Monday, September 23, 2013

ពិធីបុណ្យអុំទូក

នៅខែកក្តិកមានពិធីបុណ្យជាច្រើន ដែលក្នុងនោះមានពិធីបុណ្យធំៗចំនួន ៣គឺពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលគេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យទាំងនេះគេប្រារព្ធធ្វើទន្លេចតុមុខ មានរយះពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក នៅពេលយប់មានការបណ្តែតប្រទីប។ រីឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។

ប្រវត្តិបុណ្យអុំទូក
ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។ ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។ នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក(លុយ) ​ត្រួត​ត្រា​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម(ទៀត) ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។
តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន ​គេ​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​យល់​ថា “​ប្រាសាទ​បាយ័ន ជា​វិមាន​ទេព ​ក្នុង​រឿង​ព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំង​ណាស់ ” ។ នៅ​តាម​ជញ្ជាំង​​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀម​ទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​តាម​​រយៈ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ ខ្លាំង​ណាស់ ។ ចម្លាក់​នៃ​កង​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​គេ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះ​ទឹក​ដី​ឲ្យ​រួច​ពី​ការ​ត្រួត​ត្រា​របស់​ខ្មាំង​សត្រូវ ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​ នេះ​ជា​រៀង​រល់​ឆ្នាំ ។ ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គរ រហូត​មក ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង ។
ចំណែក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឈាមជ័រ​ដូច​គ្នា ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ហើយ​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ប្រទេស​វៀតណាម​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ ខក​ខាន​នោះ​ទេ ។ ជា​រៀងរាល់​ឆ្នាំ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កង​ទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យ​ជម្នះ​ពី​ពួក​ចាម ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​រៀប​ចំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ដល់​កម្រិត​កំពូល ។ តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រាវ​តន្ត្រី និង​ជីវិត​របស់​អ្នក​ស្រី​កែវ ណារុំ បាន​បញ្ជាក់​ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់​បាន​រៀប​ចំ​កង​ទ័ព​ជា​៣​ក្រុម ដើម្បី​ការពារ​ភូមិ​សាស្ត្រ​របស់​ខ្លួន គឺ​១-ទ័ព​ស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​សព្វថ្ងៃ ។ ២-ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី​៣-ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់​មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព ។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម​តែង​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥​កើត ខែ​កត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហាន​ជើង​គោក និង​ជើង​ទឹក​មក​ធ្វើការ​សម​យុទ្ធ​ជា​រៀង​រាល់​ឆ្នាំ រយៈ​ពេល​មួយ​យប់​មួយ​ថ្ងៃ និង​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​ដ៏ មាន​សារ​សំខាន់​សម្រាប់​ជនជាតិ​ខ្មែរ ។
ក្នុង​ពិធី​នេះ មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។ ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមីទាន​ ដល់​ឥន្ទ្រព្រាហ្មណ៍​។ ការ​គិត​របស់​ព្រះពោធិសត្វ​នេះ បាន​ក្ដៅ​ដល់​ឥន្ទ្រព្រាហ្មណ៍ ហើយ​ព្រះ​អង្គ​បាន​និយាយ​ថា “ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ” ។ ពេល​នោះ​ទន្សាយ​ពោធិសត្វ​បាន​ពោល​ថា “ខ្ញុំ​មាន​តែ​សាច់ និង​ឈាម​ត្រូវ​ការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់​បាន​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគ” ។ ឥន្ទ្រព្រាហ្មណ៍​គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ចំណែក​ឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវមនោសិលា​គូស​រូប​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើ [១] …… ។

No comments: