Friday, September 27, 2013

តើមនុស្ស​អាច​មាន​ជីវិត​អមតៈ​ដែរ ឬ​ទេ?


រូបភាពនេះ ដកស្រង់ ចេញ ពីឯកសារ ភាពយន្ត ឈ្មោះ "Curiosity: Can you live forever?"
ពាក្យ​ចាស់​លោក​ថា​ “កើត​ចាស់ឈឺ​ស្លាប់ជា​រឿង​ធម្មតា” ចុះបើ​មនុស្ស​មិន​ចេះឈឺ​​មិន​ចេះចាស់​ តើ​មនុស្ស​អាច​ស្លាប់​បានដែរ​ ឬទេ ? យើង ​រស់នៅ​ និង ធំ​ដឹង​ក្តី​ក្នុង​ច្បាប់ធម្មជាតិ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ជឿ​ថា​ការស្លាប់​ គឺជា​រឿង​មួយ​ដែល​មិន​អាច​គេច​បាន​ឡើយ ។ ចុះ​បើ​ “គំនិត” ប្រាប់​ថា​អ្នក​​អាច​មាន​ជីវិត​អមតៈ​ តើ​អ្នក​ចង់​បានវាដែរ ឬទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?
ការ​គិត​ពី​ជីវិត​អមតៈ​ហាក់​បីដូចជា​រឿង​ ប្រឌិតមួយ​ជាពិសេស​នៅក្នុង​សតវត្សទី ១៨ ​ដែល​មនុស្ស​មាន​អាយុ​រស់នៅ​ជាមធ្យម​តិច​ជាង​​៤០ឆ្នាំ ។ ប៉ុន្តែ​ជីវិត​រស់នៅ​ជា​មធម្យ​លើពិភព​លោក​នៅ​ឆ្នាំ ២០០១ គឺ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៦៥ឆ្នាំ​ ហើយ​នៅ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​អាយុ​រស់​នៅ​ជាមធម្យ​នេះ បាន​​​កើនឡើង​ដល់ទៅ ៨០-៨៥ ឆ្នាំឯនោះ ។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាយុរស់​នៅ​ជាមធម្យ​អាច​កើន​ឡើង​ទ្វេរដង​ម្តង​ទៀត ​ក្នុងរយៈ​ពេល២០០ឆ្នាំ​ទៅ​មុខ ។ តើ​វា​អាច​កើន​ឡើង​រហូត​ដល់​ជីវិត​អមតៈ​ដែរ ឬទេ ?
អ្នក​ស្រាវជ្រាវ​ជឿ​ថា​ជីវិត​គឺ​មាន​ដែនកំនត់​ពួក​គេ​បាន​បញ្ជាក់​ថា​ អាយុ​អតិ​បរមា​របស់​មនុស្ស​គឺ ១២៥ឆ្នាំ ។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​មើល​ពិភពលោក​ទៅ​អនាគត​ពោរពេញទៅ​ដោយ​មនុស្ស​ ដែល​មាន​អាយុ​រាប់សតវត្ស​ដែលខ្លះ​អាច​មាន​អាយុ​រហូតពី​ ៥០០ ទៅ ១០០០​ឆ្នាំក៏មាន ។ ជំងឺ​ដែលទាក់ទង​ទៅនឹង​ភាពចាស់​ជរាដូចជា ជំងឺ​រវើ​រវាយ​នៅពេល​ចាស់ និង ជំងឺ​គាំង​បេះដូង​គឺ​ជាឧបសគ្គ​ដែល​រារាំង​យើង​មិន​ឲ្យ​ទៅ​ដល់ចំនុច​នោះបាន (ជីវិតអមតៈ) ។
