ព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ
១- បរិយត្តិធម៌
ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន
ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់
បង្ហាត់បង្រៀន សំដែងប្រាប់ដល់អ្នកដទៃ,
២- បដិបត្តិធម៌
ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា
ឬសេចក្ដីប្រតិបត្តិតាមធ្វើតាមកាន់តាម
នូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង
ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់
ឲ្យសំរេចនូវធម៌ដែលខ្លួនមិនទាន់សំរេច ដើម្បីឲ្យជាក់ច្បាស់ ។
៣- បដិវេធធម៌
ការត្រាស់ដឹង បានដល់កិរិយាបានសំរេច
បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថៈ គឺមគ្គ ផល និព្វាន
ដែលជាផលសំរេចអំពីការរៀនស្ដាប់ចេះដឹង នឹងប្រតិបត្តិនោះ ។
វេនេយ្យសត្វដូចអ្នកដំណើរ,
ព្រះសម្មាសម្ពុទ្ធដូចអ្នកស្គាល់ផ្លូវ បង្ហាញផ្លូវត្រង់,
បរិយត្តិធម៌ដូចជាផ្លូវត្រង់,
បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ,
បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ
។ ព្រះសទ្ធម្មទាំង ៣ ប្រភេទនេះ បណ្ឌិតគប្បីលើកយកអរិយមគ្គមានអង្គ
៨ មកពិនិត្យឲ្យយល់ច្បាស់ថាៈ
ការរៀនចេះចាំបង្រៀនសំដែងនូវមគ្គ
នោះជាបរិយត្តិ, ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តតាមអង្គមគ្គ
នោះជាបដិបត្តិ, ការបានសំរេចនូវអង្គមគ្គ នោះជាបដិវេធៈ ។
អរិយមគ្គមានអង្គ ៨
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ,
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ,
៣- សម្មាវាចា សំដីត្រូវ,
៤- សម្មាកម្មន្តៈ ការងារត្រូវ,
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ,
៦- សម្មាវាយាមៈ ព្យាយាមត្រូវ,
៧- សម្មាសតិ ការរលឹកត្រូវ,
៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។

១-សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤
១- ទុក្ខៈ ធម្មជាតដែលនាំឲ្យលំបាកព្រួយមានជាតិ ជរា មរណៈជាដើម,
២- ទុក្ខសមុទយៈ ហេតុបណ្ដាលឲ្យកើតទុក្ខបានដល់តណ្ហា,
៣- ទុក្ខនិរោធៈ ព្រះនិព្វានរំលត់តណ្ហាបណ្ដាលទុក្ខ,
៤- ទុក្ខនិរោធគាមិនីបដិបទា មធ្យមមាគ៌ានាំឲ្យទៅកាន់ទីរំលត់ទុក្ខ ។
២- ទុក្ខសមុទយៈ ហេតុបណ្ដាលឲ្យកើតទុក្ខបានដល់តណ្ហា,
៣- ទុក្ខនិរោធៈ ព្រះនិព្វានរំលត់តណ្ហាបណ្ដាលទុក្ខ,
៤- ទុក្ខនិរោធគាមិនីបដិបទា មធ្យមមាគ៌ានាំឲ្យទៅកាន់ទីរំលត់ទុក្ខ ។
២-សម្មាសំង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ
១- នេក្ខម្មសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការចេញចាកកាម,
២- អព្យាទសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនព្យាបាទ,
៣- អវិហឹសាសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនបៀតបៀន។
២- អព្យាទសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនព្យាបាទ,
៣- អវិហឹសាសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនបៀតបៀន។
៣-សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ
១- មុសាវាទា វេរមណី ការវៀរចាកកិរិយាពោលកុហក,
២- បិសុណាយ វាចាយ វេរមណី ការវៀរចាកសំដីញុះញង់,
៣- ផរុសាយ វាចាយ វេរមណី ការវៀរចាកសំដីទ្រគោះ
៤- សម្ផប្បលាបា វេរមណី ការវៀរចាកកិរិយាពោលរឿងឥតប្រយោជន៍ ។
២- បិសុណាយ វាចាយ វេរមណី ការវៀរចាកសំដីញុះញង់,
៣- ផរុសាយ វាចាយ វេរមណី ការវៀរចាកសំដីទ្រគោះ
៤- សម្ផប្បលាបា វេរមណី ការវៀរចាកកិរិយាពោលរឿងឥតប្រយោជន៍ ។
៤-សម្មាកម្មន្តៈ ការងារត្រូវបានដល់ការវៀរចាក កាយទុច្ចរិត ៣ យ៉ាងគឺ
១- បាណាតិបាតា វេរមណី ការវៀរចាកកិរិយាបំបាត់ប្រាណសត្វ,
២- អទិន្នាទានា វេរមណី ការវៀរចាកការកាន់យកវត្ថុដែលគេមិនឲ្យ,
៣- កាមេសុមិច្ឆាចារា វេរមណី ការវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
២- អទិន្នាទានា វេរមណី ការវៀរចាកការកាន់យកវត្ថុដែលគេមិនឲ្យ,
៣- កាមេសុមិច្ឆាចារា វេរមណី ការវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៥-សម្មាអាជីវៈ
ការចិញ្ចឹមជីវិតត្រូវ, សម្រាប់គ្រហស្ថ
បានដល់ការវៀរចាកជំនួញខុស
កិរិយាលះបង់ការបំបាត់ដោយជញ្ជីងជាដើម
ការធ្វើជាសាក្សីកោង, ការល្មោភសំណូក ហើយប្រកបអាជីវកម្ម
ដោយវណិជ្ជកម្មដែលនាំឲ្យសេដ្ឋកិច្ចជាតិចំរើន,
ដោយវិជ្ជាជីវៈ ដ៏យុត្តិធម៌, ដោយកសិកម្ម ជាឧត្តមកម្ម
នឹងគោរក្ខកម្ម, សម្រាប់បព្វជិត
បានដល់ការលះបង់មិច្ឆាអាជីវៈដោយអនេសនៈបាបធម៌ មានទូតកម្ម
វេជ្ជកម្មជាដើម ការត្រាច់ទៅកាន់អគោចរដ្ឋាន
ហើយចិញ្ចឹមជីវិតដោយភិក្ខាចរិយធម៌ដ៏ស្មើ
ឬបច្ច័យដែលកើតឡើងតាមធម៌ ។
៦-សម្មាវាយាមៈ ព្យាយាមត្រូវ បានដល់សម្មប្បធាន គឺការបង្កើតឆន្ទៈ ព្យាយាមប្រារព្ធ វីរិយៈ តាំងបធាន ផ្គងចិត្តៈ
-ដើម្បីមិនឲ្យអកុសលធម៌លាមក មិនទាន់កើតឡើង កើតឡើងបាន,
-ដើម្បីលះបង់នូវអកុសលធម៌លាមកកើតឡើងហើយ,
-ដើម្បីឲ្យកុសលធម៌មិនទាន់កើតឡើង កើតឡើង,
-ដើម្បីឲ្យកុសលធម៌កើតឡើងហើយ ឋិតនៅ មិនសាបសូន្យ ឲ្យចំរើនច្រើនឡើង ឲ្យចំរើនទូលំទូលាយ ឲ្យបរិបូណ៌ ។
-ដើម្បីលះបង់នូវអកុសលធម៌លាមកកើតឡើងហើយ,
-ដើម្បីឲ្យកុសលធម៌មិនទាន់កើតឡើង កើតឡើង,
-ដើម្បីឲ្យកុសលធម៌កើតឡើងហើយ ឋិតនៅ មិនសាបសូន្យ ឲ្យចំរើនច្រើនឡើង ឲ្យចំរើនទូលំទូលាយ ឲ្យបរិបូណ៌ ។
៧-សម្មាសតិៈ ការរលឹកត្រូវ បានដល់ សតិប្បដ្ឋាន ៤ គឺ
១- កាយានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិខ្ជាប់ខ្ជួនពិចារណារឿយ ៗ ក្នុងកាយ,
២- វេទនានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងវេទនា.
៣- ចិត្តានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងចិត្ត,
៤- ធម្មានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងធម៌ ។

៨-សម្មាសមាធិៈ សមាធិត្រូវ បានដល់ឈាន ៤ ដែលភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយ ហើយបានសម្រេច គឺ
១- មឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេគ,
២- ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ ថ្លាល្អខាងក្នុង មានឯកោទិភាពចិត្ត មានបីតិសុខកើតអំពីវិវេគ,
៣- តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ នឹងឧបេក្ខា,
៤- ចតុត្ថជ្ឈាន លះបង់សុខនឹងទុក្ខ មិនមានសោមនស្សទោមនស្ស ជាអទុក្ខមសុខៈ មានសតិប្រកបដោយឧបេក្ខាដ៏បរិសុទ្ធ ។

បណ្ដាមគ្គទាំង ៨
-សម្មាទិដ្ឋិ
ញ៉ាំងលោកឲ្យដឹងច្បាស់នូវ អនិច្ចតា ទុក្ខតា អនត្តតា,
នូវសមុទ័យនៃលោកប្បញ្ហា គឺតណ្ហា, នូវឧបាយដោះនឹងកិរិយាដោះ,
-សម្មាសង្កប្បៈ
ឲ្យស្គាល់សមុដ្ឋានអសន្តិភាព គឺកាមៈ ព្យាបាទៈ វិហឹសា
ហើយឲ្យសាងសន្តិភាពដោយកាមវិរតិ ព្រហ្មវិហារធម៌ ៤
ជាធម៌ស្ងួនលោក,
-សម្មាវាចា ឲ្យមានសច្ចៈ មានសន្តិភាពសាមគ្គីអរិយធម៌ដោយវាចានឹងវាចាប្រកបដោយប្រយោជន៍,
-សម្មាកម្មន្តៈ ឲ្យគោរពសិទ្ធិ សេរីភាព អធិបតេយ្យដែលមានសំរាប់កាយិកចេតសិកសុខជីវិត សវិញ្ញាណកាវិញ្ញាណកទ្រព្យ គ្រាមធម៌,
-សម្មាអាជីវៈ ឲ្យប្រកបអាជីវកម្មដោយធម៌,
-សម្មាវាយាមៈ ឲ្យលះបង់អាលស្យភាព (កំជិល) ដែលជាប្រធានអកុសលធម៌,
-សម្មាសតិ
ឲ្យមានសតិសម្បជញ្ញៈជានិច្ចថា
“លោកមានសមភាពទៅវិញទៅមក” ព្រោះលោកជាទឹក ដី ភ្លើង ខ្យល់
ឋិតនៅក្នុងអាណា អនិច្ចតា ទុក្ខតា អនត្តតា ដូចគ្នា
ជាប់ចោទលោកប្បញ្ញាដូចគ្នា,
-សម្មាសមាធិ ឲ្យមានចិត្តស្អាតផូរផង់ តាំងនៅមាំមួនចំពោះសត្វនឹងសង្ខារ ។
មគ្គទាំង ៨ នេះចាត់ចូលក្នុងសិក្ខាទាំង ៣ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ ចូលក្នុង អធិប្បញ្ញា សិក្ខា, សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូលក្នុង អធិសីល សិក្ខា, សម្មាវិយាមៈ សម្មាសតិ សម្មាសមាធិ ចូលក្នុង អធិចិត្ត សិក្ខា ។
ព្រះពុទ្ធសាសនា
មានគោលធម៌ប៉ុណ្ណេះជាដើម ដែលជាពន្លឺបំភ្លឺលោក
ឲ្យភ្លឺស្វាងចាកមហន្ធការគឺអវិជ្ជា
ហើយឲ្យស្គាល់មធ្យោបាយសាងសន្តិភាពសម្រាប់សាកលលោក
នឹងឯកន្តសន្តិភាព គឺសន្តិភាពសម្រាប់ខ្លួននាបច្ចុប្បន្ន អនាគត
នឹងសន្តិភាព រួចចាកអណាលោករាជនឹងលោកប្បញ្ញានាអវសានជាតិ ។
រវាងសតវត្សទី ២៥ នៃពុទ្ធសករាជ,
ពិភពលោកក្នុងកំឡុងកាំរស្មីអាទិត្យ
ត្រូវលោកសង្គ្រាមគំរាមយ៉ាងខ្លាំង ព្រោះលោកខ្វះមនុស្សធម៌
ដល់គំរប់ ២៥០០ វស្សានៃពុទ្ធសករាជ
ក៏មានចិត្តស្នេហាសន្តិភាពបាននាំគ្នាធ្វើបុណ្យរំលឹករយៈ
កាល ២៥០០ វស្សា ដើម្បីសន្តិភាព
ប៉ុន្តែសន្តិភាពមិនមែនមានត្រង់អំនួតថា
“ខ្ញុំធ្វើពិធីនេះដែរ” ទេ
ព្រោះដំណើរនោះជាអាកប្បកិរិយាក្លែងបន្លំក៏សឹងមាន
សន្តិភាពឥតអាមិស
មាននៅត្រង់ការប្រតិបត្តិតាមគោលនៃព្រះសទ្ធម្ម ៨
ដែលពោលមកហើយនោះពិត ៗ ។
បើលោកត្រូវការសន្តិភាព ស្រឡាញ់សន្តិភាព សូមអញ្ជើញធ្វើតាមគោលព្រះសទ្ធម្ម ៨ នោះចុះ ។
(ដកស្រង់ចេញពី ធម្មប្បជោត រៀបរៀងដោយព្រះមហា អ៊ុក អ៊ឺន ក្នុងទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥៨ ចុះផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)
No comments:
Post a Comment