Friday, September 27, 2013

ចិត្តគេមិនដូចចិត្តយើងទេ.!

ចិត្តគេមិនដូចចិត្តយើង...  ពេលខ្លះបញ្ហានេះ រំខាន ខួរក្បាលសម្បើមណាស់។ មិនគិតមិនបាន  ពេលដែល គេ ធ្វើរឿងដែលមិនខ្វល់ពីអារម្មណ៍យើង ហេតុនេះ ក៏នឹកថា  ហេតុអីក៏កម្មវិធីសិក្សាមិនបញ្ចូល មេរៀន និយាយពី «ដាក់ចិត្តគេក្នុងចិត្តយើង»?  ធាតុពិតរបស់ខ្ញុំជា មនុស្សងាយ ប៉ះពាល់អារម្មណ៍ ណាស់  ជាហេតុដែលឧស្សាហ៍ រងទុក្ខព្រោះតែ ទង្វើអចេតនារបស់មនុស្សនៅជុំវិញខ្លួន។  សម្តីតែមួយម៉ាត់របស់គេ ធ្វើឱ្យខ្ញុំឈឺក្បាល រហូតដល់មួយខែ...  វាដាក់សម្ពាធណាស់... ម៉េចក៏គេនិយាយពាក្យនោះចេញមក  ដោយអត់ខ្វល់ពីអារម្មណ៍ខ្ញុំសោះអ៊ីចឹង? បើជាខ្ញុំវិញ តើខ្ញុំអាចនិយាយទៅគេទេ?  មនុស្សដែលខំយល់ពីអារម្មណ៍គេគឺត្រូវចាញ់ប្រៀបគេ មែនទេ? មិនអ៊ីចឹងទេ! ព្យាយាមយល់ពីគេ ដើម្បីគេ និងដើម្បីខ្លួនឯង! ថ្វីត្បិតថា  មនុស្សខ្លះធ្វើអ្វីឥតហេតុផល ព្រោះមានសារជាតិអាក្រក់ពីកំណើត  ក៏យើងគួរតែព្យាយាមយល់ពីគេ។ ពេលនេះគេគ្មានហេតុផល  តែប្រាកដជាមានហេតុផលដែលធ្វើឱ្យគេក្លាយជាមនុស្សគ្មានហេតុផល។  ខ្ញុំធ្លាប់ខឹងមិត្តម្នាក់យ៉ាងខ្លាំង  ដែលភ្លើងកំហឹងនោះបានត្រឹមតែឆេះឆាបចិត្តខ្ញុំ ទាំងដែលគ្មានអ្នកណាដឹងសោះ។  ជួបបញ្ហានេះ ខ្ញុំក៏ខំរកវិធីដោះស្រាយ។  វាមិនអាចដោះស្រាយឱ្យគេយល់ពីអារម្មណ៍របស់ខ្ញុំ ឬឱ្យគេមកសុំទោសខ្ញុំទេ  តែអាចដោះស្រាយដោយព្យាយាមយល់ពីអារម្មណ៍របស់គេ។ ដាក់ចិត្តគេក្នុងចិត្តយើង  ហើយសួរខ្លួនឯងថា ម៉េចក៏គេធ្វើបែបនេះដាក់យើង?  ម្នាក់ៗសុទ្ធតែមានទុក្ខរៀងខ្លួន ដែលទុក្ខទាំងនោះរាប់តាំងពី  ភាពច្រណែនឈ្នានីស អារម្មណ៍អត្មានិយម ចិត្តលម្អៀង  ការផ្ដល់តម្លៃលើគុណសម្បត្តិផ្សេងៗ ។ល។  ម៉េចក៏គ្រប់គ្នាសុទ្ធតែចូលចិត្តរាប់អានជាមួយមនុស្សពូកែ ឬមនុស្សស្អាត?  គួរឱ្យឆ្ងល់ទេ? បើមិនឆ្ងល់ទេ ទំនាស់ក្នុងខ្លួនមួយនេះគឺត្រូវបានដោះស្រាយហើយ។ «ជួនកាលយើងមិនខុសទេ គ្រាន់តែបុគ្គលិកលក្ខណៈយើងមិនត្រូវចិត្តគេ»


No comments: