ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធ
នារី ៨ មីនា និងចូលរួមក្នុងប្រធានបទ «អ្នកម្តាយដ៏ឆ្នើមរបស់កូន»
ផងនោះ
ខ្ញុំ.បានបកប្រែកែសម្រួលរឿងមួយដែលទាក់ទងនឹងវីរភាពរបស់អ្នក
ម្តាយក្នុងការការពារជីវិតកូន
មកចែកជូនអស់លោកអ្នកអានដូចមានរឿងតំណាលតទៅនេះ
សម័យមួយក្នុងកាលដែលផ្នែកគម
នាគមន៍ផ្លូវគោកនិងផ្លូវអាកាសមិនទាន់ដំណើរការបានស្រួល
បួលនៅឡើយ ពេលធ្វើដំណើរផ្លូវឆ្ងាយ
មនុស្សភាគច្រើនតែងតែធ្វើដំណើរដោយសំពៅតាមផ្លូវសមុទ្រ។
មានរឿងដំណាលថា មានសំពៅផ្ទុកអ្នកដំណើរមួយគ្រឿង
បាននាំអ្នកដំណើរជាច្រើនរយនាក់ឆ្ពោះសំដៅទៅកាន់មហាសមុទ្រ ។
ការធ្វើដំណើរក្នុងពេលនេះមានឧបទ្ទវហេតុមួយកើតឡើង
គឺពេលសំពៅទៅដល់កណ្តាលសមុទ្រស្រាប់តែមានហេតុការណ៍គួរឲ្យរន្ធត់
ស្មានមិនដល់បានកើតឡើង។
រំពេចនោះមានព្យុះកំណាចមួយបានបោកបក់គួចយ៉ាងខ្លាំងរហូតធ្វើឲ្យ
សំពៅភ្លូកលិច ក្នុងពេលដែលសំពៅកំពុងតែលិចនោះ
ក៏មានការជន្លៀសអ្នកដំណើរពីក្នុងសំពៅ ចូលទៅក្នុងសំប៉ាន។
ដោយការភ័យខ្លាចពីសេចក្តីស្លាប់
ម្នាក់ៗក៏នាំគ្នារត់ឡើងសំប៉ានយកឲ្យតែរួចជីវិត
ដោយមិនបាននាំយកស្បៀងអាហារឬទ្រព្យសម្បត្តិដែលបាននាំជាប់តាម
ខ្លួននោះផងទេ គឺស្រវាបានរបស់អីក៏យករបស់នោះ
តាមតែអាចកាន់យកទៅបានតែប៉ុណ្ណោះ។
ទោះបីឆ្លងកាត់ហេតុការណ៍ដ៏អាក្រក់គួរឲ្យតក់ស្លុតដូច្នេះមកបាន
ក៏ដោយ ប៉ុន្តែសំប៉ានតូចៗទាំងនោះ
បានអណ្តែតតែលតោលក្នុងសមុទ្រដោយគ្មានទិសដៅអស់រយៈពេលជាច្រើន
ថ្ងៃ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ដែលនៅក្នុងសំប៉ាននោះ
ត្រូវជួបប្រទះភាពហេវហត់អត់ឃ្លាន
ព្រោះស្បៀងអាហារដែលនាំយកជាប់ខ្លួនបានបន្តិចបន្តួចក៏អស់
ទាំងទឹកដែលនៅជុំវិញខ្លួននោះក៏ជាទឹកប្រៃមិនអាចផឹកបំបាត់
ស្រេកបាន ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវបាត់បង់ជីវិត
យ៉ាងវេទនាគួរឲ្យអណោចអធម។
ក្នុងចំនួនសំប៉ានដែលអណ្តែតត្រសែត
កណ្តាលមហាសមុទ្រនោះ
មានសំប៉ានមួយដែលម្តាយម្នាក់និងកូនខ្ចីម្នាក់ជិះនៅជាមួយដែរ
ទោះបីជាឆ្លងផុតភ័យពីព្យុះសង្ឃរាដោយសុវត្ថិភាពហើយក៏ដោយ
ក៏ត្រូវមកប្រឈមមុខនឹងការស្រេកឃ្លានដដែល
បើត្រឹមតែខ្លួនឯងម្នាក់មិនជាប៉ុន្មានទេ
អ្នកម្តាយរូបនេះព្រួយបារម្ភតែរឿងទារកតូចដែលមកជួបប្រទះ
ភយន្តរាយដ៏គួរឲ្យរន្ធត់ជាមួយខ្លួនដែរ
ដែលពេលនេះទារកតូចកំពុងតែទ្រហោយំព្រោះសេចក្តីស្រេកឃ្លាន។
សម្លេងកូនតូចប្រៀបដូចជាកាំបិតដ៏មុតស្រួចចាក់ទម្លុះបេះដូង
ម្តាយ
ដោយមិនដឹងធ្វើដូចម្តេចទើបអាចជួយកូនឲ្យផុតពីសេចក្តីស្រេក
ឃ្លានបាន អ្វីដែលម្តាយអាចឲ្យកូនបានក្នុងពេលនោះ
មានត្រឹមតែទឹកដោះដែលច្រោះចេញពីទ្រូង
ដែលល្មមនឹងអាចជួយសម្រាលសេចក្តីស្រេកឃ្លានរបស់កូនបានមួយគ្រា។
អាកាសធាតុក្តៅហែងកណ្តាលថ្ងៃត្រង់
បានជះចាំងដុតរោលស្បែកដ៏ស្តើងរបស់ទារកតូច
ដោយក្តីស្រឡាញ់អាណិតនិងព្រួយបារម្ភខ្លាចកូនមានសេចក្តីក្តួល
ក្តៅរងទុក្ខវេទនា ម្តាយក៏ទាញជាយអាវរបស់ខ្លួនមកបាំង
យកខ្នងពាំងជាដំបូលបាំងថ្ងៃឲ្យកូនដើម្បីឲ្យបាត់ក្តៅ
ទោះបីជាក្នុងពេលនេះ
ខ្នងរបស់ម្តាយចុកចាប់ក្តៅផ្សាព្រោះត្រូវកំដៅថ្ងៃដុតរោលរាលក៏
ដោយ ក៏ម្តាយនៅតែទ្រាំបាន ម្តាយទ្រាំតទៅទៀត
ទោះជាចម្ងាយផ្លូវតទៅមុខគ្មានគោលដៅឬកោះត្រើយយ៉ាងណាក៏ដោយ។
មនុស្សម្នានៅក្នុងសំប៉ាន បានបាត់បង់ជីវិតបន្តគ្នាម្តងម្នាក់ៗ
ព្រោះតែការអត់ឃ្លាន ប៉ុន្តែអ្នកម្តាយរូបនេះបានប្រាប់ខ្លួនឯងថា
ខ្ញុំមិនអាចស្លាប់បានទេ
ខ្ញុំត្រូវតែរក្សាជីវិតឲ្យរស់នៅតទៅទៀតដើម្បីកូនតូច។
ពេលឃើញកូនដង្ហក់រកកលនឹងអស់ជីវិ
តព្រោះតែគ្មានទឹកផឹក នាងសម្រេចចិត្តថា
នឹងបណ្តោយឲ្យកូនស្លាប់នៅចំពោះមុខដូច្នេះមិនបានជាដាច់ខាត
ត្រូវតែរកមធ្យោបាយដើម្បីជួយកូនឲ្យរួចផុតពីសេចក្តីស្លាប់ឲ្យ
ទាល់តែបាន។ នាងគិតដូច្នោះហើយ
ក៏ព្យាយាមស្រវារករបស់ជុំវិញខ្លួនម្តងទៀត
ប៉ុន្តែមិនឃើញមានអ្វីដែលនឹងអាចនាំមកជួយជីវិតកូនបានទាល់តែ
សោះ នាងបានយកដៃលូកទៅក្នុងកាបូប ក៏បានប្រទះកូនកាំបិតដ៏មុតមួយ
នាងក៏ចាប់យកកាំបិតនោះចេញមកដោយគិតថា
នេះជាវិធីចុងក្រោយដែលនឹងអាចជួយជីវិតកូនឲ្យរស់តទៅទៀតបាន។
ខណៈពេលដែលកូនកំពុងតែយំនោះ
ដៃរបស់ម្តាយក្តាប់កាំបិតយ៉ាងណែនហើយពោលតិចៗថា “កូនមាសម្តាយ!
ទោះបីម៉ែរកទឹកឲ្យកូនផឹកមិនបាន
តែម៉ែក៏រីករាយលះបង់ឈាមក្នុងកាយរបស់ម៉ែឲ្យកូនផឹកជំនួសទឹក
ដើម្បីបំបាត់ការស្រេក។”
និយាយហើយនាងក៏លើកកំបិតចាក់វះត្រង់កដៃរបស់ខ្លួន។
ពេលដែលឈាមហូរចេញមក
នាងក៏ប្រញាប់យកដៃដែលមុតដោយកាំបិតនោះទៅដាក់ត្រង់មាត់កូនតូច
។ ដោយការមិនដឹងក្តី និងដោយសេចក្តីស្រេកឃ្លាន
ទារកតូចក៏បឺតក្រេបផឹក
ដោយមិនដឹងថាដំណក់ទឹកដែលមកចូលក្នុងមាត់របស់ខ្លួននោះ
គឺជាដំណក់ឈាមដែលស្រក់ចេញពីក្នុងរាងកាយរបស់ម្តាយឡើយ។
ដោយសារម្តាយបានបាត់បង់ឈាមអស់ច្រើនពីខ្លួន
ធ្វើឲ្យរាងកាយមានសភាពទន់ខ្សោយទៅៗជាលំដាប់ រហូតដល់ទីបំផុត
នាងក៏សន្លប់បាត់ស្មារតី។ លុះដឹងខ្លួនវិញ
ឃើញកូនតូចនៅរស់រានមានជិវិតនៅឡើយក៏មានចិត្តសប្បាយរីករាយ
ហើយពោលថា
ទោះបីជាឈាមក្នុងរាងកាយរបស់ម៉ែរីងស្ងួតហួតហែងទៅក៏ដោយ
តែសុំកុំឲ្យជីវិតកូនដែលម៉ែស្រឡាញ់ថ្នាក់ថ្នមនេះត្រូវបាត់
បង់ទៅឡើយ ម៉ែពេញចិត្តសូម្បីលះបង់ជីវិតសាច់ឈាម
ដើម្បីឲ្យកូនបានចៀសផុតពីគ្រោះមហន្តរាយនេះ។
ទីបំផុត
សំប៉ានមួយនោះក៏ត្រូវរលកបោកផាត់រសាត់ចូលកាន់ច្រាំង។
លុះដល់ច្រាំងហើយ គ្រប់គ្នាក៏ប្រឹងត្រដាបត្រដួសចុះចេញពីសំប៉ាន
នៅសល់តែម្តាយពីរនាក់នឹងកូនតូច
គ្មាននរណាម្នាក់អើពើយកភ្នែកមើលសោះ
នាងនិងកូនតូចត្រូវបានគេចាកចោលទៅ
ទុកឲ្យនៅកណ្តោចកណ្តែងតែពីរនាក់ គួរឲ្យអណោចខ្លោចចិត្ត។
អ្នកជាម្តាយខំព្យាយាមបីត្រកងកូនតូចចុះចេញពីសំប៉ានទាំងត្រដាប
ត្រដួស
សម្លឹងទៅទីណាក៏មិនមានមនុស្សសូម្បីម្នាក់ដែលនឹងអាចមកជួយ
សង្គ្រោះបាន។ ដោយអស់កម្លាំងខ្លាំងពេកព្រោះបាត់បង់ឈាមអស់ច្រើន
ហើយអត់អាហារមកជាច្រើនថ្ងៃផង
ទើបគ្មានកម្លាំងនឹងជួយទប់ជ្រែងខ្លួនឲ្យក្រោកឡើងបាន។
ចំណែកទារកតូចនោះក៏វារចេញទៅឆ្ងាយពី
ម្តាយ ទោះបីជាម្តាយខំប្រឹងរារាំងទាញទុកយ៉ាងណាក៏ដោយ
ក៏រារាំងមិនឈ្នះ ព្រោះនៅពេលនេះភ្នែករបស់ម្តាយចាប់ផ្តើមស្រវាំង
ត្រចៀកចាប់ផ្តើមហឹងហៀបនឹងដាច់ខ្យល់ទៅហើយ។
មុនពេលដែលម្តាយអស់ជិវិតរលត់សង្ខារទៅ
ម្តាយបាននិយាយខ្សាវៗផ្ញើកូននឹងព្រះម៉ែធរណីថា
“បពិត្រព្រះម៉ែធរណី!
ខ្ញុំម្ចាស់មិនអាចមានជិវិតរស់នៅដើម្បីចិញ្ចឹមកូនតទៅទៀតបានទេ
ជិវិតរបស់ខ្ញុំម្ចាស់នឹងត្រូវចប់ក្នុងពេលនេះហើយ
សូមព្រះម៉ែមេត្តាជួយគ្រប់គ្រងថែរក្សាទារកតូចនេះជំនួសខ្ញុំ
ម្ចាស់ផង” និយាយចប់នាងក៏ដាច់ខ្យល់ក្នុងគ្រានោះទៅ។
នាវេលាល្ងាចនោះ
មានអ្នកនេសាទម្នាក់បានអុំទូកឡើងច្រាំង
ក៏ឃើញក្មេងតូចនោះកំពុងតែវារវិលវល់ស្រែកទ្រហោយំតែម្នាក់ឯង
ទើបចូលទៅលើកពរ ហើយបានឃើញឈាមជាប់នៅនឹងមាត់របស់ទារកតូច
ក៏នឹកឆ្ងល់ក្នុងចិត្តថា
ប្រហែលជាមានរឿងអ្វីកើតឡើងនៅម្តុំនេះជាក់ជាមិនខាន។
អ្នកនេសាទគិតហើយក៏ដើរមើលតាមបរិវេណដែលទារកនោះវារចុះឡើង
មួយសន្ទុះក៏បានឃើញសាកសពស្ត្រីម្នាក់ដេកផ្កាប់មុខស្តូកស្តឹងនៅ
ក្បែរសំប៉ាន ទើបលើកប្រែសាកសពស្ត្រីនោះឲ្យផ្ងារឡើង ។
អ្នកនេសាទស្រឡាំងកាំងពេលដែលឃើញកដៃរបស់នាងមានស្នាមកាំបិត
ហើយមានឈាមកកជាប់នឹងស្នាមមុតនោះ ឯឈាមដែលនៅនឹងកដៃនោះ
ក៏ជាឈាមពណ៌តែមួយជាមួយនឹងឈាមដែលដិតជាប់នឹងមាត់ទារក
ធ្វើឲ្យអ្នកនេសាទសន្និដ្ឋានបានថា
ស្ត្រីម្នាក់នេះប្រាកដជាម្តាយរបស់ក្មេងនេះ។
នាងប្រហែលជាពនេចរវង្វេងផ្លូវកណ្តាលសមុទ្រ
រហូតដល់អស់ទឹកអស់អាហារ ហើយដោយការអាណិតកូន
នាងច្បាស់លះបង់ឈាមក្នុងខ្លួនដើម្បីឲ្យកូនរួចផុតពីការស្រេក
ឃ្លានដោយពិត។
លុះគិតដូច្នោះហើយ
អ្នកនេសាទក៏ឧទានឡើងថា “ឱ!
អ្នកនាងជាម្តាយដែលមានទឹកចិត្តប្រសើរខ្ពង់ខ្ពស់ក្រៃលែង
ម្តាយក្នុងលោកនេះ
អាចមានស្ត្រីជាច្រើនដែលស្រឡាញ់កូនជាងជីវិតរបស់ខ្លួន
ប៉ុន្តែអ្នកម្តាយម្នាក់នេះ
បានធ្វើការលះបង់ដ៏ធំធេងមហិមាដើម្បីរក្សាជីវិតកូនឲ្យបានផុត
ពីមហាភយន្តរាយ
នាងជាម្តាយដែលមានទឹកចិត្តដ៏សែនប្រសើររកអ្វីប្រៀបផ្ទឹមគ្មាន
សូមឲ្យនាងបានទៅកាន់សុគតិភពចុះ
ខ្ញុំនឹងធ្វើជាអ្នកចិញ្ចឹមថែរក្សាកូនរបស់នាង
ផ្តល់សេចក្តីស្រឡាញ់ថ្នាក់ថ្នមយកចិត្តទុកដាក់
ឲ្យដូចកាលដែលនាងមានជីវិតរស់នៅ
ធ្លាប់បានព្យាយាមចិញ្ចឹមបីបាច់ថែរក្សាកូនរបស់នាងដោយការថ្នាក់
ថ្នមស្រឡាញ់ពេញបេះដូង
ខ្ញុំនឹងចិញ្ចឹមកូនរបស់នាងឲ្យល្អជាទីបំផុត”។
ពោលរួចហើយ
អ្នកនេសាទចិត្តសប្បុរសនោះក៏នាំទារកតូចត្រឡប់ទៅចិញ្ចឹមបីបាច់
ថែរក្សា ។ លុះកុមារនោះមានវ័យវឌ្ឍនាការចម្រើនឡើង
ក៏បានដេញដោលសួរទៅអ្នកនេសាទនោះថា “លោកអ៊ំ!
ក្មួយនឹកម្តាយរបស់ក្មួយណាស់ លោកអ៊ំអាចប្រាប់ក្មួយបានទេថា
ម្តាយរបស់ក្មួយនៅទីណា? ក្មួយចង់ជួបចង់រស់នៅជិតម៉ែ
ក្មួយចង់ហៅម៉ែ
សូមលោកអ៊ំមេត្តានាំក្មួយទៅជួបអ្នកម្តាយក្មួយផង”។
អ្នកនេសាទយល់ថា
កុមារនេះចម្រើនធំឡើងល្មមនឹងអាចឲ្យដឹងរឿងរ៉ាវរបស់ខ្លួនបានហើយ
ក៏ដំណាលរឿងរ៉ាវទាំងអស់ឲ្យស្តាប់ហើយនាំកុមារនោះទៅកាន់ផ្នូរ
បញ្ចុះសពរបស់មាតា លុះទៅដល់
កុមារកំសត់ក៏ស្ទុះចូលទៅឱបផ្នូរម្តាយព្រមទាំងយំយែកទឹកភ្នែក
ជោកផែនថ្ពាល់ត្អូញត្អែថា “អ្នកម្តាយជាទីគោរពរបស់កូន!
ហេតុអ្វីអ្នកម្តាយចាកចោលកូនទៅយ៉ាងឆាប់រហ័សដូច្នេះ!
ហេតុអ្វីមិនផ្តល់ឱកាសឲ្យកូនបានបំពេញតួនាទីតបស្នងសងគុណអ្នក
ម៉ែដែលជាអ្នកលះបង់ដើម្បីកូនតែម៉្យាង!
តើពេលណាកូននឹងមានឱកាសបានតបស្នងសងព្រះគុណអ្នកម្តាយជាទីគោរ
ពរបស់កូនទៅ!
ពេលដែលអ្នកនេសាទ
បានឃើញកុមារតូចយំសោកកន្ទក់កន្ទេញអស់រយៈពេលយូរហើយ
ទើបចូលទៅចាប់លើកកុមារ ហើយអង្អែលខ្នង ព្រមទាំងនិយាយលួងលោមថា ”
ណ្ហើយចុះក្មួយ!
ទោះបីជាអ្នកម្តាយរបស់ឯងបានបាត់បង់ជិវិតទៅហើយក្តី
បើក្មួយគិតចង់តបស្នងសងគុណម្តាយ
ក្មួយត្រូវតាំងចិត្តឲ្យរឹងមាំខ្ជាប់ខ្ជួនក្នុងអំពើល្អ
កសាងអំពើល្អដើម្បីអំពើល្អ
ធ្វើល្អគ្រប់យ៉ាងក្នុងជីវិតរបស់ក្មួយ។
ពេលដែលក្មួយចូលសិក្សារៀនសូត្រ ត្រូវរៀនឲ្យបានពូកែជាទីបំផុត
ពេលដែលក្មួយធំឡើងបានកាន់កិច្ចការងារណាក៏ដោយ
សុំឲ្យក្មួយបំពេញការងារក្នុងតួនាទីរបស់ក្មួយឲ្យបានប្រសើរ
បំផុត ហើយពេលដែលក្មួយបួសរៀន
ក៏សុំឲ្យក្មួយបំពេញតួនាទីជាអ្នកបួសឲ្យបានហ្មត់ចត់ ។
បើក្មួយធ្វើបានប៉ុណ្ណេះ
ពេលដែលម្តាយរបស់ក្មួយបានជ្រាបបានដឹងដោយញាណវិធីណាមួយ
គាត់នឹងសប្បាយចិត្តឥតឧបមាក្នុងការផ្តល់កំណើត
ការគ្រប់គ្រងថែរក្សា
សុខចិត្តលះបង់ជីវិតដើម្បីក្មួយរហូតដល់ក្មួយអាចរស់រានមានជីវិត
ដល់សព្វថ្ងៃនេះ។
ម្តាយរបស់ក្មួយប្រាកដជាមានបិតិសោមនស្សរីករាយក្នុងឋានសួគ៌ទេវ
លោកដោយពិត ទោះបីជានាងគ្មានជីវិតរស់នៅដល់សព្វថ្ងៃនេះក្តី
ប៉ុន្តែក្មួយក៏នៅតែអាចធ្វើអំពើល្អឲ្យម្តាយរបស់ក្មួយដឹងឮបាន
៕ ចប់
No comments:
Post a Comment