ទង់សហភាពអឺរ៉ុប |
គឺ នៅក្នុងបរិបទបែបនេះហើយ ដែលបណ្ដាប្រទេសអឺរ៉ុបប្រជាធិបតេយ្យ ផ្ដើមមានគំនិតចង់រួបរួមគ្នា ដើម្បីការពារខ្លួន ដើម្បីកសាងអឺរ៉ុបខាងលិចឡើងវិញ និងជាពិសេសដើម្បីបង្កើតសន្តិភាព ចៀសវាងកុំឲ្យសង្គ្រាម ដូចសង្គ្រាមលោកលើកទីមួយ និងសង្គ្រាមលោកលើកទីពីរ កើតឡើងទៀត។ បានន័យថា កាលនោះ នៅសម័យឆ្នាំ 1945 មូលហេតុសំខាន់ៗដែលជំរុញឲ្យបណ្ដាប្រទេសអឺរ៉ុបខាងលិច ចង់ប្រមូលផ្ដុំគ្នាជ្រកក្រោមដំបូលតែមួយ គឺសុទ្ធសឹងជាមូលហេតុនយោបាយ។
ប៉ុន្តែ នៅទីបំផុត នៅឆ្នាំ 1948 នាពេលដែលបណ្ដាប្រទេសអឺរ៉ុបប្រជាធិបតេយ្យចំនួន 19 រួមប្រជុំគ្នា នៅទីក្រុង La Haye ប្រទេស Hollande ដើម្បីជជែកគ្នាអំពីការផ្តួចផ្តើមបង្កើតអង្គការតំបន់រួមមួយ ស្រាប់តែបដិវាទកម្មកើតឡើង។ គឺការប្រឈមមុខដាក់គ្នារវាងចក្ខុនិមិត្តពីរ។
នៅម្ខាង ប្រទេសអឺរ៉ុបមួយក្រុម ដឹកមុខដោយប្រទេសអង់គ្លេស ចង់បានត្រឹមតែសហប្រតិបត្តិការរវាងគ្នា និងចង់បានតែអង្គការអឺរ៉ុបមួយដែលមិនធ្វើឲ្យបាត់បង់សោះ ឡើយអធិបតេយ្យនៃប្រទេសសមាជិកនីមួយៗ។ នៅម្ខាងទៀត មានប្រទេសអឺរ៉ុបមួយចំនួនផ្សេង ដឹកនាំដោយប្រទេសបារាំង និងប្រទេស Belgique ដែលចង់ឲ្យអភិក្រមនៃការបង្រួបបង្រួមអឺរ៉ុបនេះ បោះជំហានទៅរកសហព័ន្ធមួយ តាមគំរូនៃសហរដ្ឋអាមេរិក ដូចអ្វីដែលអ្នកនិពន្ធបារាំងសម័យសតវត្សទី 19 Victor Hugoដាក់នាមឲ្យថា Les Etats-Unis d’Europe ឬសហរដ្ឋអឺរ៉ុប។
ចក្ខុនិមិត្តទាំងពីរខុសគ្នានេះ មួយជាចក្ខុនិមិត្តអឺរ៉ុបសមាគមប្រជាជាតិ(Europe des Nations) និងមួយទៀតជាចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធន៍ (Europe fédérale) បន្តប្រឆាំងគ្នាមកទល់សព្វថ្ងៃ ជាង៦០បា្លយឆ្នាំក្រោយមក។
នៅឆ្នាំ 1950 លោក Robert Schuman រដ្ឋមន្ត្រីការបរទេសបារាំងសម័យនោះ មានគំនិតល្អមួយ នោះគឺឈប់និយាយពីអឺរ៉ុបនយោបាយ តែនិយាយពីអឺរ៉ុបសេដ្ឋកិច្ចវិញម្ដង។ លោកស្នើឲ្យដាក់ចូលជាសមូហភាពអឺរ៉ុប ធ្យូងថ្មនិងដែកថែប។ ពីព្រោះ ធ្យូងថ្ម ជាថាមពលចាំបាច់ សម្រាប់ឧស្សាហកម្ម និងការកសាងអឺរ៉ុបឡើងវិញ រីឯដែកថែបវិញ ជាលោហធាតុ យុទ្ធសាស្ត្រ សម្រាប់ផលិតអាវុធ។ នៅក្នុងស្មារតីរបស់លោកSchuman ការដាក់ធ្យូងថ្ម និង ដែកថែប នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអឺរ៉ុបតែមួយរួមគ្នា មានគោលដៅនយោបាយ និងសន្តិភាព ពីព្រោះ ធ្វើបែបនេះ វត្ថុធាតុទាំងពីរមុខនេះ នឹងមិនអាចត្រូវគេយកទៅផលិត អាវុធអ្វីផ្ដេសផ្ដាស ដើម្បីធ្វើសង្គ្រាមបានទៀតឡើយ។ អ៊ីចឹងហើយ បានជានៅឆ្នាំ 1951 បណ្ដាប្រទេសអឺរ៉ុបចំនួន 6 គឺបារាំង អាល្លឺម៉ង់ខាងលិច Belgique, Luxembourg, Hollande និង Italie សុខចិត្តបង្កើតសហគមន៍ធ្យូងថ្មនិងដែកថែបអឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅកាត់ថាCECA។
តាមរយៈសហគមន៍ CECA នេះ អឺរ៉ុបរួមចាប់បដិសន្ធិកើតចេញជារូបរាងឡើង នៅតូចកូនង៉ែតមែនពិត តែនឹងរីកធំធាត់ម្ដងបន្តិចៗ ចាប់ពីដើមទសវត្សរ៍ទី 50 ទៅ។
នៅក្នុងសម័យទសវត្សរ៍ទី50 ទ្វីបអឺរ៉ុបជាទីកន្លែងដែលសង្គ្រាមត្រជាក់រវាង Bloc ខាងកើតកុម្មុយនិស្ត និង Bloc ខាងលិចសេរី បង្កឲ្យមានភាពតានតឹងខ្លាំងជាងគេ។
នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសបារាំងមានគំនិតស្នើឲ្យបង្កើត កងទ័ពអឺរ៉ុបរួមមួយ រវាងបណ្ដាប្រទេសសមាជិកទាំង6។ គំនិតនេះលេចចេញជារូបរាងឡើង តាមរយៈ សន្ធិសញ្ញាទីក្រុងប៉ារីសឆ្នាំ1952 តែរលត់សាបសូន្យទៅវិញ នៅឆ្នាំ1954។ ពីព្រោះ កាលនោះ រដ្ឋសភាបារាំងដែលខ្លាចប្រទេសបារាំងបាត់បង់អធិបតេយ្យរបស់ខ្លួន មិនព្រម ឲ្យសច្ចាប័នទៅលើសន្ធិសញ្ញានេះទេ ខុសផ្ទុយពីរដ្ឋសភាBelgique អាល្លឺម៉ង់ខាងលិច Hollande Luxembourg និងItalie។
សព្វថ្ងៃនេះ 60ប្លាយឆ្នាំក្រោយមក ក្រុមប្រវត្តិវិទូ នៅតែបន្តអះអាងថា បើសិនជារដ្ឋសភា បារាំង មិនច្រានចោលសន្ធិសញ្ញាបង្កើតកងទ័ពអឺរ៉ុបរួមនៅឆ្នាំ1954 នោះទេ ប្រហែលជាមានសហរដ្ឋអឺរ៉ុបមួយរួចស្រេចបាត់ទៅហើយ នៅថ្ងៃនេះ។ នៅត្រង់នេះ គេគួរបើកវង់ក្រចកពិនិត្យមើលឥរិយាបថរបស់ប្រទេសបារាំងបន្តិចសិន។ ពីព្រោះ នៅក្នុងអភិក្រមនៃការកសាងអឺរ៉ុប ម្ដងជាពីរដង បារាំងអស់ពីក្លាហានក្លាយជាកំសាក អស់ពីជំរុញឲ្យទៅមុខ ក្លាយជាអ្នកយកជើងរាទឹក។ ជាក់ស្ដែងជាងគេ គឺនៅឆ្នាំ2005 ជាថ្មីម្ដងទៀត ប្រទេសបារាំងច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប ដែលខ្លួនជាអ្នកផ្ដួចផ្ដើមជំរុញឲ្យតុបតែងឡើង។
យ៉ាងណាក៏ដោយ នៅក្នុងទសវត្សរ៍ទី50 ប្រទេសសមាជិកទាំង៦នៃសហគមន៍ធ្យូងថ្ម និងដែកថែបអឺរ៉ុប បន្តជំរុញឲ្យទៅមុខកាន់តែលឿន គំនិតដែលថាត្រូវតែដើរ ទៅឲ្យដល់ គោលដៅអឺរ៉ុបនយោបាយ។ នៅក្នុងន័យនេះ នៅឆ្នាំ1957 បណ្ដាប្រទេសអឺរ៉ុបទាំង6 មូលមតិគ្នា បង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុប La Communauté Economique Européenne ហៅកាត់ថា CEE តាមរយៈសន្ធិសញ្ញាទីក្រុងRome។ គោលដៅនៃសន្ធិសញ្ញានេះ គឺបង្កើតឲ្យមានទីផ្សាររួមមួយ និងអនុញ្ញាតឲ្យមានដោយសេរី ចរាចរណ៍មនុស្ស ចរាចរណ៍ផលិតផល និងចរាចរណ៍មូលធន នៅក្នុងព្រំដែននៃបណ្ដាប្រទេសសមាជិកទាំង6 របស់សហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE។ ដោយសារតែសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ការផ្តោះប្តូរពាណិជ្ជកម្មរវាងបណ្ដាប្រទេសសមាជិកទាំង6 កើនឡើងខ្លាំង កើនមួយជាប្រាំ ក្នុងចន្លោះឆ្នាំ1957 និងឆ្នាំ1970។ រីឯផលិតផលដែលសហគមន៍លក់ចេញទៅក្រៅវិញក៏កើនឡើងបានមួយជាបី។ និយាយរួម សហគមន៍សេដ្ឋកិច្ចអឺរ៉ុប គឺជាជ័យជំនះសេដ្ឋកិច្ចមួយប្រកែកមិនបាន។
ឆ្នាំ 1958 លោក de Gaulle ត្រឡប់មកកាន់អំណាចវិញនៅប្រទេសបារាំងជាហេតុធ្វើឲ្យ ការកសាងអឺរ៉ុបនៅគាំងដំណើរមួយកន្លែង |
ពី ឆ្នាំ1957 ដល់ឆ្នាំ1969 ក្នុងរយៈពេល12ឆ្នាំ អឺរ៉ុបរួមគ្នានៅលើតែវិស័យសេដ្ឋកិច្ចនេះបោះជំហានទៅមុខ យ៉ាងយឺតជាទីបំផុត។ ពីព្រោះ ឧត្ដមសេនីយ៍ de Gaulle ដែលបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ1958 នៅប្រទេសបារាំង មិនសូវរវល់ពីការកសាងអឺរ៉ុបទេ គិតតែពីធ្វើឲ្យប្រទេសបារាំងខ្លាំង ឯករាជ្យនិងក្លាយជាមហាអំណាចបរមាណូ។
ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ សហគមន៍CEE ក្លាយជាអង្គការសេដ្ឋកិច្ចមួយមាំ ប្រកបដោយឥទ្ធិពលខ្លាំង រហូតដល់ជំរុញប្រទេសអង់គ្លេស ឲ្យសុំចូលជាសមាជិកនៅឆ្នាំ1968។
តែ ឧត្ដមសេនីយ៍ de Gaulle មិនព្រម ពីព្រោះអង់គ្លេសស្និទ្ធនឹងសហរដ្ឋអាមេរិកខ្លាំងពេក។
គេ ត្រូវ រង់ចាំដល់ឆ្នាំ1969 ក្រោយពេលដែល de Gaulle បានលាចេញពីអំណាច ទើបឃើញប្រទេសបារាំងយល់ព្រមផ្ដល់សន្ទុះថ្មីដល់អឺរ៉ុបនយោបាយ។ គឺជាការវិលត្រឡប់មកវិញនៃចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធ (Europe fédérale)។ នៅក្នុងន័យនេះ ប្រទេសសមាជិកទាំង6នៃសហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE ដែលរួមប្រជុំគ្នាក្នុងទីក្រុង La Haye ប្រទេស Hollande នៅឆ្នាំ1969 ប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវគោលដៅបីនាអនាគតកាល។
ទី មួយ បង្កើតរូបិយវត្ថុរួមមួយ ទីពីរ ធ្វើការចរចាដើម្បីបើកផ្លូវឲ្យប្រទេស Anglais Danemark Irlande និង Norvège ចូលជាសមាជិក និងទីបី រិះរកមធ្យោបាយដែលនាំទៅរកអឺរ៉ុបនយោបាយ ឲ្យបានលឿនរហ័ស។
ហេតុអ្វី បានជានៅទីបំផុត បារាំងព្រមឲ្យអង់គ្លេសចូលជាសមាជិករបស់សហគមន៍សេដ្ឋកិច្ចអឺរ៉ុប CEE?
បារាំង ដឹង ដឹងជាមុនថា អង់គ្លេសដែលស្និទ្ធនឹងអាមេរិក និងដែលប្រឆាំងនឹងចក្ខុនិមិត្តអឺរ៉ុបសហព័ន្ធ ច្បាស់ជាខ្ទប់នៅថ្ងៃមុខ មិនឲ្យអឺរ៉ុបនយោបាយ រីកលូតលាស់ទៅមុខបាន។
តែបារាំងអត់ជម្រើស ពីព្រោះប្រទេសសមាជិកអឺរ៉ុបដទៃដាក់សម្ពាធមកលើខ្លួនខ្លាំងពេក ទាមទារឲ្យទីក្រុង Paris ដក Veto បើកទ្វារឲ្យអង់គ្លេសចូលមកក្នុងសហគមន៍ CEE។
អ៊ីចឹងហើយបាន ជាសហគមន៍សេដ្ឋកិច្ចអឺរ៉ុបរីកធំ ចាប់ពីឆ្នាំ1973 ទៅ ដោយមានសមាជិកបីបន្ថែម នោះគឺ Anglais Irlande និង Danemark។ ប្រទេស Grèce ក្លាយជាសមាជិក នៅឆ្នាំ1981 Espagne និង Portugal នៅឆ្នាំ1986។ ទន្ទឹមនឹងនេះ នៅឆ្នាំ1979 សហគមន៍ CEE សម្រេចឲ្យរៀបចំបោះឆ្នោតសភាអឺរ៉ុបជាសាកល ជាលើកទីមួយបង្អស់ និងឲ្យបង្កើតប្រព័ន្ធរូបិយវត្ថុរួមមួយ ដែលជាប្រភពដើមនៃប្រាក់អឺរ៉ូ សព្វថ្ងៃ។
នៅឆ្នាំ1986 សន្ធិសញ្ញាមួយថ្មីដែលភាសាបារាំងគេហៅថា Acte Unique គ្រោងលុបបំបាត់ចោលទាំងស្រុង ឧបសគ្គនៅសេសសល់ទាំងប៉ុន្មាន ដែលបង្កជាបញ្ហាមិនឲ្យទីផ្សាររួមតែមួយកើតចេញជារូបរាងបាន។
តែ អ្វីដែលសំខាន់ គឺការមូលមតិគ្នារវាងបណ្ដាប្រទេសសមាជិកទាំងអស់ ថានឹងធ្វើឲ្យសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ក្លាយទៅជាសហភាពអឺរ៉ុប នាពេលខាងមុខ។ គោលដៅ នៃឯកសារ Acte uniqueនេះ គឺធ្វើឲ្យអឺរ៉ុបរួមដើរតួនាទីកាន់តែសំខាន់ នៅលើឆាកអន្តរជាតិ ដើម្បីជួយសម្រួលឲ្យពិភពលោកមានតុល្យភាពភូមិសាស្ត្រនយោបាយល្អ។
អ៊ីចឹង ហើយបានជាចាប់ពីឆ្នាំ1986 មក បណ្ដាប្រមុខរដ្ឋ និងបណ្ដាប្រមុខរដ្ឋាភិបាលសមាជិកអឺរ៉ុបទាំងអស់ ចាប់ផ្ដើមរួមប្រជុំគ្នាជាច្រើនដង ក្នុងមួយឆ្នាំៗ។ គឺជាការចាប់កំណើតឡើងនៃ ស្ថាប័នក្រុមប្រឹក្សាអឺរ៉ុប (Le Conseil d’Europe ) ដែលគេអាចចាត់ទុកថា ជាអំណាចនីតិប្រតិបត្តិរបស់អឺរ៉ុប។ តាមរយៈស្ថាប័នក្រុមប្រឹក្សាអឺរ៉ុប បណ្ដាប្រទេសសមាជិក ត្រួតពិនិត្យនិងក្ដាប់យ៉ាងជាប់អភិក្រមនៃការបន្តកសាងអឺរ៉ុប ឲ្យក្លាយទៅដូចអ្វីដែលពួកគេចង់បាន ពោលគឺទុកឲ្យនៅជាអឺរ៉ុបសមាគមប្រជាជាតិ(Europe des Nations) សិន។
ក៏ប៉ុន្តែទន្ទឹមជាមួយគ្នានេះ វត្តមាននៃស្ថាប័នសហភាពអឺរ៉ុប ដែលប្រជាពលរដ្ឋអឺរ៉ុប នៅតាមប្រទេសសមាជិកនីមួយៗ ជាអ្នកបោះឆ្នោតតែងតាំងពួកអ្នកតំណាងរាស្ត្រ ជាសញ្ញាមួយដែលស្ដែងឲ្យឃើញថា អឺរ៉ុបសហព័ន្ធ ក៏កំពុងបោះជំហានទៅមុខសន្សឹមៗដែរ។ បានន័យថា ចាប់ពីឆ្នាំ1979ទៅ អឺរ៉ុបរួមមិនមែនជាអង្គការសេដ្ឋកិច្ចមួយសុទ្ធសាធ ដូចពីពេលមុនទៀតទេ។ ពីអំណឹះតទៅ អឺរ៉ុបរួម មានលក្ខណៈនយោបាយកាន់តែច្បាស់ឡើងៗ ជាលំដាប់។
យ៉ាងណាក៏ដោយ នៅឆ្នាំ1989 អឺរ៉ុបរួមដើរមកដល់របត់មួយថ្មី។ ឆ្នាំ1989 ជាឆ្នាំដែលសេរីភាពបោកបក់ខ្លាំងទៅលើសហភាពសូវៀត និងទៅលើបណ្ដាប្រទេស រណបសហភាពសូវៀត នៅអឺរ៉ុបខាងកើត។ រដ្ឋអំណាចនៅ Moscou បន្តអនុវត្តនយោបាយកែទម្រង់ Perestroïka បក្សប្រឆាំងឈ្នះឆ្នោតនៅ Pologne Hongrie បើកច្រកព្រំដែននៅខាងលិចប្រទេស។
តែហេតុការណ៍សំខាន់ គឺការដួលរលំនៃជញ្ជាំង Berlin។ ជញ្ជាំងBerlin រលំ សង្គ្រាមត្រជាក់ត្រូវចប់ មនោគមវិជ្ជាកុម្មុយនិស្តរលាយ សហភាពសូវៀត ចាប់ផ្ដើមត្រដរខ្យល់។
ព្រឹត្តិការណ៍លោតប្លោះលឿនរហ័សទាំង នេះ បង្កជាបញ្ហាដល់ការកសាងអឺរ៉ុប។ ជញ្ជាំង Berlin រលំ បានន័យថា មិនយូរមិនឆាប់ អាល្លឺម៉ង់ខាងលិចនិងអាល្លឺម៉ង់ខាងកើត ត្រូវតែរួបរួមគ្នាជាប្រទេសតែមួយវិញ។ ប្រធានាធិបតីបារាំង François Mitterrand យល់ដឹងភ្លាមថា ប្រទេសអាល្លឺម៉ង់តែមួយ ធំជាងមុន និងខ្លាំងជាងមុន អាចធ្វើឲ្យអឺរ៉ុបរួមបាត់បង់តុល្យភាព និងអាចធ្វើឲ្យការកសាងអឺរ៉ុបគាំងដំណើរ នៅមួយកន្លែង។
នៅ ក្នុងបរិបទនេះ បារាំងនិងអាល្លឺម៉ង់យល់ឃើញថា មានតែការបង្កើនល្បឿនសមាហរណកម្មនយោបាយទេ ដែលអាចជួយស្រោចស្រង់អឺរ៉ុបរួមឲ្យរួចពីគ្រោះថ្នាក់បាន។ គឺចាប់ពីឆ្នាំ1989 នោះហើយ ដែលថ្នាក់ដឹកនាំអឺរ៉ុប ផ្ដើមគិតគូរអំពីការបង្កើតប្រាក់អឺរ៉ូរួមមួយ។ គំនិតនេះក្លាយចេញជារូបរាង តាមរយៈសន្ធិសញ្ញា Maastricht នៅឆ្នាំ1992 ។ គឺជាសន្ធិសញ្ញាដែលចែងពីសហភាពអឺរ៉ុបក្នុងនាមជាអឺរ៉ុបរួមនយោបាយ សេដ្ឋកិច្ច និង រូបិយវត្ថុ។
ទីស្នាក់ការកណ្ដាលរបស់គណៈកម្មការអឺរ៉ុប នៅប្រទេសបែលហ្ស៊ិក |
ក៏ប៉ុន្តែ ជញ្ជាំង Berlin ដែលបានរលំ និងពីរឆ្នាំក្រោយមក សហភាពសូវៀតដែលបានរលាយក៏នាំបញ្ហាពីក្រៅមកបញ្ឆេះនៅខាងក្នុង សហភាពអឺរ៉ុបដែរ។ បញ្ហាពីក្រៅនេះ គឺសង្គ្រាមនៅYougoslavie។ អាល្លឺម៉ង់កាន់ជើងពួកCroates រីឯបារាំងវិញមិនព្រមគាបសង្កត់ពួកSerbes តាមការស្នើសុំរបស់អាល្លឺម៉ង់។ មែនទែនទៅ អឺរ៉ុបរួមគ្មានជំហររួម នៅចំពោះមុខវិបត្តិYougoslavie។ ធ្ងន់ធ្ងរជាងនេះទៅទៀត អឺរ៉ុបរួមគ្មានទ័ពធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមមួយ ដែលកើតឡើង នៅចំមាត់ទ្វារផ្ទះរបស់ខ្លួនតែម្តង។ ហើយជាថ្មីម្តងទៀត គឺសហរដ្ឋអាមេរិកទេតើ ដែលនៅទីបំផុត បានមកពន្លត់ភ្លើងសង្គ្រាម Yougoslavie នេះ។
គឺនៅក្នុងបរិបទ បែបនេះហើយ បានជាចាប់ពីដើមទសវត្សរ៍ទី90 ទៅ ចាប់ផ្តើមមាន នៅក្នុងសហភាពអឺរ៉ុប អ្នកដែលមិនទុកចិត្ត មិនគាំទ្រ និងមាក់ងាយសហភាពអឺរ៉ុបច្រើនឡើងៗ ជាភាសាបារាំងគេហៅថា ពួក Eurosceptiques។
នៅក្រៅព្រំដែននៃសហភាពអឺរ៉ុបវិញ អ្វីៗក៏ផ្ដើមប្រែប្រួលអស់រលីង ៖ សហភាពសូវៀតរលាយ សហរដ្ឋអាមេរិកក្លាយជាមហាអំណាចផ្តាច់មុខ ប្រទេសចិនអនុវត្តសេដ្ឋកិច្ចទីផ្សារដែលសឹងមានលក្ខណៈជាមូលធននិយម ព្រៃផ្សៃ។ បណ្ដាប្រទេសអឺរ៉ុបខាងកើតដែលទើបបានរួចខ្លួនពីក្រញាំកុម្មុយនិស្ត និងពីឥទ្ធិពលសូវៀត មើលឃើញតែគំរូសហរដ្ឋអាមេរិក និងស្រឡាញ់តែសេរីនិយមរបៀបអាមេរិកាំង។ សេដ្ឋកិច្ចសង្គមទីផ្សារ Economie sociale du marché របស់សហភាពអឺរ៉ុបមិនទាក់ទាញចិត្តរបស់ពួកគេឡើយ។
ក៏ប៉ុន្តែ សហរដ្ឋអាមេរិកនៅឆ្ងាយពេក ជាហេតុធ្វើឲ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតអត់ជម្រើស ត្រូវតែមកគោះទ្វារសហភាពអឺរ៉ុប ដើម្បីសុំចូលជាសមាជិក។ អឺរ៉ុបខាងកើតដែលមកគោះទ្វារអឺរ៉ុបខាងលិច ជាប្អូនជីដូនមួយក្រីក្រ មានប្រវត្តិផ្សេងនិងចិត្តគំនិតផ្សេង។ សូម្បីតែអាល្លឺម៉ង់ខាងកើតក៏ប្លែកដែរ មិនដូចអាល្លឺម៉ង់ខាងលិចទេ។
យ៉ាងម៉េចក៏ដោយ សហភាពអឺរ៉ុបគ្មានជម្រើសអ្វីក្រៅពីបើកទ្វារ និងបើកដៃទទួលបណ្ដាប្រទេសទាំងនេះតែប៉ុណ្ណោះ។ ពីព្រោះម្យ៉ាង សហភាពអឺរ៉ុបមិនស្រួលចិត្ត មានអារម្មណ៍មិនល្អ ដោយបានបោះបង់ចោលបណ្ដាប្រទេសអឺរ៉ុបខាងកើតទាំងនេះឲ្យនៅរងទុក្ខ ក្រោមនឹមកុម្មុយនិស្តរបស់សហភាពសូវៀត ជិតកន្លះសតវត្សរ៍។ ពីព្រោះម្យ៉ាងទៀត សន្ធិសញ្ញាទាំងប៉ុន្មានដែលស្តីពីការកសាងអឺរ៉ុបរួម សុទ្ធតែបានគ្រោងទុកកន្លែងរង់ចាំទទួលបណ្ដាប្រទេសអឺរ៉ុបខាងកើត ពេលណាដែលប្រទេសទាំងអស់នេះរើបម្រះចេញរួចពីរបបផ្ដាច់ការ។ និងពីព្រោះម្យ៉ាងចុងក្រោយ ដើម្បីសន្តិភាពនៅក្នុងទ្វីបអឺរ៉ុប សហភាពអឺរ៉ុបត្រូវតែដាច់ចិត្តទទួលបណ្ដាប្រទេសអឺរ៉ុបខាងកើត មកធ្វើជាសមាជិក។
