឃាំង​នោះ​ណា។ គាត់​ទារ​លុយ​ខ្ញុំ ១ លាន​ហា។ រួច​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​អត់​មាន​លុយ ១ លាន​ហា​ទេ។ មាន​តែ ១ លាន​សាម។ ហើយ​ខ្ញុំ​ក៏​បាន​ព្រមព្រៀង​ជិះ​ម៉ូតូ​ឌុប​ជាមួយ​គាត់​មក​ដល់​ផ្សារ​ក្រោម។ ឲ្យ​លុយ​ហើយ​ប្រាប់​ថា ហ្អែង​នៅ​ចាំ​ទីនេះ​ហើយ។ គាត់​ទារ​យក​អត្តសញ្ញាណប័ណ្ណ​ខ្ញុំ ហើយ​ថា​គាត់​ទៅ​អូស​ហ្វូតូ​មួយ​ភ្លែត។ អ្នក​ណា​សួរ​ខ្ញុំ​កុំ​ឲ្យ​ប្រាប់។ ប្រាប់​ថា​ចាំ​បង​ប្អូន​មក​ពី​ទិញ​អីវ៉ាន់។ គាត់​ក៏​ទៅ។  ខ្ញុំ​ក៏​ចាំ។ ចាំ​បាត់ៗៗៗៗ រហូត​ដល់​ម៉ោង ៦ ល្ងាច ក៏​ភ្ញាក់​ខ្លួន​ថា ប្រាកដ​ជា​គេ​បោក​ហើយ»។
ចំពោះ​ករណី ដែល​ជន​រងគ្រោះ​រៀប​រាប់ លោក​មេធាវី ហុង គឹមសួន បាន​និយាយ​ថា ជន​នោះ ជា​មនុស្ស​ឆបោក​ហើយ។ ជន​នោះ ត្រូវ​មាន​ទោស​តាម​ក្រមព្រហ្មទណ្ឌ ៖ «គេ​មិន​គិត​ពី​ទំហំ​នៃ​ទ្រព្យសម្បត្តិ​នោះ​ទេ។ ប៉ុន្តែ គេ​គិត​ពី​ចេតនា ដែល​ជន​ប្រព្រឹត្ត​នោះ​វា​មាន​បំណង​ធ្វើ​យ៉ាងម៉េច ដើម្បី​ឲ្យ​គេ​ជឿ​លើ​ខ្លួន​ហើយ ហើយ​គេ​ប្រគល់​ទ្រព្យសម្បត្តិ​របស់​គេ​នោះ​មក​ឲ្យ​ខ្លួន។ ហើយ​ខ្លួន​បាន​មក ហើយ​មិន​បាន​ធ្វើ​អ្វី ដែល​ខ្លួន​បាន​និយាយ​សន្យា​ក៏​ដោយ ហើយ​អ៊ីចឹង​ធ្វើ​ម៉េច​ឲ្យ​បាន​ទ្រព្យ​របស់​គេ​មក​ហើយ យើង​ទៅ​បាត់​នោះ អា​នេះ​ឆបោក​ចំហើយ»។
ក្រមព្រហ្មទណ្ឌ មាត្រា ៣៧៧ បាន​ចែង​ថា អំពើ​ឆបោក គឺ​ជា​អំពើ​បន្លំ ចំពោះ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល គឺ​មនុស្ស​មួយ​ក្រុម ដែល​ច្បាប់​សន្មត​ថា ជា​បុគ្គល​ណា​មួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង ដោយ​រំលោភ​លើ​ឋានៈ​ពិត​ប្រាកដ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ហើយ​បាន​ទទួល​ពី​បុគ្គល​នេះ ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​របស់​បុគ្គល​នេះ ឬ​របស់​តតិយជន​នូវ ទី​១ ការ​ប្រគល់​មូលនិធិ ទី​២ ការ​ផ្គត់ផ្គង់​សេវា ទី​៣ ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច។
មាត្រា ៣៧៨ បាន​ចែង​ថា អំពើ​ឆបោក ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​ ៦ ខែ ទៅ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន​រៀល​ទៅ ៦ លាន​រៀល។
មាត្រា ៣៧៩ បាន​ចែង​ថា អំពើ​ឆបោក​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ កាល​បើ​អំពើ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ឲ្យ​ខូច​ប្រយោជន៍ ទី​១ បុគ្គល​ដែល​ទន់​ខ្សោយ​ពិសេស ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល​នោះ ទី​២ នារី​មាន​គភ៌ កាល​បើ​គភ៌​នោះ​បាន​ត្រូវ​គេ​ឃើញ​ជាក់​ស្ដែង ឬ​កាល​បើ​ជនល្មើស​បាន​ដឹង ទី​៣ បុគ្គល​ដែល​ទន់ខ្សោយ​ពិសេស ដោយ​មូលហេតុ​នៃ​ជំងឺ ឬ​ពិការភាព កាល​បើ​ស្ថានភាព​បុគ្គល​នោះ ត្រូវ​បាន​គេ​ឃើញ​ជាក់​ស្ដែង​ ឬ​កាល​បើ​ជនល្មើស​បាន​ដឹង៕

No comments: