អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ពីរូបិយវត្ថុកម្ពុជាយើងបច្ចុប្បន្ននេះហើយ ។
សព្វថ្ងៃនេះរូបិយវត្ថុជាតិដែលអាចធ្វើចរាចរណ៍លើទីផ្សារបានមាន ប្រាក់ និងកាស ។
បើនិយាយពីប្រាក់ប្រាកដជាស្គាល់យ៉ាងច្បាស់ពីប្រភេទក្រដាសប្រាក់ហើយ
ដូចនេះខ្ញុំសូមលើកយកប្រភេទកាសមួយចំនួនដូចជា កាស ៥០០ រៀល, ២០០ រៀល, ១០០ រៀល,
៥០ រៀល ដែលសុទ្ធសឹងតែបោះពុម្ពនៅឆ្នាំ ១៩៩៥ ទាំងអស់ ។ មុននេះបន្តិច
យើងប្រើប្រាស់ប្រាក់ សេន ដែលមានដូចជា ៥ សេន (បោះពុម្ពឆ្នាំ ១៩៨០) ។
យើងឃើញថាពីមួយជំនាន់ទៅមួយជំនាន់
ការប្រើប្រាស់ប្រាក់កាសតែងមានការផ្លាស់ប្ដូរ ។
តើការកកើតប្រាក់សម្រាប់ចាយដំបូងបំផុតនៅកម្ពុជា ជាប្រភេទប្រាក់អ្វី ?
តើនរណាជាអ្នកបង្កើតប្រាក់ដំបូងបំផុតនៅកម្ពុជា ?
បើតាមការសិក្សា និងអានឯកសារបន្ថែម
បានឱ្យដឹងថាប្រាក់ដំបូងបំផុតដែលត្រូវបានដាក់ឱ្យមានចរាចរណ៍នៅកម្ពុជាគឺ «
ប្រាក់ស្លឹង » ដែលបានបង្កើតឡើងក្នុងរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី
(ស្ដេចកន) សតវត្សទី ១៦ ។
ព្រះអង្គបានបង្កើតប្រាក់នេះឡើងគឺដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស
ព្រោះកាលពីមុនរជ្ជកាលរបស់ព្រះអង្គការដោះដូរធ្វើឡើងដោយការប្ដូរអីវ៉ាន់គ្នា
ឬយកមាសមកប្ដូរយកអីវ៉ាន់តែម្ដង ដែលគេពិបាកក្នុងការកំណត់តម្លៃរបស់មាស ។
តាមសៀវភៅប្រវត្តិវិទ្យាថ្នាក់ទី ១១ ក៏បានឱ្យដឹងដែរថា
ក្នុងរជ្ជកាលរបស់ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី
ព្រះអង្គបានចរចារសន្តិភាពជាមួយប្រទេសជិតខាង
ហើយមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនជាមួយបរទេស ។
ប្រាក់ស្លឹងជំនាន់នោះមានធ្វើពីមាស ប្រាក់ ឬស្ពាន់ ដែលមានទម្ងន់ ១៥ ក្រាម
វិជ្ឈមាត្រប្រហែល ១៥ មីលីម៉ែត្រ ដែលមានត្រារូបនាគនៅពីមុខ ។
បើតាមឯកសារប្រវត្តិសាស្ត្រ នាសម័យសង្គ្រាមរវាង
ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី និង អង្គចន្ទ,
ព្រះអង្គក៏ប្រើទង់ជ័យកងទ័ពរូបនាគក្បាល ៧ ដែរ ។ មកដល់សម័យអាណានិគមនិយមបារាំង
វិទ្យាស្ថានបោះប្រាក់នៅឥណ្ឌូចិនបារាំង ក៏ប្រើរូបនាគក្បាល ៧
សម្រាប់រចនាផ្ទៃខាងមុខធនបត្រប្រភេទ ៥ រៀល ដែរ ។
លុះមកដល់រជ្ជកាលព្រះបាទអង្គឌួង (១៨៤០-១៨៥៩) នាឆ្នាំ ១៨៧៦ ព្រះបាទអង្គឌួងបានបោះប្រាក់បីប្រភេទគឺ ៖
• ប្រាក់ស្លឹង ៖ តាមឯកសារ ប្រាក់ស្លឹងនាសម័យនេះមានអក្សរ
និងត្រាដូចប្រាក់ប្រាសាទដែរគឺមានត្រារូបហង្សម្ខាង និងត្រារូបប្រាសាទម្ខាង ។
ក្នុងវចនានុក្រមខ្មែរមានកត់ត្រាតែប្រាក់ស្លឹងក្នុងរជ្ជកាល ព្រះបាទអង្គឌួង
តែមិនបានកត់ត្រាពីប្រាក់ស្លឹងដំបូងបំផុតនៅកម្ពុជាទេ
គឺរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ។ ឯទម្ងន់នៃប្រាក់នេះគឹ ១ ជី
ដូច្នេះ ៤ ស្លឹង ស្មើនឹង ១ ប្រាសាទ(ប្រាសាទទីនេះគឺជាប្រភេទប្រាក់) ។
• ប្រាក់ហួង ៖ តាមឯកសារ ប្រាក់ហួងមានត្រា និង អក្សរដូចដូចប្រាក់ប្រាសាទដែរតែទម្ងន់នៃប្រាក់នេះគឺ ៥ ហ៊ុន ។
• ប្រាក់ប្រាសាទ ៖ នៅគែមជុំវិញមានដាក់កាលបរិច្ឆេទ
នៃការបោះពុម្ពប្រាក់ជាបីសករាជគឺ ពុទ្ធសករាជ ចុល្លរាជ និងមហាសករាជ
នៅត្រង់ផ្ទៃកណ្ដាលមានរូបហង្សតំណាងឲ្យឈ្មោះលោក សំអាង ហង្ស
ដែលព្រះបាទអង្គឌួងបានបញ្ជូនឲ្យសិក្សារៀនពីវិជ្ជាបោះប្រាក់នៅប្រទេសថៃ ។
ដូច្នេះបានជាយើងឃើញរូបហង្សនេះត្រូវបានយកជារូបសញ្ញាតំណាងឲ្យ «
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ » នារជ្ជកាលព្រះបាទ នរោត្ដម សីហនុ
សម័យសាធារណរដ្ឋខ្មែរ (លន់ ណុល) និងសម័យ បច្ចុប្បន្នផងដែរ ។
ផ្ទៃម្ខាងទៀតនៃប្រាក់នេះ មានរូបប្រាសាទអង្គវត្ត ហើយនៅពីក្រោមរូបនេះមានអក្សរ
« ក្រុងកមពូជា » ។ ប្រាក់ប្រាសាទ ក្នុងរជ្ជកាលព្រះបាទអង្គឌួងមានទំងន់ ៤ ជី
និងវិជ្ឈមាត្រ ៣៥ ម.ម ។
ដើម្បីរម្លឹកជាអនុស្សាវរីយ៍ដល់រូបិយវត្ថុដំបូងបំផុតរបស់ខ្មែរ
និងរម្លឹកដល់ប្រាក់ប្រាសាទ ធនាគារជាតិនៃកម្ពុជាក៏បានបោះរៀបចំ
និងដាក់លក់ជូនសាធារណជន ដែលប្រាក់ស្លឹងមានពីរប្រភេទគឺ ព័ណ៌មាស និង ពណ៌ប្រាក់
លក់ក្នុងតម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក និង ប្រាក់ប្រាសាទ មានព័ណ៌ប្រាក់
លក់ក្នុងតម្លៃ ៥៩ ដុល្លារសហរដ្ឋអាម៉េរិក ។ ក្នុងនោះ
អ្វីដែលស្ទើរតែពុំគួរឱ្យជឿនោះ
គឺប្រាក់ស្លឹងក្នុងរជ្ជកាលព្រះស្រីជេដ្ឋាធិរាជរាមាធិបតី
ត្រូវបានបោះពុម្ពឡើយវិញដោយមានអក្សរ NAGA ដែលមានន័យថា នាគ
នៅលើកាសបុរាណដែលបានបោះពុម្ពឡើងវិញនោះ។
No comments:
Post a Comment