សារពាង្គកាយ​របស់​មនុស្សយើង​ចុះ​ខ្សោយ​ទៅតាម​អាយុកាល​ដែលនៅ​ទីបំផុត​​ ធ្វើឲ្យយើង​ស្លាប់ ដូចនេះ​ក្នុង​ការស្វែង​រក​​ជីវិត​អមតៈ​អ្នក​វិទ្យាសាស្រ្ត​​បានផ្តោត​សំខាន់ ​ទៅលើ​ការបញ្ឈប់​ភាព​ចាស់ជរា​របស់​រាងកាយ ។
១ វិធី​សាស្រ្ត​មួយ​ដែល​បាន​បង្ហាញ​អំពី​ការបង្កើន​អាយុ​របស់​សត្វដូចជា​ សត្វកណ្តុរ​គឺ​ “ការ​តមអាហារ​ដែលមានកាឡូរី​ក្នុង​លក្ខខ័ណ្ឌ​សមស្រប​មួយ” ។ ដើម្បី​ធ្វើ​ការ​តមអាហារ​នេះ​ឲ្យបាន​តត្រឹមត្រូវ​ អ្នក​ត្រូវ​កាត់​បន្ថយការទទួល​យក​កាឡូរី​ចំនួន ៣០​% ពីក្នុង​អាហាររបស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​រក្សា​ការបរិភោគ​គ្រប់​សារធាតុបំប៉ន​ដែល​ចាំបាច់​ទាំង​ អស់ ។ គ្រោងការ​នៃ​ការបរិភោគបែប​នេះ​បាន​បង្ហាញ​ថា​វាពិត​ជាពិបាក​ណាស់​សម្រាប់​ មនុស្ស​ក្នុង​ការអនុវត្តន៍​តាម ដូចនេះ​អ្នកស្រាវជ្រាវ​កំពុង​ព្យាយាម​រកពីមូលហេតុ​ច្បាស់លាស់មួយ​ថា ហេតុ​អ្វីបានជាការ​កាត់បន្ថយ​កាឡួរី​អាច​ជួយ​ដល់​ការបង្កើន​អាយុ​បាន ? បើ​សិន​ជា​ពួកគេ​អាចដោះស្រាយ​ចម្ងល់​នេះបាន​ ពួកគេ​ប្រហែល​ជា​អាច​ចម្លងយន្តការ​នេះ​ទៅក្នុង​ទម្រង់​ជាលក្ខណៈ​ថ្នាំ​បាន ។
២ ថ្នាំ​ប្រឆាំង​ភាព​ចាស់​ជរា​អាច​ជួយ​ដល់ការផ្អាក ឬ បញ្ឈប់​ដំនើរ​ការផលិត​របស់ “ប្រតិកម្ម​ម៉ូលេគុល” ដែល​ជាម៉ូលេគុល​ធ្វើ​ឲ្យ​មានការ​កើន​ឡើង​នៃការ​ខូចខាត​នៅក្នុង​រាងកាយ​នៅពេល ​ដែល​យើង​មានអាយុកាន់​តែច្រើន ។ អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការ​សន្និដ្ឋានថា​តើ​សារធាតុ​ខ្លះ​ដូចជា​ សារធាតុ “Resveratrol” ដែល​គេរកឃើញ​មាននៅក្នុង​ស្រាក្រហម​អាច​មានប្រសិទ្ធិភាព​ដែរ ​ឬទេ ? នៅពេល​ដែល​វា​មានទម្រង់​ជាលក្ខណៈ​ថ្នាំ ព្រោះថា​សារធាតុ “Resveratrol” អាច​មានសមត្ថភាព​បង្អាក់ដំនើរ​ការនៃ​ភាពចាស់ជរា​នៅក្នុងកំរិត​ពូជ​បាន ។
អ្នកវិទ្យាសាស្រ្ត​ខ្លះ​គិត​ថា​អង់ស៊ីម “Telomoras” ដែល​ជាអង់ស៊ីម​ជួយ​សះ​ស្រទាប់​ការពារ​របស់កោសិកា​គឺជា​ចម្លើយ (ទៅរកជីវិត​អមតៈ) ហើយ​អ្នក​ខ្លះ​វិញ​គិត​ថាការ​ចាក់​អ័រម៉ូន​ដែល​ផលិត​ដោយ​មនុស្ស​អាច​បញ្ឍប់​ រាងកាយទៅ​រក​ចាស់​ជរា​បាន ។
វាប្រាកដ​ហើយ​ថា​មានទ្រឹស្តី​បទ​ជាច្រើន​ដែលអាច​ប្រាប់ពី​វិធី​នៃ​ ការបញ្ឍប់​ភាពចាស់​ជរា ប៉ុន្តែ​ទ្រឺស្តី​បទខ្លះ​វាត្រូវការរយៈពេល​យូរ​ទៅ​មុខ​ទៀត​ ឧទាហរណ៍ដូចជាថ្នាំ​ប្រឆាំង​មិន​ឲ្យចាស់​ជាដើម ។ បើសិន​ជា​យើងអាច​បង្កើតថ្នាំ​នោះបាន​មែន វានៅ​មានការប្រកួតប្រជែង​ផ្សេងទៀតដូចជា​ តើមនុស្ស​អាច​រស់​នៅ​បានអាយុ​ប៉ុន្មានហើយ​មុនពេល​មិន​ទាន់ប្រើប្រាស់​ថ្នាំ ។ បន្ថែម​ពីនេះ​ទៅ​ទៀត​បើទោះបី ការសិក្សា​អំពី​មូលហេតុ​ដែលធ្វើ​ឲ្យកណ្តុរ​រស់បានយូរ​អាច​ធ្វើទៅបាន​ហើយ​ ក៏ដោយ​ ចំពោះ​​ការសិក្សា​អំពី​មនុស្សអាច​ត្រូវការ​រយៈពេល​ពី ៧៥ ទៅ ៨០ឆ្នាំទៀតឯនោះ ។
អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ពុំចង់ចាំ​រហូតដល់ ៧៥ ទៅ ៨០ឆ្នាំទេ​តួយ៉ាង​លោក Ray kurweil គាត់​បានអះអាង​ថា​ព្រឹត្តិការណ៍មួយដែល​គេឲ្យឈ្មោះថា​ “ភាពចម្លែក” (Singularity) នឹងកើត​មានឡើង​ដែលនៅពេល​នោះ​មនុស្ស​នឹងក្លាយទៅជាម៉ាស៊ីន ។ សាច់ និង ឈាមគឺមិន​មែនជាវត្ថុធាតុ​ឥតខ្ចោះ​សម្រាប់​ភាពយូរអង្វែង​ឡើយ ដូចនេះ​គេនឹងផ្លាស់ប្តូរ​វាជាមួយ​វត្ថុធាតុ​ដែលអាច​ប្រើប្រាស់​បានយូរវិញ ។ ជនអនាគតនិយម​មួយចំនួន​មើល​ឃើញអនាគត​ទៅមុខ​ថា​ពិភពលោក​គឺជាកន្លែង​មួយ​ដែល​ កុំព្យូទ័រ​​គឺជាឧបករណ៍មួយ​មានតួនាទី​រក្សាទុក​ខួរក្បាលរបស់​មនុស្ស ហើយ​ធាតុស៊ីលីកូន​ជាវត្ថុ​ធ្វើជា​ផ្នែក​សម្រាប់​ជំនួស​អវៈយវៈ​ទន់ខ្សោយ ។
នៅពេល​ដែល​អ្នកវិទ្យាសាស្រ្តកំពុង​ដោះស្រាយ​ពីបញ្ហាថាតើ ម៉ាស៊ីន ឬ ការចាក់​បញ្ចូលធាតុ​ “Resveratrol” អាច​អ្វើឲ្យយើង​មានជីវិត​អមតៈនោះ វិធី​ដែលល្អបំផុត​នោះគឺអ្នកគួរ​រីករាយ​ជាមួយពេលវេលា​ដែលអ្នក​កំពុងមាន ៕
ដកស្រង់ និង កែសម្រួលពី: http://science.howstuffworks.com/environmental/life/genetic/humans-live-forever.htm

No comments: