ព្រះមុនីកោសល ធន់ វ៉ាន់ រៀបរៀង
១- បដិរូបការី ជាអ្នកធ្វើការសមគួរដល់ការ
២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។
អធិប្បាយ២- ធុរវា ជាអ្នកមិនដាក់ធុរៈចោល
៣- ឧដ្ឋកតា ជាអ្នកព្យាយាម ក្រោកធ្វើការ ។
ហេតុទី ១ :
ត្រង់ពាក្យថា “ធ្វើការសមគួរដល់ការ” នោះ គឺ ធ្វើ
ការងារឲ្យសមរម្យតាមសមត្ថភាពរបស់ខ្លួន ដែលល្មមលៃលកធ្វើបាន
មិនហួសពីសមត្ថភាពរបស់ខ្លួន ។ ឯការងារដែលត្រូវធ្វើនោះ មាន៣
ថ្នាក់ គឺ ការងារថ្នាក់ខ្ពស់ ថ្នាក់កណ្ដាល ថ្នាក់ទាប ។
ទាំងមនុស្សម្នាក់ៗសោតទៀត
ក៏ត្រូវតែមានឥទ្ធិបាទធម៌បួនប្រការនៅក្នុងខ្លួនគ្រប់គ្នា ។
ឥទ្ធិបាទធម៌ (ធម៌ជាជើងរឹទ្ធិ) ៤ ប្រការនោះគឺ
១- ឆន្ទៈ បំណង ២- វីរិយៈ ព្យាយាម ៣- ចិត្ត គំនិត ៤- វិមំសា ការពិចារណា ។
បើមនុស្សមានឥទ្ធិបាទធម៌ខ្ពស់
ធ្វើការងារក៏បានខ្ពស់បានប្រសើរ បើមានធម៌នោះយ៉ាងកណ្ដាល
ធ្វើការងារក៏បានយ៉ាងកណ្ដាល បើមានទាប ក៏ធ្វើការងារបានទាបដែរ ។
ធ្វើការងារឲ្យសមតាមសមត្ថភាព
សមតាមឥទ្ធិបាទធម៌និងសមតាមថ្នាក់របស់ការងារ ហៅថា
“ធ្វើការសមគួរដល់ការ” ឬ “សមតាមទំនងការ” ដូចភាសិតថា
ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង ។
ផ្ទុយទៅវិញ
បើធ្វើការមិនសមគួរដល់ការ ឬមិនត្រូវតាមទំនង
ឬក៏ហួសសមត្ថភាពខ្លួន ដែលត្រូវនឹងភាសិតថា ដៃខ្លីស្រវាឱបភ្នំ
ការងារនោះ មិនសម្រេចប្រយោជន៍ដល់ខ្លួនទេ ។
ហេតុទី ២ :
ត្រង់ពាក្យថា “មិនដាក់ធុរៈចោល” នោះ គឺ ការងារណាដែលប្រារព្ធធ្វើ
មិនត្រូវបោះបង់ចោលទេ ត្រូវប្រឹងតស៊ូ ក្រាញ ននៀល ឈ្មុសឈ្មុលរកឧបាយ
រកច្រក ដើរទៅមុខជាដរាប ឲ្យទាល់តែការងារនោះសម្រេចតាមគោលបំណង ។
ឯការតស៊ូចំពោះការងារដែលធ្វើនោះ គួរយកតម្រាប់តាមបែបរបស់ឫសឈើ
។ ធម្មតាឫសឈើ តែដុះចាក់តម្រង់ទៅទិសត្រង់ណាហើយ
មិនចេះរាថយក្រោយទេ បើទុកណាជាវាដុះចាក់ទៅត្រូវប៉ះ
និងដុំថ្មក្ដី ដុំឥដ្ឋក្ដី ក៏វាមិនព្រមថយក្រោយដែរ
វាស៊ូទ្រាំក្រាញរួញក្រញាញ់ហើយវាពង្រីកខ្លួនវាឲ្យធំ
ឲ្យរឹងប៉ឹងប្រឹងផ្សំកម្លាំងឲ្យបានខ្លាំង យូរៗទៅ
ក៏អាចរុញធាក់ច្រានដុំថ្ម- ដុំឥដ្ឋ នោះឲ្យរបើកចេញបាន យ៉ាងណាមិញ
ការតស៊ូចំពោះការងារដែលបានធ្វើ
មិនបោះបង់ចោលប្រឹងតស៊ូដរាបដល់ការនោះបានសម្រេចប្រយោជន៍ដល់ខ្លួន
ក៏យ៉ាងនោះដែរ ដូចភាសិតថា បើមានប្រាថ្នាត្រង់ណា
មុខជាមានចន្លោះត្រង់នោះមិនខាន ។
ហេតុទី ៣ :
ត្រង់ពាក្យថា “ជាអ្នកមានព្យាយាម” នោះ គឺក្រោកធ្វើការ ខំប្រឹងប្រែង
ខ្មីឃ្មាត សង្វាត ឱហាតក្រោកឡើងធ្វើការផ្សេងៗ តទល់
អត់ទ្រាំឧបសគ្គគ្រប់យ៉ាង មានត្រជាក់ ក្ដៅ ជាដើម មិនខ្ជិលច្រអូស
មិនអាងហេតុផ្សេងៗ មានហេតុថា “ព្រឹកណាស់ ហើយមិនប្រកបការងារ”
ជាដើមនោះឡើយ ដូចភាសិតថា “បើចង់ចេះ ឲ្យសម្លាប់អាចារ្យ”
អាចារក្នុងទីនេះ “គឺអាចារៈ” សំដៅយកមារយាទថោកទាប មារយាទខ្ជិល
(កោសជ្ជៈ) ។ កោសជ្ជៈ គឺការខ្ជិលច្រអូសនេះ
បើមាននៅក្នុងសន្ដានអ្នកណាហើយ
រមែងដឹកនាំអ្នកនោះឲ្យដើរខុសផ្លូវ ដឹកនាំឲ្យក្រ ឲ្យល្ងង់ខ្លៅ
ឲ្យថោកទាប ឲ្យវិនាសអន្តរាយគ្រប់យ៉ាង បានជាភាសិតបង្គាប់ថា
ឲ្យសម្លាប់មារយាទអាក្រក់ គឺឲ្យបោះបង់ចោល បើមិនដូច្នោះទេ
រមែងទទួលនូវវិបត្តិគ្រប់យ៉ាង ដូចរឿងកុសិតមាណព ។
សេចក្ដីតំណាល មានមាណពម្នាក់ឈ្មោះ
កុសិតៈ ជាកូនសិស្សអាចារ្យទិសាបាមោក្ខ ។ ថ្ងៃមួយ ជាថ្ងៃសម្រាករៀន
ពួកកូនសិស្សទាំងឡាយ បានចេញពីកន្លែងរៀងខ្លួន
នាំគ្នាចូលទៅក្នុងព្រៃដើម្បីរកកាច់អុស
តាមការបង្គាប់របស់លោកគ្រូអាចារ្យ ។ លុះចូលទៅដល់ព្រៃហើយ
កុសិតមាណព អាងថា “នៅពេលព្រឹកណាស់” ហើយមិនទាន់រកកាច់អុស
ក៏ដេកនៅក្រោមដើមថ្ងាន់មួយ លុះដេកលក់ហួសប្រមាណ
ដរាបដល់ថ្ងៃរសៀលទាប ទើបភ្ញាក់ឡើង
ក៏ប្រញាប់ប្រញាល់ស្រវាឡើងដើមថ្ងាន់
ដើម្បីកាច់មែកថ្ងាន់រស់ធ្វើជាអុស ។ ឯមែកថ្ងាន់
ក៏បាក់ផ្ទាត់មកត្រូវចំភ្នែកមាណព ៗ ក៏មានភ្នែកអន្ធការ ។ ឯអុស
ក៏មិនបានឈើស្ងួត ដូចជាអ្នកឯទៀតផង
ភ្នែកក៏ដល់នូវអាការប្លែកពីធម្មតាផង កូនសិស្សឯទៀតជាមិត្ត
មានការលំបាកនឹងជួយគ្រាកុសិតមាណពឲ្យវិលត្រឡប់ទៅទីលំនៅវិញផង
លុះគ្រូអាចារ្យដឹងរឿងនោះហើយ ក៏ស្ដីបន្ទោសផង ។ នាំរឿងខ្លីមក
សឲ្យឃើញថា ការខ្ជិលច្រអូស (កោសជ្ជៈ) នេះ
គេមិនត្រូវបណ្ដោយទុកឲ្យនៅក្នុងសន្ដានឡើយ
ត្រូវតែលះបង់ចោលឲ្យស្រឡះពីសន្តាន ព្រោះវានាំឲ្យថោកទាប
នាំឲ្យក្រីក្រ នាំឲ្យសៅហ្មងគ្រប់យ៉ាង ។
កាលបើលះបង់កោសជ្ជៈចេញហើយ
ត្រូវប្រឹងប្រែងបំពេញកិច្ចការគ្រប់យ៉ាង ត្រូវមានគំនិតខ្ពង់ខ្ពស់
ត្រូវពិចារណាឲ្យស្គាល់ហេតុផលគ្រប់យ៉ាង ត្រូវប្រព្រឹត្តប្រយោជន៍ ២
យ៉ាងឲ្យកើត គឺប្រយោជន៍លោកនេះ និងប្រយោជន៍លោកខាងមុខ ។
កាលបើបានកាន់ប្រព្រឹត្ត ដូចរៀបរាប់មកខាងលើនេះហើយ ទ្រព្យសម្បត្តិគ្រប់យ៉ាង រមែងកើតឡើងដល់ខ្លួនមិនខាន ។
ន័យមួយទៀត ទ្រព្យសម្បត្តិ
មិនមែនកើតឡើងដល់បុគ្គល ត្រឹមតែធ្វើការសមគួរដល់ការ
មិនដាក់ធុរៈចោល ព្យាយាមមិនបន្ធូរបន្ថយ ប៉ុណ្ណោះទេ
ត្រូវប្រកបដោយបញ្ញា និងការចងមិត្រថែមទៀត
សមដូចភាសិតលោកសម្ដែងទុកថា
បញ្ញា ឧស្សាហ៍ ការចងមិត្រ រកទ្រព្យគួរគិតឲ្យមានឡើង
គុណ ៣ ប្រការនេះនាំថ្កើង ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។
គុណ ៣ ប្រការនេះនាំថ្កើង ទ្រព្យចម្រើនឡើងជានិរន្តរ៍ ។
(ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៧៤)
No comments:
Post a Comment