អឺរ៉ុបខាងកើត ជាពិសេសអឺរ៉ុបកណ្ដាល ជាតំបន់ពោរពេញទៅដោយអស្ថិរភាព ពីព្រោះព្រំដែននៃប្រទេសទាំងនេះ ត្រូវបានកាត់បែងចែកដោយសន្ធិសញ្ញា Versailles ក្រោយសង្គ្រាមលោកលើកទីមួយ ត្រូវបានសើរើមើលឡើងវិញ ដោយកតិកាសញ្ញាអាល្លឺម៉ង់-រុស្ស៊ី នៅសម័យដើមដំបូងនៃសង្គ្រាមលោកលើកទីពីរ និងក្រោយមក ត្រូវបានទុកឲ្យនៅជា Statu quo តាំងពីចប់សង្គ្រាមលោកលើកទីពីរមកម្ល៉េះ។ បានន័យថា សង្គ្រាម ដូចជាសង្គ្រាមនៅ Yougoslavie ជាដើម អាចនឹងផ្ទុះឡើងគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងក្នុងតំបន់អឺរ៉ុបខាងកើត។ ម៉្លោះហើយ តាមរយៈការទទួលបណ្ដាប្រទេសទាំងនេះឲ្យចូលជាសមាជិក សហភាពអឺរ៉ុបមានបំណងចង់ខ្ទប់កុំឲ្យសង្គ្រាមជាយថាហេតុ កើតឡើងទៀតបាន។
ក៏ប៉ុន្តែ ជាមួយនឹងបណ្ដាសមាជិកថ្មីមកពីអឺរ៉ុបខាងកើត បញ្ហាថ្មីក៏កើតមានដែរនៅក្នុងសហភាពអឺរ៉ុប។ ទីមួយ ដូចបានលើកឡើងអំបាញ់មិញរួចហើយថា ប្រទេសទាំងនេះដែលទើបតែបានឈានជើងចេញពីរបបកុម្មុយនិស្ត ចង់បានណាស់សេដ្ឋកិច្ចសេរីនិយមបែបអាមេរិកាំង មិនយកទេ មិនចង់បានទេសេដ្ឋកិច្ចសង្គមទីផ្សារបែបសហភាពអឺរ៉ុប។ ទីពីរ ប្រទេសទាំងនេះ មិនចង់បានទេអឺរ៉ុបរួមនយោបាយ ពីព្រោះ ពួកគេដែលទើបតែបានចេញរួចពីកុម្មុយនិស្ត មានស្មារតីជាតិនិយមខ្លាំង ស្រឡាញ់បូរណភាពទឹកដី និងមិនចង់បាត់បង់អធិបតេយ្យ សោះឡើយ។ ទីបី ប្រទេសទាំងនេះនៅភ័យ នៅខ្លាចរុស្ស៊ី ត្រូវការឲ្យសហរដ្ឋអាមេរិកការពារ ចង់ឋិតនៅក្រោមឆត្រសន្តិសុខអាមេរិកាំង ពីព្រោះសហភាពអឺរ៉ុបគ្មានកងទ័ពរួម គ្មានក្រសួងការពារអឺរ៉ុបរួម។
ម៉្លោះ ហើយ សមាជិកថ្មីមកពីអឺរ៉ុបខាងកើតនាំគ្នាងាកទៅរកអង្គការសន្ធិសញ្ញា Atlantique ខាងជើង ហៅកាត់ថា OTAN។
គឺ នៅក្នុងបរិបទនៃបញ្ហា ទាំងបីខាងលើនេះហើយ ដែលសហភាពអឺរ៉ុបបង្កើនចំនួនប្រទេសសមាជិក ពង្រីកព្រំដែនសំដៅទៅទិសខាងកើត។
ផែនទីសហភាពអឺរ៉ុបដែលមានសមាជិក 27 ប្រទេស |
មិនតែប៉ុណ្ណោះ ពីអំណើះតទៅ សហភាពអឺរ៉ុបទទួលស្គាល់លក្ខន្តិកៈរបស់ពលរដ្ឋអឺរ៉ុប។ បានន័យថា ពលរដ្ឋអឺរ៉ុបគ្រប់រូបមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសតំណាង រាស្រ្តអឺរ៉ុបនិងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងប្រទេសអឺរ៉ុបណាដែលខ្លួនរស់នៅ។ ឧទាហរណ៍ ជនជាតិអង់គ្លេសដែលរស់នៅក្នុងប្រទេសបារាំង មានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសរើសអ្នកតំណាងរាស្ត្រអឺរ៉ុប នៅលើទឹកដីបារាំងផ្ទាល់តែម្តង។
តែអ្វីដែលមានលក្ខណៈ បដិវត្តន៍ខ្លាំងនោះ គឺសហភាពអឺរ៉ុប ជាអឺរ៉ុបរួមសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយ។ នៅក្នុងន័យនេះ នៅថ្ងៃទី 1 មករា ឆ្នាំ2002 សមាជិកអឺរ៉ុបចំនួន12 ប្រទេស មូលមតិគ្នាទទួលយកប្រាក់អឺរ៉ូមកប្រើប្រាស់។ ទន្ទឹមជាមួយគ្នានេះ សហភាពអឺរ៉ុបក៏ផ្តើមចាក់គ្រឹះនយោបាយការបរទេសរួមមួយ និងផ្តើមពង្រីកអំណាចរបស់ខ្លួនដែរ។
សហភាពក៏ត្រូវការសើរើ មើល ឡើងវិញដែរ បែបបទនៃដំណើរការស្ថាប័នអឺរ៉ុប ពីព្រោះជាមួយការបើកទ្វារទទួលបណ្តាប្រទេសអឺរ៉ុបខាងកើត ចំនួនសមាជិករបស់សហភាពកើនឡើងពី15 ទៅ25 និង រួចហើយ ពី25ទៅ27។ អ៊ីចឹងហើយ បានជានៅខែកុម្ភៈឆ្នាំ 2001 បារាំងរៀបចំសន្និសីទអន្តររដ្ឋាភិបាលមួយនៅទីក្រុង Nice និងតុបតែងសន្ធិសញ្ញាមួយឡើង ដែលនៅទីបំផុតត្រូវសមាជិកសំខាន់ៗច្រានចោល។ មូលហេតុគឺ មកពីសន្ធិសញ្ញាទីក្រុង Nice ផ្តល់អំណាចខ្លាំងពេកដល់ប្រទេសសមាជិកមួយចំនួនដែលមានទំហំធំ និងប្រជាជនច្រើនដូចយ៉ាង Pologne និង Espagne។ នៅពេលនោះហើយ ដែលជាលើកទីមួយបង្អស់ សភាអឺរ៉ុបចេញមុខស្នើ រដ្ឋាភិបាលប្រទេសសមាជិកទាំងអស់ ឲ្យស្រុះស្រួលគ្នាបង្កើតក្រុមការងារមួយទទួលបន្ទុកខាងតាក់តែង រដ្ឋធម្មនុញ្ញអឺរ៉ុប រដ្ឋធម្មនុញ្ញអឺរ៉ុបដែលនឹងត្រូវអនុញ្ញាតឲ្យសហភាពមានដំណើររលូនទៅ មុខល្អ។
ឆ្នាំ 2005 ជាឆ្នាំនៃការតស៊ូមតិយ៉ាងផុសផុលនៅក្នុងសហភាពអឺរ៉ុប ជុំវិញរដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយពីបានតាក់តែងរួចហើយ រដ្ឋធម្មនុញ្ញនេះត្រូវទទួលសច្ចាប័នពីសំណាក់ប្រទេសសមាជិកនីមួយៗសិន មុននឹងអាចចូលជាធរមានបាន។ ប្រទេសបារាំងស្នើឲ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើសច្ចាប័ន តាមរយៈការបោះឆ្នោតប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់តែនៅខែឧសភាឆ្នាំ2005 ប្រជាពលរដ្ឋបារាំងច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប ជាហេតុធ្វើឲ្យអភិក្រមនៃការបន្តកសាងសហភាពអឺរ៉ុបគាំងដំណើរនៅមួយ កន្លែង សាជាថ្មីម្តងទៀត។
ជារួម ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប តាំងពីចប់សង្គ្រាមលោកលើកទីពីរ មកទល់ពេលនេះ គឺជាប្រវត្តិនៃការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រចក្ខុនិមិត្ត នៃអឺរ៉ុបសហព័ន្ធ Europe fédérale និងអ្នកគាំទ្រចក្ខុនិមិត្តនៃអឺរ៉ុបសមាគមប្រជាជាតិ Europe des Nations។ នៅត្រង់នេះ គេអាចនិយាយបានថា 50ឆ្នាំក្រោយសន្ធិសញ្ញាទីក្រុង Rome សហភាពអឺរ៉ុបមិនមែនជាសហរដ្ឋអឺរ៉ុប ដូចគំរូនៃសហរដ្ឋអាមេរិកនៅឡើយទេ។ ហើយវាក៏មិនមែនជាសហព័ន្ធន៍មួយ ដូចសហព័ន្ធន៍ Suisse ឯណា។ សហភាពអឺរ៉ុប គ្រាន់តែជាសហភាពនៃបណ្តារដ្ឋឯករាជ្យចំនួន 27 ដែលមកទល់ពេលនេះ នៅមិនទាន់ដាច់ចិត្តបង្កើតអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យរួម គ្នាមួយនៅឡើយ។
គេក៏មិនត្រូវបំភ្លេចទេ មូលហេតុដើមដែលបានជម្រុញថ្នាក់ដឹកនាំទាំងអស់ ឲ្យចាប់ដៃគ្នាបង្កើតអឺរ៉ុបរួម។ មូលហេតុនោះ គឺចៀសវាងកុំឲ្យសង្គ្រាម ដូចសង្គ្រាមលោកលើកទីមួយ និងសង្រ្គាមលោកលើកទីពីរកើតឡើង នៅទ្វីបអឺរ៉ុបទៀត។ ចំណុចមួយទៀត ដែលគួរចងចាំ គឺបារាំងនិងអាល្លឺម៉ង់ ជាក្បាលរទេះភ្លើងដែលអូសទាញឲ្យអភិក្រមនៃការកសាងសហភាពអឺរ៉ុប បោះពួយទៅមុខ។
តទៅថ្ងៃមុខ សហភាពអឺរ៉ុប ប្រហែលជាគ្មានជម្រើសអ្វីក្រៅពីបង្កើនល្បឿនសមាហរ័ណកម្ម ផ្នែកនយោបាយរួមនិងផ្នែកការពារអឺរ៉ុបរួមនោះទេ។ ពីព្រោះប្រទេសអឺរ៉ុបមួយណាក៏ដោយដែលនៅដាច់តែឯង ទោះជាបារាំង អង់គ្លេសឬអាល្លឺម៉ង់ក៏ដោយ គ្មានទម្ងន់ទេ ទឹកមាត់មិនប្រៃទេ នៅចំពោះមុខសហរដ្ឋអាមេរិកឬប្រទេសចិន។ ក៏ប៉ុន្តែ គេក៏ត្រូវដឹងដែរថា ចាប់ពីពេលនេះទៅ ការបន្តកសាងអឺរ៉ុបរួម ជាការមួយពិបាកឡើងៗ។ពីព្រោះ ពី 6 ប្រទេសនៅក្នុងអតីតកាល អឺរ៉ុបបានកើនដល់ទៅ 27ប្រទេស ក្នុងបច្ចុប្បន្នកាលនិងប្រហែលដល់ទៅ៣០ប្លាយប្រទេស នៅអនាគតកាល។
សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការយល់ព្រមជាឯកច្ឆ័ន្ទពីសំណាក់សមាជិកទាំងអស់ ។ ឲ្យតែមាន Veto ប្រឆាំងពីប្រទេសណាមួយបរាជយ័នឹងមកដល់ភ្លាម។
បណ្ដាប្រទេសសមាជិកអឺរ៉ុបទាំង ២៧ នៅទីក្រុង Lisbonne ប្រទេស Portugalនៅ ខែធ្នូឆ្នាំ 2007 |
ក៏ ប៉ុន្តែ យ៉ាងណាក៏ដោយសហភាពអឺរ៉ុបបន្តត្រដររស់។ Roumanie និង Bulgarie បានចូលជាសមាជិក ធ្វើឲ្យអឺរ៉ុប 25ប្រទេសក្លាយជាអឺរ៉ុប ២៧ប្រទេស។ អឺរ៉ុបបន្តរស់ តែដើរអូសជើងតាំងពីឆ្នាំ 2005 មកម្ល៉េះ។ ពីព្រោះ ក្បាលរទេះភ្លើងអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់និងប្រទេស បារាំងឈប់ដំណើរការ។
នៅអាល្លឺម៉ង់ លោកស្រី Angela Merkel ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ជាប់រវល់សម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្រោយពីប្រទេសទាំងពីរបានបែរខ្នងដាក់គ្នាអស់ពីរ បីឆ្នាំ ព្រោះតែសង្គ្រាម Irak។ បារាំងវិញ ក្រពុលមុខខ្លាំង ដោយហេតុតែប្រជាពលរដ្ឋរបស់ខ្លួនបានច្រានចោលរដ្ឋធម្មនុញ្ញអឺរ៉ុប នៅឆ្នាំ2005 ហើយដោយហេតុតែនៅឆ្នាំ2007 ប្រទេសបារាំងត្រូវជាប់រវល់បោះឆ្នោតប្រធានាធិបតីថែមទៀត ម្ល៉ោះហើយគ្មានពេលគិតគូរពីសហភាពអឺរ៉ុបឡើយ។
នៅឆ្នាំ2007 ដដែលនោះ ក៏មានដែរបញ្ហានៅក្នុងបណ្ដាប្រទេសសមាជិកដែលចេញពីអឺរ៉ុបខាងកើត។ ប្រទេស Pologne ដែលដឹកនាំដោយបងប្អូនបង្កើតពីរនាក់ ម្នាក់ជាប្រធានាធិបតី ម្នាក់ទៀតជានាយករដ្ឋមន្ត្រី ខ្លាច Russie និងមិនទុកចិត្ត Allemand ហើយចង់ស្និទ្ធស្នាល
ជាមួយសហរដ្ឋ អាមេរិក។ ប្រទេស Tchèque វិញ ក៏មានជំហរដូចប្រទេស Pologne អ៊ីចឹងដែរ។ ការពិតប្រទេសទាំងពីរនេះប្រកាន់ឫកពាជាអ្នកជាតិនិយម មិនចង់បានទេសមាហរណកម្មខ្លាំងពេកទៅក្នុងសហភាពអឺរ៉ុប។ ក្រៅពីនេះកិច្ចចរចាជាមួយប្រទេស Turquie ដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុបចោទជាបញ្ហា ពីព្រោះមានការប្រឆាំងពីសំណាក់សមាជិកខ្លះ និងការគាំទ្រពីសំណាក់សមាជិកខ្លះទៀត។ ទន្ទឹមជាមួយគ្នានេះ Pologne និង Lituanie ចេះតែជំរុញឲ្យសហភាពអឺរ៉ុបទទួលប្រទេស Ukraine មកធ្វើជាសមាជិក។ ក៏ប៉ុន្តែ សហភាពអឺរ៉ុបស្ទាក់ស្ទើរ ព្រោះខ្លាច Russie អន់ចិត្ត។ ប្រទេស Ukraine ខ្លួនឯង ក៏អល់អែកដែរ ម្តងចង់ម្តងមិនចង់ចូលជ្រកក្រោមដំបូលអឺរ៉ុបរួម។ ទាំងនេះ ស្ដែងឲ្យឃើញថា ពីឆ្នាំ2005 ដល់ ឆ្នាំ2007 សហភាពអឺរ៉ុបទៅមុខមិនរួច គ្មានជំហររួម និងអត់ទម្ងន់នៅលើឆាកអន្តរជាតិ។
យ៉ាងណាក៏ដោយ ចាប់ពីឆ្នាំចុងឆ្នាំ2008 ទៅ ផ្ទៃមេឃនៃសហភាពអឺរ៉ុបចាប់ផ្តើមស្រឡះឡើងវិញបន្តិចម្តងៗ ដោយសារតែប្រទេសបារាំង។ ប្រទេសបារាំង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីថ្មី Nicolas Sarkozy ផ្តួចផ្តើមតាក់តែងសន្ធិសញ្ញាមួយថ្មី ដើម្បីជំនួសរដ្ឋធម្មនុញ្ញអឺរ៉ុបឆ្នាំ2005 ដែលត្រូវបានបោះបង់ចោល ដោយហេតុតែពលរដ្ឋ ឬសភានៃប្រទេសសមាជិកខ្លះមិនព្រមឲ្យសច្ចាប័ន។
សន្ធិសញ្ញា ថ្មីនេះ អនុម័តនៅទីក្រុង Lisbonne នៅថ្ងៃទី13 ធ្នូ ឆ្នាំ២០០៧ និងចូលជាធរមាននៅថ្ងៃទី1 ធ្នូ ឆ្នាំ2009 មានគោលដៅផ្តល់សន្ទុះថ្មីដល់ការបន្តកសាងអឺរ៉ុបរួម។ ជាក់ស្តែង សិទ្ធិប្រើ Véto ពីសំណាក់បណ្តាប្រទេសសមាជិកដើម្បីខ្ទប់សេចក្តីសម្រេចចិត្តរួម ផ្សេងៗត្រូវបានកាត់បន្ថយ ហើយពីអំណើះតទៅប្រទេសមួយណាក៏ដោយមានសិទ្ធិដកខ្លួនគ្រប់ពេលវេលា ចេញពីសហភាពអឺរ៉ុប។
សន្ធិសញ្ញាទីក្រុង Lisbonne ក៏មានគោលដៅពង្រឹងអំណាចរបស់សហភាពអឺរ៉ុប នៅលើឆាកអន្តរជាតិដែរ ដោយចង់ឲ្យអឺរ៉ុបមានសំឡេងរួមគ្នាតែមួយនៅក្នុងពិភពលោក តាមរយៈការបង្កើតតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុប និងការបង្កើតតំណែងឧត្តមតំណាងនៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការ បរទេស និងសន្តិសុខ។
ក៏ប៉ុន្តែ តាំងពីចុងឆ្នាំ2008 មកទល់ត្រីមាសទី១នៃឆ្នាំ2010 នេះ ពួកអ្នកមិនទុកចិត្ត និងមើលស្រាលអឺរ៉ុប គឺពួក Eurosceptiques ចាប់ផ្តើមស្តីបន្ទោសសហភាពអឺរ៉ុបជាថ្មីឡើងវិញ។ ម្យ៉ាង គឺមកអំពីក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងCopenhague ក្នុងខែធ្នូឆ្នាំ2009 ទឹកមាត់របស់អឺរ៉ុបមិនប្រៃ នៅចំពោះមុខសហរដ្ឋអាមេរិក និងប្រទេសចិន។ ម្យ៉ាងទៀត គឺមកអំពីតំណែងប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអឺរ៉ុបត្រូវបាន ប្រគល់ទៅឲ្យជនជាតិBelgique Herman Van Rompuy ដែលគ្មានបុគ្គលិកលក្ខណៈខ្លាំង និងដែលគ្មានកិត្តិនាម នៅលើឆាកអន្តរជាតិ។ រីឯមូលហេតុចុងក្រោយដែលធ្វើឲ្យគេពិបាកជឿទៅលើឥទ្ធិពលរបស់អឺរ៉ុប គឺអវត្តមាននៃសកម្មភាពរួមរបស់អឺរ៉ុប ដើម្បីជួយសង្គ្រោះប្រជាជនHaïti ក្រោយគ្រោះរញ្ជួយដី នៅខែមករាកន្លងទៅនេះ។
ចង់ឬមិនចង់ ទ្វីបអឺរ៉ុបទាំងមូល និងសហភាពអឺរ៉ុបដាច់ដោយឡែក លែងជាដង្ហើមនៃពិភពលោកទៀតហើយ។ ពាក្យស្លោកដែលថា អ្នកណាក្តាប់អឺរ៉ុប អ្នកនោះក្តាប់ពិភពលោក មានន័យត្រឹមត្រូវល្អ រហូតដល់សម័យសង្រ្គាមលោកលើកទីពីរ។ វាក៏នៅមានន័យដែរ ក្នុងសម័យសង្រ្គាមត្រជាក់ នាពេលដែលសហរដ្ឋអាមេរិក និងសហភាពសូវៀត ដណ្តើមឥទ្ធិពលគ្នានៅគ្រប់ជ្រុងជ្រោយក្នុងពិភពលោក ពិសេសនៅលើទ្វីបអឺរ៉ុបតែម្តង។
ក៏ប៉ុន្តែ ក្រោយសង្គ្រាមត្រជាក់ ពិភពលោកបែកចេញជាច្រើន Pôles មិនមែនមាន Pôlesភូមិសាស្ត្រនយោបាយតែពីរ ដូចពីពេលមុនទៀតទេ។ នៅក្នុងបរិបទនេះ សហភាពអឺរ៉ុបចោទសួរខ្លួនឯងថា តើត្រូវបន្តពឹងពាក់ឲ្យអាមេរិកជួយការពារខ្លួន ដូចក្នុងសម័យសង្រ្គាមត្រជាក់ ឬក៏ត្រូវគិតគូរបង្កើតកងទ័ពអឺរ៉ុបរួមមួយ ដើម្បីការពារខ្លួនឯង និងដើម្បីចេញទៅធ្វើអន្តរាគមន៍នៅលើទីសមរភូមិនាៗ ក្នុងពិភពលោក ក្នុងនាមជាមហាអំណាចមួយនឹងគេដែរឬទេ?
តើត្រូវបង្កើតអឺរ៉ុប សហព័ន្ធន៍Europe fédérale ឬអឺរ៉ុបសមាគមប្រជាជាតិ Europe des Nations?
ចក្ខុនិមិត្ត ទាំងពីរនេះ នាំមកនូវការយល់ឃើញផ្សេងគ្នាអំពីតួនាទីរបស់សហភាពអឺរ៉ុប នៅក្នុងលោក។ នៅម្ខាង អឺរ៉ុបសហព័ន្ធន៍ មានមហិច្ឆតាក្លាយជាមហាប្រទេសអឺរ៉ុបតែមួយ ដែលចាំបាច់ត្រូវតែដើតួនាទីជាមហាអំណាច ដូចសហរដ្ឋអាមេរិក ឬក៏ប្រទេសចិនសព្វថ្ងៃ។ នៅម្ខាងទៀត អឺរ៉ុបសមាគមប្រជាជាតិ គ្រាន់តែចង់ឲ្យបណ្តាប្រទេសសមាជិកសាមគ្គីគ្នាដើម្បីការពារ អារ្យធម៌អឺរ៉ុប ការពារគំរូអភិឌ្ឍន៍មួយ ដោយមិនចាំបាច់យកចិត្តទុកដាក់ ទៅលើការប្រែប្រួលនយោបាយឬភូមិសាស្រ្តនយោបាយនៅក្នុងពិភពលោកអ្វីទេ ពីព្រោះគិតគូរអំពីរឿងទាំងអស់នេះ គឺជាភារកិច្ចផ្ទាល់របស់ប្រទេសសមាជិកនីមួយៗរៀងៗខ្លួន៕
____________________________
អត្ថបទរបស់ : វិទ្យុបារាំងអន្តរជាតិខេមរភាសា
No comments:
Post a Comment