Monday, September 23, 2013

៤យ៉ាង​ដែល​ធ្វើឲ្យ​មនុស្ស​យល់​សប្តិ

ការសុបិន​ គឺជា​អព្ភូត​ហេតុ​មួយ​ដែល​តែង​តែ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប ហើយ​ពេល​ណា​មាន​ការ​យល់​សប្តិ​ឃើញ​អ្វី​មួយ ខ្មែរ​រមែង​កាត់​ថា ខ្សែ​ជីវិត​នឹង​ទៅ​ជា​យ៉ាង​ណា​យ៉ាង​ណី ទទួល​បាន​លាភ​សំណាង ឬស៊យ​ជា​ដើម។ តែអ្នក​វិទ្យា​សាស្រ្ត​បាន​បដិសេធ​ទាំង​ស្រុង​ទៅ​នឹង​ការ​យល់​សប្តិ ​ដែល​ថាវា​មិន​មែន​មក​ពី​ទេវតា ឬអារុក្ខ​អារក្ស​អ្នក​តា​ណា​ពន្យល់​ឡើយ គឺ​មក​ពីខ្លួន​អ្នក​ផ្ទាល់។ ទស្សនៈ​នេះ ត្រូវ​បានប្រ​ជាពល​រដ្ឋខ្មែរ​មិន​គាំទ្រ ហើយនៅតែជឿថា យល់​សប្តិ​អាច​ជាប្រ​ផ្នូល​អ្វីមួយ ​ដើម្បីឲ្យ​អ្នក​យល់​សប្តិ និង​ក្រុម​គ្រួសារ​ញាតិ​មិត្ត ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ជា​ដើម។ល។
ស្មេរមិនបាន​បដិសេធ​ទៅ​នឹងអ្នកវិទ្យាសាស្រ្ត ហើយក៏មិន​បដិសេធ​ទៅ​នឹង​ជំនឿ​ចាស់បុរាណ​ខ្មែរឡើយ ព្រោះប្រសិន​បើ​យើង​ប្រកាន់​ថាមួយណាខុស មួយណាត្រូវ អាចនឹងមានបញ្ហាកើតមានឡើង តែអ្វីសំខាន់ផ្តោតទៅលើហេតុផល និងការវិភាគ។ យោង​​តាមការស្រាវជ្រាវមួយបង្ហាញថា​ ការសុបិន កើតឡើងពីកត្តា៤សំខាន់ៗ គឺធាតុកម្រើក ឬសភាពខុសពីធម្មតា, នឹក​ភ្នក​ដល់, ទេវតា​បណ្តាល និងកម្មបណ្តាល។ ខាងក្រោមនេះ ជាការសាកល្បង​ស្វែង​រក​ទឡ្ហូករណ៍៖១.ធាតុកម្រើក ឬប្លែកពីធម្មតា៖ នៅពេលក្នុងខ្លួនរបស់មនុស្សមានការប្រែប្រួល ពេលសម្រាក​សម្សាន្ត​ទៅនឹង​អាចមានការៈ​យល់​សប្តិយល់សូងកើតមានឡើង។ ជាក់ស្តែងប្រសិនបើយើងមានសភាពក្រុនក្តៅ នោះពេលគេង​ទៅអាច​យល់​សប្តិ​ឃើញ​ដើរទៅទីណាមួយ ឬជួបអាកាសធាតុក្តៅ។ ប្រសិនបើអ្នកហូបអាហារខុស អាចយល់សប្តិឃើញ ខ្លួនឈឺ ចុកព្រោះ រាករូស ដែល​អ្នកខ្លះតែងនិយាយគ្នា ពេលយល់សប្តិឃើញខ្លួនរាក ស្រាប់តែដឹងខ្លួនមកឈឺពោះចង់ចូលបន្ទប់ទឹកល្មម ឬយល់​សប្តិ​ឃើញ​ថាក្តៅខ្លួន ក្រោកមកស្ទាបខ្លួនក្តៅដូចភ្លើងជាដើម។
២.ការនឹកភ្នកដល់៖ ពេលខ្លះ ដោយសារតែខ្លួនចង់ទៅលេងសមុទ្រ ហើយចេះនឹកជារឿយៗ ពេលគេង ប្រាកដ​ជាយល់​សប្តិ​ឃើញ​បានទៅដើរលេងសមុទ្រ។ ប្រសិនបើអ្នក ជាបុគ្គលមានសង្សារ ហើយស្រឡាញ់គ្នាខ្លាំង អារម្មណ៍របស់អ្នករមែងនឹកភ្ន​កដល់​គេជារឿយៗ ហើយពេលគេងប្រាកដជាយល់សប្តិឃើញ​បានដើរលេងជាមួយ បានដឹកដៃ បានថ្នាក់​ថ្នមបី​បម​ប្រ​ឡោម​។ នេះ គឺមិនអាចប្រកែកបានឡើយ ព្រោះសូម្បីតែស្មេរក៏លង់ក្នុងស្ថានភាពបែបនេះម្តងម្កាលដែរ។

