ពាក្យថា ពលរដ្ឋ (Citizen)តាមវចនានុក្រមខ្មែរ ប្រែថា ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ,ប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំង របស់ប្រទេស : ពលរដ្ឋម្នាក់ៗ គប្បីធ្វើពលិកម្មផ្សេងៗចំពោះប្រទេសជាតិមាតុភូមិតាមនាទីរបស់ ខ្លួន ។
វិថីជីវិត(way of life) បានដល់ ផ្លូវសម្រាប់ទ្រង់ទ្រង់ជីវិត ឬ វិធីសម្របខ្លួនឲ្យរស់នៅបានយ៉ាងសុខសាន្តក្នុងសង្គម
ប្រជាធិបតេយ្យ (Democracy) បានដល់ របបគ្រប់គ្រងដែលប្រកាន់យកសម្លេងភាគច្រើនរបស់ពលរដ្ឋជាអំណាច ពោលគឺ របបគ្រប់គ្រងដោយពលរដ្ឋផ្ទាល់ ឬ ដោយប្រយោលតាមរយៈអ្នកតំណាងរាស្រ្ត របស់ពលរដ្ឋនិង ដើម្បីពលរដ្ឋ ។
ពលរដ្ឋល្អ សំដៅដល់ ពលរដ្ឋល្អផ្នែកចំណេះវិជ្ជា ជំនាញ បទពិសោធ និង ផ្នែកសីលធម៌របស់សាសនាដែលខ្លួនគោរពបូជាតាមគោលការណ៍សេរីភាពនៃជំនឿសាសនា ដោយប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យក្នុងការទ្រទ្រង់ជីវិត(សម្មាជីវី) គោរពច្បាប់(ធម្មចារី) និងប្រព្រឹត្តខ្លួនឲ្យជាប្រយោជន៍ដល់សង្គម(អត្ថចារី) ដូចជា ការជួយជ្រោមជ្រែងគ្នាតាមលទ្ធភាពដែលជាហេតុនាំ ឲ្យមានការអភិវឌ្ឍសង្គមនិងប្រទេសជាតិស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។
គោលការណ៍ប្រជាធិបតេយ្យ 6 ចំណុចសំខាន់ គឺ
- គោលអំណាចអធិបតេយ្យជារបស់ពលរដ្ឋ(Popular Power) បានដល់ ប្រជាពលរដ្ឋជាម្ចាស់អំណាចខ្ពង់ខ្ពស់ ក្នុងការគ្រប់គ្រងរដ្ឋ ដែលបច្ចុប្បន្នពលរដ្ឋបានផ្ទេរអំណាចអធិបតេយ្យនេះទៅឲ្យអ្នកតំណាងរបស់ខ្លួនតាម រយៈការបោះឆ្នោត ។
- គោលសមភាព (Equality)បានដល់ ភាពស្មើមុខគ្នាក្នុងសង្គមប្រជាធិបតេយ្យ ពោលគឺ មនុស្សម្នាក់ ៗដែលកើតមកក្នុងរដ្ឋសុទ្ធតែស្មើភាពគ្នាក្នុងឋានៈជាប្រជានិកររបស់រដ្ឋ មានន័យថា មានសិទ្ធិសេរីភាព មានមុខនាទីស្មើគ្នា គ្មានការបែងចែកវណ្ណៈ ឬការរើសអើងឡើយ គួរមានជីវិតរស់នៅរួមគ្នាយ៉ាងសុខដុមរមនា មិនគំរាមកំហែងមនុស្សដែលទន់ខ្សោយឬក្រីក្រជាង ។
- គោលនីតិរដ្ឋ (Rule of law) បានដល់ ការដែលរដ្ឋយកច្បាប់ជាមូលដ្ឋានក្នុងការសម្រួលការរួមរស់ជាមួយគ្នាដើម្បីសេចក្តីសុខសាន្តត្រាណរបស់សង្គម ។
- គោលហេតុផល(Reason) បានដល់ ការប្រើហេតុផលដែលត្រឹមត្រូវក្នុងការវិនិច្ឆ័យឬដោះស្រាយបញ្ហាក្នុងសង្គម
- គោលសម្លេងភាគច្រើន(Majority យេភុយ្យសិកា) បានដល់ ការប្រកាន់យកសម្លេងភាគច្រើនរបស់ពលរដ្ឋជាគោល អនុម័តឬសម្រេចកិច្ចការដែលជាប្រយោជន៍រួម ពោលគឺ សង្រ្គោះ បម្រើ ការពារផលប្រយោជន៍សាធារណៈ ។
- គោលសម្របសម្រួល(Reconciliationបដិសារាណីយកម្ម) បានដល់ គោលការណ៍ពិសេសសម្រាប់សម្របសម្រួល ជម្លោះរវាងទ្វេភាគីឬពហុភាគីដើម្បីកាត់បន្ថយជម្លោះមិនឲ្យអូសបន្លាយវែងឆ្ងាយ ពោលគឺ ដើម្បីកាត់បន្ថយសាមគ្គីភេទក្នុង ចំណោមប្រជាជនដោយមិនប្រកាន់យកនីតិវិធីណានីមួយទេប៉ុន្តែប្រកាន់យកគោលសីលធម៌ ដូចជា សូមទោស ឲ្យអភ័យទោស លែងប្រកាន់ទោសអូសដំណើរតទៅទៀតជាដើម គោលសម្របសម្រួលប្រកាន់យកគោលរបស់ព្រះពុទ្ធសាសនាត្រង់ចំណុចថា អភយទាន សម្រាប់ផ្សះផ្សាជម្លោះក្នុងចំណោមពលរដ្ឋដែលភាគច្រើនជាពុទ្ធសាសនិកជន ។
ក្នុងការរស់នៅរួមគ្នាក្នុងជីវិតប្រចាំថ្ងៃ ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវរលឹកជានិច្ចថា ខ្លួនមានតួនាទី ៦ ចំណុចខាងលើ ដើម្បីចូលរួមកសាងសង្គមប្រជាធិបតេយ្យឲ្យរីកចម្រើនជឿនលឿនដូចយ៉ាងប្រជាជាតិដទៃលើលោកនេះដែរ ។
ជោគវាសនារបស់ប្រទេសជាតិអាស្រ័យទៅលើពលរដ្ឋដែលជាម្ចាស់អំណាចក្នុងរដ្ឋមិនមែនអាស្រ័យទៅលើជនដទៃក្រៅរដ្ឋឡើយ ។