៣.ទេវតាមកបណ្តាល៖ បើតាមជំនឿខ្មែរ គឺប្រាកដជាមានទេវតា មកពន្យល់សប្តិ ដើម្បីឲ្យទទួលបានភាពសុខសប្បាយ ឬមិន​សុខសប្បាយជាដើម។ ពេលខ្លះមកពន្យល់សប្តិ ឲ្យទៅជីកកំណប់ ជាមាសប្រាក់កែវកងជាដើម។ ជាក់ស្តែង កាលពី​ពេល​ថ្មីៗ​នេះ មានក្មេងម្នាក់ត្រូវបានអ្នកតាមកពន្យល់សប្តិនៅរន្ធភ្នំថាមានរបស់សំខាន់។ ពេលក្មេងនោះភ្ញាក់ឡើង ក៏ទៅ​តាម​ការ​ពន្យល់​សប្តិ ក៏បានឃើញផ្ទះជាច្រើន ដែលតាមការចុះរបស់ព័ត៌មាន គឺជាង៦០ព្រះអង្គឯណោះ។ ឧទាហរណ៍​ដែលបាន​រៀប​រាប់ បានកើតមាន​ឡើង​នៅខេត្ត​ស្ទឹង​ត្រែង។
៤.កម្មមកបណ្តាល៖ ករណីនេះបានពាក់ព័ន្ធយ៉ាងស្អិតល្មួតទៅនឹងទង្វើដែលប្រព្រឹត្តជារៀងរាល់ថ្ងៃ និងទង្វើ​តោង​ជាប់​មកពី​អតីត​ជាតិ។ ប្រសិនបើគេធ្លាប់បានធ្វើអំពើល្អ នោះអាចយល់សប្តិឃើញតែរឿងផលបុណ្យ សកម្មភាពដែលល្អៗ។ តែប្រ​សិន​បើ​គេ​ធ្លាប់ប្រព្រឹត្តអំពើអាក្រក់វិញ នឹងយល់សប្តិតែអំពើអាក្រក់ ដែលចាស់ៗពោលថា កម្មតាមចងពារ។
ការ​រៀប​រាប់ជាអំណះអំណាងខាងលើ មិនមែនពិតមួយរយភាគរយឡើយ ព្រោះរវាងជំនឿ និងវិទ្យាសាស្រ្តខុសគ្នា មិនមែន​ចេញ​មកសុក្រិតឡើយ។ ដូច្នេះអ្វីដែលអាចធ្វើឲ្យវារឹងរឹតតែមានប្រសិទ្ធភាព គឺសូមព្យាយាមតាមដាន និងអង្កេត​ទៅតាម​បុគ្គល​រៀងៗខ្លួនចុះ៕
dream-mirror-dreams-can-come-true-31082814-900-900

No comments: